Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានមតិមួយពោលថា "សាសនាជាប្រភពនៃសេចក្តីសុខ” ឯមតិមួយទៀតគេយល់ថា "វិទ្យាសាស្រ្តទេដែល ជាប្រភពនៃសេចក្តីសុខ​" ។

1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានមតិមួយពោលថា “សាសនាជាប្រភពនៃសេចក្តីសុខ” ឯមតិមួយទៀតគេយល់ថា “វិទ្យាសាស្រ្តទេដែល ជាប្រភពនៃសេចក្តីសុខ​” ។​ តើមតិទាំងពីខាងលើនេះមានទស្សនៈបែបណា ? ចូរពិភាក្សាគ្នា ។

សេចក្តីអធិប្បាយ

នៅលើសកលលោកយើងនេះ​ មិនថា​ ប្រទេសមួយណាទេ​ រមែងតែងតែមានសាសនា​ ជាមាគ៌ាសម្រាប់ជាការប្រតិបត្តិរបស់មនុស្ស។ វាក៏ជាតម្រូវការមួយចាំបាច់ចំពោះការផ្តល់សេចក្តីសង្ឃឹម​ សេចក្តីសុខសម្រាប់មនុស្សដោយមិនអាចខ្វះបានឡើយ។​ ទាក់ទងនឹងបញ្ហានេះយើងឃើញមានមតិពីរលើកឡើងថា​ សាសនា​ ជាប្រភពនៃសេចក្តីសុខ​ ឯមតិមួយទៀតយល់ថា វិទ្យាសាស្ត្រទេជាប្រភពនៃសេចក្តីសុខ​ ។​

តើសាសនា​ ឬវិទ្យាសាស្ត្រដែលជាប្រភពនៃសេចក្តីសុខ?

