Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានពាក្យស្លោកមួយលើកឡើងថា «អានដើម្បីសុខភាពសុខដុមនៃជីវីត» ។

1 student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ មានពាក្យស្លោកមួយលើកឡើងថា «អានដើម្បីសុខភាពសុខដុមនៃជីវីត» ។

សេចក្តីអធិប្បាយ

ចំណេះដឹងរបស់មនុស្សម្នាក់ៗអាចទទួលបានតាមវិធីច្រើនយ៉ាង ដែលក្នុងនោះរាល់ការអានសៀវភៅនិងអត្ថបទស្នាដៃអក្សរសិល្ប៍ផ្សេងៗក៏ជាប្រភពនៃការចេះដឹងដ៏មានសារៈសំខាន់របស់មនុស្សផងដែរ ។ ការអានស្នាដៃរបស់អ្នកនិពន្ធ កវី ដែលចងក្រងឡើងដោយបណ្ឌិតអ្នកប្រាជ្ញទាំងឡាយ គឹអាចបណ្តុះគំនិតមនុស្សឲ្យលះបង់សេចក្តីល្ងង់ខ្លៅ និងទិដ្ឋិមានៈ ចោលហើយបានមកវិញនូវពុទ្ធិល្អៗដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលដែលគ្រួសារ និងសង្គមជាតិត្រូវការ ។ ​អាស្រ័យដូចនេះហើយទើបមានពាក្យស្លោកមួយលើកឡើងថា « អានដើម្បីសុខភាពសុខដុមនៃជីវីត » ។

តើមតិខាងលើមានអត្ថន័យខ្លឹមសារយ៉ាងណាខ្លះ ?

ដើម្បីជាប្រយោជន៍នៅក្នុងការបកស្រាយខ្លឹមសារប្រធានខាងលើឲ្យកាន់តែក្បោះក្បាយថែមមួយកម្រិតទៀតនោះ ជាបឋមយយើងគប្បីយល់ន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យថា «​ភាពសុខដុម » មានន័យថាការរស់នៅផ្តុំគ្នាឬ នៅចូលគ្នាជាសុខឥតគម្គ៉ោះហ្មង ឬសេចក្តីសប្បាយរីករាយដោយការរស់នៅមូលគ្នាជាសុខស្រួល ។ សម្របតាមន័យនេះ មតិប្រធានចង់មានន័យថា អានដើម្បីឲ្យមានការចេះដឹងចេះគិតពិចារណា អប់រំខ្លួនឯង ចេះរស់នៅជាមួយសង្គមដោយសុខជា និងធ្វើឲ្យជីវីតរស់នៅមានសេចក្តីសុខ សប្បាយរីករាយហើយរស់នៅជាមួយគ្នាយ៉ាងសុខក្សេមក្សាន្ត ។

