Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

អ្នកសិក្សាមួយចំនួន​យល់ថា “រឿងទុំទាវជាស្នាដៃអក្សរសិល្ប៍ខេមរនិយមមួយ” ចូរបង្ហាញ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

អ្នកសិក្សាមួយចំនួន​យល់ថា “រឿងទុំទាវជាស្នាដៃអក្សរសិល្ប៍ខេមរនិយមមួយ” ចូរបង្ហាញ ។

សេចក្តីអធិប្បាយ

មរតកអក្សរសិល្ប៍បុរាណរឿងទុំទាវជាស្នាដៃនិពន្ធរបស់បព្វបុរសខ្មែរមួយអង្គព្រះនាម ព្រះបទុមត្ថេរភិក្ខុសោមដែលជាអតីតព្រះគ្រូចៅអធិការគង់នៅវត្តសំពៅស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។ក្រោយពីការសិក្សាចលនារឿងទុំទាវរួចមក ហើយបានជាប្រការរបស់មជ្ឈដ្ឋានអ្នកសិក្សាខ្មែរខ្លះយល់ថា “រឿងទុំទាវជាស្នាដៃអក្សរសិល្ប៍ ខេមរនិយមមួយ” ។

តើទស្សនៈដែលបានពោលខាងលើមានអត្ថន័យយ៉ាងដូចម្តេច ?

