មេរៀនទី៣៖ វត្តអារាម និងព្រះសង្ឃនៅកម្ពុជា (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី៣៖ វត្តអារាម និងព្រះសង្ឃនៅកម្ពុជា
មេរៀនសង្ខេប
ដោយមានជំនឿយ៉ាងមោះមុតលើព្រះពុទ្ធសាសនា ប្រជាជនបានផ្សារភ្ជាប់ជីវិតរបស់ខ្លួនទៅនឹងព្រះពុទ្ធសាសនា ។
១- ពិធីបំបួស និងអត្ថន័យ
កាលពីអតីតកាល កុលបុត្រដែលទៅសាងផ្នួស ត្រូវបានគេចាត់ទុកថាជាករណីយកិច្ចមួយដ៏ឧត្ដុង្គឧត្ដម ដែលកូនប្រុសនៅក្នុងគ្រួសារនីមួយៗ ត្រូវបំពេញមុននឹងចូលខ្លួនទៅកសាងជីវភាពជាគ្រួសារថ្មីមួយនៅក្នុងសង្គម ។ អ្នកបួស ត្រូវសិក្សាចំណេះវិជ្ជាផ្សេងៗដូចជា អក្សរសាស្រ្តជាតិ អក្សរបាលី ព្រមទាំងធម៌វិន័យផ្សេងៗទៀត ។ ពិធីបំបួសនាគ មានការបំបួសនាគ ការបំបួសជាសាមណេរ និងការបំបួសជាភិក្ខុ ។
- ពិធីបំបួសនាគ ពាក្យថា «នាគ» មានន័យថា ប្រសើរចម្បងបរិសុទ្ធ ។ នាគសំដៅបុគ្គលបុថុជ្ជនណាម្នាក់ដែលកើតមានសេចក្តីអៀនខ្មាស ខ្លាចបាប ហើយមានចិត្តជ្រះថ្លា ទៅសូមផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា ។ កុលបុត្រដែលបម្រុងចូលទៅសាងផ្នួស ត្រូវបានទទួលនាមថា «នាគ» ។ ពីមុន ពិធីនេះគេធ្វើចំនួនពីរថ្ងៃ ឬបីថ្ងៃ តែបច្ចុប្បន្នគេត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។ គេអាចធ្វើពិធីនេះ នៅផ្ទះ ឬនៅវត្តក៏បាន ។ គេរៀបត្រៃចីវរ និងបរិក្ខារចាំបាច់ដទៃទៀត ដូចជា បាយសីធំមួយធ្វើពីដើមចេកដែលមានដប់បួនថ្នាក់ ដែលរុំព័ទ្ធដោយធាងចេក និងមានសំពត់ហូលរុំពីក្រៅមួយជាន់ទៀត ។ គេរៀបចំក្បួនហែនាគចេញទៅវត្តនៅពេលព្រឹក ដោយមានភ្លេងឆៃយ៉ាំ ឬភ្លេងពិណពាទ្យកំដរ ។ នាគ អាចជិះសេះ ឬគោ និងមានអ្នកបាំងឆត្រឲ្យ ព្រមទាំងហែហមដោយម្តាយទូលត្រៃចីវរ ឪពុកស្ពាយបាត្រ និងអ្នកកាន់បរិក្ខារផ្សេងៗទៀត ។ ជាទូទៅ នាគស្លៀកហូល ពានាក្រមាពណ៌ស ឆៀងលើស្មាឆ្វេង ។ ក្បួនដង្ហែរ ត្រូវប្រទក្សិណជុំវិញព្រះវិហារបីជុំ ទើបហែចូល ដើម្បីសម្ដែងសេចក្តីត្រេកអរចំពោះកុលបុត្រដែលចូលសាងផ្នួស ។
- ពិធីបំបួសនាគជាសាមណេរ ៖ ការបួសជាសាមណេរ មានន័យថា បួសសងគុណម្ដាយ ។ កាលពីសម័យដើម គេអាចបួសចាប់ពីអាយុ ៧ ឆ្នាំ ប្រសិនបើក្មេងនោះនិយាយច្បាស់ និងមានប្រាជ្ញា ។ ប៉ុន្តែក្រោយមក អ្នកបួសត្រូវមានអាយុចាប់ពី ១២ ឆ្នាំ ឬច្រើនជាងនេះ ព្រមទាំងមិនមានទោសកំហុសចំពោះព្រះពុទ្ធសាសនា និងច្បាប់របស់ប្រទេស ។
