Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

រឿងចៅស្រទបចេក

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

អត្ថបទសង្ខេប

  • ប្រភពរឿង គម្ពីរសាស្រ្តាស្លឹករឹតជាពាក្យកាព្យដែលមាននៅក្នុងបណ្ណាល័យ “ទេវង្សកុមារ” ។ រឿងចៅស្រទបចេកដែលយើងយកមកសិក្សានេះជាស្នាដៃរបស់ យស ងិន បោះពុម្ពផ្សាយ​ដោយពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី៣ ព.ស ២៥១០ គ.ស ១៩៦៧ ។
  • ប្រភេទរឿង អក្សរសិល្ប៍បុរាណ, ប្រភេទសាស្រ្តល្បែង ។
  • ចលនា ពុទ្ធនិយម ។
  • អ្នកនិពន្ធ៖ យស ងិន ។
  • ឥទ្ធិពល៖ ពុទ្ធសាសនា ។
  • កាលកំណត់តែង៖ ថ្ងៃអង្គារ ទី១១កើត ខែផល្គុន ឆ្នាំជូត ព.ស២៤៣២ ត្រូវនឹងគ.ស ១៨៨៩ ។

រឿងសង្ខេប ៖

រឿងនេះមានលក្ខណៈជាធម្មទេសនាហើយបានលើកឡើងតាំងពីសម័យពុទ្ធអង្គគង់នៅវត្ត​ជេតុពន នៅស្រុកនិគមគ្រាម នានគរហង្សាវត្ថី មានមហាក្សត្រមួយអង្គព្រះនាមមធុររាជា ។ នៅ​ស្រុកនោះមានសេដ្ឋីម្នាក់ ឈ្មោះធនសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់ ៨០កោដិឃ្លាំង ។ នៅស្រុកមួយទៀតក្នុងនគរដដែល គឺស្រុកបច្ចន្តគ្រាមមានសេដ្ឋីម្នាក់ទៀតឈ្មោះថា ភោគ​ សេដ្ឋី គឺ​ជាអ្នកមានស្តុកស្តម្ភដូចគ្នា តែអភ័ព្វត្រង់គ្មានកូនស្នងត្រកូល ។ ក្រោយមកលឺដំណឹងថានៅវត្តព្រះ​ធាតុសក្តិសិទ្ធិ អ្នកគ្មានកូនចៅទៅបន់ស្រន់បានដូចចិត្ត ។ សេដ្ឋីទាំងពីរបានទៅដល់ទីនោះដំណាល​គ្នាដើម្បីបន់ស្រន់សុំបុត្រហើយក៏បានសុំគ្នាធ្វើជាក្លើម្រាក់ដោយសន្យាថា បើម្នាក់មានកូនប្រុស​ ម្នាក់ទៀតមានកូនស្រីនឹងធ្វើជាដន្លងនឹងគ្នា តែបើប្រុស ឬស្រីដូចគ្នានឹងធ្វើជាក្លើម្រាក់នឹងគ្នា ។ ក្រោយមកធនសេដ្ឋីមានកូនប្រុសមួយដែលជាតួអង្គពោធិសត្វ ។ ចំណេកឯនាងដែលជាកន្សៃសារ​ពេជ្ញក៏មកចាប់កំណើតនឹងភោគសេដ្ឋី ។ ពួកគេបានដឹងដំណឹងពីគ្នាទៅវិញទៅមកអំពីបុត្រ ។ ដោយ​ហេតុថាទេវបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនៃភរិយាធនសេដ្ឋីជាអនាគតនៃអង្គពោធិសត្វបាន​បណ្តាលឲ្យធនសេដ្ឋីកើតមានសេចក្តីជ្រះថ្លា ហើយក៏បានបរិច្ចាគទ្រព្យធនដែលខ្លួនមានទៅដល់​ជនក្រីក្រស្មូមយាចក ។ ចំណេរកាលក្រោយមកធនសេដ្ឋីក៏រលំរលាយអស់ទ្រព្យសម្បត្តិគ្មានសល់ គាប់ជួននៅពេលនោះព្រះឥន្ទ្រាធិរាជចាស់ត្រូវអស់បុណ្យដែលជាហេតុនាំឲ្យគេទៅអញ្ជើញធន​សេដ្ឋីឡើងទៅសោយរាជ្យនៅឋានលើ ។ នៅពេលធនសេដ្ឋីស្លាប់ទៅ នាងជាប្រពន្ធគ្មានសល់​ទ្រព្យ​សម្បត្តិអ្វីធ្វើបុណ្យ ហើយក៏រស់នៅជាអ្នកសុំទានគេពីស្រុកមួយទៅស្រុកមួយ ។​ ដោយជីវភាព​ ក្រ​លំបាកខ្លាំងពេក នាងជាម្តាយក៏នឹកឃើញអតីតក្លើម្រាក់របស់សេដ្ឋីជាប្តីក៏ធ្វើដំណើរទៅដល់ផ្ទះ​លោកភោគសេដ្ឋីជួបនឹងអ្នកយាម អ្នកយាមក៏ទៅប្រាប់ភោគសេដ្ឋី ភោគសេដ្ឋីគិតថាពីមុនវាមិនអី​ទេ តែឥឡូវដល់ថ្នាក់សុំទានគេទៅហើយធ្វើម្តេចកើតក៏ឲ្យអ្នកយាមទៅប្រាប់ថា គាត់មិនស្គាល់ មិន​ដែលដឹងអ្វីទេ ។ ដោយសារតែនាងចេះតែចចេសចង់ជួបមុខសេដ្ឋី លោកសេដ្ឋីក៏បានឲ្យអ្នកយាម​វាយធ្វើបាបទៅលើនាងជាម្តាយជាទម្ងន់ ហើយក្រោយមកក៏ត្រូវស្លាប់នៅស្លាប់ក្នុងព្រៃ ។ ចៅស្រ​ទបចេកអស់ទីពឹងពាក់ ។ ដោយចង់រកលុយដើម្បីទិញក្តារមឈូស និងជួលគេឲ្យជួយបញ្ចុះសព​ម្តាយ ។ ដោយចង់រកលុយដើម្បីបញ្ចុះសពម្តាយ ចៅស្រទបចេកក៏បានយកបន្តោងដែលនៅជាប់​នឹងកទៅលក់ដើម្បីទិញក្តារមឈូស និងជួលគេឲ្យបញ្ចុះសពម្តាយ ។ ដោយគ្មានអ្វីទ្រាប់បាត​មឈូសវាក៏ដោះសម្លៀកបំពាក់របស់វាយកទៅទ្រាប់បាតមឈូសឲ្យម្តាយទៀត ហើយវាយក​ស្រ​ទបចេកមកចងដើម្បីបិទបាំងរាងកាយ ។ ចៅស្រទាប់ចេកបានដេកចាំផ្នូររបស់ម្តាយ ហើយនៅថ្ងៃ​មួយវាបាននឹកឃើញដល់បណ្តាំម្តាយផ្តាំថា សុំឲ្យវាទៅរកគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀន​សូត្រផង ។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀន​សូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យទិសាបាមោក្ខដើម្បីធ្វើជាអ្នកបម្រើ​គេ ដំបូងឥតបានរៀនសូត្រអ្វីទេ ។ និយាយពីបុត្រីរបស់ភោគសេដ្ឋីឈ្មោះនាងកេសរមាលា នៅ​ពេលដែលនាងឃើញឪពុកឲ្យអ្នកយាមវាយធ្វើបាបទៅលើអ្នកទាំងនោះ នាងមានចិត្តអាណិត​អាសូរ ហើយនាងចំណាំមុខយ៉ាងច្បាស់តែនាងពុំដឹងជាធ្វើដូចម្តេច ហើយការអាណិតអាសូរពីមួយ​ថ្ងៃទៅមួយថ្ងៃកើនឡើង ក្រោយមកនាងក៏មានជម្ងឺ ។ លោកសេដ្ឋីពុំដឹងធ្វើម៉េចឲ្យកូនខ្លួនជាសះ​ស្បើយឡើយ ។ នៅថ្ងៃមួយនាងនឹកឃើញថាបើនាងទៅនៅឯផ្សារ ប្រហែលជានាងមានឱកាស ជួបចៅស្រទបចេកម្តងទៀត ។ នាងក៏បានសុំឪពុកធ្វើហាងលក់ដូរមួយនៅឯផ្សារ ហើយលោក​ភោគសេដ្ឋីក៏បានអនុញ្ញាតដែរ។ តាមពិតទៅគឺនាងមានបំណងដើម្បីស៊ើបរកចៅស្រទបចេកនេះ​ឯង ។​ ក្រោយមកនាងក៏បានស៊ើបនឹងតាមរយៈកូនសិស្សម្នាក់នៃលោកអាចារ្យ ហើយនាងក៏ឲ្យ​សិស្សម្នាក់នោះហៅចៅស្រទបចេកមកដើម្បីនាងបានធ្វើទានជាសម្លៀកបំពាក់ ។ លឺដល់លោក​អាចារ្យ គាត់ក៏ដេញចៅស្រទបចេកឲ្យទៅ ។ តែចៅស្រទាប់ចេកពុំហ៊ានចូលទេព្រោះពេលឃើញ​នាងកេសរមាលា វាក៏នឹកឃើញដល់លោកភោគសេដ្ឋីចិត្តមារ ក៏រត់គេចទៅសាលាវិញ លោកអា​ចារ្យក៏ស្តីបន្ទោសឲ្យវា ។ វាក៏ដោះស្រាយថាសម្លៀកបំពាក់មិនសក្តិសមនឹងខ្លួន ហើយវាក៏នឹងមាន​គ្រោះថ្នាក់ ។ ក្រោយមកនាងកេសរមាលាក៏បានប្រើឲ្យទាសីរបស់នាងទៅហៅដល់សាលា តែចៅ​ស្រទបចេកនៅតែមិនព្រមទៅ ។ ដល់ពេលរដូវចូលឆ្នាំមកដល់ លោកអាចារ្យក៏មានចិត្តធម៌មេត្តា​ឲ្យ​លុយ១កាក់ទៅដើរលេងសប្បាយនឹងគេ។ ពេលបានលុយចៅចេកក៏នឹកឃើញចង់ទៅទិញនំទៅ​សែនផ្នូរម្តាយតែខ្លាចជួបនាងកេសរមាលា ។ នាងកេសរមាលាក៏ឲ្យគេទៅចាប់ចៅស្រទបចេកនៅ​កន្លែងលក់នំដើម្បីបង្ហាញពីទឹកចិត្តរបស់នាងថានាងមិនដូចឪពុកនាងទេ ។ ពេលចាប់ចៅស្រទប​ចេកចូលដល់ក្នុងផ្ទះ នាងបានលត់ជង្គង់ ហើយសំពះតាមអាការៈជាស្រីគ្រប់លក្ខណ៍ និងអង្វរករ​ឲ្យ​ចៅស្រទបចេកទទួលយកនំចំណីសម្លៀកបំពាក់ពីនាង ។

