Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

រឿងផ្កាស្រពោន អត្ថបទសង្ខេប

រឿងផ្កាស្រពោន អត្ថបទសង្ខេប

  • ប្រភពរឿង នៅក្នុងប្រទេសកម្ពុជា
  • ប្រភេទ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
  •  អ្នកនិពន្ធ នូ ហាច
  • កាលកំណត់តែង តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩
  • ចលនា ខេមរនិយម
  • សង្គមបរិយាកាស: ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។
  • ប្រធានរឿង រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស) ។
  • មូលបញ្ហារឿង បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណីស្នេហាក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា) ទឹកចិត្តលោភលន់ទ្រព្យសម្បត្តិរបស់យាយនួន។

រឿងសង្ខេប

   ផ្កាស្រពោន ! ….។ កំសត់មែន! ផ្កាស្រពោន !..។ ពាក្យបីម៉ាត់នេះជាឈ្មោះប្រលោម លោកមួយរបស់ លោក នូ-ហ៊ាច អ្នកនិពន្ធខ្មែរក្នុងស.វ ទី២០ ។ បើយើងធ្លាប់ដឹងថា អ្នកនិពន្ធជាតិ យើងចូលចិត្តប្រដូចនារីទៅ នឹងផ្កាយើងយល់បានដោយងាយ ថាផ្កាស្រពោនគឺ ជារឿងនារី រងទុក្ខដោយ ឥត សង្ស័យឡើយ ។

មែនហើយ ! ផ្កាស្រពោនជារឿងស្នេហាដ៏ខ្លោចឱរា របស់អ្នកកំលោះ ប៊ុន ធឿន សិស្សអនុវិទ្យាល័យព្រះស៊ី សុវត្តិ ហើយនិងនាងក្រមុំ វិធាវី ផ្កាកុលាបនៅបាត់ដំបង ។ សេចក្តីស្នេហា របស់គូកំសត់ទាំង ពីរនេះ មិនមែនកើតឡើងដោយចៃដន្យ ឬដោយចិត្ត និងចិត្តទេ គឺមាតាបិតានៃសាម៉ីខ្លួនទាំងពីរបានបណ្តុះ ស្នេហានេះអោយមានរូបរាងឡើង តាំងពីកុមារភាពមកម្ល៉ះ ។ វិធាវី ជាកូនក្រមុំបណ្តូលចិត្តរបស់ យាយ នួន មានទីលំនៅ នៅភូមិវត្តពោធិក្នុង (ក្រុងបាត់ដំបង) ។ ឳពុករបស់នាងដែលធ្លាប់តែពេញចិត្តនិងលើក នាងអោយទៅ ប៊ុន ធឿន នោះបាន ទទួលអនិច្ចកម្មទៅហើយ ។ សព្វថ្ងៃនេះ ក្នុងផ្ទះរបស់នាង ក្រៅអំពី នាងនិង មាតារបស់នាងដែលមានវ័យចាស់បន្តិចទៅហើយនោះ គេឃើញមានតែ បាវបំរើម្នាក់មានអាយុ ច្រើនជាងយាយ នួន ទៅទៀត ។ បាវបំរើនោះឈ្មោះយាយ ផៃ។ យាយ ផៃ ស្រឡាញ់ពេញចិត្តនឹងនាង វិធាវីណាស់ដែរ គាត់ សប្បាយ ឬ គាត់ព្រួយតាមការប្រែប្រួលនៃទឹកភ័ក្ររបស់នាង វិធាវីទាំងអស់។ ប៊ុន- ធឿន សង្សារវិសេសរបស់នាងវិធាវី ក៏មានទីលំនៅក្នុងខេត្ត បាត់ដំបងដែរ ប៉ុន្តែនៅឆ្ងាយអំពីទីក្រុងគឺនៅ ដល់ទៅភូមិកំពង់ព្រះឯណោះ ។ ឳពុកម្តាយសព្វថ្ងៃ នៅរស់ទាំងអស់ ចឹក ប៊ុនថន រកស៊ីធ្វើជំនួញ ស្រូវ ចេះ តែខាតរៀងរាល់ឆ្នាំ ។ ឆ្នាំនេះគាត់ធ្លាក់ខ្លួនក្រហើយ ។ ភរិយារបស់គាត់ព្រមទាំងនាង សោភ័ណ ជាបុត្រី បានខំធ្វើការឥតសំចៃកំលាំង ដើម្បី សន្សំប្រាក់ ទុកសងបំណុលគេកាលដែល ចឹក ប៊ុន-ថន ខ្ចីប្រាក់គេយក ទៅទិញស្រូវ ហើយដែលជួបគ្រោះថ្នាក់ លិចទុកប៉ុកចាយកណ្តាល ទន្លេ សាប ។ ប៊ុន-ធឿន ជាកូនប្រុស ក្នុងពេលវិស្សមកាល ត្រឡប់ទៅភូមិកំណើតវិញ ក៏បាននិយាយអង្វរឳពុកថា ខ្លួនឈប់ទៅរៀនទៀត ហើយ ព្រោះ ស្ថានភាពរបស់គ្រួសារកាន់តែដុនដាបណាស់ទៅហើយ ខ្លួនត្រូវនៅផ្ទះដើម្បីជួយធ្វើការ ឳពុកម្តាយវិញ ។ ប៊ុន-ថន ជាឳពុកដ៏ប្រសើរ មិនព្រមអោយ កូនឈប់រៀនទេ ។ គាត់និយាយពន្យល់កូន លុះត្រាតែកូនសុខចិត្តទៅរៀនតាមបង្គាប់របស់គាត់ ។

