ក្នុងន័យទូលាយ ច្បាប់ គឺជាទំនាក់ទំនងចាំបាច់ទាំងឡាយដែលចេញមកពីអ្វីដែលកើតមានឡើង។ ទំនាក់ទំនងជាភាពចាំបាច់របស់ភាវៈទាំងអស់តាំងពីតូចរហូតដល់ធំ។ អាទិទេពក៏មានច្បាប់ សត្វក៏មានច្បាប់ និងមនុស្សក៏មានច្បាប់។
- អ្នកប្រាជ្ញ ឡិបនិច បានឲ្យនិយមន័យថា ជាសីលអំណាចមួយ។ អំណាចដែលច្បាប់ឲ្យមកយើង ពុំមែនជាអំណាចធម្មតាឡើយតែជាសីលអំណាចមួយ។ សីលអំណាចមានន័យផ្ទុយពីអំណាចរូបដែលជាអំណាចនៃកម្លាំង ហើយក៏មិនមែនជាអំណាចខាងផ្នែកសម្ភារៈនោះទេ តែជាអំណាចខាងផ្លូវគំនិតដែលស្ថិតនៅបរិសុទ្ធជានិច្ច ទោះជាគេមិនទទួលស្គាល់ ឬក៏គេជាន់ឈ្លីអំណាចនោះយ៉ាងណាក៏ដោយ។
- អ្នកខ្លះ ឲ្យនិយមន័យទៅលើច្បាប់ថា «អ្វីដែលហាមនិងការពារមនុស្ស» ហេតុដូច្នេះហើយបានជាគេឃើញមានពាក្យថា «បើរំលោភច្បាប់ត្រូវមានទោស» និង «បើគោរពច្បាប់ នោះច្បាប់ជួយការពារ»។ ក្នុងន័យនេះ យើងសង្កេតឃើញថា ច្បាប់មានទិដ្ឋភាពជាវិជ្ជមានផង និងអវិជ្ជមានផង។ ប៉ុន្តែ ទូទៅគេបានឲ្យនិយមន័យច្បាប់ថា «ជានិយាម ជាកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម»។