Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មានការលើកជាមតិឡើងថា “ការលើកយកបង្ហាញពីការភ្ញាក់រលឹករបស់តួអង្គក្នុងដំណើររឿងបានផ្តល់នូវតំលៃល្អសំរាប់ការរស់នៅរបស់មនុស្សក្នុងសង្គម” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានការលើកជាមតិឡើងថា “ការលើកយកបង្ហាញពីការភ្ញាក់រលឹករបស់តួអង្គក្នុងដំណើររឿងបានផ្តល់នូវតំលៃល្អសំរាប់ការរស់នៅរបស់មនុស្សក្នុងសង្គម” ។ តើមានខ្លឹមសារបែបណា ចូរពន្យល់ដោយលើកឧទាហរណ៍នានាមកបញ្ជាក់អោយបានច្បាស់លាស់ផង ។

សេចក្តីអធិប្បាយ

ជាទូទៅសង្កេតឃើញថាគ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់ ពិសេសស្នាដៃដែលមានលក្ខណៈ តថិនិយម ជឿនលឿនបានលើកយកមកបង្ហាញពីសកម្មភាពតួអង្គដែលពោរពេញដោយឧត្តមគតិ គ្មានការកែប្រែឆ្ពោះទៅរកភាពថ្កុំថ្កើង ។ យ៉ាងនេះហើយ ទើបនៅក្រោយពេលដែលបានសិក្សាស្នាដៃទាំងនោះមកធ្វើអោយមជ្ឈដ្ឋានអ្នកអាន អ្នកសិក្សាមានការចាប់អារម្មណ៍រហូតដល់មានការលើកមតិឡើងថា “ការលើកយកមកបង្ហាញពីការភ្ញាក់រលឹករបស់តួអង្គក្នុងដំណើររឿងបានផ្តល់នូវតម្លៃល្អសម្រាប់ការរស់នៅរបស់មនុស្សក្នុងសង្គម” ។

តើមានខ្លឹមសារបែបណា? មុននឹងធ្វើការពន្យល់មតិប្រធានខាងលើនេះ អោយគ្រប់គ្រាន់ន័យសេចក្តី គប្បីពន្យល់​ន័យពាក្យគន្លឹះក្ដោបន័យប្រធានជាមុនសិន ។ ពាក្យ ការភ្ញាក់រលឹក មានន័យថា ការភ្ញាក់ខ្លួន កែប្រែពីកំហុសឆ្គង ។ ចំណែកពាក្យ​ “តម្លៃល្អ” គឺតម្លៃដែលប្រសើរ ថ្លៃថ្លា ។ ដូចនេះន័យរួមដែលប្រធានចង់បានគឺចង់អោយយើងបង្ហាញពីការ លើកយកមកបង្ហាញពីការភ្ញាក់រលឹករបស់តួអង្គរក្នុងដំណើររឿងបានផ្តល់នូវតម្លៃល្អ សម្រាប់ការរស់នៅរបស់មនុស្សក្នុងសង្គម ។

មតិប្រធានបានបញ្ជាក់យ៉ាងច្បាស់ពីការភ្ញាក់រលឹករបស់តួអង្គ ក្នុងដំណើររឿងដែលចាត់ទុកជាតម្លៃដ៏ល្អប្រសើរសម្រាប់សង្គមមនុស្ស ។ ការភ្ញាក់រលឹកនេះស្តែងចេញឡើងតាមគ្រប់ សកម្មភាពនៅតាមសម័យកាលនីមួយៗ នៃការបង្ហាញរបស់អ្នកនិពន្ធ។ ក្នុងនោះរួមមានការភ្ញាក់រលឹកដោយកែប្រែខ្លួនពីភាពអន់ថយអោយជាប្រសើរឡើងខណៈពេលជីវិតជួបឧបសគ្គ ហើយចេះ រិះរកវិធីដើម្បីដោះស្រាយស្របទៅតាមតថភាព ។

