Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មតិខ្លះយល់ថា «តណ្ហាជាដើមហេតុនៃសេចក្តីទុក្ខ» ។ មតិខ្លះទៀតយល់ថា «តណ្ហាជាដើមហេតុនៃសេក្តីសុខ» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មតិខ្លះយល់ថា «តណ្ហាជាដើមហេតុនៃសេចក្តីទុក្ខ» ។ មតិខ្លះទៀតយល់ថា «តណ្ហាជាដើមហេតុនៃសេក្តីសុខ» ។ ចូរអ្នកពិភាក្សាដោយរកឧទាហរណ៍ក្នុងសង្គម ប្រវត្តិសាស្រ្ត អក្សរសិល្ប៍មកបញ្ជាក់ផង ។

សេចក្តីអធិប្បាយ

ព្រះសម្មាសម្ពុទ្ធដែលជាបរមគ្រូនៃយើងទ្រង់បានទូន្មានប្រៀនប្រដៅដល់ពុទ្ធបរិស័ទទាំងឡាយឲ្យចេះប្រកាន់យកមាគ៌ារំដោះទុក្ខដើម្បីជាគុណប្រយោជន៍នាំមកនូវសុភមង្គលក្នុងគ្រួសារនិងសុខសន្តិភាពក្នុងសង្គមជាតិ ។ ដោយមានគំនិតស្វែងរកសេចក្តីសុខបែបនេះហើយ ទើបមានមតិខ្លះយល់ថា « តណ្ហាជាដើមហេតុនៃសេចក្តីទុក្ខ » ។ តែមតិខ្លះទៀតយល់ថា « តណ្ហាជាដើមហេតុនៃសេចក្តីសុខ » ។ តើមតិទាំងពីរខាងលើនេះមួយណាត្រឹមត្រូវជាង ?

ដើម្បីជាជំនួយដល់ការបកស្រាយមតិប្រធានខាងលើនេះយើងគប្បីស្វែងយល់នៃពាក្យគន្លឹះប្រធានជាមុនសិន ។ « តណ្ហា » នៅពេលនេះគឺសំដៅទៅលើចំណង ឬសេចក្តីលោភលន់ចង់បានហួសហេតុមកចេះស្កប់ស្កល់ ។ រីឯ «សេចក្តីទុក្ខ » គឺជាសេចក្តីលំបាកគ្រប់យ៉ាងទាំងសងខាងផ្លូវកាយ និងទាំងខាងផ្លូវចិត្ត ។ ពាក្យថា សេចក្តីសុខ មានន័យថាជាសេចក្តីសុខក្សេមក្សាន្ត សុខស្រួល គឹសុខទាំងចិត្តននិងសុខទាំងកាយ ។ ដូចនេះតាមមតិទីមួយរបស់ប្រធាន មានន័យថាសេចក្តីលោភលន់មហួសប្រមាណជាដើ​មហេតុក្នុងការបង្កើតជាសេចក្តីលំបាកគ្រប់យ៉ាងទាំងផ្លូវកាយទាំងផ្លូវចិត្ត ។ ចំណែកមតិទីពីរចង់បញ្ជាក់ថាសេចក្តីលោភលន់មិនស្កប់ស្កល់ ជាហេតុនាំមកនូវសេចក្តីសុខក្សេមក្សាន្តក្នុងជីវីត ។

ជាការពិតណាស់ចំពោះមនុស្សគ្រប់រូបរមែងមានចិត្តលោភលន់មិនចេះស្កប់ស្កល់ ទោះបីមានទ្រព្យសម្បត្តិធូរធារក៏ដោយក៏គេនៅតែមានចិត្តលោភដោយជៀសមិនផុតដែរ ​។ ចំពោះបញ្ហានេះបុគ្គលខ្លះតែងច្រណេននិន្ទាឈ្នានីសពីអ្នកដទៃទោះបីបុគ្គលនោះមានបានដោយសារតែសមត្ថភាពខ្លួនគេ​យ៉ាងណាក៏ដោយ ។ ហេតុនេះគេក៏រិះរកវិធីគ្រប់យ៉ាង ដើម្បីកាច់បំបាក់គេឯងមិនចេះខ្មាសអៀន ។លើសពីនេះទៀត គេហ៊ានប្រើអាវុធគំរាមកំហែងគេជាដើ​ម ដោយមិនញញើតនិងច្បាប់ទម្លាប់របស់សង្គមឡើយ ។ យ៉ាងណាមិញក្នុងសង្គមគេតែសង្កេតឃើញមានបុគ្គលខ្លះ​លួចឆក់ប្លន់ បាញ់សម្លាប់មនុស្សខ្លះប្រព្រឹត្តអំពើពុករលួយ ខ្លះទៀតបំពានលើផ្លូវច្បាប់ ខ្លះប្រែក្លាយពីយុត្តិធម៌ ទៅជាអយុត្តិធម៌ពីល្អទៅអាក្រក់ពីស ទៅខ្មៅចាដើមគឺក្នុងគោលបំណងដើម្បីសម្រេចតណ្ហារបស់ខ្លួន ។ ដូចជាចោរដោយចង់បានទ្រព្យសម្បត្តិអ្នកដទៃក៏ហ៊ានចូលលូចណ ឆក់ប្លន់ សម្លាប់ម្ចាស់ទ្រព្យក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ផ្តន្ទាទោសតាមផ្លូវច្បាប់ដែលបង្កជាទុក្ខដល់ខ្លួន​ឯងផង និងសាច់ញាតិផង ។ មន្រ្តីរាជការខ្លះក៏ប្រព្រឹត្តអំពើពុករលួយគឺលួចកេងបន្លំប្រាក់ជាតិ ក៏ត្រុវច្បាប់កំណត់ឲ្យជាប់ទោសដែលនាំឲ្យបាត់បង់ការងារកិតិ្តយស ញាតិមិត្តទៀតផង ។ ចំណែកបុគ្គលខ្លះទៀត ដែលជាអ្នកអនុវត្តច្បាប់ បែរជាយកចំណេញពីច្បាប់ក្នុងរឿងអយុត្តិធម៌ណាមួយដើម្បីលាភសក្ការក៏ត្រុវតុលាការកាត់ទោសជាប់ពន្ធធនាគារ រងទុក្ខលំបាក ។ បើគេងាកមករកប្រវត្តិសាស្រ្តវិញពិតជាបានឃើញកថាក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុលពត អៀងសារី ដោយពួកគេមានមហិច្ឆិតាដឹកនាំសង្គម ក្នុងការប្រកាន់លទ្ធិផ្តាច់ការឆ្ពោះទោរកសម័យកាលមហាលោតផ្លោះមហាអស្ចារ្យ​បានប្រើអំណាចគាបសង្កត់រមលោភសិទ្ថិមនុស្សធ្វើការជាទម្ងន់ក៏ត្រូវវិនាសតែរយៈពេលបីឆ្នាំប្រាំខែម្ភៃថ្ងៃ។ មួយវិញទៀតដូចករណីព្រះបាទរាជសម្ឡារ ដែលទ្រង់មានចិត្តស្នេហាជាមួយនិងព្រះរាជទេពីរបស់ព្រះបាទឧទ័យ ក៏ត្រូវបាត់បង់ព្រះជន្មដោយស្នាដៃកងទ័ពព្រះបាទឧទ័យ ។ ដោយឡែកក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរវិញក៏បានឆ្លុះបញ្ចាំងតាមរយៈរឿងថៅកែចិត្តចោរ ចំពោះចំណងឬតណ្ហារបស់តួអង្គហំដែលចង់បានប្រាក់មួយម៉ឺនរៀលពីថៅកែ ឲ្យបើកបរឡានបុកឡានថៅកែអុងប៉ាងហុងលី ។ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍នេះរួចមក ក៏មានមនុស្សស្លាប់អស់ចំនួនបីនាក់ និងរបួសមួយចំនួនហើយក៏ត្រូវនគរបាលតាមរកចាប់ខ្លួនយកទៅផ្តន្ទាទោស ៕​ទីបំផុតហំក៏ត្រូវបាត់បង់ការងារឃ្លាតចាកឆ្ងាយពីមីងយ៉ានជាប្រពន្ធ មីកាទូចជាកូនស្រី និងយាយចាន់ជាម្តាយ ព្រោះខ្លូនត្រូវជាប់ពន្ធធនាគារតាមកម្រិតកទោសបញ្ញត្តិដែលបានប្រព្រឹត្ត ។ ស្ថិយក្នុងការស្ថានភាពនៃតណ្ហានេះដែរ​កវីសោមក៏បានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈរឿងទុំទាវគឺម្តាយទាវមានចិត្តលោភលន់ និងអំណាចបុណ្យសក្តិ ទ្រព្យសម្បត្តិរបស់ឧញ៉ាអរជូន ក៏បានប្រើឧបាយកលបំបែកបំបាលនាងទាវពីទុំយកមករៀបការជាមួយម៉ឺនងួន។តាមគាត់បានដឹងច្បាស់ណាស់ថានាងទាវ ត្រូវបានព្រះរាជាលើកលែងទោសហើយក៏បានរៀបចំផ្សំផ្គុំនិងទុំរួចទៅហើយ ។ប៉ុន្តអែគាត់នៅតែមានៈបានរួមគំនិតជាមួយអរជូនយកទុំទៅសម្លាប់ក្នុងពេលដែលទុំទៅតាមនាងទាវឲ្យត្រឡប់មកវិញ ។ នេះគឺជាការប្រមាថមួយយ៉ាងធ្ងន់ធ្ងរចំពោះព្រះរាជា ដែលបង្កទុក្ខលំបាកចំពោះខ្លួនឯង ។ ហេតុនេះហើយទើបទាំងម្តាយទាវទាំងអរជូនម៉ឺនងួន និងបក្សពួកសុទ្ធយែព្រះរាជាកាត់ទោសប្រហារជីវីតទាំងអស់គ្នា ។ បើសិនជាយើងធ្វើលការសិក្សារឿងភូមិតិច្ឆានវិញ ពិតជាបានឃើញថាលោកបាដេស ដែលជារ៉េស៊ីដងបារាំង « មិនទាន់មានឋានៈជារ៉េស៊ីដង់ពេញទី…គាត់ជាអាត់មីនិស្តា្រទ័រថ្នាក់ទី៣ » ។ ម្ល៉ោះហើយបាដេសតែងតែខិតខំទាប្រាក់ពន្ធ ឲ្យបានគ្រប់ចំនួនដើម្បីផ្គាប់ផ្គន់លោករ៉េស៊ីដងស៊ុប៉េរីយើរូដ្វាំង និងបានឡើងបុណ្យជារ៉េស៊ីដង់ពេញសិទ្ធិ ។ យ៉ាងនេះហើយទើបគាត់បានបង្ខំប្រជារាស្រ្តនៅក្រាំងលាវឲ្យបង់ពន្ធគ្រប់គ្នា និងគ្រប់ចំនួនបើគ្មានលុយបង់ពន្ធទេគាត់និងបញ្ជាឲ្យគេចាប់ចង់ វាយដំ ដាក់ខ្នោះជាដើម ។ ដោយក្តីលោភលន់អំណាច បែបនេះហើយជាហេតុនាំឲ្យគាត់ត្រូវស្លាប់ដោយការវាយបកពីសំណាក់ប្រជារាស្រ្តក្រាំងលាវ ។ សរុបសេចក្តីមកតណ្ហាពិតជាដើមហេតុនៃសេចក្តីទុក្ខប្រាកដមែន ។

