Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ" ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានទស្សនៈមួយពោលថា “ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ” ។ តើមតិនេះត្រឹម​ត្រូវដែរ ឬទេ ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកបញ្ជាក់ ។

សេចក្តីអធិប្បាយ

នៅក្នុងសកលលោកយើងនេះ គេសង្កេតឃើញប្រទេសដែលនៅភូមិផងក្បែររបងជាមួយគ្នា តែងតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកលើគ្រប់វិវស័យ។ ក្នុងនោះដែរគេសង្កេតឃើញ​ការប្រើប្រាស់ភាសាខ្មែរភាគច្រើនបានខ្ចីមកពីភាសាបាលីសំស្រ្កឹត ដែលជាហេតុនាំឲ្យមានទស្សនៈ​មួយពោលថា “ភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសាខ្មែរ”។

តើមតិខាងលើនេះត្រឹមត្រូវដែរ ឬទេ?

ដើម្បីជាជំនួយក្នុងការបកស្រាយវែកញែករកឲ្យឃើញច្បាស់នូវទស្សនៈខាងលើ ជាបឋម​យើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ “ភាសា” គឺជាពាក្យ ឬសម្តីដែលប្រើសម្រាប់ទាក់ទង​គ្នា ឬសម្តែងមនោសញ្ជេតនាប្រាប់គ្នាទៅ​វិញទៅមក។ “ម្តាយ” ជាអ្នកបង្កើត ឬជាអ្នកឲ្យកំណើត។ តាមន័យរបស់ប្រធានខាងលើ គឺភាសាបាលី សំស្រ្កឹតជាអ្នកឲ្យកំណើតដល់ភាសាខ្មែរ។

តាមទស្សនៈដែលថាភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសានោះគឺពិតជាប្រាកដណាស់ ព្រោះថាភាសាបាលីសំស្ក្រឹតមានដើមកំណើតនៅឥណ្ឌា ហើយបើតាមប្រវត្តិសាស្ត្រខ្មែរឃើញថា​ខ្មែរមានទំនាក់ទំនងជាមួយឥណ្ឌាតាំងពីសតវត្សទីមួយមកម្ល៉េះ។ ដូច្នេះឥណ្ឌាប្រាកដជាបាននាំ​ភាសាបាលី សំស្រ្កឹតមានកម្រិតខ្ពស់ និងបរិមាណច្រើនណាស់ក្នុងភាសាខ្មែរយើងទាំងភាសា​និយាយនិងសរសេរ។ ឧទាហរណ៍សិលាចារឹករបស់ខ្មែរសុទ្ធតែសរសេរជាភាសាបាលី​ សំស្រ្កឹត រីឯ​ការប្រាស្រ័យទាក់ទងគ្នានៅសម័យមុនគឺយកភាសាបាលីសំស្រ្កឹតជាភាសាយាន ឬភាសាផ្លូវការ​ទៀត​ផង​។ រហូតមកដល់បច្ចុប្បន្ននេះភាសាបាលីសំស្រ្កឹតនៅតែមានឥទ្ធិពលលើភាសាខ្មែរភាគ​ច្រើនដដែល។​ ឧទាហរណ៍៖ស្ថាប័ត្យកម្ម វប្បធម៌ ឯករាជ្យ សិល្ប៍…។ល។ មិនតែប៉ុណ្ណោះនៅតាម​វត្ត​អារាមការប្រើប្រាស់ភាសាបាលីសំស្រ្កឹតនៅ​តែ​ពេញនិយម គឺព្រះសង្ឃសូត្រធម៌ជាភាសាបាលី​ សំស្រ្កឹតទោះសម្រាយជាខ្មែរក៏នៅតែសូត្រជាភាសាបាលីសំស្រ្កឹតដូចមុនដដែល ។ ភស្តុតាងមួយ​ទៀតនេះ គឺផ្អែកទៅលើការស្រាវជ្រាវធំៗអន្តរជាតិដូចជា លោក J. Tau Pan ថា “ភាសាបាលី សំស្រ្កឹតជាមាតានៃភាសាខ្មែរ” ។ សរុបសេចក្តីមកផ្អែកលើភស្តុតាងខាងលើនេះបានបង្ហាញយ៉ាង​ច្បាស់​ថាភាសាបាលី សំស្ក្រឹតពិតជាមាតានៃភាសាខ្មែរមែន។ ផ្ទុយទៅវិញបើយើងពិនិត្យឲ្យល្អិតល្អន់ម៉ត់ចត់ជាងនេះទៅ​ទៀត​ឃើញថាភាសាបាលីសំស្រ្កឹត​ពុំមែនជាមាតានៃភាសាខ្មែរទេ។ និយាយដូចនេះ ព្រោះថាភាសាខ្មែរមានដើមកំណើត​តាំងពីយូរ​លង់ណាស់មកហើយ គឺតាំងពីកំណកំណើតមនុស្សខ្មែរមកម៉្លេះ គឺប្រមាណ ៥០០០ឆ្នាំមុនគ.ស។ លើសពីនេះទៅទៀត ភាសាខ្មែរត្រូវបានពួកភាសាវិទូចាត់ចូលក្នុងអំបូរភាសាធំៗគឺអំបូរ “ខ្មែរមន” ខុសពីភាសាបាលីសំស្ក្រឹតរបស់ឥណ្ឌាស្ថិតនៅក្នុងអំបូរ “ឥណ្ឌូអឺរ៉ុប”។ ដូចគ្នានេះដែរភស្តុតាង​ដែលយើងហ៊ានកំណត់ច្បាស់ថាភាសា​បាលីសំស្ក្រឹតមិនមែនជាម្តាយនៃភាសាខ្មែរ គឺនៅត្រង់ភា​សាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតដូចជា ក្នុងការបន្លឺសម្លេង ភាសាខ្មែរគ្មានការ​លើកដាក់សម្លេងទេ ហើយមានចំនួនព្យាង្គតិច (ពីរព្យាង្គយ៉ាងច្រើន) ខុសពីភាសាបាលីសំស្កឹ្រត​មានចំនួនព្យាង្គច្រើន (បួន ឬប្រាំព្យាង្គ)។ ចំណែកស្រៈ និងព្យញ្ជនៈខ្មែរមានមូលភេទ អ អ៊ ហើយ​មានស្រៈកប់តួនៅក្នុងព្យាង្គទៀតផង។ លក្ខណៈពិសេសមួយទៀតគឺការបង្កើតពាក្យខ្មែរមានប្រើ​វិធីកំលាយដោយផ្នត់ដើម និងផ្នត់ជែក និងវិធីបន្សំ។ ឧទាហរណ៍ កើត > បង្កើត, កំណើត, ខ្នើត…។ ចំពោះលិង្គ និងវចនៈវិញភាសាខ្មែរគ្មានទេ ប៉ុន្តែយើងប្រើពាក្យសម្គាល់ដូចជាញី ឈ្មោល…។ម្យ៉ាង​វិញទៀតភាសាខ្មែរក៏គ្មានក្បួនសម្ព័ន្ធងាយស្រួលក្នុងការបង្កើត​​ប្រយោគ ព្រមទាំងមិនមានវិភត្តិដូច​ជាភាសាបាលីសំស្រ្កឹតទេ។ ប្រការសំខាន់គឺភាសាខ្មែរមានការវិវត្តិចំនួន៣ដំណាក់កាលមកហើយ គឺភាសាខ្មែរបុរាណ (ចាប់ដើមកំណើតមនុស្សខ្មែរ រហូតដល់សតវត្សទី១៥) ភាសាខ្មែរកណ្តាល​(ចាប់ពី​​​​សតវត្ស​ទី១៦ រហូតដល់សតវត្សទី១៩​) និងភាសាខ្មែរបច្ចុប្បន្ន (ចាប់ពីសតវត្សទី២០ រហូត​មក) ។