ពិតមែនហើយ ការអានអត្ថបទស្នាដៃអក្សរសិល្ប៍នានាគឺបានដឹកនាំជីវីតឲ្យរស់នៅក្នុងភាពសុខដុមរមនាបានដោយហេតុថារាល់វណ្ណកម្មទាំងឡាយដែលប្រសូតចេញឡើងពីទឹកដៃប៉ិនប្រសប់របស់អ្នកនិពន្ធគឺតែងបង្កប់នូវតម្លៃអប់រំបែបណាមួយរួចជាស្រេច ដែលនេះគេហៅថា ឧត្តមគតិនៃរឿង ។ ការអានស្នាដៃអក្សរសិល្ប៍គ្រប់ចលនាទាំងអស់ដូចជា ខេមរនិយម ពុទ្ធិនិយម និងព្រាហ្មណ៍និយមជាដើមគឺពុំឥតប្រយោជន៍នោះឡើយ អ្នកអាននិងស្វែងរកឃើញនូវគំនិតអប់រំអ្វីមួយចេញពីស្នាដៃនោះ ហើយត្រិះរិះវិភាគយ៉ាងល្អិតលញអន់នូវអ្វីដែលជាបំណងពិតរបស់អ្នកនិពន្ធដែលបង្កប់នៅក្នុងស្នាដៃទាំងនោះ ។ ការអានអត្ថបទអក្សរសិល្ប៍អាចផ្តល់ចំណេះដឹងពង្រឹងពុទ្ធិអាចស្វែងយល់ពីបញ្ហាសង្គមនៅមស័យនីមួយៗព្រោះអក្សរសិល្ប៍ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីតថភាពសង្គម ។ បន្ថែមពីលើសនេះទៀត នៅពេលអានស្នាដៃណាមួយ អ្នកអានប្រាកដជាបានដឹងនិងស្គាល់ខ្លះៗពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងបញ្ហានយោបាយជាដើមនៅតាមស្នាដៃនោះ ៕​ យ៉ាងណាមិញ នៅក្នុងរឿង « ទុំទាវ » ដែលនិពន្ធឡើងដោយភិក្ខុសោមអ្នកនិពន្ធបានពន្លេចឲ្យយើងឃើញយ៉ាងច្បាស់ពីទីតាំងស្ថាតាមនៅក្នុងប្រទេសខ្មែរ ជាពិសេសគឺឈ្មោះទីកន្លែងនៅតាមដងទន្លេមេគង្គ ដោយលកបានពណ៌នាយ៉ាងហូរហែរក្នុងកំណាព្យគួរកោតសរសើរក្រៃលែង ព្រមទាំងទិដ្ឋភាពរួមសម័យលង្វែកផងដែរ ។​ក្រៅពីនេះក្នុងរឿង ​«ផ្កាស្រពោន» របស់អ្នកនិពន្ធ នូ ហាច ក៏មិនខុសគ្នាដែរលោកបានរៀបរាប់ពីមាគ៌ាទៅកាន់អង្គរ ពីលំអនៃដងផ្លូវទៅកាន់ប្រាសាទអង្គរ ដែលមានសភាពជាទទីមនោរម្យដោយមានដើមស្រឡៅខ្ពស់ៗផ្តល់ម្លប់ត្រឈៃ និងសំឡេងរៃកណ្តឹងប្រៀបដូចតន្រ្តីធ្វើឲ្យអ្នកអាចអ្នកស្គាល់ក្រុងអង្គរ ហើយស្រឡាញ់ពេញចិត្តទោះជាមិនបានទៅទស្សនាផ្ទាល់ក៏ដោយ ។ ជាងនេះទៅទៀត រាល់ការអានអក្សរសិល្ប៍ក៏ពីតជាបានបង្កើតភាពសុខដុមដល់ជីវីត មែនព្រោះស្នាដៃអក្សរសិល្ប៍បានអប់រំសីលធម៌ និងគុណធម៌ដល់អ្នកអាន ។ ខ្លឹមសារក្នុងអត្ថបទជាច្រើនពិសេសគឺស្នាដៃប្រភេទកាព្យនបរទេស ច្រើនបណ្តុះស្មារតីគឺមនុស្សឲ្យស្គាល់ល្អ ស្គាល់អាក្រក់ ស្គាល់គុណទោស បុណ្យបាប ហើយភាគច្រើនគឹទូន្មានមនុស្សឲ្យសាងអំពើល្អ ។ ជាក់ស្តែងនៅក្នុងស្នាដៃ ច្បាប់ល្បើកថ្មី របស់កវី ក្រមង៉ុយ បានទូន្មានយុវជនស្ទើរគ្រប់រូបភាព ទាក់ទងនិងការរស់នៅរបស់មនុស្សដូចឃ្លាថា « រៀបបទរៀនចាស កុំកផងហួសខ្នាត កុំភ្លាត់ហួសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសន៍ ឃើញចាស់សក់ស្កូវ កុំសូវមើលងាយ » ។ ក្នុងនោះលោកក៏ទូន្មានផងដែរ កុំឲ្យមនុស្សខ្ជិលច្រអូស ត្រូវប្រឹងប្រែងចេះគិតគូវែងឆ្ងាយ ហើយខំសាងល្អទើបសង្គមសុខសាន្ត ដូចជា « កើតមកជាមនុស្ស ទោះស្រីឬប្រុស មិនដែលចេះឯង បើក្រឲ្យមានវិញ្ញាណនេះក្រែង គិតគ្រប់កន្ឡែង កុំដេកតែក្រ » ។ លើសពីនេះទៅទៀត ភាពសុខដុមនៃជីវីត គឺកើតឡើងតាមរយៈស្នាដៃអក្សរសិល្ប៍ ដោតហេតុថាអក្សរសិល្ប៍មួយចំនួនរបស់អ្នកនិពន្ថ គឹបានបណ្តុះស្មារតីសន្តិភាពដល់អ្នកអាន ។ ក្នុងរូបភាពនេះយើងឃើញថា អ្នកនិពន្ធបានផ្តល់ជាគតិដល់អ្នកអានឲ្យមើលឃើញពីវិធីបញ្ចប់ទំនាស់ណាមួយដោយ សន្តិវិធីដែលចុងក្រោយគឺនាំឲ្យសង្គមរស់នៅមានសន្តិភាពយ៉ាងពីតប្រាកដ ។ ជាភស្តុងតាងបើយើងចោលភ្នែកក្រលេកទៅមើលក្នុងស្នាដៃអក្សរសិល្ប៍ពុទ្ធនិយមរឿង «​ ក្រុងសុភមិត្រ » បានបង្ហាញឲ្យឃើញថា ក្រុងសុភមិត្រដែលជាស្តេច