Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

រឿងតេជោដំឌិន អត្ថបទសង្ខេប

រឿងតេជោដំឌិន អត្ថបទសង្ខេប

រឿងសង្ខេប

ដំណាលពីមហាក្សត្រខ្មែរនាមព្រះអាទិត្យវង្សាបានគ្រប់គ្រងទឹកដីកម្ពុជាល្បីរន្ទឺសុសសាយដល់​ប្រទេសជិត​ខាង ។​ ព្រះអង្គបានគ្រប់គ្រងអស់​រយៈ​ពេលជាង១២ឆ្នាំហើយព្រមទាំងមាន​មហេសី​ដ៏ស្រស់ស្អាតមួយព្រះនាម​នាគី ។ ព្រះ​​នាងក៏ប្រសូតបានបុត្រា ហើយដាក់​ព្រះនាម​ថាបទុមសូរ្យ​វង្ស​ តែងតាំងជា​មហាឧបរាជនាខេត្តគងពិសី ។ ក្រោយមកព្រះរាជនី​នាគី​ប្រសូត​បាន​បុត្រ​មួយ​ទៀត  ។ ជាអកុសលកូននោះកើតមកជាស៊ុត ព្រះនាងក៏​បោះស៊ុតនោះចោលក្នុងទឹក ។​ ស៊ុតនោះ​ត្រូវ​​បាន​​តាគង់​អ្នកស្រុកសៀមបរ​រទេះ​កាត់ទីនោះឃើញ​ក៏រើសយកទៅចិញ្ចឹម ។ ស៊ុតនោះបាន​ញាស់ចេញជាក្មេង​ប្រុស ហើយ​គាត់ក៏​ដាក់ឈ្មោះឲ្យថា នាយរោង ។

ថ្លែងពី​សុវណ្ណាជាសេដ្ឋីមានស្តុកស្តម្ភនៅ​ភូមិជ័យ​គ្រាម មានប្រពន្ធ​ឈ្មោះ​រត្ថរង្សី បង្កើតបានបុត្រដ៏ខ្លាំងពូកែឈ្មោះសុវណ្ណរង្សី ។ សេដ្ឋីនោះ​មានបំណង​ចង់ឲ្យ​កូន​រៀនសិល្ប៍សាស្ត្រជាមួយគ្រូភ្នំតាមោឃ ដែលជាគ្រូ​រៀន​ចេះវិជ្ជាបានជ្រៅជ្រះម្នាក់ ។ គ្រូ​នោះ​ពុំចង់​ទទួល​យកសិស្សទេ ដោយ​សារ​តែសិស្សពីររបស់គាត់លើក​មុនយក​វិជ្ជា​ទៅប្រព្រឹត្តខុស គឺមួយទៅ​ក្លែង​បន្លំ​ជាព្រះសមណគោតម ហើយមួយ​ទៀត​ក្លាយជាមហាតលិក ។​ គ្រូ​នោះ​ក៏ទៅ​កំចាត់សិស្សមួយ​មុន​​ចោល ។ ប៉ុន្តែ​ដោយពេញចិត្តនឹងលក្ខណៈ​សម្បត្តិ​របស់​សុវណ្ណរង្សី លោកគ្រូក៏ព្រមទទួលជាសិស្ស ។ សុវណ្ណរង្សីជា​សិស្សឧស្សាហ៍​ក្នុងការសិក្សា លោកបានបង្រៀនអស់រយៈ៦ឆ្នាំរួមទាំង​វិជ្ជា​សណ្តំ ជ្រែកទឹក​ជ្រែកដី ហើយអប់រំទូន្មានសព្វគ្រប់ពីតំណមផ្សេងៗទាក់ទង​នឹង​ការរស់នៅនិង​ការរៀបចំ​ខ្លួនជាមន្រ្តី ។ រៀនចប់កាលណា សុវណ្ណាសេដ្ឋី​ក៏យក​កូនរបស់​ខ្លួន​ទៅគាល់ព្រះបទុមសូរ្យវង្ស ។ ឧបរាជនិង​មន្រ្តីទាំងអស់​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងចំពោះចំណេះវិជ្ជារបស់ចៅរង្សី រួចក៏តែងតាំង​អ្នក​កំលោះ​​នោះធ្វើជា​មន្ត្រី ។