ចាប់តាំងពីបានដំណឹងច្បាស់ថា គ្រួសាររបស់ចឹក ប៊ុន-ថន ធ្លាក់ខ្លួនក្រក្នុងទុព្វលភាព លោកយាយ នួន ខំ ពន្យល់ណែនាំនាងវិធាវី ជាកូនអោយលះបង់សេចក្តីស្នេហាអំពីប៊ុន-ធឿន ។ នាងវិធាវីអន់ចិត្តនឹង មា្តយណាស់ តែនាងមិនហ៊ានតពាក្យសំដី អ្វីដែល អាចនាំអោយអ្នកផងទាំងពួងថ្លោលទោសថានាងជានារី អកត្តញ្ញូបានឡើយ ។ នាងចេះតែសោកសង្រេងនឹកទៅដល់ ប៊ុន-ធឿនទាំងយប់ទាំងថៃ្ង ។ ថ្ងៃមួយ ១៤ខែសូយ៉េត ប៊ុន-ធឿន បានទៅលេងឯទីក្រុងបាត់ដំបង បានឆ្លៀតឱកាសទៅជួបនាងវិធាវីបានមួយ ភ្លែត ។ នាងក្រមុំបានអោយរូបថត មួយសន្លឹកមក ប៊ុន-ធឿន ដើម្បីទុកជាអនុស្សាវរីយ៍ ហើយបានផ្តែផ្តាំ ប៊ុន-ធឿនអោយខំយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីអោយបានសំរេចលទ្ធ ផលព្រមទាំងសន្យាថា នាង នៅរងចាំ ប៊ុន-ធឿនជានិច្ច ។

ឥឡូវនេះ បវេសនកាលថ្មីបានមកដល់ទៀតហើយ ។ ប៊ុន-ធឿន ក៏បានចូលទៅនៅក្នុងអនុវិទ្យា ល័យស៊ីសុវត្តិ ទៀត ។ ពេលដែលប៊ុន-ធឿនកំពុងតែបើកសៀវភៅសិក្សា លោកយាយនួន បានបង្ខំចិត្ត វិធាវី ជាសង្សារអោយរៀបការនឹងអ្នកកំលោះ ណៃ-ស៊ត កូនប្រុសរបស់លោក ណៃ-ស៊ាន ជាអ្នកមាន សម្បត្តិស្តុកស្តម្ភ ក្នុងខេត្តបាត់ដំបង ។ វិធាវីស្អប់ខ្ពើមណៃ-ស៊ត ជាទីបំផុត ហើយនាងខឹងនឹងម្តាយនាង ក៏មិនតិចដែរ ប៉ុន្តែនាងមិនហ៊ាននិងរឹងរូសនឹងម្តាយនាងទេ ។ នាងសរសេរសំបុត្រប្រាប់រឿងរ៉ាវហ្នឹង អោយប៊ុន-ធឿន ដឹងព្រមទាំងប្រកាសថា នាង មិនព្រមរៀបការជាមួយនឹងបុរសដទៃណាក្រៅពី ប៊ុន-ធឿន ឡើយ ។ កំលោះ ប៊ុន-ធឿន ផើ្ញសំបុត្រមកអង្វរ វិធាវីអោយសុខចិត្ត រៀបការជាមួយ កំលោះ ណៃ-ស៊តទៅ ព្រោះគេជាអ្នកមាន គេអាចរកសុភមង្គលមកអោយគ្រួសារបានដោយងាយ ។

