Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី១៖ លទ្ធិប្រជាធិបតេយ្យ (មេរៀនសង្ខេប សំណួរ ចម្លើយ)

ជំពូកទី៣ : ការចូលរួមអភិវឌ្ឍសហគមន៍

មេរៀនទី១៖ លទ្ធិប្រជាធិបតេយ្យ

មេរៀនសង្ខេប

មនុស្ស​ម្នាក់​ៗ​ដែល​រស់នៅ​ក្នុង​ប្រទេស​នីមួយៗ​លើ​ពិភពលោក​នេះ តែងតែ​ទាមទារ​អ្វីៗ ដើម្បី​យកមក​បំពេញតម្រូវការរបស់ខ្លួន ឬជួនកាលគេជួបប្រទះបញ្ហាផ្សេងៗមិនចេះចប់ មិនចេះហើយ ឬជួបព្រឹត្តិការ​នយោបាយក្នុងប្រទេស ដែលជាបុព្វហេតុធ្វើឲ្យមានការប្រែប្រួល ផ្លាស់ប្ដូររបបនយោបាយមួយទៅរបប​នយោបាយ​មួយទៀត ។ ប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យគឺ ផ្អែកលើឆន្ទៈរបស់​ប្រជាពលរដ្ឋ ធានាដល់ការគោរព និងការប្រតិបត្តិសិទ្ធិមនុស្សជាមូលដ្ឋាន ហើយមនុស្សទាំងអស់មានភាព​ស្មើៗគ្នា​ចំពោះមុខច្បាប់ មានសេរីភាពគ្រប់គ្រាន់ក្នុងការនិយាយស្ដី សេរីភាពសារព័ត៌មាន សេរីភាពក្នុង​ជំនឿសាសនា ។ល។

១- និយមន័យលទ្ធិប្រជាធិបតេយ្យ

លទ្ធិប្រជាធិបតេយ្យ បានកើតមានឡើងជាយូរលង់ណាស់មកហើយ ដែលអ្នកប្រវត្តិសាស្រ្ត បានឲ្យឈ្មោះប្រទេសក្រិចថា ជាប្រទេសផ្ដល់កំណើតរបប លទ្ធិប្រជាធិបតេយ្យមុនគេបង្អស់ក្នុងពិភពលោក ។  ប្រជាធិបតេយ្យ មកពីពាក្យបុរាណក្រិច Démokratia គឺ Demos មានន័យថា «ប្រជា ឬប្រជាជន» រីឯ Kratros មានន័យថា «អធិបតេយ្យ» គឺអំណាច ឬ ជាភាពជាធំ ហើយត្រូវនឹងពាក្យភាសាអង់គ្លេសថា Democracy ។ លទ្ធិប្រជាធិបតេយ្យពិតប្រាកដ អាចកំណត់វិនិច្ឆ័យដោយនីតិរដ្ឋ ពោលគឺមានការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ធានានូវសិទ្ធិទាំងឡាយរបស់បុគ្គលរួមមានសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិវប្បធម៌ សិទ្ធិសង្គម សិទ្ធិសេដ្ឋកិច្ច ។

២- លក្ខណៈសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ

លទ្ធិប្រជាធិបតេយ្យពេញលក្ខណៈមានដូចជា ការគោរពសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ការបង្កើតគណៈបក្សនយោបាយ ការបោះឆ្នោតដោយសេរី​ និង​យុត្តិធម៌ ការបង្កើតប្រព័ន្ធពហុបក្ស ការបែងចែកអំណាចដាច់ពីគ្នា ។ល។

  1. សិទ្ធិ និងសេរីភាព ៖ មនុស្សទាំងអស់មានភាពស្មើគ្នានៅចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព​ដូចគ្នា ដោយ​គ្មាន​ការ​ប្រកាន់​ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈ​នៅក្នុងសង្គមឡើយ ។ ដូចនេះ ដើម្បីឲ្យជីវិតរបស់ខ្លួនរស់នៅមានន័យ និងប្រកបដោយ​សុខសន្តិភាព សុភមង្គល មនុស្សយើងគ្រប់រូប ត្រូវចេះអនុវត្តន៍សិទ្ធិ និងសេរីភាពរបស់ខ្លួនដូចមានចែងក្នុង​ច្បាប់ និងមានសីលធម៌ នោះយើងនឹងមិនត្រូវបានគេរើសអើង និងសង្គមមើលងាយមើលថោកឡើយ ។

សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ៖ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ប្រជា​ពលរដ្ឋ​គ្រប់រូបមានសិទ្ធិបញ្ចេញមតិដោយសេរីខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ​តាមរយៈប្រព័ន្ធ​ឃោសនា និង ផ្សព្វផ្សាយសារព័ត៌មានដោយគ្មានការជ្រៀតជ្រែក គ្មានការព្រួយបារម្ភ ភិតភ័យដោយមតិ និងទង្វើរបស់ខ្លួន មានសិទ្ធិសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មានទូទៅដោយ​គ្មាន​ការរារាំង ព្រមទាំងមានសិទ្ធិធ្វើកូដកម្ម បាតុកម្មដោយសន្តិវិធី និងមានសិទ្ធិសេរីភាពក្នុងការបើក​ការប្រជុំ​ទៀតផង ។

សេរីភាពខាងសារព័ត៌មានតាមរយៈការបង្កើតប្រព័ន្ធផ្សព្វផ្សាយដូចជា ៖ ទូរទស្សន៍ វិទ្យុ អ៊ីនធឹណិត ការសែត ទស្សនាវដ្ដី មានសារៈសំខាន់ដល់ប្រជាពលរដ្ឋដូចជា ៖

  • ជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការនានាក្នុង និងក្រៅប្រទេស ដល់ប្រជាពលរដ្ឋឲ្យ​បានដឹងពី​សភាពការណ៍មួយដែលកើតមាន និងជួយផ្សព្វផ្សាយចំណេះដឹង និងគំនិតថ្មីៗបន្ថែមទៀត ។
  • ជួយការអភិវឌ្ឍន៍ទាំងផ្នែកនយោបាយ ទាំងផ្នែកវិទ្យាសាស្រ្តបចេ្ចកទេសដល់ប្រជាពលរដ្ឋ ។
  • ផ្ដល់ព័ត៌មាន និងបទពិសោធន៍ដល់ថ្នាក់ដឹកនាំ និងអ្នកដែលត្រូវគេដឹកនាំ ។
  • ផ្សព្វផ្សាយគំនិតថ្មីៗលើគ្រប់វិស័យ ពិសេសបញ្ហាជាតិនានា ។ល។
    1. គណៈបក្សនយោបាយ ៖ រាល់គណៈបក្សនយោបាយទាំងអស់ សុទ្ធតែមានសិទ្ធិ​ចូលរួម​ប្រឡងប្រណាំង ប្រកួតប្រជែងក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតដូចៗគ្នា ដើម្បីគ្រប់គ្រងប្រទេស ។​
    2. ការបោះឆ្នោត ៖ ប្រជាពលរដ្ឋទាំងអស់មិនអាចទៅគ្រប់រដ្ឋទាំងអស់គ្នាបានទេ គឺទាមទារ​ចាំបាច់​ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនទៅធ្វើការនៅក្នុងរដ្ឋសភា ក្នុងរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍​របស់ខ្លួន និងប្រទេសជាតិ ហើយអ្នកតំណាងទាំងនោះ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត ។

នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត គឺជាការទទួលខុសត្រូវជាចម្បងរបស់ប្រជាពលរដ្ឋ​គ្រប់រូប ហើយការបោះឆ្នោតត្រូវតែរៀបចំ និងប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ សម្ងាត់ ស្មើភាព សុចរិត និង​ដោយ​ទៀងទាត់តាមពេលកំណត់ ។

  1. ប្រព័ន្ធពហុបក្ស ៖ នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ គេត្រូវតែទទួលស្គាល់ថា មនុស្ស​ម្នាក់ៗ ឬក្រុមនុស្សនីមួយៗ សុទ្ធតែមានគំនិត និងជំនឿប្លែកៗគ្នា ។ មនុស្សម្នាក់ ឬក្រុមមនុស្ស ត្រូវតែផ្សារភ្ជាប់នឹង​ទស្សនៈពហុបក្ស និងត្រូវចេះទទួលស្គាល់ថា រាល់ទស្សនៈដែលបានសម្ដែងចេញមក មិនមែនសុទ្ធតែដូចគ្នា ឬសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ ។ ដូចនេះហើយ ក្នុងសង្គមប្រជាធិបតេយ្យ គេតែងតែទាមទារឲ្យ​មនុស្សគ្រប់រូប ត្រូវចេះស្ដាប់ ចេះស្វែងយល់ ចេះគោរពគំនិតអ្នកដទៃ ព្រមទាំងចេះទទួលយកគំនិត​មតិភាគច្រើន តែក៏ត្រូវចេះគោរព ការពារទស្សនៈនៃមតិភាគតិច និងចេះធានាសិទ្ធិសេរីភាព មតិរបស់​ប្រជាពលរដ្ឋភាគតិចផងដែរ ។

