Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

សុភា​សិត​មួយ​ពោល​ថា ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“ ។ ចូរ​បកស្រាយ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

សុភា​សិត​មួយ​ពោល​ថា ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“ ។ ចូរ​បកស្រាយ ។

សេចក្ដីអធិប្បាយ

មនុស្ស​គ្រប់​រូប​មិន​អាច​ជៀស​ផុត​ពី​សេច​ក្តី​ស្លាប់​បាន​ឡើយ តែ​មុន​និង​ស្លាប់​មនុស្ស​គប្បី​បន្សល់​ទុក​នូវ​ស្នា​ដៃ ល្អៗ និង​ពោរពេញ​ដោយ​កេរិ៍្ត​ឈ្មោះ​បោះ​សំ​លេង​ បើ​នៅ​រស់​វិញ​ មនុស្ស​គប្បី​កែ​ខៃ​ជីវិត អោយ​ប្រ​សើ​ថ្លៃ​ថ្លា និង​អភិ​វឌ្ឍន៍​រីក​ចំ​រើន។ អា​ស្រ័យ​ហេតុ​នេះ​ហើយ ទើប​មាន​សុភា​សិត​មួយ​ពោល​ថា ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“។

តើ​សុ​ភា​សិត​ខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​មេ្តច?

ដើម្បី​កុំ​អោយ​យល់​ច្រ​ឡំ ក្នុង​ការ​ដោះ​ស្រាយ បញ្ហ​ខាង​លើ​ យើង​គប្បី​យល់​អត្ថ​ន័យ​នៃ​ពាក្យ ”រស់​ និង​ស្លាប់“ ​អោយ​​បាន​ច្បាស់​លាស់​ជា​មុន​សិន។ រស់​ គឺ​ជា​ការ​រក្សា​ជីវិត​អោយគង់​នៅ។ ស្លាប់ គឺ​ការ​រលត់​ផុត​សង្ខារ​។ ប្រ​ធាន​បទ​ខាង​លើ​មាន​ន័យ​ថា គ្រប់​មនុស្ស​ទាំង​ឡាយ​ត្រូវ​ស្លាប់ ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍​ឈ្មោះ ល្អ​ប្រ​ពៃ ហើយ​ត្រូវ​រស់​ដោយភាព​ថ្លៃ​ថ្នូរ និង​អភិវឌ្ឍន៍ មិន​ត្រូវ​ស្លាប់​ហើយ​និង​រស់​នៅ​ដោយ​ឥត​ប្រ​យោជន៍ ឥត​ន័យ​ខ្លឹម​សារ​នោះ​ទេ។ ពាក្យ​ថា ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“ គឺ​សំ​ដៅ​លើ​សត្វ​ពស់។ ពស់​ ជា​សត្វ​ល្មួន​មួយ​ប្រ​ភេទ ដែលខ្លះ​គ្មាន​ពឹស