សុខចិត្តយាងចេញពីនគរដោយលះបង់ទៅឲ្យប្តូរឈ្មោះក្រុងសុភមិត្រ គឺដើម្បីរក្សាសន្តិភាពរបស់នគរព្រះអង្គ និងការបញ្ចៀសសង្គ្រាមដែលធ្វើឲ្យរាស្រ្តនិងនគរត្រូវខ្ទេចខ្ទាំខួចអស់ ។ មធ្យោបាយនេះគឺជាការញ្ញាក់ស្មារតីដល់អ្នកអានឲ្យស្វែងយល់ពីតម្លៃនៃសន្តិភាព និងការលះបង់ប្រយោជន័ផ្ទាល់ខ្លួនដើម្បីប្រយោជនរួមផងដែរ ។ ចំណែកឯនៅក្នុងស្នាដៃរឿងព្រះវេស្សន្តរ វិញគឹមានលំនាំប្រហាក់ប្រហែលគ្នាទៅនិងរឿងខាងដែរតួអង្គព្រះវេស្សន្តរ សុខចិត្តចេញពីនគរតាមសំណូមពររបស់អ្នកស្រីពិរាស្រ្តដែលខឹងច្រឡោត ព្រោះព្រះអង្គបានប្រទានដំរីបច្ច័យនាគទៅអ្នកនគរក្លិង្គរាស្រ្តដែលកំពុងជួបគ្រោះទុរភិក្សរាំងភ្លៀង អត់បាយ ។ ទង្វើរបស់ព្រះវេស្សន្តរ ​បានធ្វើឲ្យអ្នកស្រីពិរាស្រ្តបានក្តៅក្តហាយ ហើយនៅទីបំផុតពួកគេនាំគ្នាទៅយាងទ្រង់ពីភ្នំគិរីវង្គត់ឲ្យត្រឡប់មកសោយរាជ្យសម្បត្តិវិញ ។ រីឯនៅក្នុងស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយមក៏មានចំណុចខ្លះជាការបណ្តុះគំនិតសន្តិភាពដល់អ្នកអានដែលថ្វីបើស្នាដៃនេះ មានគោលនិយមប្រើហិង្សានៅក្នុងការដោះស្រាយទំនាស់ក៏ដោយ ៕ បើយើងក្រលេកទៅមើលក្នុងស្នាដៃរឿង រាមកេរ្តិ៍ នៅត្រង់ខ្សែទី១ ឃើញថា តួអង្គព្រះរាមបានបញ្ចប់ទំនាស់ក្នុងរាជវង្សរបស់ព្រះអង្គដោយសន្តិវិធី ពោលគឺការចាកចេញពីនគរទៅបួសក្នុងព្រៃចំនួនដប់បួនឆ្នាំ តាមសំណើររបស់នាងកៃកេសី ។ ត្រង់នេះអាចបញ្ចាក់ថាព្រះរាមគិតគូរពីព្រះនគរ និងរាស្រ្ត ព្រមទាំងរាជ្យវង្សរបស់ព្រះអង្គផងដែរព្រោះបើទ្រង់មិនធ្វើតាមសំណើរនេះ ជម្លោះប្រាកដជាកើតមានជាក់ជាមិនខាន ។ ហេតុនេះដើម្បីសន្តិភាពព្រះអង្គសុខចិត្តចេញទីបួសនៅក្នុងព្រៃដែលយើងរាប់ថាជាមធ្យោបាយមួយដ៏ប្រសើរបំផុត ។ បន្ថែមពីនេះទៅទៀត បានជាពាក្យស្លោកលើកឡើងថា អានដើម្បីសុខុមនៃជីវីត ពីព្រោះថាការអានដូជជាស្នាដៃអក្សរសុល្ប៍ជាដើម គឹផ្តល់ការអប់រំច្រើនដល់មនុស្ស រួមមានបង្រៀនយើងឲ្យចេះដោះស្រាយបញ្ហាជីវភាពប្រកបដោយភាពឆ្លាតវៃស្នាដៃអក្សរសិល្ប៍ជាដើម ​គឹផ្តល់ការអប់រំច្រើនដល់មនុស្ស រួមមានបង្រៀនយើងឲ្យចេះដោះស្រាយបញ្ហាជីវភាពប្រកបដោយភាពវៃឆា្លតអប់រំយើងឲ្យចេះតស៊ូព្យាយាមក្នុងការរស់នៅ ៕ តាមរយៈតួអង្គមួយចំនួន យើងឃើញថា អាចគំរូមួយសម្រាប់អ្នកអានបណ្តុះគំនិតនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ។ ជាទឡ្ហីករណ៍នៅក្នុងស្នាដៃអក្សរសិល្ប៍ប្រជាប្រិយ រឿង ក្មេងកំព្រា បានបង្រៀនមនុស្សឲ្យស្វែងយល់ពីតម្លៃនៃការសិក្សារៀនសូត្រនិងត្រាប់តាម ។ ក្មេងកំព្រាពីរនាក់បងប្អូន ដែលក្រោយពេលឪពុកស្លាប់ទៅ គឺបានធ្វើឲ្យជីវីតរបស់គេប្រសើរជាងឪពុក តាមតួអង្គកុមារប្អូនដែលជាមនុស្សឆ្លាតចេះពិនិត្យ សង្កេត និងត្រាប់តាម កាយវិការរបស់ឪពុកក្នុងការធ្វើជុតដាក់ត្រីចិញ្ចឹមជីវីត ។ ប៉ុន្តែអ្វីដែលកុមារប្អនមានលលើសឪពុកនោះគឺ ជាគំនិតច្នៃប្រឌិតរបស់គេពោលគឺដំបូងគឹធ្វើជុតដាក់ត្រីសម្រាប់ហូបតែមួយថ្ងៃទេ តែយូរទៅគេដាក់ព្រឹកម្តង ហូបបានច្រើនថ្ងៃ រហូតបានយកទៅលក់បន្ថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះគេមានគំនិតចេះធ្វើជុតដាក់សត្វនៅលើគោកតៀត គឹដាក់ជាប់ម្រឹគ និងអាចដាក់ដល់យក្សទៀត ។ នៅទីបំផុត គេបានក្លាយទៅជាស្តេចនៃនគរមួយ ។ ទាំងនេះបើមិនបានជាចំណេះដឹងអ្វីច្រើនសម្រាប់អ្នកអាន ក៏អានបាន ជាទុនជីវីតមួយសម្រាប់មនុស្សក្នុងការយកជាគតិសម្រាប់កសាងជិវីតរស់នៅឲ្យមានសេចក្តីសុខផងដែរ ។

