Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

អ្នកខ្លះយល់ថា "មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ" ។ ឯអ្នកខ្លះទៀត​យល់ថា "មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរ" ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

អ្នកខ្លះយល់ថា “មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ” ។ ឯអ្នកខ្លះទៀត​យល់ថា “មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរ” ។ ចូរពិភាក្សាដោយលើក​ឧទាហរណ៍ក្នុងរឿងផ្សេងៗមកបញ្ជាក់ ។

សេចក្តីអធិប្បាយ

ការជ្រើសរើសអ្នកដឹកនាំជាការសំខាន់ណាស់ ទាំងអ្នកដឹកនាំប្រទេស ទាំងអ្នកដឹកនាំសហ​គមន៍ផ្ទាល់ ព្រោះអ្នកដឹកនាំជាអ្នកទទួលខុសត្រូវកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំ​ធ្វើតាម ចាំអនុវត្ត ឬ ប្រតិបត្តិតាម ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណា​មួយដោយជោគជ័យ។ សម្រាប់ការដឹកនាំឃុំ សង្កាត់ក៏ដូចច្នេះដែរ មេឃុំមានតួនាទីជាអ្នកដឹកនាំ​ផ្ទាល់ ឬជាមនុស្សសំខាន់ក្នុងការដឹកនាំរបស់ខ្លួន។ មេឃុំត្រូវតែមានអភិបាលកិច្ចល្អ ដើម្បីបង្កើន​ការអភិវឌ្ឍឃុំរបស់ខ្លួន។ ចំពោះការជ្រើសរើសមេឃុំ គេសង្កេតឃើញមានទស្សនៈពីរផ្ទុយគ្នា។ អ្នក​ខ្លះយល់ថា “មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ”។ ឯអ្នកខ្លះទៀតយល់ថា “មេឃុំ​ដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ”។

តើមតិទាំងពីរនេះ មួយណាសមស្របតាមស្ថានភាពសង្គមជាង?

ដើម្បីជាស្ពានដើម្បីឈានទៅរកការបកស្រាយពីទស្សនៈប្រធានឲ្យបានក្បោះក្បាយ ជាបឋម​យើងគប្បីយល់នូវពាក្យ “អភិបាលកិច្ច” ជាមុន។ អភិបាលកិច្ចសម្តៅលើការគ្រប់គ្រង ដឹកនាំ និង​មានទំនាក់ទំនងល្អ។ មេឃុំបានមកពីការជ្រើសតាំងមានអភិបាលកិច្ចល្អ ព្រោះមេឃុំរូបនេះបានត្រូវតែងតាំងដោយ​ថ្នាក់លើ ដូច្នេះមេឃុំប្រភេទនេះខិតខំធ្វើការងារគ្រប់បែបយ៉ាងឲ្យតែថ្នាក់លើបញ្ជា ឬដាក់ផែនការ។ ម្យ៉ាងទៀតមេឃុំប្រភេទនេះប្រឹងប្រែងយកចិត្តយកថ្លើមថ្នាក់លើ ឬចៅហ្វាយនាយ ឬថ្នាក់លើដាក់​បញ្ជា ឬដាក់ផែនការអ្វីមួយហើយ មេឃុំត្រូវតែទទួលភារៈធ្វើដោយពុំហ៊ានតវ៉ា ។ ដូចជាមេឃុំផាន់​ ក្នុងរឿងគូលីកំណែន។ មេឃុំផាន់បានខិតខំដើរទារពន្ធដារពីប្រជាជនតាមការបញ្ជារបស់ថ្នាក់​លើ និងយកចិត្តថ្លើមថ្នាក់លើណាស់។ ជាក់ស្តែងនៅពេលមេឃុំផាន់ជូនលោកចៅហ្វាយពីភូមិ​ដើម​ក្រសាំងចូលកាត់ភូមិដើមអំពិល។ ពូផាន់ដើរយ៉ាងលឿនទៅផ្ទះអាចារ្យគីម។ គាត់ស្រែកបង្គាប់​អាចារ្យគឹមថា ” បងអាចារ្យ​រក​ដូងបានប្រាំជូនលោកតេជគុណ និងថី។ បងរកឲ្យឆាប់ ព្រោះល្ថាច​ណាស់ហើយ តេជគុន នឹងអាលទៅសាលាស្រុកវិញ ។

ចំពោះក្នុងសង្គមជាតិវិញ ចាប់តាំងពីសម័យរដ្ឋកម្ពុជារហូតដល់មុនឆ្នាំ២០០២ គេរើសមេឃុំ​ដោយការជ្រើសរើស ។ ហើយមេឃុំពេលនោះមានអភិបាលកិច្ចល្អ ដោយខិតខំធ្វើការងារយ៉ាង​សកម្ម ហើយបានបំផុសប្រជាជនឲ្យចូលរួមក្នុងសកម្មភាពចាត់តាំងរបស់ថ្នាក់លើដូចជាសកម្ម​ភាព​ជីកប្រឡាយ លើកទំនប់ ការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល​។ល។ ពេលមានមេទិញម្តងៗ មេឃុំ​បានដើរកោះប្រមូលប្រជាជនឲ្យចូលរួមមេទិញតាមផែនការរបស់ថ្នាក់លើ មិនមានធ្វេសប្រហែស​ឡើយ។ សរុបសេចក្តីមក ការបកស្រាយត្រួសៗខាងលើនេះ បង្ហាញថាមេឃុំដែលកើតឡើងដោយ​​​ការជ្រើសតាំងពិតជាមានអភិបាលកិច្ចល្អមែន។