ហើយ​ខ្លះ​​​មាន​ពឹសខ្លាំង​ក្លា​​គួរ​អោយ​ខ្លាច អាច​ខាំ​សំលាប់​ជីវិត​មនុស្ស​បាន​។ ដូច​នេះ មនុស្ស​គ្រប់​គ្នា​កាល​បើ​ឃើញ​សត្វ​ពស់​នេះ​ហើយ តែង​តែ​វាយ​សំ​លាប់​ ដោយ​ឥត​ពិចារ​ណា​ឡើយ ហើយ​ពស់​ត្រូវ​បាន​ស្លាប់​ដោយ​គ្មាន​ការ​តវា​ ឬ​សំ​លេង​ថ្ងូរ​ថ្ងួច​អ្វី​នោះ​ទេ។ ហើយ​ការ​ស្លាប់​របស់​សត្វ​ពស់​នេះ មិន​បាន​សន្សល់​ទុក​អ្វី​ដែល​ជា កេរ​ដំណែល​និង​ជា​ស្នា​ដៃ សូម្បី​បន្តិច​ក៏​គ្មាន​ដែរ មាន​តែ​ការ​ខ្លាច​រអា និង​ការ​ស្អប់​ខ្ពើម​តែ​ប៉ុណ្ណោះ។ ដូច​នេះ​ការ​ស្លាប់​របស់​ពស់ គឺ​ស្លាប់​ដោយ​គ្មាន​តំលៃ គ្មាន​ន័យ​ខ្លឹម​សារ និង​គ្មាន​ការ​អា​ណិត​អា​សូរ ពី​សំណាក់​មនុស្ស​ដែល​​បាន​ឃើញ​ បាន​ជួប​ពី​ភាព​កាច​សាហាវ​របស់​វានោះ​ទេ។ ​ ឯសត្វ​កង្កែប​វិញ ជា​ប្រ​ភេទ​សត្វ​លោត​ស៊ី​សត្វ​ល្អិត​ជា​អាហារ ស្លូត​គ្មាន​ពឹស និង​មិន​អាច​ធ្វើ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​ជីវិត​អ្នក​ណា​ម្នាក​ឡើយ។ តែ​ការ​រស់​នៅ​របស់​សត្វ​ប្រ​ភេទ​នេះ ក៏មិន​បាន​សុខ​ជា​ មិន​បាន​រស់​ដោយ​ស្រួល​នោះ​ទេ ព្រោះ​វា​ជា​សត្វ​មិន​ឆ្លាត វា​រស់​នៅ​ក្នុង​រន្ធ តែ​វា​មិន​អាច​មាន​សមត្ថ​ភាព ជីក​កកាយ​បង្កើត​រន្ធ ដើម្បី​ជីវិត​រស់​នៅ​របស់​វា​ទេ គឺ​វា​តែង​តែ ចូល​រស់​នៅ​ក្នុង​រន្ធក្តាម និង​រន្ធ​សត្វ​ផ្សេងៗ ដែល​ទំ​នេរ។ ជួន​កាល​វា​រស់​នៅ​តាម​គម្ពោត​ក្បែរ​មាត់​ទឹក។ កង្កែប​គ្មាន​ពឹស​គ្មាន​ចង្កូម គ្មាន​ធ្មង់ សំ​រាប់​ការ​ពារ​ខ្លួន​របស់​វា​ទេ ជា​ហេតុ​ធ្វើ​អោយ​វា​ងាយ​ក្នុង​ការ​យាយី​ដល់​ជីវិត​របស់​វា​ពី​សំណាក់​មនុស្ស និង​សត្វ​ដទៃ​ទៀត។ ដូច​នេះ​ការ​រស់​នៅ​របស់​កង្កែប ពោពេញ​ដោយ​ភាព​ភិត​ភ័យ និង​​គ្មាន​ការ​អភិ​វឌ្ឍន៍ ជីវិត​រស់​នៅ​អោយ​បាន​ល្អ​ឡើយ។

