Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី៧៖ ​ភាព​ជា​បព្វជិត​ក្នុង​សាសនា​ឥស្លាម (មេរៀនសង្ខេប សំណួរ ចម្លើយ)

គ្រូបង្រៀន
VE
1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី១១ មេរៀនសង្ខេប

ជំពូកទី២ : វប្បធម៌សន្តិភាព

មេរៀនទី៧៖ ​ភាព​ជា​បព្វជិត​ក្នុង​សាសនា​ឥស្លាម

មេរៀនសង្ខេប

ពាក្យ​ឥស្លាម​ក្នុង​ភាសា​អារ៉ាប់​មាន​ន័យ​ថា «ការ​គោរព ស្លូតបូត ការ​ទទួល​ស្ដាប់​បង្គាប់ ការ​ឳន​លំទោន ការ​ចាក​ផុត​ពី​គ្រោះ​ទាំងឡាយ» ។ សាសនា​ឥស្លាម​ត្រូវបានបង្កើតឡើងដាយជនជាតិអារ៉ាប់ម្នាក់ឈ្មោះ មហាម័ត នៅទីក្រុងឡាម៉ិច ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌិត នៅឆ្នាំ 622 នៃគ.ស ។ គេគោរព តែព្រះ អាល់ឡោះ និងត្រូវបានផ្សព្វផ្សាយលទ្ធិសាសនាដោយ មហាម័ត ។

១- អត្ថិភាពសាសនាឥស្លាមក្នុងសង្គមខ្មែរ

ឥស្លាមសាសនា បានចាប់បដិសន្ធិនៅក្នុងសង្គមខ្មែរតាំងពីសតវត្សទី ១៥ ដោយសារ ៖

  • ដាយវៀត បានសម្លាប់ និងដណ្ដើមយកប្រទេសចម្ប៉ានៅចុងសតវត្សទី ១៥ ។ ប្រជាជនចាម ដែលចាញ់សង្គ្រាម បានរត់មកសុំជ្រកកោននៅកម្ពុជា ។ នៅ​ឆ្នាំ​១៦៩២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យជេដ្ឋា​ទី៤ ជនជាតិចាម ៥០០០នាក់ ដែល​ដាយវៀត​បណ្ដេញ​ចេញ​ពី​មាតុភូមិ​​បាន​មក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​កម្ពុជា​។
  • អ្នក​ជំនួញ​ជនជាតិ​ជ្វា ធ្វើ​ដំណើរ​មក​ពី​កោះ​ជ្វា​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​​ រួច​ក៏​បាន​មក​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ និង​រស់នៅ​លើ​ទឹកដី​ខ្មែរ​

២- ការបួស និងអត្ថន័យនៃការបួស

សាសនិក​ឥស្លាម​ម្នាក់​ៗ ត្រូវ​មាន​ជំនឿ​ និង​ប្រតិបត្តិ​មាគ៌ា ៥ យ៉ាង ៖

  • ការ​ជឿជាក់​ថាព្រះ​អាល់ឡោះគឺជា​ព្រះ​តែមួយ​គត់​នៅ​ក្នុង​លោកហើយ​មហាម័តគឺ​ជា​អ្នក​បម្រើនិង​ជា​ទេវទូ​ត​នៃ​ព្រះ​អង្គ។
  • ការ​សូត្រ​ធម៌​​ថ្វាយ​បង្គំ​បួងសួង​ដល់​ព្រះ​ ៥​ដង ក្នុង​រយៈពេល​២៤​ម៉ោង
  • ការ​បួស និង​តម​អាហារ​ពេញ​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ ដែល​គេ​ហៅ​ថា​ខែ រ៉ាម៉ាដន
  • ការ​ធ្វើ​ទាន​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​សង្គម ជា​ពិសេស​ចំពោះ​អ្នក​ក្រ និង​ទុរគត​ជន ។
  • ការ​ធ្វើ​ធម្មយាត្រា​ទៅ​ទីក្រុង​ឡាម៉ិច យ៉ាង​ហោច​ណាស់​ ឲ្យ​បាន​មួយ​ដង​ក្នុង​មួយ​ជីវិត ។

ក. ការ​បួស

ឥស្លាម​សាសនិក​ទាំងអស់​ដែល​ជា​អ្នក​បួស​នៅ​ខែ រ៉ាម៉ាដន (Ramadan) គឺ​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ ។ ពួកគេ តម​មិន​បរិភោគ​ចំណីអាហារ​មិនផឹក មិន​មើល​គ្នា​ក្នុង​ផ្លូវ​ស្នេហា ដោយ​គិត​ចាប់​ពី​ព្រលឹម​ស្រាង​អរុណ​រះ​រហូត​ដល់​ថ្ងៃ​លិច និង​សូត្រ​ធម៌​ថ្វាយ​បង្គំ​ដោយ​បែរ​មុខ​ទៅ​រក​ទីក្រុង​ឡាម៉ិច ប្រកបដោយ​ការ​គោរព​ប្រណិប័តន៍​ចំពោះ​ព្រះ​អាល់ឡោះ ។ ពិធី​បួស​ ត្រូវ​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ រ៉ាម៉ាដន ដែល​មាន​រយៈពេល​មួយ​ខែ​ជា​រៀង​រាល់​ឆ្នាំ ។ ពិធីបុណ្យ រ៉ម៉ាដន ប្រព្រឹត្ត​ទៅ​ក្នុង​ខែ រ៉ាម៉ាដន ត្រូវ​នឹង​ខែ​ច័ន្ទគតិ​ទី ៩ នៃ​ប្រតទិន​ឥស្លាម ដោយ​ពេល​នេះសាសនិកឥស្លាមទាំងអស់ ត្រូវតមពេញមួយខែ ក្នុងកំឡុងពេលថ្ងៃ លើកលែងតែស្ត្រីមានគភ៌ មនុស្សមានជំងឺ និងចាស់ជរា អាចបរិភោគបាន​ ។

