មតិមួយបានពោលថា "ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់" ចូរពន្យល់ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
មតិមួយបានពោលថា “ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់” ចូរពន្យល់ ។
សេចក្ដីអធិប្បាយ
អ្នកសិក្សាគ្រប់រូបតែងតែចូលជួបនឹងគ្រូបាអាចារ្យ ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា ឯការដាំរុក្ខជាតិទាំងឡាយក៏ដូច្នោះដែរ ដើម្បីទទួលបានផ្លែផ្កាត្រូវមើលថែ ស្រោកទឹកដាក់ជី។ អាស្រ័យហេតុនេះហើយទើបមានសុភាសិតមួយឃ្លាពោលថា ”ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់“ ។
តើសុភាសិតខាងលើមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេច?
ដើម្បីកុំអោយយល់ច្រឡំក្នុងការដោះស្រាយបញ្ហាខាងលើ យើងគួរយល់អត្ថន័យនៃពាក្យ ”អាចារ្យ និងផ្លែផ្កា“ ជាមុនសិន។ អាចារ្យ គឺអ្នកបង្ហាត់បង្រៀន ប្រៀនប្រដៅ។ ឯពាក្យ ផ្លែផ្កា វិញ គឺផលដែលទទួលបានពីការដាំដុះ។ ប្រធានខាងលើមានន័យថា ចំណេះដឹង និងបំនិនល្អៗទាំងឡាយសុទ្ធសឹងតែ ទទួលបានពីការបង្ហាត់ បង្រៀន របស់គ្រូអាចារ្យ ឯផ្លែផ្កាទាំងអស់ គឺទទួលបានពីការដាំដុះ និងការមើលថែទាំ។
ពាក្យថា ”ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់“ នៅទីនេះបញ្ចាក់ថា សំលាប់អាចារ្យ គឺមិនមែនអោយើងសំលាប់អាយុសង្ខាររបស់គ្រូអាចារ្យ ដែលជាអ្នកបង្ហាត់បង្រៀននោះទេ គឺអោយសំលាប់ពេលវេលា ភាពខ្ជិលច្រអូស សេចក្តីល្ងង់ខ្លៅ និងការងឿងឆ្ងល់ផ្សេងៗត្រូវសួរដេញដោលពីគ្រូបាអាចារ្យទាំងឡាយនោះអោយបានច្បាស់លាស់ អោយអស់សេចក្តី ប៉ុន្តែបើយើងខ្ជិលច្រអូស មិនចូលចិត្តហ្វឹកហាត់ រៀនសូត្រស្តាប់គ្រូអាចារ្យ នោះយើងនិងពុំមានចំណេះដឹង អ្វីបន្តិចបន្តូចឡើយ។
ឯពាក្យ ”ចង់បានផ្លែផ្កាយកភ្លើងដុតគល់“ វិញនោះសំដៅលើ រុក្ខជាតិមួយចំនួន ដូចជាដើមដូង ប្រសិនបើវាអន់ខ្សោយក្នុងការលូតលាស់ ឬគ្មានផ្លែផ្កានោះ គឺបណ្តាលមកពីវាឡើងគល់ និងខ្វះជីវជាតិផ្សេងៗ ដូចនេះយើងគប្បីប្រមូលសំរាម កំទេចស្លឹកឈើស្ងួតៗ មកដាក់ដុតជុំវិញគល់របស់វា តែមិនដុតច្រើន ឬ យូពេកនោះទេ កាកសំណល់ពីការដុតគឺជាផេះដែលជាជី សំរាប់ដាក់គ្រប់រុក្ខជាតិ។ ក្រោយពេលដុតហើយត្រូវភ្លៀងធ្លាក់ ឬស្រោចទឹក ធ្វើអោយដើមដូងនោះមានផ្លែផ្កាវិញជាប្រក្រតី ។ ឯដើមឬស្សីវិញ កាលណាវាស្មោគ ក្រិន មិនមានដើមធំ មានតែដើមតូចៗ ដែលជាហេតុបាត់បង់ប្រយោជន៍ និងតម្រូវការប្រើប្រាសរបស់មនុស្សនោះ ដើម្បីទទួលបានដើមឬស្សីធំៗ សំរាប់បំពេញតម្រូវការជាប្រយោន៍ យើងគប្បីយកភ្លើងដុតរហូតដល់ឆេះអស់ឬស្សីទាំងគុម្ព ហើយការដុះបែបនេះ មិនមែនជាការបំផ្លិចបំផ្លាញនោះទេ គល់ឬស្សីទាំងនោះនិងដុះជាទំពាំងធំៗ ជាច្រើនមកវិញ ក្រោយពេលភ្លៀងធ្លាក់ក្នុងរដូវវស្សា ដូចនេះការដុតគល់ពិតជាបានទទួលផ្លែផ្កាពិតមែន។
