Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី៩៖ការ​ប្រតិបត្តិ​សាសនា​ក្នុង​សង្គម​បច្ចុប្បន្ន (មេរៀនសង្ខេប សំណួរ ចម្លើយ)

ជំពូកទី២ : វប្បធម៌សន្តិភាព

មេរៀនទី៩៖ការ​ប្រតិបត្តិ​សាសនា​ក្នុង​សង្គម​បច្ចុប្បន្ន

មេរៀនសង្ខេប

គ្មាន​ជន​ណា​ម្នាក់​មិន​ទទួល​ស្គាល់​​វត្តមាន​​សាសនា​ឡើយ ទោះ​ដោយ​ផ្ទាល់​ ឬ​មិន​ផ្ទាល់​ក្ដី ព្រោះ​វា​ជះ​ឥទ្ធិពល​ធំធេង​លើ​ជីវភាព​រស់​នៅ​របស់​មនុស្ស​ជាតិ​និង​សង្គម ។ បទពិសោធន៍​សាសនា​របស់​មនុស្ស​ខុស​ៗ​គ្នា ដូច​នេះ​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​សាសនា​ក៏​ខុស​គ្នា​ដែរ ប៉ុន្តែ​អ្វី​ដែល​ជា​មូលដ្ឋាន​គឺ​សាសនា​គឺ​សាសនា​​​ បាន​កំណត់​គុណធម៌​ និង​គោលការណ៍​ទាំងឡាយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​ផ្លូវ​មនុស្ស​ទៅ​រក​អំពើ​កុសល ។ តើ​សាសនា​​មាន​ឥទ្ធិពល​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​មនុស្ស​នា​ពេល​បច្ចុប្បន្ន​ដូច​ម្ដេច​ខ្លះ ?

១- សាសនា​និង​មនោគមវិជ្ជា

មនោគមវិជ្ជា គឺ​ជា​សំណុំ​នៃ​គំនិត ជា​សំណុំ​នៃ​ជំនឿ ជា​យោបល់​ដែល​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ជា​ទ្រឹស្ដី​នយោបាយ ដែល​បាន​ស្ដែង​ឡើង​ជា​លក្ខណៈ​ទាក់ទាញ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​​ហើយ​ជំរុញ​ឲ្យ​ធ្វើ​សកម្មភាព​ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រុវ​ការ​ដែល​ជា​គោល​បំណង​របស់​ក្រុម​មនុស្ស សហគមន៍ វណ្ណៈ​ ឬ​គណបក្ស​នយោបាយ ។​ ដោយសារ​តែ​មនោគមវិជ្ជា​នេះ​ហើយ ទើប​សង្គម​មាន​បំលាស់​ប្ដូរ​ជា​បន្ត​បន្ទាប់ ។ គេ​ត្រូវ​យល់​ថា​ប្រសិនបើ មនោគមវិជ្ជា​សង្គម​ផ្ទុយ​នឹង​លទ្ធិ​សាសនា​នៃ​សង្គម​មួយ នោះ​វា​នឹង​នាំ​ឲ្យ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​អ្នក​ដឹកនាំ​សង្គម​និង​ប្រជាពលរដ្ឋ​ ហើយ​អា​ច​ឈាន​ទៅ​រក​ការ​រលំរលាយ​នៃ​សង្គម​នោះ​បាន ព្រោះ​សាសនា​គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​មនុស្ស​ដែល​រស់នៅ​លើ​លោក​យើង​នេះ​តាំង​ពី​ច្រើន​សតវត្ស​មក​ហើយ​ ។​​​

