Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មានមតិខ្លះយល់ថា “សុចរិតជាបំណងប្រាថ្នារបស់មនុស្សទូទៅ” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានមតិខ្លះយល់ថា “សុចរិតជាបំណងប្រាថ្នារបស់មនុស្សទូទៅ” ។ ចូរពន្យល់ដោយលើកយកអំណះអំណាងក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ និងរឿងថៅកែចិត្តចោរមកបញ្ជាក់ ។

សេចក្តីអធិប្បាយ

តាមរយៈស្នាដៃអក្សរសិល្ប៍រឿង ព្រះអាទិតថ្មីរះលើផែនដីចាស់ និង រឿងថៅកែចិត្តចោរ អ្នកនិពន្ធបានបង្ហាញឲ្យយើងអ្នកសិក្សាឃើញថា ការងាររបស់មនុស្សដែលកំពុងធ្វើ ឬបានធ្វើហើយនោះជាការងារត្រឹមត្រូវផងនិងមិនត្រឹមត្រូវផង។ តែធម្មជាតិនៃមនុស្សគឺភាគច្រើនស្រឡាញ់ពេញចិត្តប្រាថ្នាចង់បានតែការងារសុចរិតត្រឹមត្រូវទៀងត្រង់ ។ ដោយហេតុនេះហើយ ទើបមានទស្សនៈមួយលើកឡើងថា “ការងារសុចរិតជាបំណងប្រាថ្នារបស់មនុស្សទូទៅ” ។ តើមតិនេះត្រឹមត្រូវឬយ៉ាងណា?