ត្រឡប់មកផ្ទះវិញចៅស្រទបចេកក៏សុំលោកអាចារ្យចេញរកស៊ី លោកអាចារ្យក៏ឲ្យចៅចេក​លក់នំអាកោរ។ ក្រោយមកក៏ឲ្យចៅចេកបានរៀនសូត្រនឹងគេ ។ ដោយហេតុថាចៅស្រទបចេកជា​តួអង្គពោធិសត្វ វាក៏រៀនពូកែជាងសិស្សឯទៀតៗ ។

សម័យថ្ងៃមួយព្រះរាជាឈាងចូលដល់វ័យចំណាស់ ទ្រង់កើតមានគំនិតរកអ្នកស្នងរាជ្យ ទ្រង់​ក៏ដាក់បញ្ជាឲ្យគេរកមនុស្សមានបុណ្យដោយផ្សងដំរីមកដល់ស្រុកដែលចៅស្រទបចេករស់នៅ ។ តាអាចារ្យបាននាំសិស្សទាំងអស់ទៅគាល់ស្តេចដើម្បីធ្វើការជ្រើសរើស។ ចៅស្រទបចេកក៏ត្រូវទៅ​ដែរ ។ ទៅដល់ជិតដល់រាជដំណាក់ លោកអាចារ្យបានឃាត់ចៅចេកឲ្យនៅមើលអីវ៉ាន់ឲ្យគេ ។

និយាយពីព្រះឥន្ទ្រាធិរាជថ្មី នៅពេលបានជួបនឹងប្រពន្ធវិញគឺនាងសុជាតា ទ្រង់នឹកគិតទៅ​ដល់បុត្ររបស់ព្រះអង្គ ហើយនៅពេលទតឃើញថាបុត្រកំសត់ខ្លាំងពេក ទ្រង់បានកាឡាខ្លួនជាតា​ចាស់ម្នាក់ចុះមកយកបង្វិចមកផ្ញើចៅស្រទបចេកផងដែរ ។ នៅពេលមានហ្វូងដំរីសេះចូលមកនិង​ដោយមានអីវ៉ាន់ច្រើនផង ពិបាកកាន់ហើយខ្លាចបាត់ ចៅចេកក៏រើសយកបង្វិចរបស់តាចាស់មក​ពាក់តាមបណ្តាំ។ ស្លៀកពាក់រួចដំរីជ័យក៏មកដល់ល្មមហើយលុតជង្គង់នៅចំពោះមុខចៅស្រទប​ចេក ។ ចៅស្រទបចេកក៏ត្រូវបានអភិសេកជាស្តេចយ៉ាងគគ្រឹកគគ្រេងក្រោមការបាចផ្កាជូនពរ​ជ័យ​ពីទេវតាផង ដោយមាននាមថា ទេវវង្សកុមារ ។ ពេលចប់ព្រះរាជពិធីទៅ ចៅស្រទបចេកនៅតែកើត​ទុក្ខនឹកដល់នាងកេសរមាលា ពុំមានសោយអ្វី និយាយអ្វី ។ ព្រះនាងកេសរបុប្ឆាជាមហេសីក៏​ដណ្តឹង​សួរព្រះស្វាមី យល់សេចក្តីសព្វគ្រប់ប្រការ។ ទេវវង្សកុមារនិងមហេសីក៏ធ្វើដំណើរទៅស្រុកបច្ចន្ត​គ្រាមជាស្រុកភោគសេដ្ឋី ទ្រង់កើតឈឺចិត្តចង់រកយុត្តិធម៌ឲ្យមាតា ពេលនោះទ្រង់ក្លែងខ្លួនធ្វើជា​ប្រជារាស្ត្រសាមញ្ញ ហើយបានពឹងមេស្រុកទៅស្តីដណ្តឹងកូនសេដ្ឋី ។ ថ្ងៃទី១ លោកសេដ្ឋីយល់មុខ​ដល់ចៅហ្វាយស្រុក គេឲ្យមកវិញ ។ ថ្ងៃទី២ទៅម្តងទៀត ត្រូវគេជេរប្រទេស។ ថ្ងៃទី៣ទៅទៀត ចង់​ប៉ើងទាំងមេស្រុក ហើយចង់ទិញក្បាលដែលចង់ដណ្តឹងកូនគាត់កាប់ចោល ។ ទ្រង់ក៏ចេះតែកត់​បណ្តើរៗបានភ័ស្តុតាងសព្វគ្រប់ ក៏បើកសវនាការបញ្ជាឲ្យគេនាំខ្លួនភោគសេដ្ឋីមក ។ នៅពេលអ្នក​ទាំងនោះទៅដល់ផ្ទះសេដ្ឋី សេដ្ឋីក៏សុំជូន៥ណែន ក្រោយមក១ពែងហាបប្រាក់តែឥតមាននរណា​ហ៊ានទទួល ។ សេដ្ឋីទាមទារសាក្សី ពេលនោះគេក៏យកនាងកេសរមាលាមកធ្វើជាសាក្សី ប្រសិន​បើ​នាងឆ្លើយថាមិនដឹងទ្រង់នឹងឲ្យគេកាត់សិរសាដោតលើឈើ ។ ពេលនោះសេដ្ឋីត្រេកអរណាស់​ព្រោះគេយកកូនស្រីមកធ្វើជាសាក្សី ។ នាងកេសរមាលាចូលដល់ទីសវនការ នាងអត់មានមាត់ក​អ្វី​ទាំងអស់ព្រោះបើនាងនិយាយច្បាស់ជាមាននរណាម្នាក់ស្លាប់ជាមិនខាន ។ ក្រោយមកនាងក៏សុំ​ឲ្យ​ព្រះអង្គប្រទានពរ នាងសុំតែមួយគឺសត្វដែលត្រូវបាត់បង់ជីវិតត្រូវលើកលែងទោស ហើយនាងក៏​បានប្រាប់តាមត្រង់នូវអ្វីដែលនាងបានដឹង ។