ផ្ទុយទៅវិញបើនិយាយពីមនុស្សពិតជាមានតណ្ហាព្រោះតណ្ហាកំណត់ឆន្ទៈមនុស្ស ឲ្យហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលបំណងណាមួយដែលគេមានកន្លងមក ហើយបំណងនោះបានសម្រេចគេនិងមានសេចក្តីសុខ ។ យ៉ាងនេះហើយបានជាមានមនុស្សភាគច្រើនតែងតែបំពេញការងារមិនខ្លាចនឿហត់ឬមិនគិតពិសុខភាពខ្លួនក៏មានដែរ ។​ជាក់ស្តែងក្នុងសង្គមគេសង្កេតឃើញអ្នកស្រាវជ្រាវវិទ្យាសាស្រ្ត គឺខិតខំស្រាវជ្រាវគឺធ្វើយ៉ាងណាឲ្យបំណងរបស់ខ្លួន បានសម្រេចជោគជ័យ ជាប្រយោជន៍អាចបម្រើមនុស្សជាតិស្របតាមតម្រូវការផ្សេងៗ ។​រីឯគ្រូបង្រៀនតែងមានចំណងអភិវឌ្ឍសមត្ថភាពខ្លួនស្របទៅតាមបរិបទសង្គម ហើយខិតខំសម្រាស្រាវជ្រាវកម្មវិធីសិក្សា និងវិធីសាស្រ្តក្នុងការប្រលងបានទទូលជោគជ័យ ។ ស្ថិតក្នុងឥរិយាបទនេះគាត់ពុំបានគិតពីសុខភាព ឬពេលវេលាសម្រាកនោះឡើយ ។ ចំណែកផលិតករវិញពីមួយថ្ងៃទៅមួយថ្ងៃតែងតែព្យាយាមសិក្សាស្រាវជា្រវទីផ្សារ ដើម្បីស្វែងយល់ពីតម្រូវការរបស់អតិថិជនខិតខំផលិតផលិតផលទាំងបរិមាណទាំងគុណភាពព្រមទាំងត​ម្លៃឲ្យមានសមស្រប ក្នុងការប្រើប្រាស់ ។ ចំពោះកីឡាករ តន្រ្តីករ ពិធីករសិទ្ធតែមានបំណងចង់ឲ្យមានការគាំទ្រពីសំណាក់អ្នកទស្សនាអ្នកស្តាប់ ចំពោះឥរិយាបថខ្លួននៅចំពោះមុខវត្តមានរបស់ទស្សនិកជន ដើម្បីជួយឲ្យខ្លួនកាន់តែមានប្រិយភាពថែមទៀត។ មិនតែប៉ុណ្ណោះកវីនិពន្ធលោកក៏មានបំណងចង់ឲ្យអ្នកអាចអ្នកសិក្សាចេះស្វែងយល់ពីទស្សនៈអប់រំនានាហើយលោកបានព្យាយាមតែងនិពន្ធឬចងក្រងនិងសម្រិតសម្រាំងស្នាដៃខ្លួនឲ្យមានគុណភាព ។ ក្នុងនោះមានសម្តេចសង្ឃរាជជួននាត ដែលលោកចងក្រងជាវចនានុក្រមខ្មែរភាគមួយភាគពីរបន្សល់ទុករហូតសព្វថ្ងៃនេះ ។​ក្រៅពីនេះទៀតនៅមានបណ្ឌិតកវីជាច្រើនដែលលោកមានចំណងក្នុងការជំរុញឲ្យលោកមានសេចក្តីសុខ ឬមោទនភាពតាមរយៈស្នាដៃលោកមានកវីក្រមង៉ុយគឺច្បាប់ក្រមភិក្ខុសោមគឺរឿងទុំទាវលោកញ៉ុកថែម គឹវេស្សន្តជាតកជាដើម​ហើយស្នាដៃទាំងនោះបានរក្សាទុករហូតសព្វថ្ងៃ​ ។ ដោយឡែកក្នុងអក្សរសិល្ប៍វិញក៏បានបង្ហាញឲ្យឃើញពីតួអង្គ ដែលពោរពេញទៅដោយចំណងនិងឆន្ទៈសន្ធោរសន្ធៅក្នុងពលិកម្ម ដើម្បីមនុស្សជាតិ ។ ដូចជាក្នុងរឿងព្រះវេស្សន្តរបានឆ្លុះបញ្ចាំងឲ្យឃើញពីតួអង្គព្រះវេស្សន្តដែលបំពេញទានបារមីនូវការបរិច្ចាគគ្រប់យ៉ាងលុះត្រាតែបានសម្រេច ។ ការលះបង់បែបនេះក្នុងគោលដៅសំខាន់ គឺការត្រាស់ដឹងស្វែងរកធម៌ដើម្បីប្រោសសត្វលោក ឲ្យរួចផុតពូអវិជ្ជានិងស្គាល់ពីមូលហេតុនៃទុក្ខជាដើ​ម ។ យ៉ាងនេះហើយទើបព្រះអង្គព្យាយាមលះបង់គ្រប់យ៉ាងគឹធនបរិច្ចាគ អង្គបរិច្ចាគ ជីវីតបរិច្ចាគ និងភរិយាបរិច្ចាគ ទោះត្រូវជួបឧបសគ្គយ៉ាងណាក៏ដោយក៏ទ្រង់នៅតអែតស៊ូធ្វើរហូតបានសម្រេច ។ យ៉ាងនេះហើយបានជាព្រះអង្គធ្វើសត្តសតកមហាទាន ដែលជាទានអស្ចារ្យមុនពេលទ្រង់យាងចេញពីនគរ ។ សរុបសេចក្តីមកតណ្ហាពិតជាដើមហេតុនៃសេចក្តីសុខប្រាកដមែន ។