- ពិធីបំបួសសាមណេរឲ្យបានឡើងជាភិក្ខុ ៖ សាមណេរណាដែលមានអាយុយ៉ាងតិច 21ឆ្នាំ អាចបួសជាភិក្ខុបាន ហើយតាមប្រពៃណីខ្មែរ ការបួសជាភិក្ខុ មានន័យថា បួសសងគុណឪពុក ។ ក្រោយពេលសាមណេរ បានសូមនិស្ស័យពីឧបជ្ឈាយ៍ ឬព្រះថេរៈដែលជាអ្នកបំបួស ហើយលោកគ្រូឧបជ្ឈាយ៍បង្ហាញឲ្យសាមណេរសម្គាល់ថា បាត្រ សង្ឃាដី ចីវរ ជារបស់ខ្លួន ហើយផ្ដល់ឳវាទប្រៀនប្រដៅ ឧបសម្បទាបេក្ខៈ ។ ឧបសម្បទាបេក្ខៈ ត្រូវចេះឆ្លើយសំណួរផ្សេងៗ ដូចជាសំណួរអំពី «អន្តរាយិកធម៌» គឺបានដល់អាពាធ៥យ៉ាង និងបុគ្គលដែលមានពុទ្ធបញ្ញត្តិហាមមិនឲ្យបួសជាដើម ។ ម្យ៉ាងទៀត តាមប្រពៃណីខ្មែរ ការបួសមានពីរប្រភេទទៀតគឺ ការបួសមុខភ្លើង (ការមានជីដូន ជីតា ឬម្តាយឪពុកស្លាប់) និងបួសលាបំណន់ (បួសជាថ្នូរ និងការបន់ស្រន់សុំអ្វីមួយ) ។ ការបួសប្រភេទនេះ មានពេលខ្លីទេ ។ មនុស្សដែលបានសាងផ្នួសក្នុងព្រះពុទ្ធសាសនា ជាមនុស្សមានតម្លៃល្អប្រសើរជាងអ្នកមិនបានបួស ។ អ្នកកាន់ព្រះពុទ្ធសាសនា និយមឲ្យតម្លៃអ្នកបួសថា ជាមនុស្សល្អ ដឹងខុស ដឹងត្រូវ ដឹងគុណ ដឹងទោស ដឹងបុណ្យ ដឹងបាប ….ឬកែគំនិតមាយាទ និងមានស្មារតីជាមនុស្សលះបង់ការប្រព្រឹត្តអំពើអាក្រក់មកជាមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ ។ អ្នកបួស ធ្វើខ្លួនឲ្យស្អាតបរិសុទ្ធចេញចាកផុតពីចំណងកាមគុណ និងខិតខំស្វែងរកសេចក្ដីស្ងប់ចិត្តតាមរយៈការសង្រួមកាយ វាចា ចិត្ត ដោយអាស្រ័យការប្រព្រិត្តិតាមវិន័យរបស់ព្រះពុទ្ធក្នុងភេទជាអ្នកបួស ។
២- វត្តអារាម និងអត្ថន័យ
ជាកន្លែងសម្រាប់គោរពបូជា និងជាកន្លែងសម្រាប់ព្រះសង្ឃគង់នៅ ។ ជាទីកន្លែងស្ងប់ស្ងាត់ ត្រជាក់ត្រជុំ ស្អាតបរិសុទ្ធ ជាសួនឧទ្យានប្រកបដោយព្រឹក្សានិងជាទីស្នាក់អាស្រ័យរបស់អ្នកបួស អប់រំចិត្តជម្រះកិលេសតណ្ហា ដើម្បីកាត់ផ្ដាច់ការជាប់ជំពាក់នឹងជីវភាពរស់នៅរបស់មនុស្សនិងកន្លែងគោរពបូជា ធ្វើបុណ្យទានផង ។ វត្តអារាម មាននាទី៖
- កន្លែងស្ងប់រំងាប់ចិត្តឲ្យផុតកង្វល់ក្នុងជីវិត
- កន្លែងពឹងពាក់នៃអ្នកភ័យខ្លាចនឹងសេចក្ដីស្លាប់ ស្អប់ខ្ពើមអំពើបាប និងចង់កសាងអំពើល្អ