មុខងារ​ដ៏​ចម្បង​របស់​មនោគមវិជ្ជា​ដែល​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​រដ្ឋ​មួយ​គឺ​វា​បាន​ស្ដែង​ចេញ​ជា​ការ​តម្រង់​ទិសដៅ​នៃ​វប្បធម៌​របស់​សង្គម ។ ដូច​នេះ អ្នក​ដឹក​នាំ​រដ្ឋ​ មាន​កាតព្វកិច្ច​ហាមឃាត់ និង​ត្រួតពិនិត្យ​​ចំពោះ​ការ​ហូរ​ចូល​នៃ​មនោគមវិជ្ជា​ខាង​ក្រៅ។

២- វិទ្យាសាស្ត្រ​គ្មាន​សាសនា

វិទ្យាសាស្ត្រ​ជា​អាវុធ​មុខ​ពីរ ។ ប្រសិនបើ​​ សាសនា​មិន​មាន​វិទ្យាសាស្ត្រ​ចូលរួម​ទេ គឺ​វា​នឹង​ធ្វើ​ឲ្យ​មាន​​ភាព​ងងឹត ប៉ុន្តែ​បើ​វិទ្យាសាស្ត្រ មិន​មាន​សាសនា​ នោះ​វា​នឹង​ក្លាយ​​ទៅ​ជា​​វិទ្យាសាស្ត្រ​បំផ្លាញ​មនុស្ស​ជាតិ ព្រោះ​សាសនា​បាន​អប់រំ​និង​កែប្រែ​សន្ដានចិត្ត​មនុស្ស​ឲ្យ​មាន​ចិត្ត​មេត្តា ករុណា និង​ដឹកនាំ​មនុស្ស​ឲ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព​និង​សុភមង្គល​ផ្លូវ​ចិត្ត ។  សាសនា​ជា​ស្ពាន​ចម្លង​គំនិត​សាសនា​តៅ​គំនិត​វិទ្យាសាស្ត្រ​ព្រោះ​សាសនា​បាន​ក្រើន​រំលឹក​មនុស្ស​ឲ្យ​ចេះ​ស្រាវជ្រាវ​រក​នូវ​សក្ដានុភាព​ដែល​កប់​ក្នុង​ខ្លួន​មនុស្ស និង​ក្នុង​បរិស្ថាន​របស់​មនុស្ស​ ។ ហេតុ​នេះ សាសនា​និង​វិទ្យាសាស្ត្រ​ត្រូវ​តែ​មាន​តម្លៃ​និង​មាន​ទំនាក់ទំនង​គ្នា​ ព្រោះ​សាសនា​ជា​អ្នក​អប់រំ​ផ្នែក​ស្មារតី​និង​គំនិត​អរូបី ហើយ​វិទ្យាសាស្ត្រ​ជា​អ្នក​ផលិត​សម្ភារៈ​សម្រាប់​តម្រូវការ​របស់​មនុស្ស ។

៣- ការ​អប់រំ​របស់​​សាសនា

អ្នក​កាន់​សាសនា​ទាំងឡាយ​ គួរ​តែ​មាន​គំនិត​រួបរួម​និង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​លើក​កម្ពស់​ការ​អប់រំ​ផ្នែក​សាសនា​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​ដោយ​មិន​សំដៅ​ទៅ​លើ​សាសនា​ណា​មួយ​ទេ គឺ

សាសនា​ទាំងអស់​សុទ្ធតែ​មាន​សារៈសំខាន់​ដូច​ៗ​គ្នា ហើយ​គួរ​តែ​ធ្វើ​ការ​អប់រំ​តាមរយៈ​ការ​ទេសនា ឬ​ការ​ផ្សព្វផ្សាយ​សាសនា​របស់​ខ្លួន។ បើ​គ្មាន​សាសនា​ចូលរួម​អប់រំ​មនុស្ស​ទេ នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈាន​ទៅ​រក​ភាព​​ភ្លើតភ្លើន​និង​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​គ្មាន​សីលធម៌​ ធ្វើ​អ្វី​ៗ​ដើម្បី​បំផ្លាញ​អំណាច​មហិច្ឆតា​លោភលន់​មិន​ចេះ​ឈប់ឈរ​របស់​ខ្លួន ។