ភោគសេដ្ឋីចាញ់ក្តី ក៏ត្រូវធ្វើទារុណកម្ម តែមិនឲ្យស្លាប់ទេ ហើយបណ្តើរតាមផ្សារមិនឲ្យអ្នក​ស្រុកយកតម្រាប់តាម ។ ក្រោយមកចៅស្រទបចេកទ្រង់ព្រះភស្តាជាព្រះមហាក្សត្រ ហើយក៏ចាត់​អភិសេកយ៉ាងអធិកអធមសមរម្យតាមប្រពៃណី ។ ដើម្បីស្រោចស្រង់កិត្តិយសឪពុក នាងក៏សំណូម​ពរឲ្យទ្រង់ដោះលែង។ រីឯលោកមេស្រុកក៏បានឡើងធ្វើជាមហាតលិក ហើយឪពុកក្មេកឡើងជា​មេ​ស្រុក រួចទ្រង់ក៏វិលចូលព្រះបរមរាជវាំងវិញ ។

  • ប្រធានរឿង រឿងចៅស្រទបចេកបង្ហាញពីដំណើរជីវិតរបស់បុត្រសេដ្ឋីធ្លាក់ខ្លួនក្រលំបាក​វេទនាបណ្តាលមកពីកម្មបុព្វេ ។ តាមរយៈដំណើររឿងយើងសង្កេតឃើញថាអ្នកនិពន្ធបាន​លាតត្រដាងពីសកម្មភាពរបស់តួអង្គចៅស្រទបចេកដ៏កំសត់ទុគ៌ត កំព្រាឯកោ និងដែលជា​តួ​អង្គពុទ្ធពង្សនៅឋានតុសិត ពេលច្យុតចុះមកចាប់កំណើតនៅឋានមនុស្សលោក ដើម្បីទទួល​នូវផលដែលទ្រង់បានកសាងកាលពីអតីតជាតិនោះ គឺមកពីទ្រង់បានទាញស្បង់ចីពររបស់​សាមណេរមួយអង្គលេង ធ្វើឲ្យរបូតអាក្រាតកាយអស់រលីងគ្មានសល់ ទើបទ្រង់ហុចស្បង់​នោះទៅសាមណេរអង្គនោះវិញ។ សកម្មភាពនេះហើយដែលជាទុក្ខទោសមួយដែលអន្ទោល​តាមទ្រង់ជាប់ជានិច្ច ។
  • មូលបញ្ហារឿង បញ្ហាកម្មផល បញ្ហាកិត្តិយស បញ្ហាសេ្នហា បញ្ហាកតញ្ញូ បញ្ហាទេវន្តាគមន៍ ។