Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានទស្សនៈមួយចែងថា “ការសិក្សាអក្សរសិល្ប៍ គឺសិក្សាពីបញ្ហាមនុស្សនៅសម័យណាមួយ” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានទស្សនៈមួយចែងថា “ការសិក្សាអក្សរសិល្ប៍ គឺសិក្សាពីបញ្ហាមនុស្សនៅសម័យណាមួយ” ។ ចូរអ្នកធ្វើការពន្យល់ទស្សនៈនេះដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ យ៉ាងតិចអោយបីរឿងដែលអ្នកធ្លាប់បានអានកន្លងមក ។

សេចក្តីអធិប្បាយ

បើគេធ្វើការស្រាវជ្រាវពីប្រវត្តិនៃការកកើតទឹកដី វប្បធម៌ ពីបញ្ហាមនុស្ស គេអាចធ្វើការសិក្សាស្រាវជ្រាវតាមរយៈអក្សរសិល្ប៍ដែលជាចំនែកមួយនៃឯកសារពិគ្រោះយ៉ាងសំខាន់បំផុតព្រោះអក្សរសិល្ប៍បារ៍ ឆ្លុះបញ្ចាំងពីសង្គមមនុស្ស។ដោយបានមើលឃើញពីសារប្រយោជន៍នៃអក្សរសិល្ប៍បែបនេះហើយទើបមានទស្សនៈមួយចែងថា”ការសិក្សាអក្សរសិល្ប៍គឺសិក្សាពីបញ្ហាមនុស្ស នៅសម័យណាមួយ”។អក្សរសិល្ប៍ បានសិក្សាពីបញ្ហាមនុស្សយ៉ាងណាខ្លះដើម្បីជាជំនួយដល់ការបកស្រាយគំនិតប្រធានខាងលើនេះ យើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុនសិន។ពាក្យ”អក្សរសិល្ប៍”នៅពេលនេះគឺសំដៅទៅលើកម្រងអត្តបទទាំងឡាយណាដែលលើកយកបញ្ហាមនុស្សមកចោទនិងស្រាយតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ។”បញ្ហាមនុស្ស”មានន័យថា ជាបញ្ហារបស់មនុស្សគ្រប់យ៉ាងដែលទាក់ទងនឹងការ រស់នៅមានសិទ្ធិសេរីភាពមុខរបរជាដើម។ដូចនេះតាមគំនិតប្រធានខាងលើមានន័យថា ការសិក្សាកម្រងអត្ថបទទាំងឡាយ ដែលលើកយកបញ្ហាមនុស្សមកចោទ និងស្រាយនោះគឺជាការសិក្សាស្វែងយល់​ពីបញ្ហារស់នៅគ្រប់យ៉ាងរបស់មនុស្ស ។

