Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី១១៖ គុណវិបត្តិ​នៃ​សុរា និង​បារី (មេរៀនសង្ខេប សំណួរ ចម្លើយ)

ជំពូកទី២ : វប្បធម៌សន្តិភាព

មេរៀនទី១១៖ គុណវិបត្តិ​នៃ​សុរា និង​បារី

មេរៀនសង្ខេប

សុរា និង​បារី ជា​គ្រឿងញៀន​ដែល​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ត​មាន​ជំងឺ ពិការភាព និង​មរណភាព​មុន​អាយុ​កាល ប៉ុន្តែ​មនុស្ស​គ្រប់​រូប​ នឹង​ចៀសវាង​បាន​ដោយ​មិន​ប្រើ​ថ្នាំជក់​ និង​សេពសុរា ។ លទ្ធផល​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ និង​បារី គឺ​ការ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ទៅ​លើ​ការ​បំផ្លាញ​សុខភាព ជីវិត ព្រមទាំង​ផ្ដល់​ផល​អាក្រក់​ធ្ងន់ធ្ងរ ចំពោះ​ខ្លួនឯង និង​គ្រួសារ​ទៀត​ផង ។

១- ចំណេះដឹង​ទូទៅ​អំពី​សុរា និង​បារី

   (1)-សុរា

ការ​ផឹក​សុរា បណ្ដាល​ឲ្យ​ខូច​សកម្មភាព​ធម្មតា​របស់​ខួរក្បាល មិន​អាច​គ្រប់គ្រង​ខ្លួនឯង មាន​ជំងឺ​ធ្ងន់ធ្ងរ​ដល់​ក្រពះ ពោះវៀន ថ្លើម ប្រមាត់ បំពង់ក សរសៃប្រសាទ ។ល។ ស្រា​ខ្លះ​ត្រូវ​បាន​អ្នក​ផលិត​ ដាក់​ជាតិ​មេតាណុល​ដែល​ជា​ជាតិ​គីមី​សម្រាប់​ធ្វើ​កាំជ្រួច មក​លាយ​ជា​មួយ​ស្រា ដើម្បី​ធ្វើ​ឲ្យ​ស្រា​ខ្លាំង ។ សារធាតុ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ផឹក​សុរា​ពុល ស្លាប់​ ខ្វាក់​ភ្នែក (រីក​ប្រស្រីភ្នែក) ។​

   (2)-បារី

បច្ចុប្បន្ន គេ​ប៉ាន់ប្រមាណ​ថា មនុស្ស​ច្រើន​ជាង​បី​លាន​នាក់​ ស្លាប់​រៀង​រាល់​ឆ្នាំ​ដោយ​ប្រើ​ថ្នាំ​ជក់ ។  តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​1/3នៃ​អ្នក​ជក់​បារី​ក្នុង​ពិភពលោក មាន​អាយុ​ចាប់ពី 15 ឆ្នាំ​ឡើង ។​ អ្នក​ជក់​បារី អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ មហារីក ជំងឺ​បេះដូង ប្រព័ន្ធ​ដង្ហើម ។ល។

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ថ្នាំជក់​ និង​បារី ផ្ទុក​ទៅ​ដោយ​សារជាតិ​ពុល​ជាង 4000​ប្រភេទ​ពី​ ធម្មជាតិ ដែល​ក្នុង​នោះ 69 ប្រភេទ បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក ។ សារធាតុ​ពុល​ ដែល​មាន​នៅ​ក្នុង​ផ្សែង​បារី​គឺ ៖

  • អ៊ីដ្រូសែនស្យានិ ៖ ជាតិ​គីមី​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​គ្រាប់បែក​ផ្សែង​ពុល
  • ហ្វ័រម៉ុលដេស៊ីត ៖ ជាតិ​គីមី​ប្រើ​សម្រាប់​ដាក់​សរីរៈ​មនុស្ស​ សត្វ​ស្លាប់​ដើម្បី​កុំឲ្យ​ស្អុយ
  • មេតាណុល ៖ ជាតិ​គីមី​ប្រើប្រាស់​ជា​ប្រេង​សម្រាប់​កាំជ្រួច
  • អាម៉ូញាក់ ៖ ជាតិ​គីមី​ដែល​គេ​ប្រើ​សម្រាប់​លាង​សម្អាត​ឥដ្ឋ​ក្នុង​ផ្ទះ
  • កាបូនម៉ូណូអុកស៊ីត ៖ ជាតិ​ពុល​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ផ្សែង​រថយន្ត
  • អាសេនិក ៖ ជាតិ​គីមី​ដែល​គេ​ប្រើ​សម្រាប់​សម្លាប់​ស្រមោច
  • ដេដេតេ ជាតិ​ថ្នាំ​សម្លាប់​សត្វ​ល្អិត
  • នីកូទីន ជាតិ​គីមី​ដែល​បណ្ដាល​ឲ្យ​ញៀន
  • ណាប់តាឡែន ៖ ជា​ថ្នាំ​សម្លាប់​ខ្មូត
  • ប៊ុយតាន ៖ ជា​ធាតុ​គីមី​ប្រើ​សម្រាប់​ចង្ក្រាន​ឧស្ម័ន ។ល។

