Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មនុស្សជាច្រើនសយល់ថា «មានតែចំណេះវិជ្ជា ដែលអាចធ្វើអោយមនុស្សមានសុភមង្គលយូរអង្វែងបាន» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ ឆ្លងកាត់បទពិសោធន៍នៃការរស់នៅកន្លងមកមនុស្សជាច្រើនសយល់ថា «មានតែចំណេះវិជ្ជា ដែលអាចធ្វើអោយមនុស្សមានសុភមង្គលយូរអង្វែងបាន» ។ តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងដូចម្តេចខ្លះ ? ចូរលើឧទាហរណ៍មកបញ្ជាក់ផង ។

សេចក្តីអធិប្បាយ

ឆ្លងកាត់នូវបទពិសោធន៍​របស់មនុស្សយើងឃើញថាដំណើរជីវីតរបស់មនុស្សគ្រប់រូប គ្រប់សម័យកាលពោរពេញទលៅគដោយឧបសគ្គរាប់មិនអស់ ។ ឧបសគ្គទាំងអស់បានជម្រុញឲ្យមនុស្សប្រើគ្រប់បញ្ញាញាណដើម្បីទម្លាយរាល់ទល់ច្រករបស់ខ្លួន ។ ហើយជារឿងៗឃើញថាទោះបីជាមានឧបសគ្គធំតូចយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់ៗប្រើប្រាស់ខួរក្បាលដែលផ្ទុកទៅដោយចំណេះវិជ្ជាមកដោះស្រាយបានប្រកបទៅដោយភាពជោគជ័យ ។ ហេតុនេះហើយទើបមតិជាច្រើនយល់ថា​« មានតែចំណេះវិជ្ជាទេដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន » ។

តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងណាខ្លះ ?

ពាក្យថា « ចំណេះវិជ្ជា » សំដៅដល់ការចេះដឹងនូវផ្នែកឬជំនាញផ្សេងៗ ។ រីឯ « សុភមង្គល » មានន័យថា មង្គលល្អឬសេចក្តីសុខទាំងផ្លូវចិត្ត និងផ្លូវកាយ ។ អត្ថន័យរបស់ប្រធាននេះចង់និយាយថា ការចេះដឹងនូវជំនាញផ្សេងៗឲ្យពិតប្រាកដរមែងនាំមកនូវសេចក្តីសុខទាំង​ផ្លូវចិត្ត ទាំងផ្លូវកាយបានយូរអង្វែង ។

ជាការពិតណាស់ ការដែលចេះដឹងនូវមុខជំនាញណាមួយឲ្យបានច្បាស់លាស់​ រមែងនាំអោយយើងមានភាពងាយស្រួលក្នុងការការពារការងារធ្វើមានសេចក្តីសុខមានសុភមង្គលនិងមានកិត្តិយសថែមទៀតផង ។ វិជ្ជានាំឲ្យយើងមានទ្រព្យសម្បត្តិធូរធារ ព្រោះបើកាលណាយើងចេះអ្វីមួយពិតប្រាកដ យើងយកចំណេះវិជ្ជានោះទៅប្រកបមុខរបរទទួលទាននិងបានកម្រៃមកផ្គត់ផ្គង ជិវភាពគ្រួសារបានយ៉ាងងាយស្រួល ។ មនុស្សមានចំណេះដឹងជាប់ខ្លួនមិនងាយនឹងចាញ់បោកគេ ពោលគឺយើងអាចនិយាយបានថាចំណេះវិជ្ជាអាចបញ្ចៀសផុតពីការកេងប្រវ័ញ្ចគ្រប់រុបភាពពីសំណាក់ជនខិលខូច ។ ជាក់ស្តែងនៅក្នុងរឿងកុលាបប៉ៃលិន ដោយសារចំណេះវិជ្ជានេះហើយទើបធ្វើឲុ្យចៅចិត្ររំដោះខ្លួនចេញផុតពូភាពជាកម្មករ មកត្រួតត្រាមើលបញ្ជីត្បូង រួចក្លាយជាកូនប្រសារថៅកែត្បូងថែមទៀត ។ ចំណែកឯនៅក្នុងរឿងធន ញ្ជ័យវិញតួអង្គត្រូវទទួលរងនូវការប្រមាថពីសំណាក់ពួកមន្រ្តីខិលខូចមានទាំងសេដ្ឋីនិងស្តេចផងតែដោយសារតែធនញ្ជ័យមានប្រាជ្ញា ធនញ្ជ័យអាច ការពារខ្លួនបានដោយជោគជ័យ រាល់ពេលដូចជាយកកូនមាន់ទៅប្រជល់និងមាន់ជល់ស្តេច យកកូនដំរីទៅប្រជល់និងដំរីរបស់ស្តេចយកសេះចត្រង្គរត់តាមស្តេចទៅប្រពាតព្រៃធ្វើមាន់ឈ្មោលរងាវក្នុងទឹកជាដើម ។ ផលប្រយោជន៍នៃចំណេះវិជ្ជាមួយទៀតគឺអាចបង្កើតឬច្នៃប្រឌិតបាននូវផលិតផលគ្រប់បែបយ៉ាង ដើម្បីរំដោះខ្លួនពីគ្រោះអាសន្នផ្សេងៗ ។ ពេលទៅដល់ស្រុកចិនធនញ្ជ័យធ្វើនំបញ្ចុកលក់យកប្រាក់ចិញ្ចឹមខ្លួន ។ លុះពេលជាប់ក្នុងគុកសំរិទ្ធ ធនញ្ជ័យចេះធ្វើខ្លែងឯកបង្ហោះបំភ័យស្តេចចិនធ្វើឲ្យស្តេចចិនភិតភ័យក៏ដោះលែងធនញ្ជ័យឲ្យរួចខ្លួនរួចបញ្ចួនមកស្រុកខ្មែរវិញដោយមានបរិវារ និងទ្រព្យសម្បត្តិហែហមមកជាមួយផង ។ក្រៅពីការរកម្រៃទាញយកទ្រព្យសម្បត្តិ ចំណេះវិជ្ជាក៏អាចជួយឲ្យយើងមានសេចក្តីសុខផ្នែកផ្លួវកាយបានយ៉ាងស្រួលដូចជាការស្វែងយល់ពីសុខភាពអនាម័យបរិស្ថានការយល់ដឹងពីជំងឺផ្សេងៗក៏ដូចជាជំងឺគ្រុនចាញ់ ប៉ុន្តែដោយមានការជួយពន្យល់ពីគ្រូពេទ្យស្អាត គួបផ្សំនិងចំណេះវិជ្ជាដែលបានរៀននៅសាលាផងចៅចិត្រអាចថែរក្សាសុខភាពបានយ៉ាងល្អប្រសើរ ។ ម្យ៉ាងវិញទៀត ចំណេះវិជ្ជាអាចជួយសម្រាលបន្ទុកយើងឲ្យរួចផុតពីការងារប្រើកម្លាំងកាយដូចជាកម្មករសែនធ្ងន់ៗដូចករណីចៅចិត្រអ៊ីចឹង ។ ពីដំបូងក៏ជាកម្មករដូចគេដូចឯងដែរ ប៉ុន្តែដោយចៅចិត្រមានចំណេះវិជ្ជាក៏បានឡើងឋានជាអ្នកមើលការខុសត្រូវវិញម្តង ។

