Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ពាក្យ​ចាស់​បុរាណ​មួយ​ឃ្លា​ពោល​ថា "កុំ​ទុំ​មុន​ស្រគាល" តើ​ពាក្យ​នេះ​មាន​អត្ថ​ន័យ​ដូច​ម្តេច ? ចូរពន្យល់ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ពាក្យ​ចាស់​បុរាណ​មួយ​ឃ្លា​ពោល​ថា “កុំ​ទុំ​មុន​ស្រគាល” តើ​ពាក្យ​នេះ​មាន​អត្ថ​ន័យ​ដូច​ម្តេច ? ចូរពន្យល់ ។

សេចក្ដីអធិប្បាយ

មនុស្ស​សត្វ​រុក្ខ​ជាតិ​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ តែង​តែ​មាន​ការ​រីក​ចំរើន​លូត​លាស់ ទៅ​មុខ​ជា​លំ​ដាប់​ឥត​ឈប់​ឈរ តាម​ធម្ម​ជាតិ​កំ​ណត់អោយទី​ទៃ​ៗ​ពី​គ្នា ហើយ​ការ​រីក​លូត​លាស់​ដុះ​ដាល​នេះ ទាល់​តែ​ត្រូវ​តាម​លក្ខណៈ និង​តំ​ណាក់​កាល​របស់​វា​ទើប​ល្អ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​ពាក្យ មួយ​ឃ្លា​ពោល​ថា ”កុំ​ទុំ​មុន​ស្រគាល“ ។ តើ​ពាក្យ​ខាង​លើ​នេះ​មាន​អត្ថ​ន័យ​បែប​ណា?

ដើម្បី​សំរួល​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​អោយ​កាន់​តែ​ច្បាស់លាស់​ យើង​គួរ​យល់​អត្ថ​ន័យ​នៃ​ពាក្យ ”ទុំ និង​ ស្រគាល​“ ជា​មុន​សិន។ទុំ គឺ​សំដៅ​លើ​ផែ្ល​​​រុក្ខ​ជាតិដែល​វិវឌ្ឈ​ន៍ ពី​ខ្ចី​ចាស់ និង​ស្រគាល ទើប​ក្លាយ​ជា​ទុំ​អាច​យក​មក​ប្រើ​ប្រាស ឬ​អាច​បន្ត​ពូជ​ក្នុង​ការ​ដាំ​ដុះ​បាន​។ ឯស្រគាល គឺ​សំដៅ​លើ​ផែ្ល​​រុក្ខ​ជាតិ​ទាំង​ឡាយ លើស​ពី​ភាព​ចាស់​ តែ​មិ​ន​ទាន់​ទុំ ដើម្បី​ដល់​ការ​ទុំផ្លែ​ឈើ​ទាំង​ឡាយ​ត្រូវ​ឆ្លង​កាត់ ភាព​ស្រគាល ឬ​ហៅ​ថា ទុំ​ស្ទើ​ៗ​ជា​មុន​សិន។