២- មូលហេតុ​នៃ​ការ​សេព​សុរា និង​បារី

មាន​ចំណុច​ខ្លះ​ដែល​ជា​មូលហេតុ​នៃ​ការ​ជក់​បារីក៏​មិន​ខុស​ពី​ការ​សេព​សុរា​ដែរ ៖

  • ការ​បង្ខំ​ពី​មិត្ត​ភក្ដិ ឬ​ការ​យក​តម្រាប់​តាម​មិត្ត​ភក្ដិ មនុស្ស​ចាស់​ដែលជាអ្នកជក់បារី​ឬសេព​សុរា មាន​ដូចជា​ ម្ដាយ ឪពុក​ ជី​ដូនជីតា អ្នកជិតខាង
  • ការ​កែ​អផ្សុក​និង​ការ​កាត់បន្ថយ​ការ​ពិបាក​ចិត្ត
  • ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី ដែល​បង្ហាញ​ថា ការ​ជក់​បារី​នាំឲ្យ​មាន​ភាព​រីករាយ ស្រស់​សង្ហា បំបាត់​ការ​ធុញទ្រាន់តាមរយៈ​តារា​ភាពយន្តនិង​ការ​ចែកចាយ​បារី​ដោយ​មិន​គិត​ថ្លៃ ។
  • ការ​ចង់​ដឹង​ចង់​ភ្លក់ រសជាតិ​នៃ​សុរា និង​បារី

1-ផល​ប៉ះពាល់​នៃ​សុរា និង​បារី​ចំពោះ​ផ្លូវ​កាយ

            ការ​ផឹក​ស្រា ឬ​ផឹក​គ្រឿងញៀន នឹង​បង្ក​គ្រោះថ្នាក់​ដល់​ផ្លូវ​ចិត្ត និង​កាយ ដូច​ជា  ៖

ឥទ្ធិពល​ដែល​បង្ក​ឡើង​ដោយ​ការ​ផឹក​ស្រា ផល​អាក្រក់
ការ​ធ្វើ​ឲ្យ​ខួរក្បាល​ឈប់​គិត កាត់បន្ថយ​ការ​ឈប់គិត អាច​ភ្លេចភ្លាំង បាត់បង់​ការ​ចងចាំ
ការ​ប៉ះពាល់​ដល់​ការ​វិនិច្ឆ័យ​ផ្សេង ៗ​ ប្រព្រឹត្ត​អំពើ​មិន​គប្បី គ្មាន​ការ​ពិចារណា
ករ​ធ្វើ​ឲ្យ​គំនិត​ច្របូកច្របល់ និយាយ​ផ្ដេសផ្ដាស ឡូឡា​មិន​ខ្មាសអៀន
ការ​បង្ក​ការ​លំបាក​ដល់​សង្គម កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ចលាចល
អវត្តមាន​ពី​ការងារ (ការ​បង្រៀន) បាត់​បង់​មនសិការ​ការងារ
ការ​វង្វេង​ស្មារតី ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ បង្ក​ជម្លោះ វាយដំ បែកបាក់​គ្រួសារ គ្រួសារ ក្រីក្រ គ្រួសារ​គ្មាន​សុភមង្គល
ជំងឺ​រ៉ាំរ៉ៃ ធ្ងន់ធ្ងរ (មហារីក​មាត់ បំពង់ក បំពង់អាហារ ក្រពះ) ពិការភាព ស្លាប់ បាត់បង់​ធនធានមនុស្ស ធនធាន ចំណាយ​ប្រាក់​ព្យាបាល​ជំងឺ

ជា​ទូទៅ អ្នក​នៅ​ជុំវិញ​អ្នក​ជក់​បារី​ផឹក​ស្រា ជា​ពិសេស​កុមារ ស្ត្រី​មាន​ផ្ទៃពោះ ក៏​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ព្រោះ​បារី​មួយ​ដើម​ៗ សុទ្ធ​តែ​មាន​ជាតិ​ពុល ដែល​មាន​ឥទ្ធិពល​អាក្រក់ ទៅ​លើ​សុខភាព​អ្នក​ជក់បារី និង​អ្នក​នៅ​ជុំវិញ។ ឥទ្ធិពល​ដែល​គេ​ស្គាល់​ច្បាស់​ចំពោះ​អ្នក​ជក់​គឺ ៖

-សុខភាព​មិន​ល្អ

-ជំងឺ​ធ្ងន់ធ្ងរ ៖ មហារីក​សួត ថ្លើម បេះដូង មាត់ បំពង់ក បំពង់អាហារ ខួរក្បាល ដាច់សរសៃឈាម​ក្នុង​ខួរក្បាល រលាក​ទងសួត​ រ៉ាំរៃ ហើមសួត ប្លោកនោម តម្រង​នោម ដំបៅក្រពះ កើន​សម្ពាធ​ឈាម ។ល។

