មេរៀនទី២៖ ស្ថាប័នព្រះសង្ឃ និងរដ្ឋ (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី២៖ ស្ថាប័នព្រះសង្ឃ និងរដ្ឋ
មេរៀនសង្ខេប
ពុទ្ធសាសនាមានអង្គការមួយចំនួនដែលត្រូវចាត់តាំងឲ្យមានឡើង ដើម្បីគុណប្រយោជន៍ដល់សាសនិកជនផង ដល់សង្គមជាតិទាំងមូលផង ។ អង្គការទាំងនោះ ឋិតនៅក្រោមការគ្រប់គ្រង និងដឹកនាំដោយរាជរដ្ឋាភិបាល និងគណៈសង្ឃនាយក ។
១- កំណើតព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជា
ព្រះមោគ្គលីបុត្រ ទ្រង់បានបញ្ជូនព្រះសមណទូតទៅគ្រប់ទិសទីក្នុងជម្ពូទ្វីបចំនួន ១៦ កន្លែង ដើម្បីផ្សាយព្រះពុទ្ធសាសនា ។ ព្រះសោណត្ថេរ និងព្រះឧត្តរត្ថេរ បាននិមន្តចូលមកកាន់ដែនដីសុវណ្ណភូមិដែលមានប្រទេសភូមា សៀម លាវ ខ្មែរ ដើម្បីផ្សាយព្រះពុទ្ធសាសនា ។ ដូចនេះ ប្រទេសខ្មែរបានទទួលយកព្រះពុទ្ធសាសនាថេរវាទ (ហីនយាន) តាំងពីពុទ្ធសតវត្សទី ៣ នៃពុទ្ធសករាជនោះឯង ។ ទន្ទឹមនឹងវត្តមាននៃព្រះពុទ្ធសាសនាថេរវាទ គេក៏ឃើញមានវត្តអារាមនៃព្រះពុទ្ធសានាមហាយាននៅក្នុងសង្គមខ្មែរតាំងពីដើមរៀងមកដែរ ។
តាមរយៈប្រវត្តិសាស្ត្រខ្មែរ គេឃើញព្រះពុទ្ធសាសនាថេរវាទ មានការលូតលាស់ជាងព្រះពុទ្ធសាសនាមហាយាន តាំងពីដើមរហូតមកដល់បច្ចុប្បន្ន លើកលែងតែចុងសតវត្សទី ១២ ដល់ដើមសតវត្សទី ១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលព្រះអង្គគោរពព្រះពុទ្ធសាសនាមហាយាន ។
២- ព្រះពុទ្ធសាសនានៅកម្ពុជាក្រោយសង្គ្រាម
ក្នុងសម័យឯករាជ្យពីឆ្នាំ 1953 ដល់ 1969 ព្រះពុទ្ធសាសនា ក៏ជួបប្រទះនឹងវិបត្តិដោយសារប្រទេសកម្ពុជា ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ឆ្នាំ 1970 ហើយបន្តរហូតដល់ឆ្នាំ 1975 និងរឹតតែធ្ងន់ធ្ងរទៅទៀតគឺ នៅពេលដែលប្រទសខ្មែរស្ថិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត) ចន្លោះឆ្នាំ 1975-1979 ដែលគ្រានោះ សេរីភាពនៃការគោរពជំនឿសាសនា ត្រូវបានលុបបំបាត់ចោលទាំងស្រុង ។ វត្តអារាម ត្រូវបានគេយកធ្វើជាជង្រុកដាក់ស្រូវ ទ្រុងជ្រូក ឃ្លាំងសម្ភារៈ ឬមន្ទីរឃុំឃាំងមនុស្ស ។
ការស្ដារព្រះពុទ្ធសាសនាឡើងវិញ ៖ ចាប់ពីឆ្នាំ 1979 ។
- ដំណាក់កាលទី ១ ៖ សាធារណរដ្ឋប្រជាមានិតកម្ពុជា(1979-1989) ព្រះពុទ្ធសាសនា ត្រូវបានរស់ឡើងវិញតាមរយៈការរៀបចំជួសជុល ឬសាងសង់ ព្រះវិហារ កុដិ វត្តអារាម ។ គម្ពីរដីកា ក្បួនច្បាប់ ធម្មវិន័យនៃព្រះពុទ្ធសាសនាផ្សេងៗ ត្រូវបានអនុញ្ញាតឲ្យបោះពុម្ពឡើងវិញ ។