ជាងនេះទៅទៀតវិជ្ជានាំឲ្យមនុស្សមានវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងជីវីតរស់នៅព្រោះចំណេះ​វិជ្ជាអាចតម្រង់មនុស្សឲ្យប្រកបតែរបរណាដែលសុចរិតត្រឹមត្រូវ មិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃមិនប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់រដ្ឋ ។ ហើយចំណេះវិជ្ជាធ្វើឲ្យមនុស្សមានឯករាជ្យភាពព្រោះមិនចាំបាច់រស់នៅដោយពឹងផ្អែកលើអ្នកដទៃឬត្រូវរណបគេយកបាយហូបនោះទេពោលគឺអាចរស់នៅបានដោយខ្លួន ឯង។ កាលណាមនុស្សមានការងារធ្វើរកបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារនោះនិងមានការ កោតសរសើរពីគ្រប់មជ្ឈដ្ឋានដែលអាចបញ្ចាំងជីវីតឲ្យរស់នៅចុះសម្រុងជាមួយអ្នកដទៃប្រកបដោយសុខុដុមរមនា ។ កម្មករមួយណាក៏និន្ទាអាក់អន់ស្រពន់ចិត្តអ្វីបន្តិចទាល់តែសោះ ។

ដូចនេះយើងឃើញថាវិជ្ជាពិតជាបាននាំមកនូវសុភមង្គលទាំងផ្លូវកាយ និងផ្លូវចិត្តដល់មនុស្សលោកពិតប្រាកដមែន ។

ឆ្លងតាមការបកស្រាយខាងលើនេះ យើងអាចសន្និដ្ឋានបានថាមតិរបស់ប្រធានពិតជាត្រឹមត្រូវដែលអាចយកជាគតិសម្រាប់អប់រំមនុស្សគ្រប់រូបឲ្យខិតខំរៀនសូត្រស្វះស្វែងរកចំណេះវិជ្ជាមកទុកខ្លួនដើម្បីញុំាងជីវីតឲ្យរីករាយនិងមានសុភមង្គលសមដូចពាក្យចាស់មួយឃ្លាថា « បើចេះប្រាកដប្រាក់រត់តាមហៅ» ប៉ុន្តែត្រូវចងចាំថា ចំណេះវិជ្ជាទាំងនោះត្រូវតែប្រកបដោយក្រមសីលធម៌ផង ។ ដូច្នេះយុវជនទាំងឡាយមិនត្រូវធ្វើឲ្យបណ្តែតបណ្តោយពេលវេលាដ៏មានថាមពលក្នុងការសិកក្សារៀនសូត្រឲ្យកន្លងទៅអសារបង់ឡើយ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1