រឿងគ្រូបង្រៀនស្រុកស្រែ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រឿងគ្រូបង្រៀនស្រុកស្រែ អត្ថបទសង្ខេប
- ប្រភពរឿង រឿងគ្រូបង្រៀនស្រុកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយរបស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹង ខេត្តកំពង់ចាម ប្រទេសកម្ពុជា ។
- ប្រភេទ ជារឿងប្រលោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ ។
- ចលនា រឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ព្រោះគោលគំនិតរឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកិយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ ។
- ឥទ្ធិពល សង្គមនិយម ព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿន ។
- កាលកំណត់តែង ១៩៥៧
- អ្នកនិពន្ធ លោក អ៊ឹម ថុក
សង្ខេបរឿង៖
កសិករហមជាអតីតទាហានជើងក្រហម និងនាម៉ឺនតូចតាចក្នុងក្រសួងសាធារណការបានត្រូវប៉ូលីសតាមចាប់ខ្លួនដោយមូលហេតុគាត់ជាមេបំផុសបំផុលចលនាមហាជន ប្រជាជនឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ ។ យល់ការណ៍មិនស្រួល និងដោយឯកភាពជាមួយសំណើយោបល់ពីមិត្តរួមចលនា បងហមក៏គេចខ្លួនមួយរយៈ ។ ពេលគេចខ្លួនក្នុងរាត្រីនៅតាមផ្លូវ បងហមបានជួបសន្ទនាយ៉ាងច្រើនជាមួយអន្ទិតឡឹម និងអាចារ្យសែម ដោយរៀបរាប់បង្ហាញអំពីអំពើឃោរឃៅរបស់ពួកនាយទុនគ្រប់ប្រភេទ និងមាគ៌ារៀបចំទម្រង់សង្គមឡើងវិញតាមទស្សនៈជឿនលឿនថ្មី ។ សកម្មភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល២ខែ ។ គ្រូបង្រៀនដទៃៗទៀតក៏ត្រូវតាមដាន និងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេសចំពោះគ្រូចន្ទ គ្រូថាន់ និងគ្រូវ៉ាត ។ វិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជន និងផ្តាច់ទំនាក់ទំនងជាមួយមហាជនពុំបានទទួលលទ្ធផលជាវិជ្ជមានទេ ពីព្រោះគ្រូផ្លាស់ថ្មីដែលមកជំនួសក៏មានទស្សនៈសង្គមដូចគ្រូមុនៗដដែល ។ ក្រោយមកសុវត្ថិភាពក្នុងស្រុកព្រៃទទឹងក៏ប្រែជាមានសភាពធូរស្រាលឡើងវិញ ហើយអ្នកជាប់គុកនិងជាប់ពិរុទ្ធក៏ត្រូវរួចខ្លួន ។ លុះដល់វិស្សមកាល ខែចេត្រ គ្រូចន្ទ គ្រូថាន់ គ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រូវវិញយ៉ាងសប្បាយរីករាយ ។ គេបានពិភាក្សាគ្នាអំពីគោលគំនិត និងមធ្យោបាយផ្សេងៗសម្រាប់រៀបចំសង្គមឡើងវិញ ក្នុងទស្សនៈគោលជំហរជឿនលឿនដដែល ។
- ប្រធានរឿង ដំណើររឿងដែលឃើញថាប្រធានរឿងទាក់ទងនឹងការតស៊ូ ដើម្បីទាមទារសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ។
- មូលបញ្ហា សកម្មភាពតស៊ូបំផុសចលនាមហាជន និងវិធានការបង្ក្រាប និងរាំងស្ទះដល់ខ្សែរយៈចលនាមហាជន ។