ដើម្បីបានជាស្ពានឈានដល់ការបកស្រាយចំណោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានពិស្ដារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជំរៅមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ជាមុនសិននូវន័យពាក្យ “អក្សរសិល្ប៍ខេមរនិយម”។ ពាក្យថាអក្សរសិល្ប៍ខេមរនិយមបានដល់អត្ថបទរឿងរ៉ាវអក្សរសិល្ប៍ទាំងឡាយដែលជាទីចូលចិត្តរាប់អានរបស់សង្គមមនុស្សខ្មែរគ្រប់ជំនាន់ៗដូចដែលប្រធានខាងលើបានលើកឡើង ដែលអត្ថបទចង់និយាយថាអត្ថបទអក្សរសិល្ប៍បុរាណរឿង “ទុំទាវ” ត្រូវបានគេចាត់ទុកថាជាចលនាអក្សរសិល្ប៍ខ្មែរនិយមមួយ។តាមការសិក្សាវិភាគទាក់ទងនឹងចលនារឿងបុរាណខ្មែរមួយគឺរឿងទុំទាវ បានជាហេតុផលផ្តល់ចំពោះអ្នកសិក្សាខ្លះក្នុងការវិភាគបកស្រាយ វាយតម្លៃតាមទស្សនៈវិស័យមួយថារឿងទុំទាវជាអត្ថបទអក្សរសិល្ប៍ខ្មែរនិយមមួយ។ ការពោលអះអាងបែបនេះអាស្រ័យដោយគេផ្អែកលើទឡីករណ៍ដែលក្នុងនោះមានជាអាទិ៍គឺការ វិនិច្ឆ័យតាមរយៈឈ្មោះរបស់តួអង្គដែលក្នុងរឿងទុំទាវគេឃើញកវីម្ចាស់រឿងកំណត់ឈ្មោះតួអង្គមានលក្ខណៈជាខ្មែរដូចមានឈ្មោះ ទុំឈ្មោះ នាងទាវ ឈ្មោះនាងណូ ឈ្មោះពេជ្រ ជាដើមដែលអ្នកទាំងនេះជាតួអង្គតាងឱ្យស្រទាប់យុវវ័យខ្មែរសម័យលង្វែក។ ទន្ទឹមនឹងលក្ខណៈឈ្មោះនេះបើគេពិនិត្យមើលលើទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅនោះក៏ឃើញថាឈ្មោះភូមិ ស្រុក វត្តក៏មានលក្ខណៈជាខ្មែរហើយមានពិតក្នុងប្រទេសខ្មែររហូតសព្វថ្ងៃដែលទីកន្លែងនៃរឿងមានដូចជា រាជធានីលង្វែកដែលគង់ប្រថាប់ដោយព្រះរាជាខ្មែរមួយអង្គព្រះនាមព្រះរាមា។ បច្ចុប្បន្នលង្វែកស្ថិតនៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង។ គេស្គាល់ ថាទុំមានកំណើតកើតជានៅឯខេត្តបាភ្នំដែលបច្ចុប្បន្នបាភ្នំគឺជាស្រុកមួយរបស់ខេត្តព្រៃវែង។នាងទាវកើតនៅខេត្តត្បូងឃ្មុំដែលបច្ចុប្បន្នត្បូងឃ្មុំជាទីរួមស្រុកមួយរបស់ខេត្តកំពង់ចាម។ ឃុំពោធិ៍ជើងខាលដែលជាភូមិកំណើតរបស់នាងទាវស្ថិតនៅរហូតដល់សព្វថ្ងៃលើទឹកដីនៃស្រុកត្បូងឃ្មុំ។ វត្តវិហារធំក៏ជាឈ្មោះវត្តដែលទុំនិងពេជ្របានបួសរៀននៅសម័យនោះ។ វត្តវិហារធំសព្វថ្ងៃមានទីតាំងស្ថិតនៅលើទឹកដីនៃស្រុកបាភ្នំខេត្តព្រៃវែង។លក្ខណៈខ្មែរនិយមរបស់រឿងទុំទាវត្រូវបានគេសំគាល់ឃើញនៅត្រង់ដំណើររឿងបានបំផុសឆ្លុះឱ្យឃើញអំពីតថភាពនៃជីវភាពរស់នៅជាប្រក្រតីជាមួយនឹងការងារធ្វើស្រែចំការដូចដែលលោកតាសោមសរសេរថា “នេះនឹងថ្លាថ្លែងដើមឈ្មោះទុំនៅខេត្តបាភ្នំដែនដីស្រែ” ។ ភស្ដុ​តាងម្យ៉ាង​ទៀតបានបង្ហាញថានេនទុំនិងនេនពេជ្របានធ្វើសិប្បកម្មផលិតពោត ហើយនាំយកផលិតផលទៅដូរជាស្រូវពីពុទ្ធបរិស័ទនៅត្បូងឃ្មុំ។ នេះសឱ្យឃើញថាខេត្តត្បូងឃ្មុំសម័យនោះក៏ជាខេត្ត អ្នកធ្វើស្រែធ្វើ​ចំការដែរ។ សក្ខីភាពត្រូវបានគេលើកឡើងទាក់ទងទៅនឹងជំនឿទំនៀមទំលាប់ប្រពៃណីខ្មែរដែលនៅសម័យ លង្វែកខ្មែរនិយមជឿលើមន្តអាគមអូមអាមស្តោះផ្លុំដូចបានបង្ហាញថាមុនស្មូតនៅផ្ទះនាងទាវ ទុំបានសេកមន្តអាគមអូមអាមសារិកាលិនថោងដាក់ស្នេហ៍សំលេងឱ្យពិរោះក្រអួន។ខ្មែរសម័យលង្វែកក៏នៅមានជំនឿលើការទស្សន៍ទាយដូចដែលលោកគ្រូវត្តវិហារធំមុននឹងអនុញ្ញាតឱ្យទុំសិក្ខលោកបានទាញយកក្តារឆ្នួន ដីស​មកគូសវាស​លេខអត្តជោគជតារាសីជាមុនសិន។ ចំពោះទំនៀមទំលាប់ប្រពៃណីវិញរឿងទុំទាវបានបង្ហាញពីទំលាប់មាតាបិតាខ្មែរអ្នកមានកូនប្រុសឱ្យចូលសាងផ្នួសបួសសងគុណឪពុកម្តាយចំណែកអ្នកមានកូនស្រីដល់វ័យគ្រប់ការគេទំលាប់ឱ្យកូនស្រីចូលម្លប់ដើម្បីឱ្យអប់រំចរិយាធម៌ផងដើម្បីហ្វឹកហាត់ធ្វើការងារគេហកិច្ចផង។ ក្រៅពីនេះរឿងទុំទាវបានជួយលើកបញ្ហាសង្គមមកចោទនិងជួយធ្វើការដោះស្រាយ។ ចំណោទនោះគឺស្តីអំពីការទុកដាក់កូនចៅឱ្យមានគូស្រករតាមទស្សនៈនំមិនធំជាងនាឡិនៅសម័យលង្វែក។ ភិក្ខុសោមបានស្រាយចំណោទនេះដោយបញ្ចប់រឿងទុំទាវឱ្យ ទុំទាវស្លាប់នៅក្រោមដើមពោធិ៍ជើងខាល។ ដូចនេះ ជាសរុបសេចក្តីមក បើតាមហេតុផលទាំង៥ចំនុច គេអាចនិយាយ បានថារឿងទុំទាវពិតជាស្នាដៃអក្សរសិល្ប៍ខ្មែរមួយដែលមានលក្ខណៈខេមរៈនិយមដូចមានសក្ខីភាពហើយ។

យោងតាមខ្លឹមសារដូចដែលបានបង្ហាញរួចមកហើយនោះអាចឱ្យយើងវាយតម្លៃលើទស្សនៈលើកឡើងរបស់ប្រធានបានយល់ឃើញមួយដែលមានហេតុផលត្រឹមត្រូវគួរអ្នកសិក្សាទទួលយកបាន។ អាស្រ័យដោយលក្ខណៈខេមរនិយមនេះទើបធ្វើឱ្យរឿងទុំទាវនៅតែមានតម្លៃពិសេសរបស់ខ្លួនមួយគឺ​ ស្នាដៃអក្សរសិល្ប៍ខ្មែរ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1