សរុបសេចក្តីមកភាសាបាលីសំស្ក្រឹតមិនមែនជាភាសាមេនៃភាសាខ្មែរនោះទេ គឺភាសាខ្មែរ​ជាអត្តសញ្ញាណរបស់ខ្មែរ និងស្ថិតនៅជាប់នឹងព្រលឹងរបស់ខ្មែរជារៀងរហូតដែលគ្មានបរទេសណា​មកបំភ្លៃបានឡើយ។

ឆ្លងតាមការបកស្រាយ វែកញែកត្រួសៗមកយើងឃើញថាមតិស្របមិនទាន់ត្រឹមត្រូវទេ ព្រោះ​ភាសាបាលីសំស្ក្រឹតគ្រាន់តែជាកំចីបង្គ្រប់កង្វះខាតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតការប្រើប្រាស់ត្រូវបាន​យកមកច្នៃជាលក្ខណៈខ្មែរពិតៗ។ ឯមតិផ្ទុយវិញពិតជាត្រឹមត្រូវព្រោះយើងបានបង្កើតភាសាដោយ​ខ្លួនឯងតាំងពីខ្មែរមិនទាន់ទទួលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ។ ហើយការយកភាសាបាលីសំស្រ្កឹតក៏​ត្រូវ​កែសម្រួលដើម្បីតម្រូវតាមទស្សនៈខ្មែរទាំងសូរសព្ទ និងរូបសព្ទ។

ជាយោបល់បញ្ចប់ មតិរបស់ប្រធានដែលបានលើកឡើងមិនត្រឹមត្រូវទេព្រោះភាសាខ្មែរមាន​លក្ខណៈពិសេសរបស់ខ្លួន។ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវតែស្វែងយល់ឲ្យច្បាស់​លាស់ និងស៊ីជម្រៅទៅលើអ្វីដែលជាលក្ខណៈ​​ ពិសេសរបស់ជាតិខ្លួន និងត្រូវលើកស្ទួយវប្បធម៌​ជាតិឲ្យកាន់តែថ្កុំថ្កើន និងគង់វង្សជារៀងរហូត។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1