ដើម្បីជាប្រទីបក្នុងការពិភាក្សា​ យើងគួរគប្បីយល់ន័យនៃ​ ពាក្យមួយចំនួនដូចជា​ “សាសនា​ ប្រភពសេចក្តីសុខ​ និងវិទ្យាសាស្ត្រ” ។​” សាសនា”​ សំដៅលើពាក្យទូន្មានប្រៀនប្រដៅអប់រំមនុស្ស​ ស្វែងរកសេចក្តីសុខ​ សុភមង្គល​ ដោយវៀរចាកអំពើ​ បាប​ បែរស្រឡាញ់តែអំពើជាកុសល។ ប្រភពគឺដើមកំណើតទីខាងដើមហេតុដើម​ ។​ សេចក្តីសុខភាពសុខកាយសប្បាយចិត្ត គ្មានហ្មងសៅ សេចក្តីស្ងប់ គ្មានការក្រេវក្រោធខឹងសំបារ ឯវិទ្យាសាស្ត្រ ជាអង្គពុទ្ធិមួយដែលមានលក្ខណៈផ្ទៀងផ្ទាត់មានលក្ខណៈជាប្រព័ន្ធ និងមានលក្ខណៈប្រាកដឬជាគម្ពីរត្រាប់វិជ្ជាផ្សេងៗ ឬវិជ្ជាដែលគេរកដោយការលែផ្សំមានការផ្សំធាតុជាដើម។ តាមគំនិត”សាសនា​ជា​ប្រភព​នៃសេចក្តីសុខគឺមានន័យថា សាសនាឬពាក្យទូ អប់រំ ជាដើមចម ជាដើមកំណើតឬជាហេតុនាំឲ្យមានសេចក្តីសុខសប្បាយចិត្ត គ្មានសេចក្តីហ្មងសៅ ធ្វើឲ្យអារម្មណ៍ជ្រះថ្លាក្នុងជីវិតរស់នៅ។ជាការពិតណាស់ សាសនា វាជាអាភៀនសម្រាប់មនុស្សរាល់គ្នា​ ដែលធ្វើឲ្យញៀនញ៉ាម​ ហើយតែងតែស្រែកហៅរកវាគ្មានស្រាកស្រាន្តឡើយ។​ វាបាន​ ផ្តល់សេចក្តីសុខដល់មនុស្សពីព្រោះ យើងឃើញហើយថាសាសនាជាអ្នកដើរតួនាទីដ៏សំខាន់ជួយធ្វើឲ្យមានការឯកភាពក្នុងការគ្រប់គ្រងសង្គម​ វិស័យនយោ​បាយ​សង្គម អប់រំចិត្តឲ្យល្អប្រសើរ ជំនួយដល់ការសិក្សាទាក់ទងនឹងភាសា អក្សរសិល្ប៍ជាចិត្តសាស្រ្ដ​ជួយ​លោង​លោមមនុស្ស និងធ្វើឲ្យមនុស្សបាត់ការឈឺចាប់ទាំងឡាយ។ ជាអ្នកអប់រំមនុស្សឲ្យវៀរចាកនូវអំពើបាបអំពើអកុសល លះបង់នូវសេចក្តីកំណាញ់ចង្អៀតចង្អល់ គំនុំគុំគួន ច្រណែនឈ្នានីស ​ព្យាបាទគ្នាទៅវិញទៅមកៗ។ មិនតែប៉ុណ្ណោះ សាសនា ជាប្រភពនៃសីលធម៌ឬគន្លងដ៏ល្អសម្រាប់អប់រំមនុស្សឲ្យមានសេចក្តីថ្លៃថ្នូរ ស្លូតបូតសុភាពរាបសារ ទន់ភ្លន់ ចេះជួយសង្គ្រោះរវាងគ្នានិងគ្នាបណ្តុះគំនិតស្រឡាញ់ចំពោះអ្វីៗដែលនៅជុំវិញជីវិតរបស់ខ្លួនឯង។ ជាងនេះទៅទៀត​ សាសនាបានចូលរួមចំណែកក្នុងវិស័យច្បាប់បម្រើដល់មនុស្សខាងអាណាចក្រ​ ដែលបម្រើដល់ការរស់នៅក្នុង​សង្គម​។​ គឺថាមានសណ្តាប់ធ្នាប់របៀបរៀបរយសុខសន្តិភាព​ ភាតភាពការសន្តោសប្រោសប្រណ៏​ គ្មានការកាប់សម្លាប់​ ភ្លើងសង្គ្រាមបង្ហូរឈាមឈ្លានពាន​ រំលោភបំពានលើគ្នាឡើយ។​ មួយវិញទៀត​ វាក់បង្ករលក្ខណៈល្អប្រសើដល់មនុស្ស​ ពោលគឺ ភាពស្មោះត្រង់​ មិនភូតភរបោកបញ្ឆោត​ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនមនុស្សបានយល់ពីតួនាទី​ ភាតព្វកិច្ច​ និងសិទ្ធិរបស់ខ្លួន​ និងអនុវត្តមាគ៌ារស់នៅរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងបានជោគជ័យខ្ពស់បំផុត​។​ តួយ៉ាង​ សាសនាព្រះពុទ្ធ​ ដែលជាសាសនារបស់រដ្ឋនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន​ ដែលមានប្រជាជន​ប្រមាណ​ជាង​ កៅសិបភាគរយប្រតិបត្តិនោះ​ បានផ្តល់​ សេចក្តីសុខដល់ពលរដ្ឋខ្មែរត្រប់រូបតាមរយៈ​ ការអប់រំ​ ទូន្មាន​ប្រៀនប្រដៅ​ ដុសខាត់ផ្លូវចិត្តសង្គមឲ្យកាន់តែស្អាតបរិសុទ្ធ ឯវត្តអារាមព្រះពុទ្ធសាសនាវិញជាកន្លែងបើកឱកាសល្អប្រសើរពុទ្ធបរិស័ទក្នុងការពិភាក្សាគ្នាអំពីកិច្ចការដែលជាប្រយោជន៍រួមនោះបានយ៉ាងងាយស្រួល​ និង​ ជាពិសេសទៅទៀតនោះសាសនាព្រះពុទ្ធបានចូលរួមក្នុងសកម្មភាពសង្គមកម្ពុជាក្នុងគោលបំណងបម្រើនសេចក្តីដល់មនុស្សយ៉ាងច្រើនវិស័យ។ រួមសេចក្តីមកមតិថា​ “សាសនា​ ជាប្រភពសេចក្តីសុខពិតជាត្រឹមត្រូវ​ ម្យ៉ាងដែរ។ ទោះបីជាមតិ “សាសនាជាប្រភពនៃសេចក្តីសុខ” ហាក់ដូចជាត្រឹមត្រូវម្យ៉ាងក៏ពិតមែន​ ប៉ុន្តែផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្រនិយម ក៏មានមតិលើកឡើងថា “វិទ្យាសាស្រ្តជាប្រភពនៃសេចក្តីសុខ”។