ទុកណាប៊ុន-ធឿន អង្វរយ៉ាងនេះក៏ដោយ ក៏នាងវិធាវីមិនព្រមតាមបំណងម្តាយនាងទេ ព្រោះនាង ដឹងថា ប៊ុន-ធឿនស្រឡាញ់នាងខ្លាំងណាស់ មួយវិញទៀតនាងដឹងថា អ្នកកំលោះ ណៃ-ស៊ត ជាបុរស កន្លង់ បុរសដើរបំផ្លាញព្រហ្មចារី របស់ស្រីក្រមុំជា ច្រើនរូបណាស់មកហើយ ។ មួយថ្ងៃៗនាងវិធាវីយំសោក ឥតដែលខាន ។ រាងកាយនាងកាន់តែស្គមបន្តិចម្តងៗ យាយនួនឃើញដូច្នេះ ក៏នាំនាងទៅ លេងអង្គរឯ ខេត្តសៀមរាប ទៅសំណាក់នៅផ្ទះមិត្តភ័ក្រ្តរបស់ខ្មោចប្តីគាត់ឈ្មោះ លោកបេង-ជុន និង នាង ស៊ី-ម៉ារ៉ា ។ ទៅឃើញអង្គរល្អវិចិត្រក៏ ដូច ឃើញខ្ទមជរាអញ្ចឹង នាងវិធាវីគ្មានកាញញឹមបន្តិចសោះ ។ លុះនាងឃើញ ព្រះពុទ្ធរូបមួយអង្គធំ នាងក៏អុជធូបបួងសួងសុំអោយព្រះជួយនាង អោយ រួចពីក្រញាំរបស់ ណៃ-ស៊ត ។ បន់ព្រះមិនទាន់ផុតពីម៉ាត់ផងស្រាប់តែ ណៃ-ស៊ត បរឡានទៅដល់ ហើយដើរទៅឈរក្បែរនាងភ្លាម ។ នាងខឹងខ្លាំង ទៅជាឈឺ ។ វិធាវី គ្រុនអស់ពីរ បីថ្ងៃនៅខេត្តសៀមរាប ។ យាយនួន ឃើញកូនឈឺធ្ងន់ក៏នាំ នាងវិលត្រឡប់មកស្រុកកំណើតវិញ ។ ថ្ងៃរៀបការកាន់ តែ សសៀរចូលជិតមកដល់ហើយ ជំងឺរបស់នាង វិធាវីកាន់តែដាបធ្ងន់ឡើងៗជាលំដាប់ ។ យាយនួន ហើយនឹងនាង ថូ ជាម្តាយរបស់ ណៃ-ស៊ត បាន ទៅ អញ្ជើញហោរា អារក្សអ្នកតា និងគ្រូអាចារ្យ មកស្រោចទឹកឥតដែលខាន ។ ជម្ងឺគ្រុននៅតែដដែល ។

និយាយពី ប៊ុន-ធឿនវិញ ។ អ្នកកំលោះនេះនឹកដល់វិធាវីគ្រប់ពេលវេលាដែរ ប៉ុន្តែអ្នកស៊ូឱបសេចក្តី ទុក្ខ ដើម្បី អោយស្រីសង្សារបានសុខនឹងថ្កុំថ្កើងមុខមាត់ ។ ក្នុងឱកាសបុណ្យចូលឆ្នាំ អ្នកវិលទៅសំរាកឯ ភូមិកំណើត ទៅលេងព្រៃជាមួយនិងតាសូ ហើយនឹង អ្នកស្រុក ស្រីប្រុសជាច្រើនទៀតដើម្បីបំបាត់ទុក្ខ ។ អ្នកស្រុកអ្នកភូមិកំពង់ព្រះចូលព្រៃរនាម ដើម្បីរកទឹកឃ្មុំ ចំណែក ប៊ុន-ធឿនចូលព្រៃរនាមដើម្បី កំចាត់ជម្ងឺ ទ្រូងដែលកើតឡើងពីរឿងជីវិត។ លុះអ្នកវិលពីព្រៃរនាមមកវិញ ក្រោយដែលបានតយុទ្ធយកជ័យជំនះអំ ពីពួកចោរ អ្នកសុំលាឳពុកម្តាយ ទៅលេងក្រុងបាត់ដំបង ។ អ្នកដើរបង្ហូសទៅដល់វត្តពោធិក្នុង ស្រាប់តែ ឃើញមនុស្សអ៊ូរអរកុះករទាំងក្មេងទាំងចាស់។ អ្នកចូលទៅដល់ស្រាប់តែ ឃើញរូបថតនាងវិធាវីនៅប្រប នឹងក្តារមឈូស។ វិធាវីស្លាប់ហើយ ! ។ នាង ស្លាប់ព្រោះរឿងវិបត្តិស្នេហា ។ វិធាវីស្លាប់ទៅ បានទុកចិញ្ចៀនមួយវង់ និងសំបុត្រមួយអោយប៊ុន-ធឿន ជាគូរសង្សារបណ្តូលចិត្ត ។

រឿងផ្ការស្រពោន ចប់ត្រឹមនេះ ។ អានរឿង ‹ផ្កាស្រពោន› នេះ ខ្ញុំនឹកស្ងើចដល់កិច្ចការនិពន្ធរបស់ លោក នូ-ហាច យ៉ាងខ្លាំង ។ ក្រៅអំពីពាក្យពេចន៍ថ្លៃថ្នូរនឹងមានន័យបរិបូរណ៍ រឿង ផ្កាស្រពោន បាន បញ្ចាំងអោយយើងមើលឃើញទៅនៀមទំលាប់ ជំនឿ នឹងសកម្មភាពរបស់អ្នកបួសខ្លះក្នុងស្រុកខ្មែរយើង ដែលយើងទទួលស្គាល់ថា គឺរឿងពិតក្នុងដំណើរជីវិតរបស់សង្គមខ្មែរប្រាកដមែន! ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1