-ជំងឺ​រ៉ាំរ៉ៃ ដូចជា​ រោគ​មហារីក និង​ជំងឺសួត បង្ក​ឲ្យ​មនុស្ស​ស្លាប់​ជារៀងរាល់ថ្ងៃ

-ការ​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ស្លាប់ មុន​អាយុ

(2)-ផល​ប៉ះពាល់​ចំពោះ​គ្រួសារ និង​សង្គម

ពួកគេ​នឹង​បោះបង់​ចោល​ការ​ការងារ គ្មាន​ការងារ​ធ្វើ បោះបង់​ចោល​ការ​រៀនសូត្រ ចំពោះអ្នកសិក្សា ព្រមទាំងធ្វើឲ្យគ្រួសារ​អាប់​អោន​កិត្តិយស ជួប​ភាព​ក្រីក្រ មាន​ជម្លោះ​បែកបាក់​គ្នា បណ្ដាលឲ្យ​មានកូនកំព្រា និង​ស្ត្រី​មេម៉ាយ ។ល។

៤-វិធី​សំខាន់​ៗ​ក្នុង​ការ​ចៀសវាង​​ការ​ជក់បារី និង​ការ​ផឹកសុរា   

  • ការ​បដិសេធ​មិន​ភ្លក់​ ឬ​សាកល្បង​ផឹក​សុរា ជក់​បារី ព្រោះ​យើង​អាច​ញៀន​បាន
  • ការ​បោះបង់​ចោល​ទម្លាប់​ដែល​ទទួល​ភ្ញៀវ​ដោយ​សុរា និង​បារី
  • ការ​គេច​ចេញ​ពី​កន្លែង​ដែល​មាន​ផ្សែង​បារី ឬ​មិន​នៅ​ជិត​អ្នក​ជក់​បារី ឬ​សុរា
  • ការ​បង្ហាញ​ជា​គំរូ​ល្អ​ដល់​មិត្តភក្តិ បងប្អូន ។ ឪពុក​ម្ដាយ ធ្វើជា​គំរូ​ល្អ​ដល់​កូន ព្រោះកូន​ដែល​មាន​ឪពុក​ម្តាយ​ផឹក​ស្រា ជក់​បារី តែង​រៀន​ផឹក​សុរា ជក់​បារី​ ដូច​ឪពុក​ម្ដាយ​គេ​ដែរ
  • ការ​បង្កើត​ចំណង​ទាក់ទង​ឲ្យ​បាន​ច្រើន​ជា​មួយ​មិត្ត​ភក្តិ​ដែល​មិន​ចេះ​ផឹក​សុរាឬជក់​បារី
  • ការ​បញ្ឈប់​ផ្សាយ​ពាណិជ្ជកម្ម​ស្រា បារី តាម​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទសំណួរ
    1. សុរា និង​បារី មាន​គុណវិបត្តិ​ច្រើន ប៉ុន្តែ​ហេតុអ្វី​ក៏​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ជក់​បារី ឬ​ផឹក​ស្រា​ទៀត ?
    2. តើ​ការ​ផឹក​សុរា និងជក់​បារី នឹង​ផ្ដល់ផល​អាក្រក់​អ្វីខ្លះដល់អ្នក​ប្រព្រឹត្ត និងគ្រួសារ ?
    3. ហេតុ​អ្វី​បាន​ជា​ការ​ផឹក​សុរា បណ្ដាលឲ្យមានអំពើហិង្សាក្នុងគ្រួសារ ការ​បង្ក​ឲ្យ​មានជម្លោះផ្សេងៗ និង​ការ​ធ្វើ​ឲ្យ​​គ្រួសារ​មាន​ភាព​ក្រីក្រ
    4. ចូរ​អ្នក​បង្ហាញ​របៀប​នៃ​ការ​បដិសេធ ការ​ផឹក​សុរា ការ​ជក់​បារី​ក្នុង​ពិធី​ជប់​លៀង​មួយ​ដោយ​សុភាព​រាបសា ?
    5. ចូរ​អ្នក​ផល​អាក្រក់​ដែល​បណ្ដាល​មក​ពី​ការ​ផឹកស្រា ជក់​បារី​របស់​នរណា​ម្នាក់​ដែល​អ្នក​ធ្លាប់​បាន​ស្គាល់ ?
    6. បើអ្នកស្គាល់នរណាម្នាក់​ចេះជក់បារី ឬផឹកស្រា តើអ្នកមានវិធីជួយគេ​បែបណាខ្លះ ដើម្បីឲ្យគេឈប់ជក់បារី ឬផឹកស្រា ?
    7. តើអ្នកជក់ដោយប្រយោល មានន័យដូចម្ដេច ? ហើយ​អ្នកនោះ មានផលប៉ះពាល់ដល់សុខភាពដែរឬទេ ?

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0