Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី១២៖ ការ​តានតឹង​ចិត្ត (មេរៀនសង្ខេប សំណួរ ចម្លើយ)

ជំពូកទី២ : វប្បធម៌សន្តិភាព

មេរៀនទី១២៖ ការ​តានតឹង​ចិត្ត

មេរៀនសង្ខេប

ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​​ទាំងអស់ ពេលខ្លះ​ក៏​អាច​លុប​បាត់​ទៅវិញ​ដោយ​ងាយ​ៗ តែ​ក៏​មាន​ពេល​ខ្លះ​បាន​ក្លាយ​ជា​បញ្ហា​មួយ​មាន​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​ដែល​នាំ​ឲ្យ​មនុស្ស​មាន​ការ​តាន​តឹង​ចិត្ត ។

១- ការ​តាន​តឹងចិត្ត

ការ​តាន​តឹង​ចិត្ត គឺ​ជា​ប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​បង្ក​ការ​លំបាក​ឬ​ការ​គំរាមកំហែង​ដល់​ផ្លូវ​ចិត្ត​ ។ ការ​តាន​តឹង​ចិត្ត​កើត​ឡើង​ពី​លក្ខខណ្ឌ​ក្នុង​ការ​រស់នៅ ឬ​បទពិសោធន៍​នៃ​ជីវិត​ដែល​មិន​បាន​បំពេញ​តាម​បំណង​និង​ចិត្ត​របស់​ខ្លួន ។ អ្នក​ដែល​មាន​ការ​តានតឹង​ចិត្ត​ កម្រ​និយាយ​ប្រាប់​មូលហេតុ​របស់​ខ្លួន​ឲ្យ​គេ​ដឹង​ដោយ​ត្រង់​ៗ​ណាស់ ។

1-រោគសញ្ញា​ផ្លូវ​ចិត្ត ៖

  • មួម៉ៅ ឆេវឆាវ ឆាប់​ខឹង ឆាប់​ច្រឡោត អា​ជំរុញ​ឲ្យ​បង្កើត​​ជា​អំពើ​ហិង្សា
  • នឿយណាយ ធុញថប់​ក្នុង​អារម្មណ៍ ភ្លេចភ្លាំង​ច្រើន ភ័យ​ខ្លាច
  • ខ្វល់​ខ្វាយ គិត​ព្រួយ​ច្រើន ស្រងូតស្រងាត់ ពិបាក​ផ្ចង់​អារម្មណ៍​ក្នុង​ការងារ និង​ការ​រៀន​សូត្រ
  • អារម្មណ៍​មិន​មូល គិត​តែ​រឿង​ដដែលៗ​មិន​ឈប់ឈរ ព្រួយ​បារម្ភ អស់សង្ឃឹម

2-រោគសញ្ញា​ផ្លូវ​កាយ

  • ឈឺ​ក្បាល អស់​កម្លាំង ចុក​រួយ​សាច់ដុំ ឈឺ​សន្លាក់​ដៃ​ជើង
  • បរិភោគ​អាហារ​មិន​បាន​ សម្រាន្ត​មិន​លក់ ឈឺ​ក្រពះ លើស​ឈាម មាន​បញ្ហា​បេះដូង
  • ណែន​ទ្រូង ដង្ហើម​ផុត​ៗ ឆ្អល់​ពោះ

3-រោគ​សញ្ញា​ផ្នែក​អាកប្បកិរិយា

  • រសាប់រសល់ មិន​រួសរាយ​រាក់ទាក់ ងាយ​មាន​ទំនាស់​ជាមួយ​គេឯង និង​ច្រើន​នៅ​ឯកោ
  • អសកម្ម​ក្នុង​ការ​បំពេញ​ការងារ​ផ្សេងៗ សកម្មភាព​ការងារ​​ចុះ​ខ្សោយ ឬ​អាច​មាន​សកម្មភាព​ការងារ​ច្រើន​ហួស មិន​បាន​សម្រាក
  • ច្រើន​ពឹង​ពាក់​អ្នក​ដទៃ ដើម្បី​ជួយ​គាំទ្រ​ និង​ជួយ​ធ្វើ​ការ​សម្រេចចិត្ត
  • ចូល​ចិត្ត​ផឹក​ស្រា ឬ​ប្រើប្រាស់​គ្រឿងញៀន​ដូចជា បារី កញ្ឆា យ៉ាម៉ា អាភៀន​ជាដើម