ជារួមតណ្ហាពិតជានាំមកនូវសេចក្តីទុក្ខផង និងសេចក្តីសុខផង ។ ដោយហេតុថាបើគេមានចំណងដោយការប្រព្រឹត្តនូវអំពើអាក្រក់នោះប្រាកដជាទទួលបាននូវទុក្ខ ។ តែបើគេមានចំណងដោយការប្រព្រឹត្តសេចក្តីល្អនោះ គេនិងបានសេចក្តីសុខជាមិនខាន​ព្រោះអំពើដែលគេបានកសាងយ៉ាងនោះផលក៏បានទទួលក៏យ៉ាងដូច្នោះដែរ ។

ឆ្លងតាមការបកស្រាយខាងលើបានបង្ហាញថាមតិនីមួយៗរបស់ប្រធានមានភាពសមស្របម្យ៉ាងតែម្នាក់តែមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ព្រោះជាមតិដែលឲ្យតម្លៃតាមតែជំហររៀងៗខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មតិខាងលើនេះចាត់ទុកជាបទពិសោធន៍សម្រាប់បំភ្លឺក្នុងស្មារតីអ្នកសិក្សាអ្នកអានឲ្យចេះស្វែងយល់ពីមូលហេតុនៃទុក្ខពិតប្រាកដដើម្បីកាត់បន្ថយសេចក្តីលោភលន់ក្នុងការស្វែងរកសុខពិតប្រាកដ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1