ការបង្កើតឲ្យមានប្រព័ន្ធពហុបក្ស គឺជាការប្រសើរ ព្រោះទុកលទ្ធភាពឲ្យប្រជាពលរដ្ឋបានគិតពិចារណា និងសម្រេចចិត្តជ្រើសរកគណៈបក្សណាមួយ ឬបុគ្គលណាម្នាក់ដែលមានទស្សនៈដូចខ្លួន ឬដែលខ្លួនបាន​ពេញចិត្ត ។

  1. ការបែងចែកអំណាច ៖ អំណាចរួមមាន អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច​តុលាការ ។ រាល់អំណាច សមត្ថកិច្ច និងសកម្មភាពនៃអង្គការកំពូលទាំងបីនេះ ត្រូវបានប្រតិបត្តិឲ្យ​ស្រប​ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ ក្នុងការបែងចែកអំណាច ដើម្បីចៀសវាងអំពើរំលោភអំណាចគ្នា​ទៅវិញទៅមក​ដែលនឹងអាចកើតមានឡើង ឬអំណាចនៃស្ថាប័នទាំងអស់នេះ ឬស្ថិតក្នុងដៃបុគ្គលតែម្នាក់ ឬអង្គការតែមួយ ។
  • អំណាចនីតិបញ្ញត្តិ (រដ្ឋសភា និង ព្រឹទ្ធសភា) ៖ មានកាតព្វកិច្ចពីរយ៉ាងដែលត្រូវបំពេញ គឺកាតព្វកិច្ចធ្វើច្បាប់ និងតាមដានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ថាតើច្បាប់ដែលអនុម័តរួចហើយ ត្រូវបាន រដ្ឋាភិបាលគោរពដែរឬទេ? តើរដ្ឋាភិបាលយកច្បាប់នេះទៅអនុវត្តន៍បានកម្រិតណា ? តើច្បាប់នោះ មានការ​ធានាការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិដែរឬទេ ?
  • អំណាចនីតិប្រតិបត្តិ(រដ្ឋាភិបាល) ៖ គឺជាអំណាចមួយដែលមានមុខងារដឹកនាំ ប្រតិបត្តិ​នយោបាយ​ក្នុង និងក្រៅប្រទេសទៅតាមច្បាប់ និងកម្មវិធីនយោបាយ ដែលរដ្ឋសភាបានផ្ដល់សេចក្ដីទុកចិត្ត​រួចហើយ ។
  • អំណាចតុលាការ (តុលាការ) ៖ គឺជាអំណាចមួយដែលមានភាពឯករាជ្យ នោះទើបអាចរក្សាបាន​នូវ​យុត្តិធម៌សង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងការគោរពសិទ្ធិមនុស្ស ។ ដើម្បីឲ្យតុលាការមាន​ភាពឯករាជ្យ លុះត្រាតែមានចៅក្រមប្រកបទៅដោយឯករាជ្យ ។ ចៅក្រមដែលមានឯករាជ្យ គឺចៅក្រមដែល ៖
  • ធ្វើការវិនិច្ឆ័យ ជំនុំជំរះដោយផ្អែកទៅលើច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិនានា
  • កាត់សេចក្ដីដោយគ្មានការទទួលបញ្ជាពីស្ថាប័ន ឬបុគ្គលណាម្នាក់ ឬក្រុម​គណបក្ស​នយោបាយណាមួយឡើយ
  • កាត់សេចក្ដីដោយមិនលំអៀងទៅភាគីណាមួយ
  • មិនទទួលផលប្រយោជន៍នៅក្នុងរឿងក្ដីដែលត្រូវធ្វើការជំនុំជំរះ