២-បុព្វហេតុ​នៃ​ការ​តានតឹង​ចិត្ត  បុព្វហេតុ​នៃ​ការ​តាន​តឹងចិត្ត​បណ្ដាល​មក​ពី 

  • បញ្ហា​សង្គម ៖ មាន​គ្រោះ​ទុរភិក្ស ភាព​ក្រីក្រ សង្គ្រាម គ្រោះធម្មជាតិ រៀន​ខ្សោយ​ ការ​ប្រឡង​ធ្លាក់ ការ​បាត់​បង់ ឬ​គ្មាន​ការងារ​ធ្វើ អំពើ​អបាយមុខ ការ​គំរាមកំហែង អំពើ​ហិង្សា ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​មិន​គោរពច្បាប់
  • ទាក់ទង​ការ​រស់នៅ ៖ មាន​ទំនាស់​ក្នុង​គ្រួសារ ជីវភាព​ក្រីក្រ បន្ទុក​ការងារ​ច្រើន​ហួស​ពេក ការ​មិន​យល់​ចិត្ត​គ្នា ការ​មិន​ចុះ​សម្រុង​ក្នុង​ការងារ ការ​បំពេញ​ការងារ​ពុំ​បាន​ជោគជ័យ ការ​គិត​ព្រួយ​ចំពោះ​ហេតុការណ៍​សម្រាប់​អនាគត មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​រាងកាយ និង​ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ។ល។
  • តាម​ជំនឿ ៖ បណ្ដាល​មក​ពី​វាស​នា​អាក្រក់ កម្មផល ទំនាយ ត្រូវ​អំពើ ត្រូវ​ស្នេហ៍ ..

៣-វិធី​ដោះស្រាយ​ការ​តានតឹង​ចិត្ត

1-វិធីសាស្រ្ត​សាមញ្ញ ៖ ដំណោះស្រាយ​បែប​សាមញ្ញ មាន​ដូចជា ៖

  • ការសម្រាក​លំហែ​កាយ ៖
  • ការ​លើកទឹកចិត្ត​ចំពោះ​អ្នក​មាន​អារម្មណ៍​ឯកោ
  • ការ​លើក​ទឹក​ចិត្ត ៖ ក្រុម​គ្រួសារ ញាតិមិត្ត ឬ​សហគមន៍​ជួយ​សម្រាល​ការងារ

2-សកម្មភាព​សហគមន៍

  • ការ​ជួប​ជុំ​គ្នា ការ​លើក​ទឹក​ចិត្ត​និង​ចែក​រំលែក​ការ​ទុក្ខ​ព្រួយ​ពី​អ្នក​តានតឹង​ចិត្ត
  • បង្កើត​ជា​កម្មវិធី​សិល្បៈ តន្ត្រី ចម្រៀង ឬ​ការ​ជជែក​កម្សាន្ត​ ដែល​ធ្វើ​នៅ​ពេល​ព្រលប់
  • ការ​ប្រារព្ធ​បុណ្យ​ប្រពៃណី​តាម​បែប​សាសនា​ដូចជា បុណ្យ​ចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ…
  • ការ​លេង​កីឡា
  • សកម្មភាព​ការ​ងារ​ក្រុម
  • ការ​ដោះស្រាយ​តាម​បែប​មន្តអាគម​របស់​ជន​ជាតិ​នីមួយ​ៗ ៖ សូត្រមន្ត ដោះអំពើ ស្រោចទឹក ការ​សែនព្រេន …

3-ការ​អប់រំ

  • ការ​ផ្សព្វផ្សាយ​ឲ្យ​គេ​យល់​ពី​អ្វី​ជា​ការ​​តានតឹង​ចិត្ត ការ​ព្យាយាម​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​
  • យើង​អាច​ជួយ​ខ្លួន​ឯង​ និង​អាច​រក​អ្នក​ដទៃ​មក​ជួយ​បាន
  • ផ្សព្វផ្សាយ​ដល់​អ្នក​តាន​តឹង​ចិត្ត មិន​ត្រូវ​យក​បារី ស្រា ឬ​គ្រឿងញៀន ឬ​អំពើ​ដែល​ខុស​ច្បាប់​សង្គម ខុស​នឹង​សីលធម៌​សង្គម មក​ធ្វើ​ជា​ដំណោះស្រាយ​ឡើយ ព្រោះ​វា​ប៉ះពាល់​នឹង​សុខភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​ឯង ។​

4-លំហាត់​សម្រាក​ចិត្ត​កាយ

គឺ​ជា​បច្ចេកទេស​នៃ​ការ​ប្រើប្រាស់​របៀប​សមាធិ គួប​ផ្សំ​នឹង​លំហាត់​ដក​ដង្ហើម ការ​សម្រួល​សាច់ដុំ និង​ការ​សម្រួល​ឥរិយាបថ​ឲ្យ​បាន​ស្រួល​ព្រម​គ្នា​ជា​មួយ​នឹង​ចិត្ត ដែល​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត ។