សុវណ្ណរង្សីបានឮ​ដំណឹងតាមនាយសំពៅថា​ នៅស្រុកសៀមមានស្រីម្នាក់ស្អាតណាស់ ​ស្អាត​លើសអស់ស្រីនានានៅ​អយុធ្យានិងនៅស្រុកខ្មែរ ។ នាងឈ្មោះមហាយីការជាបុត្រីក្រុមវាំងណា ឧបរាជនគរអយុធ្យា និងជាស្នំ​របស់ព្រះចៅសុរិយា ស្តេចនៃនគរអយធ្យា ។ ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃបុរសដែល​កំពុងជ្រួលជ្រើមនឹងកាមតណ្ហានេះ ចេះ​តែស្រមៃគិតពីរូ​បនាងនោះ ដោយ​មិន​​ហូប​បាយ មិនធ្វើការអ្វីទាំងអស់ ។ ព្រះបទុមសូរ្យវង្សមានព្រះទ័យឆ្ងល់​ចំពោះ​​ចៅរង្សី ហើយក៏​សាកសួរ​ទៅបានដឹង​រឿងរ៉ាវអស់ រួចទ្រង់បានបញ្ជាឲ្យ​ចៅ​រង្សីទៅយកនាងចុះ ។

នៅតាមផ្លូវ សុវណ្ណរង្សីបានឆ្លងកាត់ភូមិផ្សារក្រោម ក៏សុំស្នាក់នៅ​ទះរបស់តាស្នងរត្ថ និង​យាយឆាយ ។ ពួកគាត់មានកូន​ដែលមាន​រូបឆោមល្អ​ឈ្មោះ​ មូលីច្ចាន់ ។ តាស្នងរត្ថបានលើកនាងមូលីច្ចាន់ឲ្យធ្វើជា​ប្រពន្ធ​​សុវណ្ណរង្សីក្នុងពេលនោះទៅ ។ ថ្ងៃក្រោយ​មក​ ស្នងរត្ថបានហៅចៅ​រង្សីឲ្យទៅស្តាប់លោក​ទេសនារួចក៏ធ្វើដំណើរ​ទៅ​ផ្សារ បាននាំឲ្យប្រជាជន​ផ្អើលនឹងអ្នកមកថ្មីនេះ ។ គ្រួសារតាស្នងរត្ថបាននាំគ្នា​រត់គេចចេញពី​បណ្តាជន​ សុវណ្ណរង្សីបាន​ទៅជួប​នឹងកូនស្រីផ្ទះ​លក់​ចាប់​ហួយម្នាក់ឈ្មោះថា ស៊ុន​អេង ។ ពួកគេទាំងពីរនាក់​និយាយ​ត្រូវគ្នាក៏បានរួម​ដំណេកជាមួយគ្នា ។ ក្រោយមកសុវណ្ណរង្សីបាន​មក​ជួបនឹង​ចែការនិងតានសា ជាឪពុកម្តាយនាង​ស៊ុនអេង​ ហើយពួកគាត់សុខ​ចិត្ត​លើកនាងធ្វើជាប្រពន្ធរបស់ចៅរង្សីមួយ​ទៀត ។ គ្រួសារនាងមូលីច្ចាន់ក៏មិន​ជំទាស់ ថែមទាំងតាស្នងរត្ថ​ជួយ​​នាំ​ផ្លូវ​សុវណ្ណរង្សីទៅកាន់​ក្រុងអយុធ្យា ។ នៅ​តាមផ្លូវសុវណ្ណរង្សីឆ្លង​កាត់​វត្តនិងជួប​ស្រីលាវម្នាក់ ។ ពេលទៅដល់គោល​ដៅ សុវណ្ណរង្សីបានឆ្លៀត​ឱកាស​ប្រើវិជ្ជា​សណ្តំសេនាការពារ​នាង​យីកា រួច​ចូល​ទៅនិយាយ​លួង​លោមនាង ហើយ​ចង់រួមរឹតជាមួយនាង​ តែត្រូវនាង​បណ្តេញ​ចេញវិញ ម្យ៉ាងទៀត​ថ្ងៃនោះជា​ថ្ងៃសីល ត្រូវនឹងបណ្តាំគ្រូមិនឲ្យ​សេព​មេថុន​ធម្ម​​ផង ទើបសុវណ្ណរង្សី​សុខចិត្ត​ចុះចេញទៅ ។ លើកក្រោយ​សុវណ្ណរង្សី​មក​ម្តងទៀតក៏នាំនាងយីកា​យកទៅ​ជាមួយ ធ្វើឲ្យស្តេចអយុធ្យា​ខឹង​សម្បាជាខ្លាំងក៏បញ្ជា​ទ័ព​ឲ្យដេញតាម​គូ​កំណាន់​ទាំងពីរនោះតែសុវណ្ណ​រង្សី​លុបដានជើង​សេះ រួចនាំនាងយីកា​និង​ប្រពន្ធពីរ​នាក់​ទៀតយកទៅផ្ទះរបស់ខ្លួន និងរស់នៅ​ដោយ​សុខ​សាន្ត​ជា​មួយ​គ្នាទៅ ។

