Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

រឿងមាលាដូងចិត្ត អត្ថបទសង្ខេប

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់

រឿងមាលាដូងចិត្ត អត្ថបទសង្ខេប

  • ប្រភព ៖ ប្រទេសកម្ពុជា
  • ប្រភេទ ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត
  • ចលនា ៖ ខេមរនិយម
  • អ្នកនិពន្ទ ៖ នូ ហាច
  • កាលកំណត់តែង ៖ ១៩៧២

សង្ខេបរឿង

     ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប ។ ទីឃាវុធជាមនុស្សដែល​មានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម ។ ពេលវិស្សមកាល ទីឃាវុធ​បាន​ទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង ។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជន​ជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត ។ នាងនោះឈ្មោះចន្ទមណី ។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង ។ ទីឃាវុធនឹកស្តាយ​មិន​ចង់ឃ្លាតឡើយ ។

បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែល​ភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរ​ប្រឆាំងនឹងរដ្ឋាភិបាលសៀម ។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបាន​ជួយយកអាសារនាងក្នុងពេលធ្វើដំណើរ ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅ​រៀងៗ​ខ្លួន ។ ចាប់តាំងពីពេលនោះមក ទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ ។

ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត ។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង ។ ចាប់ពីពេលនោះមកទីឃា​វុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយ​ថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង ។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសារ​របស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ ។ ពេលធ្វើដំណើរនេះ​មានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន ។ គូស្នេហ៍ទាំងពីរ​បានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង ​និងទទួលបាននូវសេចក្តីសុខ ។

ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡង​ជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែ​បែរ​ជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅ​ស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺ ហើយលោកទេពកោសល្លត្រូវរួចពីទោសផង ។

តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូក​ច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធ​សម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេស​មិនស្រួល ហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់ ។

ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេ​បានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែល​ជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅ​ស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំង ក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព ។

ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើង​មានរបួស និងស្លាប់ជាច្រើននាក់ ។ ក្នុងចំ​ណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និង​ព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះ​ជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹង​នឹងកម្លោះទេ ព្រោះនាងមានហេតុផលច្បាស់លាស់ ។

ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក ។ ពេលនោះ​ព្រំ​ប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់​របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូល​ប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំ​ចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមក​ផ្ទះរបស់គេមិនដែលដាច់ ។

ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់​ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន ។ ទីឃាវុធមានការ​សោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក ។ ទីឃា​វុធចង់ធ្វើការសុំទោសនាង​ តែពុំមានឱកាសសោះ ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួល​ទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃា​វុធចង់សួររឿងរ៉ាវខ្លះៗ ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មី​ទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យ​មកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន ។

សង្រ្គាមត្រូវបានបញ្ចប់ សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញ ដោយមានលោកជូឡុង​តំណាងរាជរដ្ឋាភិបាល និងលោកឧកញ៉ាដឺហ្សុងគ្ឃែរ ជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញ ។

នៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរ ប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់​ដែរ ។ លោកទេពកោសល្លបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមក ។ សេចក្តីស្នេហា​របស់ទីឃាវុធ និងនាងចន្ទមណីបានចេញជាពន្លកភ្លឺចិញ្ចាចឡើងវិញនៅក្រោមដំបូលវិហារមួយ ដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូត ។

  • ប្រធានរឿង៖ ដំណើររឿងឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ (គិតប្រយោជន៍ជាតិជាធំ) ជាង​ប្រយោជន៍ផ្ទាល់ខ្លួន។
  • មូលបញ្ហារឿង៖ តាមរយៈប្រធានរឿង យើងអាចទាញមូលបញ្ហារឿងដូចខាងក្រោម

១. ការទាមទារសិទ្ធិសេរីភាព បូរណភាពដែនដី

២. បញ្ហាស្នេហាកម្លោះក្រមុំខុសសញ្ជាតិ

៣.អំពើពុករលួយរបស់មន្ត្រីខ្មែរក្នុងជួររាជការ

៤. ប្រវត្តិសាស្ត្រខ្មែរសៀម និងសង្គ្រាមលោកលើកទី២ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1