- ដំណាក់កាលទី ២ ៖ រដ្ឋកម្ពុជា (1990-1993) រដ្ឋធម្មនុញ្ញកំណត់ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»
- ដំណាក់កាលទី ៣ ៖ ចាប់ពី 1993 រហូតមកដល់បច្ចុប្បន្ន ការបង្កើតឡើងវិញនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាទី ២ បានបើកទូលាយការអភិវឌ្ឍវិស័យជំនឿសាសនា ។ នៅចន្លោះឆ្នាំ 1994 និង1995 វត្តទាំងអស់មានចំនួន 3371 ព្រះសង្ឃមានចំនួន 40916 អង្គ ។ ចន្លោះឆ្នាំ 2003-2004 គេឃើញចំនួនវត្តអារាមមាន4060 ហើព្រះសង្ឃមាន 59738 អង្គ។
៣- រចនាសម្ព័ន្ធព្រះសង្ឃ
នៅក្នុងព្រះពុទ្ធសាសនាថេរវាទ(ហីនយាន) ចែកចេញជាពីរនិកាយ មាន គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ ដែលត្រូវមានព្រះសង្ឃនាយកផ្ទាល់ខ្លួន ។ព្រះសង្ឃនាយកខាងគណៈមហានិកាយ មានឋានន្តរស័ក្ដិជា «សម្ដេចព្រះមហាសុមេធាធិបតី » ឯព្រះសង្ឃនាយកខាងគណៈធម្មយុត្តិកនិកាយមានឋានន្តរជា«សម្ដេចព្រះសុគន្ធាធិបតី»។
1-គណៈសង្ឃនាយក ៖ ជាមន្ត្រីថ្នាក់ខ្ពស់
អធិបតីរងទី ១ មានសមណស័ក្តិជា «ព្រះពោធិវ័ង្ស» និង
អធិបតីរងទី ២ ជា «ព្រះមង្គលទេពាចារ្យ»
សមាជិកគណៈសង្ឃនាយកមាន ៥ រូប បំពេញការងារជំនាញដោយឡែកៗពីគ្នា ក្នុងការរួមចំណែកបំផុស និងជំរុញការសិក្សា ។
2-មន្ត្រីសង្ឃមូលដ្ឋាន ៖ តាមរជធានី ឬខេត្ត មាន មេគណ និងនៅស្រុកខណ្ឌមានព្រះសង្ឃជា អនុគណ ឯព្រះសមុហ៍ ជាអ្នកកាន់កាប់បញ្ជីឯកសារ ។ការគ្រប់គ្រងវត្តនីមួយៗ មានលោកចៅអធិការ ដោយមានគ្រូសូត្រស្ដាំ ឆ្វេង ជាចៅអធិការង ។
3-គណៈកម្មការវត្ត
៤-ការគ្រប់គ្រងស្ថាប័នសាសនាដោយរាជរដ្ឋាភិបាល
នាយកដ្ឋានសាសនាជាសេនាធិការក្នុងការអនុវត្តគោលនយោបាយចំពោះសាសនា ។ នៅឆ្នាំ 1992 រដ្ឋាភិបាល បង្កើតឲ្យមានក្រសួងធម្មការ និងសាសនា ដោយទទួលខុសត្រូវលើវិស័យសំខាន់” បី ៖ វិស័យធម្មការ វិស័យពុទ្ធិកសិក្សា និងវិស័យពុទ្ធសាសនបណ្ឌិត្យ ។
សំណួរ
- តើព្រះពុទ្ធសាសនាថេរវាទ នាំចូលមកក្នុងប្រទេសកម្ពុជានៅពេលណា ?
- តើព្រះពុទ្ធសាសនានៅកម្ពុជា មានប៉ុន្មាននិកាយ ? តើមាននិកាយអ្វីខ្លះ ?
- ហេតុអ្វីបានជាព្រះពុទ្ធសាសនានៅកម្ពុជា ត្រូវបានបំបាត់ចោលនៅចន្លោះឆ្នាំ 1975-1979 ?
- តើគណៈសង្ឃនាយកទាំងពីរគណៈមានតួនាទីដូចម្តេចខ្លះ ក្នុងព្រះពុទ្ធសាសនា ?
- តើស្ថាប័នណា មានតួនាទីដឹកនាំគ្រប់គ្រងកិច្ចការសាសនា ?
- ហេតុអ្វីបានជាប្រជាជនខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ ?
- តើរាជរដ្ឋាភិបាល មានគោលនយោបាយបែបណាខ្លះចំពោះ ពុទ្ធសាសនា និងសាសនាដទៃទៀត នៅកម្ពុជា ?