រឿងភ្នំបាយ៉ង់កោ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រឿងភ្នំបាយ៉ង់កោ អត្ថបទសង្ខេប
ក្នុងសម័យព្រេងនាយ នៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទ បាយ៉ង់ មានព្រះដំណាក់នៅឯភ្នំដងរែក មានព្រះអគ្គមហេសីល្អណាស់ ទ្រង់ព្រះនាម ព្រះនាងសក់ក្រអូប ប្រកបដោយព្រះរូបព្រះឆោមព្រះភក្ត្រល្អប្រិមប្រិយ សម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញជុំវិញព្រះកាយ ១ យោជន៍ ល្បីកិត្តិយសសុសសាយទៅដល់ព្រះចៅសៀមៗ ចាត់ឲ្យមនុស្សមកស៊ើបអង្កេតពិនិត្យ បានដឹងពិតថាល្អឆើត ដាច់ស្រីទាំងឡាយមែន ជាស្រីបរិបូណ៌ដោយលក្ខណៈគ្រប់យ៉ាង ។
ស្ដេចសៀមរកឧបាយកលចូលមកចាប់ព្រះនាងយកទៅ ដើម្បីជាកិត្តិយសប្រទេសខ្លួន ។ ស្ដេចបាយ៉ង់ទ្រង់ទ្រាបការណ៍ដូច្នោះ ក៏នាំព្រះនាងអគ្គមហេសីនូវពួកស្រីស្នំក្រមការ នឹងពលសេនាទាំងឡាយ ចុះសំពៅភៀសព្រះអង្គរត់ចេញចោលព្រះដំណាក់ទាំងវេលាយប់បើកសំពៅសំដៅទៅទិសអាគ្នេយ៍ ។ មុននឹងស្ដេចយាងចេញទ្រង់លើកព្រះហស្តប្រណម្យដាក់លើព្រះសិរសាសច្ចាបន់ទេវតារក្សាទឹកថា ” សូមឲ្យបានសម្រេចសេចក្ដីប្រាថ្នា ៣ ប្រការ គឺ ៖
១- សូមឲ្យបានសុខក្នុងដំណើរផ្លូវសាគរ
២- សូមកុំឲ្យពួកចោរសៀមតាមទាន់
៣- សូមឲ្យបានជួបប្រទះកន្លែងជាទីគាប់ចិត្ត ។
ស្ដេចទ្រង់ព្រួយព្រះទ័យជាខ្លាំង ទ្រង់បើកសំពៅទាំងយប់ទាំងថ្ងៃគ្មានឈប់ឈរ ។ លុះទ្រង់ប្រមើលឃើញថា ចេញមកបានឆ្ងាយណាស់ហើយ ទើបទ្រង់ងាករេទៅរកតំបន់មួយ ដើម្បីចតសំពៅ ។ ជួបជាខណៈនោះ ខ្យល់ព្យុះមកបក់បោកសំពៅឲ្យវិលវល់បាក់ចង្កូត ។ ទើបទីត្រង់នោះមានឈ្មោះថា ” ភូមិបាក់ចង្កូត ” ជាប់មកសព្វថ្ងៃគេហៅហៅក្លាយមកភូមិបាក់កូត ។ ស្ដេចទ្រង់ភ័យហើយលើកព្រះហស្តអំពាវនាវបន់ថា “ឲ្យបាត់ព្យុះខ្យល់ នឹងសូមសែនថ្វាយដល់ពួកអារក្សទឹកទាំងឡាយ ” ។ គ្រានោះខ្យល់ព្យុះក៏សាបសូន្យអស់ ។ សំពៅទៅបានបន្តិចទៀតឈប់បោះយុថ្កាចត ទើបទីនោះមានឈ្មោះថា ” កន្លែងចត ” ជាប់មកដល់សព្វថ្ងៃ គេហៅក្លាយមកជា ” ភូមិកន្លែងចត ” ។ ការឈប់ចតនេះ គឺដើម្បីនឹងរៀបចំចំណីអាហារសែនថ្វាយអារក្សទឹកនិងធ្វើចង្កូតសំពៅថ្មី ។ ត្រង់តំបន់ដែលថ្វាយអាហារនោះ នៅមានឈ្មោះជាប់មកដល់សព្វថ្ងៃថា ” ភូមិសែនបន់ ” ។ ទាំង ៣ កន្លែងនេះ នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
លុះសម្រេចកិច្ចនៅកន្លែងនេះសព្វគ្រប់ហើយ ទ្រង់ក៏ចេញសំពៅទៅទៀត សំដៅទៅទិសអាគ្នេយ៍ដដែល ។ លុះទៅដល់កន្លែងមួយសំពៅធ្លាយ ទ្រង់ក៏ចាប់ធ្វើសំពៅបណ្ដើរ បើកទៅបណ្ដើរ ។ ត្រង់កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា ” សំពៅធ្លាយ ” ។ បើកបន្តិចទៅទៀតដល់កន្លែងមួយឃើញដីមានស្បូវដុះជាច្រើន ក៏បោចស្បូវនោះចុកសំពៅដែលធ្លាយ ។ ត្រង់កន្លែងនោះ ជាប់ឈ្មោះមកដល់សព្វថ្ងៃថា ” ភូមិព្រែកស្បូវ ” ហើយបើកសំពៅធ្វើដំណើរតទៅទៀត ដល់ទៅកន្លែងមួយទៀត ព្រះនាងសក់ក្រអូប ទ្រង់កើតទុក្ខព្រួយព្រះហឫទ័យច្រើនប្រការ គឺណាមួយអំពីសំពៅដែលចេះតែទៅៗ រកទីសំណាក់មិនឃើញ ណាមួយអំពីពួកសៀម ថាមុខជាគេនឹងតាមមកមិនខាន ។ ព្រះនាងទ្រង់អុជទៀន នមស្ការបន់ស្រន់ដល់អារក្សទឹក អារក្សគោក អ្នកតាព្រៃភ្នំក្រំថ្ម សព្វទីកន្លែងថា ” សូមឲ្យបានជួបនឹងទីសុខប្រសើរ សូមឲ្យចោរសៀមចិត្តអប្រិយបរាជ័យវិនាសក្នុងសាគរ ” ។ ត្រង់កន្លែងដែលព្រះនាងអុជទៀនបន់នោះ នៅជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា ” ភូមិអន្លង់ទៀន ” ។