មិនយូរប៉ុន្មាន ស្រាប់តែមានសារ​ពីប្រទេសចិនថា តៃម៉េង​ ជា​ស្តេច​​ចិនត្រូវបាន តោស៊ុន ជាឧបរាជលើកទ័ព​បះបោរ​​ចង់ដណ្តើមរាជ្យ​សម្បត្តិ ។ ស្តេចចិននេះបានទៅពឹងពាក់ទាំងយួននិងខ្មែរឲ្យជួយ ។ ព្រះបទុម​សូរ្យវង្ស​ក៏​លើកទ័ពទៅជាមួយសុវណ្ណរង្សីដើម្បីជួយស្តេចចិន ។ ទាំងទ័ពចិន ទ័ពយួន និង​ទ័ព​ខ្មែរសុទ្ធ​តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សុវណ្ណរង្សីទំាំង​អស់ ។ ការ​ធ្វើ​សង្រ្គាមប្រព្រឹត្តទៅ​រយៈ​ពេលដ៏យូរ ជួនទ័ព​ខាងខ្មែរមានប្រៀប ជួនទ័ព​ខាង​សត្រូវ​មានប្រៀប តែដោយមេទ័ពសុវណ្ណរង្សីបាន​រៀនចេះ​ពីវិធី​សឹក​ និងមានវិជ្ជាសិល្ប៍ពូកែផង ក៏ដឹកនាំទ័ពខ្លួនបង្រ្កាបជនបះបោរចិនបាន​ជោគជ័យ ។