៣. សារៈប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យ ៖ រដ្ឋនៃសង្គមប្រជាធិបតេយ្យ ជានីតិរដ្ឋ ពោលគឺ​រាល់​ការសម្រេចវិធានការ សកម្មភាពរបស់រដ្ឋាភិបាល ត្រូវមានមូលដ្ឋានច្បាប់ជានិច្ច ហើយមិនអាចបុគ្គលណា ឬក្រុមណា អាចប្រព្រឹត្តល្មើសច្បាប់បានឡើយ ។ លទ្ធិប្រជាធិបតេយ្យ មានសារៈប្រយោជន៍ក្នុង​ការជួយជំរុញ​ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ហើយជារបបមួយ ដែលជួយទប់ស្កាត់មិនឲ្យកើតមានសង្គ្រាម ការពារទប់ទល់មិនឲ្យ​កើតមានអំពើពុករលួយ និងចូលរួមលើកស្ទួយសុខសន្តិភាព និងសន្តិសុខក្នុងសង្គម ។ សារៈប្រយោជន៍នៃ​លទ្ធិប្រជាធិបតេយ្យជារួម មាន ៖

  • រដ្ឋសភា និងរដ្ឋាភិបាលកើតឡើងដោយសារការបោះឆ្នោតពីប្រជាពលរដ្ឋដែលមានភាព
    ទៀងទាត់​ទៅតាម​កាលកំណត់ ។ រាល់ការបោះឆ្នោត គឺប្រព្រឹត្តទៅដោយសេរី និងយុត្តធម៌នៅក្នុង​ចំណោមគណបក្សនយោបាយជាច្រើន ។

ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរិភាពក្នុងការនិយាយស្ដី បញ្ចេញមតិយោបល់ ឬបង្កើត​សមាគម គោរពជំនឿសាសនារបស់ខ្លួន និងមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។ ប្រសិនបើ មាននរណាម្នាក់ បាន

  • ប្រព្រឹត្តខុសច្បាប់ នឹងត្រូវបានទទួលទោសស្មើៗគ្នា មិនថាថ្នាក់ដឹកនាំជាន់ខ្ពស់ ឬប្រជាជនតូចតាច សាមញ្ញ អ្នកមាន ឬអ្នកក្រឡើយ ។​
  • រាល់ការគ្រប់គ្រង និងដឹកនាំ ត្រូវប្រតិបត្តិទៅតាមច្បាប់
  • ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការទៅបោះឆ្នោត និងឈរឈ្មោះជាបេក្ខជន
  • ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយ សិទ្ធិប្រជុំ សិទ្ធិធ្វើ​កូដកម្ម ឬបាតុកម្ម សមស្របតាមច្បាប់កំណត់ និងមានសិទ្ធិអាចធ្វើញត្តិប្ដឹងដោយសន្តិវិធី
  • រាល់ការកាត់ក្ដីរបស់តុលាការ គឺកាត់ក្ដីដោយយុត្តិធម៌ គ្មានលំអៀង និងមិនស្ថិតនៅ​ក្រោម​ការកៀបសង្កត់របស់នរណាម្នាក់ ឬគណបក្សណាមួយ ហើយមានភាពឯករាជ្យ
  • រាល់ការសម្ដែងមតិយោបល់តាមរយៈសារព័ត៌មាន ត្រូវធ្វើឡើងតាមឆន្ទៈរបស់ខ្លួន ក្នុង​ការរិះគន់​ស្ថាបនា ។

ជារួម ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ មានដំណើរការល្អ និងមាននិរន្តភាព លុះត្រាតែរាល់ការដឹកនាំ និងគ្រប់គ្រងរដ្ឋ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ដោយសេរី និង យ៉ាងត្រឹមត្រូវបំផុត ។

 

សំណួរ

  • តើលទ្ធិប្រជាធិបតេយ្យ ជាអ្វី ?
  • តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យ មានអ្វីខ្លះ ? ចូររៀបរាប់ ?
  • ហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យ ទាមទារឲ្យមានការបោះឆ្នោត ?
  • ដើម្បីឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យ អនុវត្តន៍ទៅបានល្អ តើសង្គមត្រូវទាមទារឲ្យមានអ្វីខ្លះ?
  • ហេតុអ្វីបានជាសេរីភាព នៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ ?
  • ក្នុងលទ្ធិប្រជាធិបតេយ្យ តើមានគណបក្សនយោបាយច្រើន នាំមកនូវសារៈសំខាន់អ្វីខ្លះ​ចំពោះ​សង្គមជាតិ ?
  • ហេតុអ្វីបានជាអំណាចនៃការគ្រប់គ្រងរដ្ឋ ទាមទារឲ្យមានការបែងចែកអំណាច ដាច់ដោយឡែកពីគ្គា ?
  • ហេតុអ្វីបានជាប្រទេសភាគច្រើន និយមជ្រើសរើសយកការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យ ?
  • ចូរសិក្សាស្រាវជ្រាវពីការគ្រប់គ្រងប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ?

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0