មេរៀនទី១០៖គុណវិបត្តិនៃគ្រឿងញៀន (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី១០៖គុណវិបត្តិនៃគ្រឿងញៀន
មេរៀនសង្ខេប
១- គ្រឿងញៀន
គ្រឿងញៀន ត្រូវបានកំណត់ថាជា «សារធាតុទាំងឡាយណាដែលបានចូលទៅក្នុងរាងកាយ ហើយធ្វើឲ្យមានការផ្លាស់ប្ដូរមុខងារ ដំណើរការនៃរាងកាយ » ។ វាជាប្រភេទរុក្ខជាតិ ឬប្រភេទថ្នាំផ្សំឡើងពីសារធាតុគីមីច្រើនប្រភេទដូចជា អាភៀន កញ្ឆា និងថ្នាំញៀនសំយោគផ្សេងទៀត ។ គ្រឿងញៀនមាន អ៊ិចស្តាស៊ី ឬថ្នាំគ្រវីក្បាល ហេរ៉ូអ៊ីន ម័រហ្វឺន អំហ្វេតាមីន ឬ យ៉ាម៉ា យ៉ាបា ឬ ថ្នាំឆ្គួត មេតុំហ្វេតាមីន ឬទឹកកក កេតានី កាវហិត និងប្រភេទថ្នាំផ្សេងៗទៀតដែលគ្មានស្លាកសញ្ញាពិតប្រាកដ ។ គ្រឿងញៀន មានច្រើនពណ៌ និងច្រើនសណ្ឋានដូចជា ប្រភេទថ្នាំទឹក «កាវ ប្រេងសម្រាប់លាយ» ថ្នាំចាក់ ថ្នាំគ្រាប់ ឬប្រភេទម្ស៉ៅ ។ល។
២- ចំណេះដឹងជាមូលដ្ឋាននៃគ្រឿងញៀន
គ្រឿងញៀន មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកប្រើប្រាស់ ។ ក្រោយពេលប្រើ (ជក់ ហិត លេប ចាក់) វាធ្វើឲ្យអ្នកប្រើមានកម្លាំង និងងងុយដេក មិនឃ្លាន មានអារម្មណ៍រីករាយ បង្កើនភាពក្លាហាន ដែលជាហេតុធ្វើឲ្យអ្នកប្រើយល់ថា គ្រឿងញៀន នឹងជួយបន្ធូសេចក្ដីទុក្ខសោករបស់គេ ។ ប្រសិទ្ធភាពនៃគ្រឿងញៀន អាចកើតមានក្នុងរយៈពេលពី ៤ ទៅ ៦ម៉ោងប៉ុណ្ណោះ ។ ការប្រើប្រាស់គ្រឿងញៀន នឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ។
1-រោគសញ្ញាផ្លូវកាយ
រោគសញ្ញាផ្លូវកាយមានដូចខាងក្រោម ៖
- បំផ្លាញសរសៃឈាមតូចៗនៅក្នុងខួរក្បាល និងបេះដូង
- មានជម្ងឺបេះដូង (លោតញាប់ ដើរមិនទៀង រលាកជាលិកា)
- សម្ពាធឈាមឡើងខ្ពស់
- ជម្ងឺរលាក និងស្ទះសរសៃឈាម
- ជីបចរ ដើរញាប់ តែមិនទៀងទាត់ កម្ដៅក្នុងខ្លួនកើនឡើង និងបែកញើស
- ស្ងួតមាត់ និងសង្កៀតធ្មេញ
- ប្រស្រីភ្នែករីក កើតបូសស្បែក
- ចុះស្គមជាខ្លាំង
- មានការកន្រ្តាក់សាច់ដុំ
- ដង្កូវស៊ីធ្មេញ និងពុកធ្មេញ
- រសាប់រសល់ ពិបាកអង្គុយស្ងៀម ប្រកាច់ ធ្វើទុក្ខ និងស្លាប់
2-រោគសញ្ញាផ្លូវចិត្ត
- ច្របូកច្របល់ក្នុងចិត្ត គិតផ្ដេសផ្ដាស (ភាំង)
- បែកអារម្មណ៍ឆាប់ភ័យស្លន់ស្លោគិតអ្វីមិនទាន់
- វង្វេងវង្វាន់ ចេះតែសង្ស័យអ្នកដទៃ
- អារម្មណ៍អណ្ដែតអណ្ដូង
- ឆាប់ខឹងមួរម៉ៅច្រឡោត
- បាត់បង់ការស្រេកឃ្លាន
៣-មូលហេតុនៃការប្រើប្រាស់គ្រឿងញឿន
- ចង់ដឹង ចង់សាកអ្វីដែលប្លែកថ្មី ឬចង់ដឹងអ្វីដែលខ្លួនមិនដឹង
- ត្រូវគេអូសទាញក្នុងក្រុមដែលគេសេពគប់