និយាយពីនៅស្រុកខ្មែរវិញ​ ឆ្លៀតពេលដែលសុវណ្ណរង្សីមិននៅ ​ស្តេច​សៀមក៏លើកទ័ពវាយឆ្មក់នគរខ្មែរដណ្តើមយកអ្នកម្នាងរបស់ព្រះបទុម​សូរ្យវង្សនិងភរិយាទាំងបីរបស់សុវណ្ណរង្សីទៅស្រុកសៀមបាត់ ។ ទទួលដំណឹងភ្លាម សុវណ្ណរង្សីក៏ទៅតាមរក​ប្រពន្ធរបស់ខ្លួន​ដល់ក្រុង​អយុធ្យា រួចត្រៀមទ័ពទ​ប់ទល់ជាមួយសៀម ។ ពេលទៅ​ដល់​វាំងសៀម បាន​ពួក​ក្រុមវាំង​ណាជួយសុវណ្ណរង្សីរកឃើញប្រពន្ធ​ទាំងបី​របស់ខ្លួន ហើយក៏ប្រើ​វិជ្ជាសណ្តំសេនានាំគ្នារត់ចេញមក ។ ពេល​ដែលព្រះចៅ​សុរិយាដឹងព្រះ​កាយ​វិញ ដឹងថាគេរំដោះយកប្រពន្ធសុវណ្ណរង្សីយកទៅវិញ ទ្រង់​មាន​ព្រះទ័យ​ខ្ញាល់​ជាខ្លាំង ក៏បានដឹកនាំទ័ពដោយផ្ទាល់ទៅវាយលុកទឹកដី​កម្ពុជា ។ សុវណ្ណរង្សី​ក៏បានទុកទ័ព​បង្កប់តាមផ្លូវ តែទ័ពសៀមចេះតែវាយ​បែក ។ ពេលសៀមលើក​ទ័ពមកដល់ទឹកដីខ្មែរ មេទ័ពដ៏ខ្លាំង​ពូកែរបស់ខ្មែរនេះ​បានបំបាំងកាយទ័ពខ្លួន​ហើយវាយទៅលើពួកសៀម ។ យូរៗទៅទ័ពសៀមក៏​ចុះ​​ទន់ខ្សោយ​ហើយខ្មែរ​ក៏បានទទួលជ័យជំនះ។​ ស្តេចសៀមក៏បាក់បបខ្លបខ្លាចអំណាចស្តេចខ្មែរ ហើយសន្យាថ្វាយសួយសាអាកររៀងរាល់ឆ្នាំ ។ ចាប់ពីពេលនេះមកព្រះរាជា​បានឲ្យគេ​កសាង​ដំណាក់​ឲ្យ​សុវណ្ណ​រង្សី ហើយក៏ប្រទានងារថាជា “តេជោ​ដាំដែន​ឌិន”​ ឬ “តេជោដំឌិន” ។

នៅឯស្រុកសៀមឯណោះ នេនរោងដែល​កើតមកជាស៊ុត បានទៅ​បួសក្នុងវត្ត និងបានរៀនមន្តវិជ្ជាការផ្សេងៗរហូតដល់មានមាត់ទិព្វ ។ លោក​បានដាក់ទឹកក្នុងជាលភ្នែកក្រួចយកទៅថ្វាយ​ស្តេចខ្មែរ។ ព្រះបទុមសូរ្យ​វង្ស​ជា​ស្តេចខ្មែរមានការភ័យខ្លាចនឹងអ្នកមាន​បុណ្យ​នេះក៍​បញ្ជា​ឲ្យ​តេជាដំាដែនឌិន​ទៅសម្លាប់នេនរោងចោល ។ តេជោដំា​ដែនឌិនក៏ជ្រែកដីទៅកាន់វត្ត​ដែល​នេន​រោង​គង់នៅ ស្រាប់តែនាងរោងភ្លាត់​មាត់​និយាយថាឲ្យតេជោដំឌិននៅនឹងសិន ទើបតេជោរបស់យើង​ក្លាយទៅ​ជាថ្មក្នុងពេលនោះទៅ ។

នេះជារឿងសោនាដកម្មយ៉ាងខ្លាំងសម្រាប់ប្រទេសខ្មែរ ហើយ​ប្រពន្ធ​សុវណ្ណរង្សីក៏ពិបាកចិត្តយ៉ាងខ្លាំងដែរ ។ នេនរោងខំនិយាយឲ្យតេជោដំឌិន​រស់​ឡើង​វិញយ៉ាងណាក៏មិនបានការព្រោះកាំបិតចិតដងឯងមិនបាន ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1