News & Events
ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
- ខែមិថុនា 9, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ២៧. ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
ចម្លើយៈ
ជំនឿរបស់ខ្មែរ ក្នុងទំនៀមព្រះរាជពិធីប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ អាងដល់ប្រភពនានា ដូចពណ៌នាដោយសង្ខេបខាងមុខ ៖
ប្រភពនៃព្រះរាជពិធីប្រណាំងទូក
1.ក) សៀវភៅ «ជយវរ្ម័នទី ៧» របស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ មានចែងថា ៖
«នៅ សម័យអង្គរ នាគ្រិស្តសតវត្សទី ១២ ក្រុងកម្ពុជាមានសេចក្ដីសុខក្សេមក្សាន្ត រុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី ៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាម ដោយកងទ័ពទូក ជាចម្បាំងដោះក្រុងកម្ពុជាឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ ( គ។ស. ១១៧៧-១១៨១ ។
រឿងចម្បាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន នឹងបន្ទាយឆ្មារ» ។
ក្នុងចម្លាក់នោះ ឃើញមានកងទ័ពទូកជាច្រើនមហិមា ដែលមានព្រះបរមឆាយាល័ក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី ៧ ទ្រង់ប្រថាប់ឈរលើព្រះទីនាំងនាវាចម្បាំង ដោយទ្រង់ធ្នូនឹងដំបងយ៉ាងសម្បើម ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។
ខ) ឯកសារ «ល្បែងប្រណាំងទូក» របស់ក្រុមជំនុំទំនៀមទម្លាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់-ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខែត្រឃ្លាំង កម្ពុជាក្រោម មានចែងថា :«សម័យលង្វែក ( ព។ស. ២០៧១ គ.ស. ១៥២៨ ) ព្រះបាទអង្គចន្ទទី ១ ទ្រង់តាំងពញា តាត ងារជាស្និទ្ធភូបាល ជាស្ដេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ ។ ស្ដេចត្រាញ់នេះ បានចាត់របៀបរៀបចំការពារស្រុក មានរបៀបដូចរៀបរាប់តទៅនេះ ៖
ទាហានជើងទឹក ចែកជា ៣ ក្រុម៖
ក្រុមទី១ ហៅទ័ពស្រួចហាត់ច្បាំងនឹងទូកដែលមានជំនាងដូចទូកប្រណាំងយើងសព្វថ្ងៃ។
ក្រុមទី ២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរ ដែលមានជំនាងដូចទូកចែវប្រណាំងយើងសព្វថ្ងៃ ។
ក្រុមទី ៣ ហៅទ័ពបាសាក់ គឺទុកធំមានដំបូលមានចែវមានក្ដោង ដែលមានជំនាងដូចទូកបាសាក់ ហៅទុកប៉ុកចាយ តែរាងស្ដួចវែង មានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំង ។ល។ ជាទូកដាក់ស្បៀងអាហារ សម្រាប់កងទ័ព ។ល។
របៀបបង្ហាត់ច្បាំង (តាមទំនៀមស្ដេចត្រាញ់នៅកម្ពុជាក្រោម) ស្រេចលើមន្ត្រីទាំង ៤ ទិស ដែលឋិតនៅក្នុងឱវាទលោកស្និទ្ធភូបាល (ស្ដេចត្រាញ់) គ្រប់ចំពូក ដែលបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះ, មន្ត្រីទាំង ៤ ទិសត្រូវកេណ្ឌទាហានទាំងជើងគោកទាំងជើងទឹក ទៅប្រជុំនៅបន្ទាយស្ដេចត្រាញ់ប្រឡងឫទ្ធិគ្នា (សមយុទ្ធ) ១ ថ្ងៃ ១ យប់រាល់ឆ្នាំ ។
ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោ ក្នុងខែត្រឃ្លាំង ដ្បិតកន្លែងនោះជាទីប្រជុំផ្លូវទឹកគ្រប់ខែត្រ នឹងទៅមកបានដោយស្រួល ។