- គិតថាអាចបំភ្លេចបញ្ហាផ្សេងៗដែលកើតមាន (ក្នុងគ្រួសារ ផ្ទាល់ខ្លួន) អផ្សុក គ្មានការងារធ្វើ
- គិតមានអារម្មណ៍ហ៊ានជាងពេលមុន
- ព្យាយាមបំបាត់ភាពបរាជ័យរបស់ខ្លួនកន្លងមក
- ចង់សប្បាយដើម្បីបញ្ចៀសការធុញទ្រាន់ក្នុងជីវិត
- ទទួលការកៀបសង្កត់ពីនរណាម្នាក់
- យល់ថាជាថ្នាំព្យាបាល បន្ថយការឈឺចុកចាប់
៤- ផលអាក្រក់នៃការប្រើប្រាស់គ្រឿងញៀន
- ចំពោះខ្លួនឯង ៖ បន្ថយចំណង់ក្នុងការបរិភោគអាហារ និងដំណេក ខ្លួនប្រាណចុះស្គម ប្រកាច់មិនអាចគ្រប់គ្រងខ្លួនឯងបាន ។ វាបានបំផ្លាញទ្រព្យសម្បត្តិ ខាតពេលរៀនសូត្រ គ្មានការងារធ្វើ ធ្លាក់ខ្លួនក្រ សង្គមស្អប់ខ្ពើម ងាយឆ្លងរោគពិសេសរោគអេដស៍ តាមរយៈការប្រើស៊ីរ៉ាំង ឬម្ជុររួមគ្នា បាត់តម្លៃផ្ទាល់ខ្លួន បាត់ភាពម្ចាស់ការចំពោះគ្រួសារ ។
- ចំពោះគ្រួសារ ៖ បាត់បង់កិត្តិយស ពិបាកចិត្ត ដោយសារតែសមាជិកគ្រួសារណាម្នាក់ពិសេសកូនបានប្រើប្រាស់គ្រឿងញៀន។ មានអំពើហិង្សា ជួនកាលម្តាយឪពុកវាយដំកូន ឬកូនប្រើអំពើហិង្សាមកលើម្ដាយឪពុក ។ គ្រួសារ ខាតបង់ទ្រព្យសម្បត្តិ សុភមង្គល និងអំពើអវិជ្ជមានជាច្រើនទៀត ។
- ចំពោះសង្គម ៖ អនាធិបតេយ្យ ក្នុងសង្គម ដូចជាចោរកម្ម ឧក្រិដ្ឋកម្ម ក្រុមក្មេងអន្ធពាល បងតូច បងធំ ជួញដូរមនុស្ស បាត់បង់ធនធានមនុស្ស បាត់បង់កំណើនសេដ្ឋកិច្ចជាតិ សង្គមគ្មានការអភិវឌ្ឍ ។
៥- វិធីសំខាន់ៗក្នុងការចៀសវាងគ្រឿងញៀន
- កុំសាកល្បងប្រើគ្រឿងញៀន សូម្បីតែម្ដងក៏ដោយ
- មិនត្រូវជឿតាមការញោះញង់របស់ឈ្មួញលក់គ្រឿងញៀន ឬអ្នកញៀនឡើយ
- បើមានគេបបួល ត្រូវនិយាយពាក្យថា «ទេ»
- បដិសេធ ដោយមិនប្រព្រឹត្តគ្រឿងញៀនជាដាច់ខាត
- មិនសេពគប់ជាមួយអ្នកញៀន
- ផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច នៅពេលជនដែលចែកចាយ ឬ ប្រើគ្រឿងញៀនជនដែលប្រព្រឹត្តគ្រឿងញៀន នឹងត្រូវផ្ដន្ទាទោសពី 1ដល់ 5ឆ្នាំ ។
សំណួរ
- ដូចម្ដេចដែលហៅថា គ្រឿងញៀន ? តើគ្រឿងញៀន មានប្រភេទអ្វីខ្លះ ?
- តើមានមូលហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យជនខ្លះប្រើប្រាស់គ្រឿងញៀន ?
- តើអ្នកប្រព្រឹត្តគ្រឿងញៀន មានផលប៉ះពាល់អ្វីដល់ខ្លួន គ្រួសារ និងសង្គមជាតិ?
- ចូរធ្វើផ្ទាំងរូបភាពស្ដីពីយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន ដោយប្រើគំនិតផ្ទាល់ខ្លួន ?
- ប្រសិនបើមាននរណាម្នាក់បង្ខំអ្នកប្រើប្រាស់គ្រឿងញៀន តើអ្នកមានវិធីបដិសេដដូចម្តេច ?
- តើជនដែលប្រព្រឹត្តគ្រឿងញៀន នឹងត្រូវមានទោសដូចម្ដេចខ្លះ ?