Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ពំនោលមួយពោលថា ”ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី“ ។ ចូរពន្យល់ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ពំនោលមួយពោលថា ”ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “ ។ ចូរពន្យល់ ។

សេចក្ដីអធិប្បាយ

សុភាសិត ពាក្យស្លោក ពំនោលច្បាប់ពាក្យចាស់ គឺត្រូវបានបង្កើតឡើងដោយស្នាដៃកវីនិពន្ធ និងអ្នកប្រាជ្ញជំនាន់ដើម ទុកជាច្បាប់សំរាប់អប់រំ ទូលមានប្រៀនបប្រដៅកូនចៅជំនាន់ក្រោយអោយមានការត្រេះរិះ ពិចារ​-​​ណាសិក្សារៀនសូត្រស្វែងរកគំណិតត្រូវផ្លូវល្អ គួរប្រព្រឹត្ត ឬមិនគួរប្រព្រឹត្ត។ ដោយសេចក្តីពិតមែននេះហើយទើបមាន​ពុំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី“ ។

តើពំនោលខាងលើនេះមានអត្ថន័យយ៉ាងណា?

ក្នុងសង្គមខ្មែរពីអតីតកាល មនុស្សភាគច្រើនអវិជ្ជាល្ងង់ខ្លៅ ឃើញបែបនេះហើយទើបកវីនិពន្ធ អ្នកប្រាជ្ញលើកច្បាប់នែនាំថា ” ចង់ធំខំពីតូច “។ ចង់សំដៅទីនេះ គឺមានអត្ថន័យឆ្ពោះទៅលើការចង់មានចំណេះវិជ្ជាច្រើន មានកិត្តិយសល្បីល្បាញដោយសេចក្តីល្អ មានបុណ្យស័ក្តិ និងទ្រព្យសម្បត្តិស្តុកស្តម្ភ មានគេស្រលាញ់រាប់អានស្ងើចសរសើរគោរពស្រលាញ់។ ឯខំពីតូច គឺបញ្ជាក់ថាខំពីកុមារ ឬនៅពីយុវវ័យ ព្រោះវ័យនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ ឬអាណាព្យាបាល គឺងាយក្នុងការខិតខំសន្សំយកនូវចំណេះវិជ្ជាផ្សេងៗ ព្រោះក្នុងវ័យនេះមិនមានជាប់ជំពាក់ការងារអ្វីក្រៅពីខិតខំ ព្យាយាមប្រឹងប្រែងរៀនសូត្រទទួលយកចំណេះដឹង និងបំនិនពិតប្រាកដ ជាមូលហេតុនាំអោយយើង ចិញ្ចឹមជីវិតបានងាយស្រួល។ ទាំងនេះបញ្ជាក់ថា ការខំពីក្មេង គឺមានប្រយោជ។ ផ្ទុយទៅវិញបើយើងមានការធ្វេសប្រហែស មិនបានខំរៀនសូត្រ ឬស្អប់ខ្ពើមការធ្វើការងារផ្សេងៗ នោះជាមនុស្សល្ងង់ខ្លៅ ជាហេតុនាំអោយយើង​ជួបភាពលំបាក វេទនាគ្មានសុភមង្គល។ កវីបានបន្តទៀតថា ” បើខ្លាចខូចកុំឆាប់ខឹង “ គឺមានន័យបញ្ជាក់ថា ត្រូវតែមានអំណត់អត់ធន់ ខាំមាត់សង្កត់ចិត្ត ជំនះលើឧបសគ្គទាំងឡាយ ថែមទាំងមានអត្តចរិករឹងបឹុងមាំមួនចំពោះការងារដែល​​ត្រូវធ្វើ វាជាកត្តានាំទៅរកសេចក្តីសំរេចជោគជ័យ។ ប៉ុន្តែបើយើងគ្មានចិត្តអំណត់ ឆេវឆាវនោះ នឹងមិនបាន​ទទួល​ជ័យជំនះលើការងារបានឡើយ។ សមដូចពាក១ឃា្លពោលថា ខឹងខុសខឹងខូចខឹងខាត។ ដូចនេះយើងគប្បី​ជៀស​វាង នូវអំពើក្រោធខឹង ទោសៈ មោហៈ ប្រកាន់ធម៌ខន្តី អហឹង្សាជានិច្ចទើបល្អប្រសើក្នុងដំណើរជីវិតរស់នៅ​។ បន្ថែមទៀតកវីពោលថា ” ការធ្វើអោយចេះថ្លឹង “ គឺជាការទាមទាអោយចេះថ្លឹងថ្លែងពិចារណាមើលពីសម្ថភាពដែលខ្លួន មាន ជៀសទទួលបានភាពខកខានខាត បង់ប្រយោជទើបស្តាយក្រោយ។ ជាក់ស្តែងក្នុងការចូលប្រឡូក រកមុខ​របរ​រៀងជីវជន យើងត្រូវគិតថ្លឹងថ្លែងមើលពីដើមទុនរបស់ខ្លួន តើអាចធ្វើដោយកំរិតណា? ហើយផលចំណេញដែលទទួលអាចមានកំរិតប៉ុណ្ណាដែរ។ បើយើងចេះតែធ្វើទាំងងងឹតងងុលគ្មានគិតគូរពិចារណាទេនោះ យើងនឹងទទួលបានមកវិញនូវភាពបរាជ័យ អស់សង្ឃឹមក្នុងឆាកជីវិត។ ដូចនេះយើងគួរគិតរួចសឹមគូ ទើបល្អប្រសើរ និងមានភាពជោគ​ជ័យ​ក្នុងការស់នៅ។ ជាចុងក្រោយនៃពំនោលក្នុងប្រធានបទនេះគឺ ” កុំបីប្រឹងជុះតាមដំរី “ ឱ្យគិតពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ទាំងផ្នែកចំណេះវិជ្ជា កំលាំពលំ ទ្រព្យសម្បត្តិ ស័ក្តិយស និងប្រាជ្ញាស្មារតី កុំអោយប្រឹងធ្វើញទង្វើអ្វីដែលហួសពីសម្ថភាពរបស់ខ្លួន ជាហេតុនាំអោយខាតប្រយោជ។ នេះវាជារឿងពិតប្រាកដបំផុតក្នុងសង្គមរស់នៅរបស់មនុស្ស អ្នកមានទ្រព្យសម្បត្តិច្រើន គេអាចចាយវាយ ធ្វើផ្ទះសំបែងបានធំខ្ពស់ស្អាតបាត ប្រើប្រាសសុទ្ធ​តែវត្ថុមានតំលៃ។ ឯអ្នកក្រខិតខំប្រឹងធ្វើតាមគេមិនបានកើតឡើយពីព្រោះវាហួសពី លទ្ធភាព និងសមត្ថភាពរបស់ខ្លួន​។ បើយើងនៅតែជំនះធ្វើតទៅទៀតមិនត្រឹមតែមិនសំរេចទេ វាថែមទាំងធ្វើអោយជីវភាពរស់នៅកាន់តែធ្លាក់ដុនដាបកាន់​ខ្លំាងថែម ទៀត។ ដើម្បីរស់នៅបានស្រណុកសុខស្រួលនោះយើងគួរធ្វើអ្វីៗឱ្យសមស្រប និងសម្ថភាពរបស់ខ្លួន។