ឯពាក្យ ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“ ក្នុងន័យ​ធៀប​វិញ គឺ​សំ​ដៅ​ការ​រស់ និង​ការ​ស្លាប់​របស់​មនុស្ស។ គឺ​មាន​ន័យ​ថា មនុស្ស​គប្បី បន្សល់​ទុក​នូវ​ស្នា​ដៃ និង​កេរ​ដំ​ណែល​ផ្សេងៗ ដែល​ខ្លួន​ខំ​កែ​ច្នៃ​រិះ​រក​វិធីបង្កើត​ឡើង កាល​ពី​ខ្លួន​នៅ​រស់។ ដូច​នេះ​មនុស្ស​គប្បី ឧស្សាហ៍​ ព្យាយាម ធ្វើ​ការ​ងារ ផ្សែងៗ​ជា​ច្រើន……។ ជៀស​វា​ង​ការ​ស្លាប់​ទៅ​ដោយ​សោះ​សូន្យ​ទទេ គ្មាន​បន្សល់​ទុក​អ្វី​ក្រៅ​ពី​កេរ្តិ៍​ឈ្មោះ​អា​ក្រក់​ ស្អុយ​រលួយ​ងំ​ គួរ​អោយ​ស្អប់​ខ្ពើម​ដែល​ជា​រឿង​មិន​ល្អ។ ឯកុំ​រស់​ដូច​កង្កែប​វិញ គឺ​មាន​ន័យ​ថា​ មនុស្ស​ម្នា​គ្រប់​សញ្ជាតិ​ទាំង​អស់​ គប្បី​ចេះ​កែ​ខៃ​ការ​រស់​នៅ អោយ​បាន​ល្អ​ប្រ​សើរ អភិវឌ្ឍ​ន៍​រីក​ចំ​រើន មា​សេរី​ភាព​ និង​សុភមង្គល់។ គឺ​មនុស្ស​មិន​ត្រូវ​រស់​ដោយ​ពឹង​លើ​កំម្លាំង​អ្នក​ដទៃ រស់​ស្តាប់​តាម​តែ​ការ​បញ្ជា​របស់គេ ឬ​រស់​នៅ​ក្រោម​ការ​ប្រ​មាថ​មើល​ងាយ ជិះ​ជាន់​ កៀប​សង្កត់ សព្វ​បែប​យ៉ាង ទាំង​ផ្លូវ​កាយ​វា​ចារ​ចិត្ត ហើយ​ចេះ​តែ​សង្ងំ​ទ្រាំ រស់​ដោយ​គ្មាន​ការ​តស៊ូ រើ​បំ​រាស​ផ្លាស់​​ប្តូរ​ជោគ​វាស​នា​របស់​ខ្លួន។ ដូច​នេះ​មនុស្ស​ត្រូវ​រស់​ដោយ​កិត្តិ​យស​ថ្លៃ​ថ្នូរ បើ​ស្លាប់​ក៏​ត្រូវ​បន្សល់​ទុក​នូវ​កេរ្តិ៍​ឈ្មោះ ល្អ​ប្រ​សើរ តួ​យ៉ាង​ដូច​ជា​សម្តេច​សង្ឃ​រាជ​ជួ​ណាត ថ្វី​ត្បិត​ព្រះ​អង្គ​បាន​សុគត ចាក​លោក​នេះ​យ៉ាង​យូរ​ណាស់​ទៅ​ហើយ​ក្តី ក៏​កិត្តិ​ស័ព្ទ​របស់​ព្រះ​អង្គ នៅ​តែ​ល្បី​រន្ធឺ​សុះ​សាយ គ្មាន​ថ្ងៃ​និង​សាប​សូន្យ​ឡើយ ក៏​ព្រោះ​តែ​ស្នា​ដៃ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក មុន​ពេល​សុគត។ ដូច​នេះ​មនុស្ស​ត្រូវ​តែ​កែ​ច្នៃ​ជីរិត​រស់​នៅ​អោយ​បាន​ថ្លៃ​ថ្នូរ និង​ត្រូវ​បង្កើត​ស្នា​ដៃ ទុក​ជា​កេរ​ដំ​ណែល​សំ​រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ។ សរុប​សេចក្តី​មក មនុស្ស​មិន​ត្រូវ​ស្លាប់​ដោយ​ឥត​ប្រ​យោជន៍ ហើយ​ក៏​មិន​ត្រូវ​រស់​ដោយ ឥត​ន័យ​ខ្លឹម​សារ​នោះ​ដែរ។

ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​ឃើញ​ថា ប្រ​ធាន​បទ​នេះ ពិត​ជា​មាន​ អត្ថ​ន័យ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​ទូន្មាន​ដល់​ជន្នានុ​ជន​ទាំង​ឡាយ អោយ​ចេះ​ខ្វល់​ខ្វាយ កែ​ច្នៃ​ជីវិត​រស់​នៅ​អោយ​បាន​ល្អ និង​ខិត​ខំ​បង្កើត​ស្នា​ដៃ ផ្សេងៗ ទុក​ជា​កេរ​ដំ​ណែល ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ មុន​និង​ខ្លួន​លា​ចាក​លោក​នេះ​ទៅ។ ដូច​នេះ​កុល​បុត្រ​កុល​ធី​តា​ខ្មែរ​ទាំង​ឡាយអើយ​ គួរ​ខិត​ខំ​រៀន​សូត្រ បង្កើត​ស្នា​ដៃ​ល្អៗ សំ​រាប់​ការ​រស់​នៅ​របស់​ខ្លួន​ផង សំ​រាប់​ជា​កេរ​ដំ​ណែល​ទុក​អោយ​កូន​ចៅ​ក្នុង​ពេល​អនាគត​ផង៕

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1