រីពាក្យថា ចង់ចេះអោយសំលាប់អាចារ្យ ក្នុងន័យធៀបវិញគឺ សំដៅលើការខិតខំតស៊ូព្យាយាមសិក្សារៀនសូត្រជំនះនូវភាពលំបាក និងជំនះលើកិច្ចការទាំងឡាយដែលគ្រូអាចារ្យបានដាក់អោយ ហើយទទួលនូវចំនេះវិជ្ជាយ៉ាងពិត ប្រាកដ នេះហើយគឺសំលាប់អាចារ្យ ចំណែកពាក្យ យកភ្លើងដុតគល់ វិញគឺសំដៅលើការដាំដុះដំណាំបន្លែបង្កាគ្រប់ប្រភេទ បើចង់បានផលល្អច្រើនអ្នកដាំគប្បីមើលថែគល់ ដោយជ្រោយដីស្រោចទឹកដាក់ជី ទើបដំណាំទាំងឡាយនោះ លូតលាស់និងធំធាត់ឆាប់រហ័ស ហើយផ្តល់នូវផលប្រយោជន៍ ជាផ្លែផ្កាយ៉ាងច្រើនសន្ធឹកសន្ធាប់។ បើដាំដំណាំហើយ តែបែជាខ្ជិលច្រអូស មិនមើលថែដំណាំទាំងនោះ វានិងអាចងាប់បាត់ជាអសាបង់ ធ្វើអោយយើងខាតបង់ពេលវេលា និងដើមទុន។ ដូចនេះក្នុងការដាំដំណាំ គឺត្រូវតែមានការមើលថែជាដាច់ខាត ទើបអាចទទួលបានផលជាផ្លែផ្កាបាន។
ជាក់ស្តែងក្នុងប្រវត្តិសាស្រ្តខ្មែរ បានបញ្ជាក់ប្រាប់ថា ព្រះនាងឥន្រ្ទទេវី និងសម្តេចព្រះសង្ឃរាជជូនណាត ដោយការចូលចិត្តសិក្សារៀនសូត្រ ពីគ្រូអាចារ្យធ្វើអោយព្រះអង្គទាំងពីរអង្គ ទទួលបានចំណេះដឹងយ៉ាងខ្ពង់ខ្ពស់ ជាទីបំផុត។ ឯប្រជាកសិករទាំងអស់ ដោយការឧស្សាហ៍ព្យាយាមដាំដុះ និងធ្វើស្រែចំការ ហើយថែមទាំងការព្យាយាមមើលថែទាំដំណាំទាំងឡាយនោះ ធ្វើអោយពួកគាត់ទទួលបាននូវភោគផលយ៉ាងច្រើនសន្ធឹកសន្ធាប់សំរាប់ផ្គត់ផ្គង់ជីវភាពរស់នៅក្នុងជីវភាពគ្រួសារ។ ដូច្នេះបើចង់បានចំណេះដឹង គ្រប់អ្នកសិក្សាទាំងអស់គប្បីចូលជិតគ្រូបាអាចារ្យ ដើម្បីសាក់សួរ សិក្សារៀនសូត្រ អោយបានច្បាស់លាស់។ អ្នកដាំដុះវិញគប្បីថែរក្សា គល់ដំណាំទាំងនោះទើបទទួលបានផ្លែផ្កា។
សរុបសេចក្តីមក ការរៀនសូត្រពីគ្រូអាចារ្យ ធ្វើអោយយើងមានចំណេះដឹង ហើយការចេះដាំ និងចេះថែរក្សាដំណាំធ្វើអោយយើងទទួលបានផលជាផ្លែផ្កា។
ឆ្លងតាមការបកស្រាយខាងលើ ប្រធានបទនេះពិតជាមានអត្ថន័យខ្លឹមសារ ត្រឹមត្រូវសំរាប់អប់រំទូន្មាន ប្រៀនប្រដៅ កូនចៅអោយមានចរិតឧស្សាហ៍ព្យាយាម រៀនសូត្រ និងចេះធ្វើការងារដាំដុះផ្សេងៗ។ ដូចនេះកុលបុត្រកុលធីតាទាំងឡាយ គប្បីប្រឹងប្រែងរៀនសូត្រ ត្រង់ត្រាប់ស្តាប់គ្រូពន្យល់ នែនាំ ដើម្បីទទួលបានផលប្រយោជន៍ ជាទីគាប់ចិត្ត៕