ការភ្ញាក់រលឹកម្យ៉ាងទៀតគឺស្មារតីសាមគ្គី ស្រលាញ់ការពារយុត្តិធម៌ខណៈពេលដែលមានអំពើយុត្តិធម៌កើតឡើងដោយប្រការណាមួយ នាំអោយប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ។ ស្មារតីជួយគ្នាក្នុងគ្រាមានទុក្ខលំបាកពេលមានអាសន្នអន់ក្រ ពេលមានឧបសគ្គកើតឡើងចំពោះមុខ ក៏ដូចការភ្ញាក់រលឹក មើលឃើញពីកំហុសឆ្គងដែលជាអំពើអសកម្ម ហ៊ានប្រយុទ្ធប្រឆាំងដើម្បីទទួលបាននូវតំលៃវិជ្ជមានមួយសំរាប់សង្គមមនុស្ស ។ ការភ្ញាក់រលឹកម្យ៉ាងទៀត គឺការ ចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំអោយបានល្អប្រសើរលើគ្រប់ផ្នែកគ្រប់វិស័យ ចូលរួមគ្រប់សកម្មភាពសង្គម រក្សាសន្តិសុខសណ្តាប់ធ្នាប់។ សំខាន់ជាងនេះប្រការ ដែលស្តែងចេញតាមរយៈការភ្ញាក់រលឹករបស់តួអង្គដែលនោះគឺ ការលែងបណ្តោយខ្លួនអោយលង់ក្នុងឥទ្ធិពលទឹកប្រាក់លែងធ្វើអោយជាមនុស្សសំបកភ្ញាក់រលឹកទៅរកឧត្តមគតិ ដើម្បីតម្លៃខ្លួន ដើម្បីប្រយោជន៍សង្គមជាតិ ។ ទង្វើដែលចាត់ទុកជាការភ្ញាក់រលឹកនេះបានផ្តល់នូវតម្លៃល្អប្រសើរសំរាប់សង្គមមនុស្ស ពិសេសមជ្ឈដ្ឋានអ្នកអាន អ្នកសិក្សា ខណៈពេលដែលទទួលបានតម្លៃល្អទាំងនេះហើយអាចយកជាគំរូតាម ដើម្បីរៀបចំដំណើរជីវិតអោយល្អក្នុងសង្គម ។តាមរយៈនោះក៏រួមចំណែកបណ្ដុះ​ស្មារតីមនុស្សអោយឈរលើទស្សនៈសុទិដ្ឋិនិយម យល់ឃើញ​ល្អសំរាប់ជីវិត យល់ឃើញពីអ្វីដែលជាសេចក្តីសង្ឃឹមសំរាប់អនាគត ហើយតាមរយៈនេះក៏ បានបញ្ជួននូវសច្ចៈភាពសំរាប់សង្គម ដោយគិតថាយុត្តិធម៌ និងអាចកើតមានពិតប្រាកដ។ ក្នុង​ខណៈនេះហើយ និងធ្វើអោយមនុស្សខិតខំអភិវឌ្ឍន៍ខ្លួនដើម្បីខ្លួនឯងផង សង្គមជាតិផង ហ៊ានចូលរួមគ្រប់សកម្ម​ភាពសង្គម ។ ជាក់ស្តែងតាមរយៈរឿងថៅកែចិត្តចោរ ការភ្ញាក់រលឹករបស់តួអង្គផានីត ក៏ដូចជាពូហំ រួមទាំងកម្មករ សុខ​​ ទី មាន តង់ ការភ្ញាក់រលឹករបស់ពួកគេបានផ្តល់តម្លៃវិជ្ជមានសំរាប់អ្នកអាន អ្នកសិក្សា ទោះបីជាការភ្ញាក់រលឹកនេះ​បរាជ័យយ៉ាងណាក្តី តែស្មារតីសាមគ្គី ស្រលាញ់ការពារយុត្តិធម៌ ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក ការលែងធ្វើខ្លួនជាមនុស្សសំបក នៅតែមានតម្លៃជានិច្ច សំរាប់សង្គមមនុស្ស ។ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ សមភ្ញាក់រលឹកជាកម្មករទីក្រុងវិលត្រឡប់ជាជីវភាពជាកសិករដែលពោរពេញទៅដោយឥស្សរភាព រហូតក្លាយជាកសិករគំរូ ។ រឿងភូមិតិរិច្ឆាន ស្មារតីភ្ញាក់រលឹកស្នេហាជាតិរបស់ ជូន និង នៅ ដូចជាអ្នកក្លាហាន ២០នាក់ រួមទាំងរាស្រ្តនៅក្រាំងលាវផងបានមូលមតិគ្នា បង្កើតជាបាតុកម្មសំលាប់លោក រេស៊ីដង់បាដេស និងបក្សពួកដើម្បីទាមទារសិទ្ធិសេរីភាព ការរស់​នៅជាមនុស្សពេលលក្ខណៈរួចផុតពីភាពជាកញ្ចះគេ។ រឿងគ្រូបង្រៀនស្រុកស្រែ ដើម្បីអភិវឌ្ឍន៍លើប្រការ ៤យ៉ាងគឺខាង​​ នយោបាយ ការពារ ខាងសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ។

សរុបសេចក្តីមកអាចនិយាយបានថា រាល់សកម្មភាពដែលជាស្មារតីភ្ញាក់រលឹករបស់តួអង្គគឺពិតជាតម្លៃល្អប្រសើរសំរាប់សង្គមមនុស្ស ។

ផ្នែកតាមការបកស្រាយពន្យល់មតិប្រធានខាងលើរួចមក អាចសន្និដ្ឋានបានថាការលើកឡើងនេះបានផ្តល់នូវតម្លៃប្រសើរមួយ ព្រោះបានបង្ហាញពីចំនុចអវិជ្ជមានសំរាប់សង្គមមនុស្សដែលទទួលបានពីការភ្ញាក់រលឹករបស់តួអង្គ ។ ដូចនេះគប្បីចេះមានការភ្ញាក់រលីក កែប្រែខ្លួនពីកំហុសឆ្គងធ្វើយ៉ាងណាអោយជីវិតប្រសើរឡើង ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1