៤- ការ​អធ្យាស្រ័យ​និង​ការ​គោរព

មនុស្ស​ម្នាក់​ៗ​គួរតែ​ចេះ​ព្យាយាម​ប្រមើលមើល ឬ​ចេះ​ស្វែងយល់​បណ្ដា​ការ​ប្រតិបត្តិ​សាសនា​ដែល​ពួកគេ​បាន​អនុវត្ត​ខុស​ប្លែក​ៗ​ពី​គ្នា ព្រោះ​វា​ជា​ហេតុ​ជួយ​ឲ្យ​ពួក​គេ​ចេះ​បង្កើន​ការ​យល់​ដឹង​កាន់​តែ​ច្រើន ហើយ​វា​ក៏​បាន​បណ្ដុះ​ទឹក​ចិត្ត​ចេះយោគ​យល់​អធ្យាស្រ័យ​ក្នុង​បណ្ដា​អ្នក​ប្រតិបត្តិ​សាសនា​តាម​និកាយ​នៃ​សាសនា​ចម្រុះ​គ្នា​នេះ​ដែរ ។ ប្រសិនបើ​ យើង​ចង់​​ស្វែងយល់​ពី​សាសនា​ដទៃ​ លុះត្រាតែ​យើង​ចេះ​គោរព​សាសនា​របស់​គេ​ជា​មុន​សិន នោះ​ទើប​អ្នក​ដទៃ​គេ​ឲ្យ​តម្លៃ​ដល់​ការ​គោរព​របស់​​យើង​ចំពោះ​គេ ហើយ​គេ​នឹង​ផ្ដល់​រាល់​ព័ត៌មាន​ដែល​យើង​ចង់​បាន​ផង​ដែរ ។

ការ​មាន​គំនិត​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​និង​គោរព​គ្នា​ទៅវិញ​ទៅ​មក ជា​មាគ៌ា​មួយ​ក្នុង​​ការ​ដឹកនាំ​មនុស្ស​ឲ្យ​ឆ្ពោះ​ទៅ​រក​សុខ​សន្តិភាព និង​រស់នៅ​មាន​ភាព​សុខដុមរមនា​ជា​មួយ​គ្នា​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ភាព​ស្ងប់​ផ្លូវ​ចិត្ត ព្រម​ទាំង​ស្ងប់​ផ្លូវ​កាយ​ទៀត​ផង ។

 

សំណួរ

  1. តើ​សាសនា​និង​មនោគមវិជ្ជា​ មាន​ទំនាក់ទំនង​គ្នា​ដូចម្ដេច​ខ្លះ ?
  2. តើ​ការ​អប់រំ​របស់​សាសនា បាន​នាំ​មនុស្ស​ទាំង​អស់​ឲ្យ​ឈាន​ទៅ​រក​សន្តិភាព​ដែរ​ឬ​ទេ ?
  3. តើ​ការ​ចេះ​អធ្យាស្រ័យ​​និង​ការ​គោរព​គ្នា​នៅ​ក្នុង​សង្គម​ពហុ​សាសនា នាំ​មក​អត្ថប្រយោជន៍​​អ្វី​ខ្លះ​​ដល់​មនុស្ស​ សង្គមជាតិ និង​ពិភពលោក ?
  4. ចូរ​អ្នក​សរសេរ​អត្ថបទ​មួយ​លើ​ប្រធានបទ «វិទ្យាសាស្ត្រ​គ្មាន​សាសនា​នាំ​ឲ្យ​វិនាស » ?
  5. ចូរ​សិក្សា​ស្រាវជ្រាវ​ពី​ការ​អប់រំ​សីលធម៌​និង​ការ​ប្រតិបត្តិ​សាសនា​នានា ដែល​មាន​នៅ​ក្នុង​សហគមន៍​របស់​អ្នក ?

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0