ក-លំហាត់​ដង្ហើម

យើង​អាច​ជ្រើសរើស​ឥរិយាបថ​ដូចជា អង្គុយ​លើ​កៅអី ឬ​ដេក​ត្រង់​ខ្លួន​លើ​គ្រែ​ក្នុង​លក្ខណៈ​សម្រាក​យ៉ាង​ស្ងៀមស្ងាត់ រួច​ដក​ដង្ហើម​ចេញចូល​ឲ្យ​បាន​វែងៗ  និង​ដោយ​យឺត​ៗ មាន​រយៈ​ពេល​ពី 2 ទៅ​3នា ឬ​អាច​លើស​ពី​នេះ ។

ខ-លំហាត់​ពេល​ពាក្យ​ផ្ទួនៗ

ចាប់​ផ្ដើម​ដោយ​បិទ​ភ្នែក រួច​ពោល​ពាក្យ​អ្វី​ដែល​មាន​ន័យ​ល្អ​តាម​ការ​ចូលចិត្ត ដូចជា​ពាក្យ​ «ពុទ្ធោ» ឬ «សុខៈ» ជា​ដើម ។

គ-លំហាត់​តាំង​សមាធិ

សមាធិ គឺ​ជា​ការ​តាំង​ចិត្ត ឬ​តម្កល់​ចិត្ត​ឲ្យ​រឹងមាំ​ហើយ​អនុវត្ត​បាន​ចំពោះ​មនុស្ស​គ្រប់​វ័យ  និង​គ្រប់​ស្រទាប់​វណ្ណៈ ។ លំហាត់​សមាធិ​មាន ៖

  • អង្គុយ​ពែនភ្នែន ឬ​អង្គុយ​សណ្ដូក​ជើង​លើ​កៅអី​ដងខ្លួន​ត្រង់​ក៏បាន ដោយ​រក្សា​ការ​គ្មាន​ចុក​រួយ ។ បន្ទាប់​មក​ធ្វើ​លំហាត់​ដក​ដង្ហើម​ និង​លំហាត់​ពោល​ពាក្យ​ផ្ទួនៗ ដូច​រៀបរាប់​ខាង​លើ ។​
  • ត្រូវ​ផ្ចង់​អារម្មណ៍​លើ​វត្ថុ​អ្វី​មួយ​ដូច​ជា ផ្កា​ឈូក រូប​ព្រះពុទ្ធ …
  • ការ​ផ្ចង់​អារម្មណ៍​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ថ្លា បំភ្លេច​នូវ​រឿងរ៉ាវ​អវិជ្ជមាន​ទាំង​ឡាយ
  • ដោយ​ប្រមូល​អារម្មណ៍​ឲ្យ​មូល​លើ​វត្ថុ​ដែល​បាន​ជ្រើសរើស​នោះ ​ក្នុង​រយៈ​ពេល​ 2ឬ3នាទី
  • ប្រសិនបើ​អារម្មណ៍​យើង​មាន​ការ​បែក​ទៅ​គិត​ពី​រឿង​អ្វី​ផ្សេង ត្រូវ​ព្យាយាម​ទាញ​អារម្មណ៍​របស់​យើង​ដោយ​សន្សឹម​ៗ មកកាន់​វត្ថុ​ដែល​យើង​បាន​ជ្រើសរើស​នោះ​វិញ ។​
  • ត្រូវ​ធ្វើ​នៅ​ពេល​ដ​ដែល​ៗ ហើយ​ជា​ប្រចាំ និង​នៅ​កន្លែង​ស្ងប់ស្ងាត់​ គ្មាន​ការ​រំខាន ពី2 ទៅ 3នាទី ឬ5នាទី ឬ 20នាទី ។

សំណួរ

  • តើ​ការ​តាន​តឹង​ចិត្ត​ជា​អ្វី ?
  • តើ​មនុស្ស​ដែល​មាន​ការ​តានតឹង​ចិត្ត​មាន​អាកប្បកិរិយា​បែប​ណា​ខ្លះ ?
  • តើ​ការ​តានតឹង​ចិត្ត​បណ្ដាល​មក​ពី​បុព្វហេតុ​អ្វី​ខ្លះ ?
  • តើ​មាន​វិធីសាស្ត្រ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​តានតឹង​ចិត្ត​ឲ្យ​មាន​ភាព​ធូរស្រាល​និង​ជា​សះស្បើយ​?
  • ចូរ​រៀបរាប់​ពី​វិធី​ជួយ​មិត្ត​ បងប្អូន​ ដែល​មាន​ការ​តានតឹង​ចិត្ត​ធ្ងន់ធ្ងរ ?
  • ប្រសិនបើ ប្អូន​មាន​ការ​តានតឹង​ចិត្ត​ តើ​ប្អូន​ដោះស្រាយ​ដូចម្ដេច ?
  • តើ​ការ​តាន​តឹង​ចិត្ត​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ខ្លួន​ឯង​ គ្រួសារ និងសង្គម ?

 

 

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0