មុនឈានដល់ការបកស្រាយវែកញែកយើងគប្បីយល់នូវន័យពាក្យ “សុចរិត” និង “បំណងប្រាថ្នា។សុចរិត មានន័យថា សេចក្តីទៀងត្រង់ ត្រឹមត្រូវសេចក្តីប្រព្រឹត្តល្អ។ ឯបំណងប្រាថ្នា ជាក្តីរំពឹងចង់បានជាតម្រូវការ ការប៉ងប្រាថ្នា ការចង់បាន។ ដូចនេះ មតិខាងលើមានន័យថា ការងារត្រឹមត្រូវ ទៀងត្រង់ ឬការប្រព្រឹត្តល្អប្រសើរជាក្តីរំពឹង ជាទីប៉ងប្រាថ្នាចង់បានរបស់មនុស្សទូទៅគ្រប់ៗគ្នា។ បានន័យថា ជាតិនៃមនុស្សគ្រប់រូបទោះសឬខ្មៅ ទាប ឬខ្ពស់សុទ្ធតែប្រាថ្នាចង់បាន ឬចង់មានការងារដ៏ល្អប្រសើរមួយសម្រាប់ប្រកបជារបរប្រចាំជីវិតពោលគឺ រាល់សកម្មភាពទាំងឡាយណាដែលនាំមកនូវសេចក្តីរីកចម្រើនវាជាតម្រូវការចាំបាច់របស់មនុស្ស។ ជាការងារត្រូវមានន័យថាការប្រព្រឹត្តដ៏ល្អទៀងត្រង់ខាងផ្លូវកាយដោយមិនបៀតបៀន ការមិនលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ និងការមិនប្រព្រឹត្តខុសផ្សេងៗពោលគឺមិនរំលោភបំពានអ្នកដទៃ។ វាជាប្រភពនៃសាមគ្គីធម៌ ជាចំណងសម្រាប់ចងភ្ជាប់មនុស្សគ្រប់គ្នាឲ្យរួមរស់បានសេចក្តីសុខសាន្តជាមួយក្រុមគ្រួសាររបស់ខ្លួន សង្គមរបស់ខ្លួន និងប្រទេសជាតិខ្លួន។ វាផ្តល់នូវសេចក្តីសប្បាយត្រឹមត្រវហើយវាក៏ជាវត្ថុនៃសុភមង្គលជាសកម្មភាពសក្តិសិទ្ធិដែលតែងតែនាំឲ្យយើងនឹកឃើញនូវតម្លៃផ្ទាល់ខ្លួនបានជាអំពើប្រពៃរបស់មនុស្សសម្រាប់បញ្ជាក់នូវលក្ខណៈរូបិយ បញ្ញា និងសេរីភាពរបស់យើង ញ៉ាំងឲ្យមនុស្សទៅជាចៅហ្វាយជាម្ចាស់លើធម្មជាតិ ធ្វើឲ្យជីវិតមានភាពទៀងទាត់ និងមានវិន័យ នាំឲ្យមនុស្សចេះដឹកនាំអារម្មណ៍របស់ខ្លួន ជាការដែលមនុស្សបានធ្វើធម្មជាតិជម្រុញឲ្យខ្លួនមានប្រយោជន៍ និងវាជាអាជីវកម្មដោយប្រាជ្ញាលើកំណត់និយមសម្ភារៈ។ យ៉ាងណាមិញស្នាដៃរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់អ្នកនិពន្ធ សួន សុរិន្ទ បានរំលេញចេញឲ្យឃើញផងដែរ។តាមរយៈសកម្មភាពរបស់តួអង្គសម។ សមដូរការងារជាច្រើនលើកច្រើនសារ ដោយសារតែសមនោះឯងចង់បានការងារត្រឹមត្រូវ មិនឲ្យគេមើលងាយ សង្គមស្អប់ខ្ពើមហើយពិតជាចង់បានការងារត្រឹមត្រូវជាជាងលុយដូចមានសម្តីសមក្នុងវគ្គទីពឹងថ្មីបាននិយាយថា “ព្រះតេជះគុណមេត្តាខ្ញុំបាទនោះ សុំព្រះតេជះគុណកុំឲ្យប្រាក់ខ្ញុំបាទធ្វើអ្វីទានប្រោសសុំព្រះតេជះគុណមេត្តាជួយរកការងារឲ្យខ្ញុំបាទធ្វើវិញល្អជាជាង ព្រោះខ្ញុំបាទកំពុងដើររកការងារធ្វើ ការអីក៏បានដែរទានប្រោស ឲ្យតែការងារសុចរិត ខ្ញុំបាទអាចធ្វើ បានទាំងអស់ ដោយមិនរើសថាការធ្ងន់ ឬស្រាលឡើយ” ។ ចំណែកឯក្នុងរឿងថៅកែចិត្តចោរវិញ ក៏ដូច្នោះដែរ គឺបាន បង្ហាញ ពីតម្លៃនៃការងារសុចរិតគឺ ត្រង់ថាតួអង្គពូហំចង់បាន ការងារល្អ ត្រឹមត្រូវសុចរិតដែរ តែដោយហេតុថាកាលៈ ទេសៈបង្ខំ គាត់ត្រូវការលុយយកទៅមើលជម្ងឺម្តាយ បញ្ជូន កូនទៅសាលា និងផ្គត់ផ្គង់ជីវភាពទីទាល់ក្ររបស់គ្រួសារ ទើបគាត់បង្ខំចិត្តធ្វើការងារជូនថៅកែដោយបើកឡានបុកឡានថៅកែហុងលី។ កត្តានេះមិនមែនជាការពេញចិត្ត ឬជាបំណងប្រាថ្នារបស់គាត់ឡើយ។ ទោះបីគាត់ប្រព្រឹត្តទុច្ចរិតក៏គាត់នៅមានឧត្តមគតិស្រឡាញ់ពេញចិត្តការងារសុចរិតដដែល។ នេះបញ្ជាក់ថាមនុស្សចងើបានតែការងារសុចរិតប៉ុណ្ណោះ។

សរុបមក ការងារសុចរិតជាបំណងប្រថ្នារបស់មនុស្សគ្រប់ៗរូប ដើម្បីរស់រានក្នុងជីវភាពសង្គមប្រកបដោយសុភមង្គល។ ឆ្លងតាមការបំភ្លឺទាំងឡាយខាងលើរួចមកយើងឃើញថា ការងារសុចរិតមានគុណតម្លៃដ៏វិសេសវិសាលណាស់។ ការងារសុចរិតនេះ ជាកម្មវត្ថុរបស់មនុស្សដែលតែងតែទាមទារយកមក ជាស្ពានចម្លងទៅត្រើយសុភមង្គល ព្រោះការងារនេះល្អ និងថ្លៃថ្នូរបំផុត។

ដូចនេះ យើងជាកូនខ្មែរត្រូវចេះលើស្ទួយអភិវឌ្ឍប្រទេសខ្មែរឲ្យបានរីកចម្រើនដោយ ម្នាក់ៗប្រកបតែការងារសុចរិត។បើយើង ជាកុលបុត្រខ្មែរគ្រប់ៗគ្នាប្រកាន់ខ្ជាប់តែការងារសុចរិតល្អត្រឹមត្រូវពិតប្រាកដនោះកម្ពុជាយើងនឹងសុខសាន្តរុងរឿងយ៉ាងពិតប្រាកដ​។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1