មតិនេះមានន័យថាចំណេះដឹងមានលក្ខណៈ ជាប្រព័ន្ធអាចផ្ទៀងផ្ទាត់បាន វិជ្ជាផ្សំធាតុ​ផ្សេងៗនោះទេ ដែលជាដើមហេតុនៃសេចក្តីសុខ ឬមានន័យថាបច្ចេកវិទ្យា សម្ភារៈ ឧបករណ៍… ដែលបង្កើតដោយវិទ្យាសាស្ត្រ ដែលជួយដល់មនុស្សឲ្យរស់រានប្រកបដោយសេចក្តីសុខ។ បើយើងក្រឡេកមើលនៅក្នុងពិភពលោកនាសម័យបច្ចុប្បន្ននេះ យើងឃើញយ៉ាងជាក់ច្បាស់ថាវិទ្យាសាស្ត្រកំពុងតែរីកចម្រើនដល់ម្រិតកំពូល ជាហេតុជួយសម្រួលដល់មនុស្សឲ្យរស់នៅបានយ៉ាងស្រណុកសុខស្រួល។ វិទ្យាសាស្ត្រ​ ដឹកនាំមនុស្សឲ្យស្រឡាញ់សច្ចៈភាពគឺជាការស្រ​ឡាញ់​នូវការពិតទូទៅទាំងអស់​ មិនធ្វើឲ្យមនុស្សលង់តាមការអូសទាញរបស់អ្នកដទៃបានងាយៗ ឬមិនធ្វើឲ្យជឿគេងាយៗ​ ។ វិទ្យាសាស្ត្រឥតមានជាតិមាតុភូមិ​ ហើយមានតែគោលដៅដឹកនាំ មនុស្សទាំងអស់ទៅរកសេចក្តីសុខតាមផ្លូវកាយផ្លូវសម្ភារៈ អាចធ្វើឲ្យមនុស្សយកជ័យជំនះបានលើធម្មជាតិ ។ វាជាមធ្យោបាយធ្វើឲ្យលូតលាស់តាមផ្លូវសម្ភារៈ ដើម្បីស្វែងរកនូវភោគទ្រព្យ។​ ជាអ្នកផ្ដល់នូវអ្វីៗ សព្វយ៉ាងចំពោះការរស់នៅរបស់មនុស្ស ។ តួយ៉ាង សម្ភារៈប្រើប្រាស់ទំនើបៗ ដូចជា ឡាន គ្រឿងអលង្ការ ទូរស័ព្ទ កុំព្យូទ័រ ចំណេះដឹងទាន់សម័យ និងផ្សេងៗ ទៀតជាច្រើនបានបម្រើដល់មនុស្សឲ្យមានលក្ខណៈ​ងាយស្រាល។ មិនតែប៉ុណ្ណោះ សម័យបច្ចុប្បន្ននេះ ដោយសារប្រព័ន្ធវិទ្យាសាស្រ្តជឿនលឿន បង្កើតឲ្យមានបច្ចេកវិទ្យាទំនើប ។ ឧបករណ៍ប្រើប្រាស់ជាច្រើនដូចជា ម៉ាស៊ីនកូរច្រត កាត់សូច …ទាំងអស់នេះហើយដែលសប្រលឲ្យមនុស្សកាត់បន្ថយការនឿយហត់ និងការប្រើកម្លាំងកាយធ្ងន់ធ្ងរ។ មួយទៀតផ្នែកសុខភាព ក៏វិទ្យាសាស្រ្តបានរួមចំណែកយ៉ាងធំចេងក្នុងការព្យាបាល និងការពារជំងឺបានយ៉ាងសក្តិសិទ្ធ និងរហ័សទៀតផងដូចជាការប្រើឱសថ ការវះកាត់ និងការផ្តល់វ៉ាក់សាំងជាដើម។ ចំពោះផ្នែកអេឡិចត្រូនិច វិទ្យាសាស្ត្របានបង្កើតឲ្យមានសម្ភារៈ ទំនើបៗដើម្បីបំពេញតម្រូវការប្រើប្រាស់របស់មនុស្ស។ និយាយរូំវិទ្យាសាស្ត្របាន ធ្វើឲ្យមនុស្សបំពេញការងារមានភាពធូរស្រាល ការធ្វើដំណើរទៅណា ណាមកណាបានលឿនរហ័ស និងស្រណុកកាយ មាន សេវាកម្មសុខភាពល្អ មានគ្រឿងឧបករណ៍ប្រើប្រាស់ល្អៗជួយសម្រួលដល់ការរស់នៅទទួលបានភាពងាយស្រួល និង តាមតម្រូវការលើផ្នែកសម្ភារៈ។ ដូចនេះ គេថា “វិទ្យាសាស្ត្រ ជាប្រភពនៃសេចក្តីសុខ” មតិនេះក៏ត្រឹមត្រូវម្យ៉ាងដែរ។