សរុបសេចក្តីមកយើងឃើញថា ការអានគឺដើម្បីផ្តល់ភាពសុខដុមដល់ជិវីត ពិតមែនពោលគឹមានអត្ថប្រយោជន៍ពុំអាចកាត់ថ្លៃបានសម្រាប់មនុសុ្សម្នាក់ៗ ។​សូម្បីតែនៅក្នុងប្រទេសអភិវឌ្ឍនានាក៏គេពុំដែលបោះបង់ចោលការអាននេះដែរ ។

ឆ្លងតាមរយៈការបកស្រាយរួចរាល់ខាងលើ យើងអាចវាយតម្លៃមតិប្រធានបានថា មានខ្លឹមសារល្អគឺបានចូលរួមលើកកម្ពស់ការអានជំរុញនិងដាស់តឿនប្រជាជនកម្ពុជាឲ្យស្រឡាញ់ការាអាន ដើម្បូរួមចំណែកការពារ និងពង្រីងវប្បធម៌ខ្មែរ ។ អ្វីដែលសំខាន់នោះគឹការអានស្នាដៃអក្សរសិល្ប៍ជាតិក្នុងបំណងបង្កើនចំណេះដឹង និងពុទ្ធិសម្រាប់យើងទាំងអស់គ្នា ។​ដូចនេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយគប្បីចំណាយពេលវេលាឲ្យបានច្រើនក្នុងការអានសៀវភៅដើម្បីពង្រីកចំណេះដឹង ជាជាងចំណាយពេលវេលាឥតប្រយោជន៍ទៅលើសកម្មភាពនានាដូចជាលេងល្បែង សេពគ្រឿងញៀនជាដើម ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1