តើមេឃុំដែលបានជ្រើសតាំងឡើងមក ពិតជាមានអភិបាលកិច្ចល្អមែនរឺ ? ទន្ទឹមនឹងមតិខាង​លើនេះក៏លេចចេញនូវមតិមួយទៀតថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អ​ដែរ ព្រោះមេឃុំនេះកើតឡើងពីប្រជាពល​រដ្ឋក្នុងមូលដ្ឋានអ្នកបោះឆ្នោតឲ្យ។ ដូច្នេះថ្នាក់ដឹកនាំមូលដ្ឋាន​ត្រូវបម្រើឲ្យរាស្ត្រផ្ទាល់ ដោយខិតខំអភិវឌ្ឍឃុំរបស់ខ្លួួនឲ្យកាន់តែរីកចម្រើនថែមទៀត។ ម្យ៉ាងទៀត​មេឃុំដែលបានដោយការបោះឆ្នោត ខិតខំកែទម្រង់គ្រប់គ្រងបម្រើសេចក្តីត្រូវការរបស់រាស្រ្ត មិន​រើសមុខទេដោយមេឃុំនៅផ្ទាល់ជាមួយពលរដ្ឋ ជាអ្នកដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ បើពលរដ្ឋ​​ ​ខ្វះខាតអ្វី មេឃុំជាអ្នកបម្រើរៀបចំការងារកសាងឲ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជារាស្ត្រ មួយថ្ងៃៗ មេឃុំនេះខិតខំពន្យល់បំផុសប្រជាជនឲ្យចូលរួមជាបដិភាគក្នុងការស្ថាបនាមូលដ្ឋាន​របស់ខ្លួផ្ទាល់។ ឧទាហរណ៍ក្នុងសង្គមជាតិសព្វថ្ងៃ កាលពីឆ្នាំ២០០២កន្លងទៅថ្មីៗនេះ មានការបោះ​ឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់បង្កើតជាក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដើម្បីអនុវត្តគោលការណ៍​​អភិបាលកិច្ចឲ្យបានល្អប្រសើរ។ គេត្រូវផ្តល់អំណាចវិមជ្ឈការឲ្យទៅអ្នកថ្នាក់ក្រោម ដើម្បីអនុវត្ត​ក្នុង​ផែនការមូលដ្ឋានរបស់ខ្លួន។ នៅប្រទេសជឿនលឿនភាគច្រើនដែលកាន់លទ្ធិប្រជាធិ​ប​តេយ្យ មេ​ឃុំ ឬចៅសង្កាត់សុទ្ធតែកើតឡើងពីការបោះឆ្នោតដូចជានៅប្រទេសថៃ សហរដ្ឋអាមេរិច ចក្រភព​អង់គ្លេស អូស្រ្តាលី…។ ដូចគ្នានេះដែរ នៅក្នុងស្នាដៃអក្សរសិល្ប៍រឿងគ្រូបង្រៀនស្រុកស្រែរបស់​លោកអ៊ឹម ថុកក៏មានបំផុសឲ្យបោះឆ្នោតជ្រើសរើសមេឃុំតាមទស្សនៈរបស់ពូហមដែរ ដូចត្រង់​សម្តី​របស់ពូហមថា “ហេតុដូច្នេះបានជាខ្ញុំយល់ឃើញ​ថា ដល់រួចរាល់ឆ្នាំក្រោយៗនេះ យើងត្រូវបើកឲ្យ​មានសិទ្ធិប្រជាជនបោះឆ្នោតជ្រើសរើសមេឃុំដែលតំណាងឲ្យប្រជារាស្រ្តក្នុងឃុំ តែមិនមែនជាអ្នក​គាបលើរាស្ត្រដូចអាណានិគមបារាំងបង្កើតនោះទេ។” រីឯស្នាដៃរបស់លោក សួន សុរិន្ទ តាមរយៈ​រឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់វិញ សមបានត្រូវពេញចិត្តបោះឆ្នោតឲ្យជាប់ជាមេឃុំសង្គម​រាស្រ្តនិយម។ សមដឹកនាំខ្លួនបានរីកចម្រើន ប្រជាជនមានជីវភាពធូរធារជាបណ្តើរៗក្រោមព្រះ​រាជ​កិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទនរោត្តមសីហនុ ។

សរុបសេចក្តីមកមតិទីពីរដែលថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាល​កិច្ចល្អដែរនេះពិតជាត្រឹមត្រូវម្យ៉ាងដែរ។ ឆ្លងតាមការបកស្រាយនូវមតិទាំងពីរខាងលើយើងឃើញថាមតិទីមួយគេលែងត្រូវការទៅ​ហើយ។ ឯមតិទីពីរកាន់តែត្រឹមត្រូវ ព្រោះមេឃុំ ឬចៅសង្កាត់ដែលប្រជាជនបោះឆ្នោតជ្រើសរើស​ដោយផ្ទាល់មានការគ្រប់គ្រងបានល្អជាង។ ម្យ៉ាង​​ដើម្បីឲ្យមានអភិបាលកិច្ចល្អ ត្រូវមានប្រជាធិប​តេយ្យតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម តាមយុគសម័យកាលនីមួយ​ៗ​។

ដូចនេះមតិទីមួយមិនទាន់ត្រឹមត្រូវទេ ឯមតិទីពីរមានលក្ខណៈល្អប្រសើរ ព្រោះការបោះឆ្នោត​នាំឲ្យមានតម្លាភាពក្នុងប្រទេសប្រជាធិបតេយ្យ ដែលពលរដ្ឋមានសិទ្ធិជ្រើសរើសដោយផ្ទាល់។ ក្នុង​នាមយើងជាពលរដ្ឋត្រូវតែចូលរួមជ្រើសរើសយកការបោះឆ្នោតដែលជារបៀបដឹកនាំជឿនលឿន​តាមមាគា៌ប្រជាធិបតេយ្យ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1