- មន្ទីរពេទ្យព្យាបាលខាងផ្លូវចិត្តរបស់បរិស័ទនៅជើងវត្ត
- កន្លែងជ្រកកោនរបស់អ្នកកម្សត់ទុរគត សិស្ស និស្សិតដែលត្រូវបន្តការសិក្សា
- រណ្ដៅកប់ចោលទំនាស់ ជម្លោះ និងជាកន្លែងដែលមនុស្សទាំងអស់មានផាពស្មើគ្នា
- កន្លែងធ្វើបុណ្យទានផ្សេងៗដូចជា បុណ្យកឋិន បុណ្យភ្ជុំបិណ្ឌ បុណ្យមាឃបូជា បុណ្យចូលឆ្នាំ
- កន្លែងបណ្ដុះសីលធម៌ គុណធម៌និងបណ្ដុះពូជនៃបុណ្យកុសល
៣.ការទ្រទ្រង់ព្រះពុទ្ធសាសនារបស់វត្តអារាម
វត្តអារាមទាំងអស់ មានភាពថ្កុំថ្កើងឋិតថេរបាន អាស្រ័យដោយមានការគាំទ្រពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត និងសាធារណជនទូទៅ។ វត្តមានការរីកចម្រើនដោយ ៖
- ប្រជាជនខ្មែរជាពិសេសពុទ្ធសាសនិកមិនអាចរស់នៅគ្មានពុទ្ធសាសនាបានទេ ពួកគេ បានផ្សារភ្ជាប់ជីវិតរបស់គេទៅនឹងពុទ្ធសាសនាតាំងពីពេលកើតរហូតដល់ស្លាប់ ។
- ប្រជាជនខ្មែរយល់ថាការកសាងវត្តអារាមនឹងទទួលបានកុសលជាបុណ្យនៅជាតិក្រោយ
- វត្តអារាម ជាទីតាំងនៃព្រះពុទ្ធសាសនា ដែលជាទីពឹងពំនាក់របស់ប្រជាជនគ្រប់រូប
- បព្វជិត ពុទ្ធសាសនិកនៅតាមវត្តអារាមនីមួយៗ បានព្យាយាមយកចិត្តទុកដាក់សិក្សាតាមពុទ្ធនិយម ។
៤. តួនាទីរបស់ព្រះសង្ឃ
វិន័យសំខាន់គឺការរៀនសូត្រវិន័យ និងធម៌អាថ៌ ឲ្យបានជ្រៅជ្រះ ហើយប្រតិបត្តិអប់រំផ្លូវកាយនិងផ្លូវចិត្ត ឲ្យស្អាតស្អំជ្រះថ្លា ហើយណែនាំពុទ្ធបរិស័ទឲ្យគោរពធម៌ព្រះដែលជាមូលដ្ឋានសីលធម៌ជាតិ ។ ទំនាក់ទំនងល្អប្រពៃរវាងគ្រហស្ថនិងព្រះសង្ឃខ្មែរ មិនមែនជារចនាសម្ព័ន្ធមួយគ្មានភាពច្បាស់លាស់នោះទេ ផ្ទុយទៅវិញមានសារៈសំខាន់ជាអនេក សម្រាប់ថែរក្សាអត្តសញ្ញាណជាតិខ្មែរឲ្យបានគង់វង្សជាអមត ដោយហេតុថា ព្រះពុទ្ធសាសនាជានិមិត្តរូបនៃជនជាតិខ្មែរគ្រប់ជំនាន់ ។
សំណួរ
- តើវត្តអារាមមានន័យដូចម្ដេច ? តើវត្តអារាមរីកចម្រើនដោយសារអ្វី ?
- ចូរពណ៌នាពិធីបំបួសនាគ ?
- តើពិធីបំបួសជាសាមណេរ ភិក្ខុ ប្រព្រឹត្តទៅដូចម្ដេចខ្លះ ?
- តើការបួសជាសាមណេរ និងការបួសជាភិក្ខុ មានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ?
- ហេតុអ្វី បានជាប្រជាជនខ្មែរមួយចំនួនចង់ឲ្យកូនប្រុសសាងផ្នួស ?
- តើវត្តអារាមរបស់ព្រះពុទ្ធសាសនានៅកម្ពុជាមាននាទីសំខាន់អ្វីខ្លះចំពោះសង្គមជាតិ ?