តាមសៀវភៅ នឹងឯកសារ ជាប្រភពទាំង ២ ខាងលើនេះ អាចឲ្យសន្និដ្ឋានថា ប្រទេសកម្ពុជាសម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ នឹងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណី រៀងរាល់ឆ្នាំ ហើយអាចសន្និដ្ឋានទៀតថា ដែលប្រទេសកម្ពុជា សម័យបច្ចុប្បន្នធ្វើព្រះរាជពិធីអុំទូកនេះ គឺជាប់ពូជតមកអំពីព្រះរាជពិធីសមយុទ្ធ ដែលត្រូវនឹងភាសាបារាំងថា ម៉ាណឺវ្រិ៍ ( Manœuvre ) នៃកងទ័ពទូក ក្នុងសម័យបុរាណនោះឯង ។
ប្រភពនៃព្រះរាជពិធីបណ្ដែតប្រទីប
ក) គម្ពីរទាឋាវង្ស ភាសាបាលី មានចែងថា ព្រះចង្កូមកែវទាំង ៤ នៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូប្រតិស្ឋាននៅទីទាំង ៥ គឺ
ទី ១ – នៅត្រៃត្រឹង្សសួគ៌
ទី ២ – នៅនាគពិភព
ទី ៣ – នៅស្រុកគន្ធា
ទី ៤ – នៅទន្តបុរៈ កលិង្គរដ្ឋ ។
ខ) ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូប្រតិស្ឋាននៅទីទាំង ៥ គឺ
ទី ១ – នៅសុវណ្ណមាលិកបព៌ត
ទី ២ – នៅសុវណ្ណបព៌ត
ទី ៣ – នៅសុមនកូដបព៌ត
ទី ៤ – នៅយោនកបុរី
ទី ៥ – នៅស្ទឹងនម្មទា ។
គ) ពាក្យសរសើរព្រះបាទទាំងបាលី (យស្សបាទេ) ទាំងសម្រាយក៏មានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធបរមគ្រូប្រតិស្ឋាននៅទីទាំង ៥ ដូចក្នុងភាណវារៈដែរ ។
ដោយហេតុ មានគម្ពីរដីកាជាប្រភពដូច្នេះ បានពុទ្ធបរិស័ទខេមរជាតិតែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូណ៌មី ខែអស្សុជ, ព្រះរាជាតែងទ្រង់ធ្វើព្រះរាជពិធីបណ្ដែតប្រទីប នៅយប់ ១៤ – ១៥ កើតនឹង ១ រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវនៅនាគពិភព ព្រះពុទ្ធបាទនៅស្ទឹងនម្មទា នឹងនៅទីឯទៀត ៗ ដូចពោលហើយ ដោយជឿថាជាការកុសល នឹងជាព្រះរាជកុសលដ៏ធំដែលបានផលយ៉ាងប្រសើរដើម្បីសេចក្ដីសុខ ចំរើន-រុងរឿង ដល់ខ្លួន ដល់ព្រះអង្គ នឹងដល់ប្រទេសជាតិ ។
ប្រភពនៃព្រះរាជពិធីសំពះព្រះខែ
គម្ពីរបរមត្ថទីបនី អដ្ឋកថាចរិយាបិដក ភាសាបាលីមានចែងថា ៖ក្នុង ដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់ឧប្បត្តិជាសសបណ្ឌិត (ទន្សាយ)។ នៅថ្ងៃពេញបូណ៌មី ១ ទ្រង់អធិដ្ឋានឧបោសថសីលហើយទ្រង់ឧទ្ទិសព្រះមំសៈព្រះអង្គជាទាន បរមត្ថបារមី ដើម្បីបំពេញព្រះពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទទ្រង់ជ្រាបទ្រង់ក្រឡាព្រះអង្គជាព្រាហ្មណ៍ចាស់ មកសុំព្រះមំសៈសសបណ្ឌិតជាអាហារ ។ ព្រះពោធិសត្វឲ្យឥន្ទព្រាហ្មណ៍បង្កាត់ភ្លើង ដើម្បីដុតព្រះអង្គលោក ។ កាលឥន្ទព្រាហ្មណ៍ បង្កាត់ភ្លើងឆេះឡើង ព្រះពោធិសត្វលោតចូលភ្លើងនោះ ភ្លើងពុំឆេះ ឥន្ទព្រាហ្មណ៍ស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយអធិដ្ឋានឲ្យនៅជាប់រហូតដល់ទី បំផុតកប្ប ។ ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង សេចក្ដីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងចន្ទមណ្ឌលដរាបដល់សព្វថ្ងៃ ។
ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់នៃថ្ងៃពេញបូណ៌មី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងតែងយកនំចំណីមានអំបុក នឹងចេកជាដើមមកបូជាព្រះចន្ទហៅថា «ពិធីអកអំបុក ឬហៅថា ពិធីសំពះព្រះខែ» សូម្បីព្រះរាជាក៏ទ្រង់សព្វព្រះរាជហ្ឫទ័យធ្វើព្រះរាជពិធីនេះ ដែរ ដូចបានពណ៌នារួចសព្វគ្រប់មកហើយ ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!