បានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាស្ដីពីការបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ព្រោះការរើសអើងប្រឆាំងនឹងនារីភេទ គឺជាការ រំលោភទៅលើគោលការណ៍នៃសិទ្ធិស្មើភាពគ្នា និងគោលការណ៍ស្ដីពីការគោរពចំពោះ ភាពថ្លៃថ្នូររបស់មនុស្ស ហើយក៏ជាឧបសគ្គដល់ការចូលរួមរបស់នារី ក្នុងជីវភាពនយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងប្រទេសរបស់ខ្លួន និងប៉ះពាល់ដល់ការលូតលាស់ និងភាព រុងរឿងរបស់សង្គម និងគ្រួសារ។
អនុសញ្ញាទាំងនោះមាន៖
- មាត្រា១: ឈរលើមូលដ្ឋាននៃសិទ្ធិ និងសេរីភាពនារីនឹងបុរសត្រូវមានភាពស្មើគ្នានៅ ក្នុងសង្គមគ្រួសារ និងលើគ្រប់វិស័យនយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត។
- មាត្រា២: រាល់ការរើសអើងនឹងអំពើហិង្សាលើនារីត្រូវបានការពារតាមផ្លូវច្បាប់។ ត្រូវ បានធានាសេវាសមស្របដែលទាក់ទិននឹងការពពោះ ការសម្រាលកូន។
- មាត្រា៣: នារីមានសិទ្ធិដូចបុរស ក្នុងការចូលរួមការងារលើគ្រប់វិស័យក្នុងសង្គម តាមសមត្ថភាព និងជំនាញរបស់ខ្លួន។
- មាត្រា៤: រាល់អំពើបង្ខិតបង្ខំ ឬបញ្ឈប់ការងារនារីភេទមិនត្រូវធ្វើតាមទំនើងចិត្តឡើយ។
- មាត្រា៥:កិច្ចការក្នុងគ្រួសារនិងការអប់រំចិញ្ចឹមបីបាច់ថែរក្សាកូនជាភារកិច្ចរបស់បុរសនារី
- មាត្រា៦: ការលក់ដូរ និងអាជីវកម្មផ្នែកពេស្យាចារលើនារីភេទជាអំពើរំលោភសិទ្ធិមនុស្ស ប្រឆាំងច្បាប់ជាតិ និងអន្តរជាតិ។
- មាត្រា៧: នារីគ្រប់រូបមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងខ្លួនដោយសេរី និងមាន សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតដូចបុរសដែរ។
- មាត្រា៨: នារី និងបុរសមានសិទ្ធិស្មើគ្នាក្នុងការចូលរួមសកម្មភាពការងារក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិតាមសមត្ថភាពរបស់ខ្លួន។
- មាត្រា៩: នារី និងបុរសមានសិទ្ធិស្មើគ្នាក្នុងការផ្លាស់ប្ដូរ ឬរក្សាទុកសញ្ជាតិរបស់ខ្លួន។
- មាត្រា១០:នារី និងបុរសមានសិទ្ធិស្មើគ្នាក្នុងការទទួលអាហារូបករណ៍សម្រាប់ការសិក្សា និងការទទួលយកសញ្ញាបត្រនៅក្នុងគ្រឹះស្ថានសិក្សាគ្រប់ផ្នែកទាំងក្នុង និងក្រៅប្រទេស។
- -មាត្រា១១: នារីគ្រប់រូបមានសិទ្ធិរើបម្រះដើម្បីទាមទារសិទ្ធិរបស់ខ្លួនលើរាល់ការងារដែលប្រព្រឹត្តផ្ទុយនឹងសេចក្ដីថ្លៃថ្នូររបស់នារីភេទ។
- មាត្រា១២:នារីគួរមានការលើកទឹកចិត្តដើម្បីធានាសុខភាពរបស់ម្ដាយនិងទារកព្រមទាំង ជួយកាតបន្ថយនូវកង្វះខាតក្នុងគ្រួសារ ជាពិសេសត្រូវធានានូវសេវាសមស្របដែលទាក់ ទិននឹងការពពោះ និងការសម្រាលកូន។
- មាត្រា១៣: នារីគ្រប់រូបមានសិទ្ធិចូលរួមក្នុងសកម្មភាពកំសាន្តកីឡា និងរាល់ទិដ្ឋភាពនៃ ជីវភាពវប្បធម៌ទាំងឡាយ។
- មាត្រា១៤:រដ្ឋត្រូវគិតគូរដល់ស្រ្តីនៅជនបទឲ្យទទួលនូវអត្ថប្រយោជន៍ពីកិច្ចអភិវឌ្ឍន៍ដូច ជាការឧបត្ថម្ភផ្នែកសុខាភិបាល សន្តិសុខអប់រំ និងទទួលបាននូវឥណទានផ្នែកកសិកម្ម។
- មាត្រា១៥: នារីគ្រប់រូបមានសិទ្ធិស្មើនឹងបុរសចំពោះមុខច្បាប់ ហើយនៅគ្រប់ផ្នែក រដ្ឋប្បវេណី ដូចជាការចុះកិច្ចសន្យា ការគ្រប់គ្រងកម្មសិទ្ធិ និងនៅគ្រប់ដំណាក់កាលនៃ នីតិវិធីនៃការជំនុំជម្រះក្ដីក្នុងតុលាការ។
- មាត្រា១៦: នារីគ្រប់រូបមានសិទ្ធិទទួលយក ឬបដិសេធក្នុងការជ្រើសគូស្រករ ដោយគ្មានការបង្ខិតបង្ខំពីក្រុមគ្រួសារ ឬអាណាព្យាបាលបានឡើយ។ នារីអាចមានសិទ្ធិប្ដឹងសុំ លែងលះនៅពេលណាដែលមិនអាចទ្រាំទ្រក្រោមការគាបសង្កត់របស់ប្ដី។