​ បើយើងយកមតិទាំងពីរមកធ្វើការវិភាគពិចារណា យើងឃើញថាទាំងសាសនា ទាំងវិទ្យាសាស្ត្រ គឺសុទ្ធតែបានរួមចំណែកធ្វើឲ្យមនុស្សកើតនូវសេចក្តីសុខដូចៗគ្នា។ តែថាសាសនាធ្វើឲ្យមនុស្សសុខខាងផ្លូវចិត្ត ស្ងប់អារម្មណ៍ ចេះស្រឡាញ់គ្នា ជួយគ្នា ស្រឡាញ់កុសល វៀរចាកអកុសល្យនិងហឹង្សាព្រមទាំងគ្មានការរំលោភបំពាន កាប់សម្លាប់ជាដើម។ ឯវិទ្យាសាស្រ្តធ្វើឲ្យមនុស្សរស់នៅប្រកបដោយផាសុកភាព។

ជារួមមក សាសនា និងវិទ្យាសាស្ត្រ មានគុណសម្បត្តិទីទៃពីរគ្នាក្នុងការផ្តល់សេចក្តីសុខរបស់មនុស្ស។ ទាំងពីរនេះវាតម្រូវការចាំបាច់របស់មនុស្សក្នុងការរស់នៅ ហើយវាបានបំពេញឲ្យគ្នាទៅវិញទៅមក។ មនុស្សត្រូវការភាពស្រណុកកាយ ភាពហ៊ឺហាសំបូរបែបងាយស្រលក្នុងការរស់នៅហើយក៏មិនអាចបោះបង់ចោលជំនឿសាសនា ដែលជាមាគ៌ារំលត់ទុក្ខផងដែរ។

ដូចនេះ ដោយហេតុថាសាសនាក៏ប្រភពសេចក្តីសុខ និងវិទ្យាសាស្ត្រក៏ជាប្រភពនៃសេចក្តីសុខនោះយើងគប្បីចេះថែរក្សាស្រឡាញ់គោរពប្រតិបត្តិ សាសនាឲ្យបានខ្ជាប់ខ្ជាប់ និងខិតខំសិក្សាស្រាវជ្រាវពង្រឹង ពុទ្ធិសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងពូកែដើម្បីក្លាយខ្លួនជាអ្នកពូកែ អ្នកវិទ្យាសាស្ត្រមួយរូបក្នុងផ្តល់សេចក្តីសុខដល់ខ្លួនឯងគ្រួសារខ្លួន និងសង្គមជាតិរបស់យើងឲ្យមានការអភិវឌ្ឍដូចបណ្តាប្រទេសមួយចំនួននៅលើសកលលោកយើងនេះ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1