សរុបសេចក្តីមក កវីចង់អប់រំកុលបុត្រកុលធំតាខ្មែរជំនាន់ក្រោយ ឱ្យខិតខំរៀនសូត្រតាំងពីវ័យកុមារ និងយុវជន ហើយ​មានខ័ន្តីអំណត់អត់ធន់ ចេះគិតគូរពិចារណាឱ្យបានល្អិតល្អន់ មុនធ្វើការងារអ្វីមួយ ព្រមទាំងមានចិត្តតស៊ូ​ព្យាយាម​​។​ ពិសេសឱ្យចេះប្រមើល៍មើលពីសម្ថភាពរបស់ខ្លួន។

យោងតាមការបកស្រាយខាងលើយើងឃើញថា ប្រធានបទនេះមានអត្ថន័យល្អ សំរាប់អប់កូនចៅខ្មែរ ជំនាន់ក្រោយ ឱ្យចេះដើរតាមផ្លូវល្អ ត្រឹមត្រូវមានអំណត់អត់ធន់ ព្យាយាមរៀនសូត្រ។ ដូចនេះយើងជាខេមរបុត្រគ្រប់ជំនាន់ទាំងអស់ត្រូវខិតខំអនុ វត្តឱ្យបានល្អត្រឹមត្រូវតាមការអប់រំដែលជាគំនិត ដ៏វិសេសវិសាលរបស់ចាស់ទុំបរមបុរាណ៕

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1