ខ.អត្ថន័យនៃការបួស

កាបួសនៃសាសនិកឥស្លាម មានអត្ថន័យដូចជា ៖

  • ការធ្វើតាម គោរពតាមបញ្ជារបស់ព្រះអាល់ឡោះ ។ បំណងសំខាន់គឺ ការគោរពកោតខ្លចព្រះអាល់ឡោះ ។
  • ការធ្វើឲ្យអ្នកបួសទាំងអស់បានដឹងពីរសជាតិនៃជីវិតរបស់អ្នកក្រីក្រ អត់អាហារបរិភោគ ដើម្បីឲ្យអ្នកបួសចេះជួយគ្នា ចែករំលែកគ្នាដើម្បីរស់
  • ការទទួលបានផលបុណ្យទៅបរលោក ព្រោះថានៅក្នុងឋានសួគ៌នៃសាសនាឥស្លាម មានច្រកទ្វារមួយឈ្មោះ រ៉យ៉្យាន ។ អ្នកដែលបានបួស នឹងបានទៅកាន់ឋានសួគ៌តាមច្រកទ្វារនោះ ។ ច្រកទ្វារនេះ បានបើកឡើង​ហើយ​អ្នកដែល​បានបួស បាននាំគ្នាដើរចូលតាមច្រកទ្វារនោះ ទៅកាន់ឋានសួគ៌ តែគេមិនអនុញ្ញាតឲ្យ​នរណា​ក្រៅពីអ្នកបួសឡើយ ។
  • ផ្នែកសតិអារម្មណ៍ ធើ្វឲ្យអ្នកមានទម្លាប់ពង្រឹងគោលជំហរក្នុងការអត់ធ្មត់ ការពារ និងទប់ស្កាត់រាល់​ការប្រព្រឹត្តបទល្មើសផ្សេងៗ និងធ្វើឲ្យគេមានថាមពលខ្លាំងក្លា តាមរយៈការជឿ ការគោរពខ្លាច និងដើរតាម​គន្លងធម៌របស់ព្រះអាល់ឡោះ ។
  • ផ្នែកសង្គម ធ្វើឲ្យអ្នកបួសមានទម្លាប់គោរពច្បាប់ មានសាមគ្គីភាព ស្រឡាញ់យុត្តិធម៌ សមធម៌ មានសញ្ចេតនាអាណិតអាសូរ មានសុជីវធម៌ ជាពិសេសការពារសង្គមពីអំពើអាក្រក់ និងការខិលខូច ។
  • សុខភាព ធ្វើឲ្យអ្នកបួសមានរាងកាយមាំមួន សម្អាតកាកសំណល់អាក្រក់ចេញពីសរីរាង្គកាយ ដូចជាក្នុង​ពោះវៀន ក្រពះជាដើម ជាពិសេសកាត់បន្ថយសារធាតុខ្លាញ់ពីសរសៃឈាម និងសំបកខួរក្បាល ។​

៣-និកាយក្នុងសាសនាឥស្លាម

រវាងឆ្នាំ 656-657​ គ.ស ជម្លោះបែកបាក់ផ្ទៃក្នុងសាសនាឥស្លាម បានកើតឡើងដោយសារមានគំនិតពីផ្ទុយគ្នា ៖

ក-និកាយស៊ីអ៊ីត

មានជំនឿ និងទទួលស្គាល់ថា មានតែអាលី (Ali) ដែលជាក្មួយរបស់មហាម័ត ។​

ខ-និកាយស៊ុននីត

ជានិកាយធំជាងគេ ហើយគេគោរពមេដឹកនាំដែលគេបានជ្រើសរើសឡើង ទៅតាមក្រុមរបស់ពួកគេ​ហៅថា អ៊ីម៉ាំ

៤- ជីវភាពអ្នកបួសក្នុងសាសនាឥស្លាម

ក្នុងខែ រ៉ាម៉ាដន ដែលជាខែបួសរបស់សាសនិកឥស្លាម អ្នកបួសមានកាតព្វកិច្ចសំខាន់ពីរ គឺការតមអាហារ តមទឹក តមសេពសន្ទវៈ និងការប្រតិបត្តិសូត្រធម៌ក្នុងមួយថ្ងៃ ៥​ដងគឺ ៖

  • នៅពេលព្រឹកព្រលឹមមុនថ្ងៃរះ
  • ពេលថ្ងៃត្រង់ ឬបន្ទាប់ថ្ងៃត្រង់
  • ពេលរសៀល
  • ពេលល្ងាច ឬបន្ទាប់ពេលល្ងាច
  • ពេលរាត្រី មុនពេលចូលដំណេក

 

សំណួរ

  1. តើពាក្យឥស្លាម ក្នុងភាសាអារ៉ាប់ មានន័យដូចម្ដេច ?
  2. ចូរបង្ហាញអំពីមូលហេតុនៃការកកើតសាសនាឥស្លាមក្នុងប្រទេសកម្ពុជា ?
  3. ចូររៀបរាប់ពីការបួសក្នុងសាសនាឥស្លាម និងអត្ថន័យនៃការបួស ?
  4. តើអ្វីជាភាពខុសគ្នារវាងនិកាយស៊ុននីត និងនិកាយស៊ីអ៊ីត ?
  5. តើអ្នកយល់ដូចម្ដេចចំពោះអ្នកប្រតិបត្តិសាសនាឥស្លាម ?
  6. ចូរសិក្សាស្រាវជ្រាវអំពីការអប់រំសីលធម៌របស់សាសនាឥស្លាម ?
Share