ជាការពិតណាស់ បើសិក្សាពីអក្សរសិល្ប៍ គឺពិតជាសិក្សាពីបញ្ហាមនុស្សប្រាកដមែន ។ដោយហេតុថាអក្សរសិល្ប៍មាននាទីសំខាន់ក្នុងការលើកយកបញ្ហាមនុស្សនៅសម័យកាលណាមួយមកឆ្លុះបញ្ចាំង។អក្សរសិល្ប៍ជាពត៌មាន ឬមួយជាប្រភពឯកសារដ៏ចាំបាច់សម្រាប់ផ្តល់ដំណឹងដល់អ្នកអានអោយមើលឃើញពីជីវភាព ឬការរស់នៅរបស់មនុស្សក្នុងសម័យកាលនីមួយៗ។យ៉ាងណាមិញ បើគេធ្វើការសិក្សាពីស្នាដៃអក្សរសិល្ប៍នៃរឿងទុំទាវ យើងពិតជាបានទទួលពុទ្ធិអំពីជីវភាពរស់នៅមនុស្សនាសម័យលង្វែកជាមិនខាន។ដោយហេតុថា អ្នកនិពន្ធបានឆ្លុះអោយឃើញពីរបៀបរស់នៅរបស់មនុស្សនាសម័យនោះពីបញ្ហាសិទ្ធិជ្រើសរើសគូស្រករបញ្ហាទំនៀមទម្លាប់ប្រពៃណី បញ្ហាជំនឿ ឬ បញ្ហាគ្រប់គ្រងជាដើម។ជាក់ស្តែង ជុំវិញបញ្ហាសិទ្ធិជ្រើសរើសគូស្រករ រវាងទុំ និងទាវ បានធ្វើអោយអ្នកទាំងពីរត្រូវប្រឈមមុខ និងអំណាចគាបសង្កត់ពីអំណាចមេគ្រួសារ រហូតដល់អំណាចស្តេចផែនដី។ដូចជានាងទាវត្រូវម្តាយបង្ខំអោយរៀបការជាមួយ ម៉ឺន ងួនដោយប្រៀបប្រដូចនាងទៅនឹងសត្វតិរិច្ឆានៈ ”មិនដែលសោះឡើយទាវអើយនំចម្លើស​បើស​ធំម្តេចជាងនាឡិ កូនគោកៀចកាចដោយព្រៃវាលរោលរាលឈឺខ្លួនជួនដល់ស្លាប់”។ តាមសំដីនេះមានន័យថា បើសិនជានាងទាវនៅតែមានៈមិនព្រមស្តាប់តាមខ្លួនជាម្តាយតទៅទៀតនាងនឹងត្រូវស្លាប់ខ្លួន ដូចជាសត្វគោដែលមិនព្រមចូលនឹមនោះជាមិនខាន។ ភស្តុតាងនេះបញ្ជាក់ថាបញ្ហាសិទ្ធិក្នុងការជ្រើសរើសគូស្រករ របស់យុវវ័យយើងពុំមានឡើយ គឺត្រូវស្ថិតនៅក្រោមអំណាចនៃម្តាយឬមេគ្រួសារជាអ្នកកំណត់។ មួយនឹងបញ្ហាមនុស្សក្នុងរឿងខាងលើនេះក៏បានបង្ហាញបន្ថែមទៀតដែលទាក់ទងនឹងការតស៊ូក្នុងរឿងស្នេហារបស់ពួកគេនៅចំពោះមុខព្រះរាជាដែរ។អ្នកទាំងពីរ ហ៊ានចេញមុខសារភាព ដោយមិនខ្លាចបាត់បង់ជីវិតបានសារភាពថាពួកគេជាសង្សារនឹងគ្នាទៀតផង។ព្រះរាជាពិតជាមានអារម្មណ៍ក្រេវក្រោធយ៉ាងខ្លាំងចំពោះបញ្ហានេះ តែដោយផ្អែកលើធម៍ព្រះអង្គក៏បានទទួលស្គាល់ការពិត ហើយទ្រង់រៀបការអោយអ្នកទាំងពីជាប្តីប្រពន្ធស្របច្បាប់។ នៅទីបំផុតទុំ និងទាវនៅតែមិនបានរួមរស់ជាប្តីប្រពន្ធដដែលដោយសារតែម្ដាយទាវរួមគំនិតជាមួយ អរជូន ម៉ឺនងួន រហូតយក ទុំទៅសម្លាប់ ហើយនាងទាវក៏សុខចិត្តសម្លាប់ខ្លួនតាមទុំ ដើម្បីបញ្ជាក់ពីទឹកចិត្តស្មោះ។នេះជាបញ្ហាចំបងរបស់មនុស្សដ៏ធំមួយនៅសម័យលង្វែកគឺបញ្ហាសិទ្ធិជ្រើសរើសគូស្រករ។ រីឯបញ្ហាមនុស្សតាមរយៈ រឿងគូលីកំនែនវិញក៏បានលាតត្រដាងអោយឃើញថានាសម័យអាណានិគមបារាំង និងជប៉ុនប្រជារាស្រ្តខ្មែរ រងទុក្ខលំបាកយ៉ាងខ្លាំងដោយការបង់ពន្ធ និងត្រូវជាប់កំនែន។ដូចជាតាលឹម តាម័យ អន្ទិតថន ត្រូវជាប់កំនែន ហើយរាល់បញ្ហានេះត្រូវបានតាមុយបញ្ជាក់ថា រាជការបង្គាប់អោយកេណ្ឌយករយនាក់ តែមេឃុំផាន់កេណ្ឌលើសម្ភៃនាក់ ដោយតំរូវទៅលើគ្រួសារណាដែលមានធុរៈចាំបាច់។ តែអ្នកទាំងនោះអាចយកប្រាក់ហាសិបរៀលអោយមេឃុំផាន់ដើម្បីអោយគាត់រកជួលគូលីជំនួស។ការប្រើវិធីនេះ មេឃុំផាន់បានប្រាក់យ៉ាងច្រើនហើយថែមទាំងបានទទួលសគុណពីប្រជារាស្រ្តទាំងនោះផង។ ក្រៅពីបញ្ហាកំនែននេះនៅក្នុងស្នាដៃដដែល ក៏បានបង្ហាញបន្ថែមទៀតពីបញ្ហាឯករាជ្យជាតិ។ ដោយរដ្ឋអំណាចអាណានិគមនិយមបារាំងកាន់តែ​គាបសង្កត់មកលើប្រជារាស្ត្រខ្មែរកាន់តែខ្លាំងឡើងៗលឹម ជាកសិករ ម៉ឹង ជាបញ្ញវន្ត ឃឹម ជាអ្នកមានបទពិសោធក្នុងការតស៊ូ នូ ដូង ជាមេដឹកនាំ ព្រមទាំងប្រជាជន ក៏បានរួបរួមគ្នាធ្វើការប្រឆាំងនឹងពួកអាណានិគមនិយមដើម្បី សេរីភាព ឯករាជ្យជាតិ និង សុភមង្គល រហូតបានជោគជ័យ ។

សរុបសេចក្តីមក ការសិក្សាអក្សរសិល្ប៍ គឺពិតជាសិក្សាពីបញ្ហាមនុស្សនៅសម័យមួយប្រាកដមែន។

ឆ្លងតាមការបកស្រាយខាងលើនេះ បានបញ្ជាក់ថា គំនិតប្រធានពោរពេញទៅដោយលក្ខណៈប្រាកដនិយម ព្រោះបានអោយតម្លៃពិតប្រាកដទៅលើអក្សរសិល្ប៍ខ្មែរដែលមាននាទីសំខាន់ក្នុងការឆ្លុះបញ្ចាំងពីជីវភាពសង្គម។មិនតែប៉ុណ្ណោះទស្សនៈខាងលើ ក៏បានតម្កល់ពុទ្ធិដល់អ្នកអានអ្នកសិក្សាកាន់តែមើលឃើញពីគុណប្រយោជន៍នៃអក្សរសិល្ប៍ថែមទៀត ចំពោះការអនុវត្តក្នុងជីវភាពប្រចាំថ្ងៃអោយកាន់តែប្រសើរ ដើម្បីរួបរួមគ្នាកសាងសង្គមជាតិអោយសម្បូរណ៍រុងរឿងដែលអាចកាត់បន្ថយនូវភាពក្រីក្រក្នុងសង្គមជាតិយើង។

 

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1