ពាក្យថា ​ទុំ​មុន​ស្រ​គាល​នេះ មាន​ន័យ​ថា គ្រប់​ផ្លែ​ឈើ​ត្រូវ​លួត​លាស់ ពី​ក្តឹប​ទៅ​ផ្លែ​ធំ ហើយ​ចាស់​បន្ទាប់​មក​វា​ទុំមិន​ទាន់​ល្អ ដែល​ហៅ​ថា​ ស្រគាល រួច​ក្លាយ​ទៅ​ជា​ទុំ​សុះ​សាច់​ល្អ។ តែ​បើ​ទុំ​មុន​ស្រគាលមាន​តែ​ផ្លែ​ឈើ​នេះ មាន​លក្ខណៈខុស​ប្រក្រ​តី អាច​និង​ថា វា​បាក់​មែក ឬ​សត្វ​ផ្សេង​ៗ​ទិច ឬ​ខាំ​យូរទៅ​ ធ្វើ​អោយ​វា​ទន់​ជ្រាយ ទៅ​ជា​ទុំ​ដោយ​មិន​ពេញ​លក្ខណៈរបស់​វា ហើយ​ផ្លែ​ឈើ​ដែល​ទុំបែបនេះ មិន​មាន​រស់​ជាតិ​ឆ្ងាញ់ និង​មិន​ប្រ​យោជន៍​ក្នុង​ការ​យក​ទៅ​ដាំ​ដុះ វិញ​ទៀត​កើត​នោះ​ទេ។ឯក្នុង​ន័យ​ធៀប​វិញ ទុំ​មុន​ស្រគាល​នេះ គឺ​ផ្តោត​ចំពោះ​ត្រង់​ទៅ​លើ​បុត្រ​ធីតា ទាំង​ឡាយ​ដែឡ​ហ៊ាន ប្រ​ព្រឹត្តិ​អំពើ​ខុស​ឆ្គង​ប្រាស​ចាក​ខុស​ពី​ប្រ​ពៃ​ណី ទំនៀម​ទំលាប់​ពូជ​សាសន៍​របស់​ខ្លួន ដូច​ជាការ​លប​លួច​មាន​ស្នេហា សង្សា សាហាយ កំបាំង​មុខ​ពី​មេបា ឬ​ដោយ​មាន​ស្នេហា​មុន​ការ​រៀប​មង្គល់ការ។ ពិសេស​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​ស្រី​ក្រមុំ ក្មេង​វ័យ គួរ​កុំ​បណ្តោយ​ខ្លួន​ប្រាណ អោយ​ទៅ​បុរស​ណា​ម្នាក់ មុន​ពេល​គេ​ចូល​ស្តី​ដណ្តឹង មុន​ពេល​រៀប​អាពាហ៍​ពិពាហ៍ ប្រសិន​បើ​បណ្តោយ​ខ្លួន ទៅ​រហូត​ដល់​មាន​ផ្ទៃ​ពោះ វាជា​រឿង​មិន​ល្អ ត្រូវ​បាន​បណ្តារ​ញាតិ​គេ​ស្អប់ខ្ពើម ​ជិន​ឆ្អន់ កេរ្តិ៍ឈ្មោះ​ស្អុយអាសោច បញ្ច្រាស​ខ្យល់​អាប់​មុខ​ អាប់​មាត់​គ្រួសារ និង​កិត្តិ​យស​ខ្លួន​ផ្ទាល់ ហើយ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​កូន​អកតញ្ញូ។ ជាការ​ពិត​ណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​ខ្លះ ពេល​ដែល​ជួប​ប្រទះ និងកូន​ស្រី​បែបនេះ គឺ​ធ្វើ​អោយ​ម៉ែ​ឪ​គាត់​មាន​សេចក្តី​អស់​សង្ឃឹមជា​ខ្លាំង ជួន​កាល​កាត់​កាល​ចោល​មិន​រាប់​រក ជួន​កាល​ទៀត​ក៏​រក​វិធី​បំ​បែកបំបាក់ ធ្វើអោយ​មាន​ភាព​ល្អក់កករ​ផ្សេងៗ​កើត​ឡើង​ដោយ​ភាព​មិន​សម​និង​បំ​ណង​បែប​នេះ។ ដោយ​មាន​ទង្វើ​ខុស​បែបនេះ​ហើយ ទើប​ចាស់​ទំពី​បុរាណ​ហាម​ថា ”កុំ​ទុំមុន​ស្រគាល“ ។

ជាក់​ស្តែង​ក្នុង​អក្សរ​សិល្ប​ខ្មែរ រឿង​ទុំ​ទាវ​ ដែល​និពន្ធ​ដោយ ព្រះ​ភិក្ខុសោម បានបង្ហាញ​អោយ​ឃើញ​ថា ទុំ​បាន​ប្រ​ព្រឹត្តិ​អំពើ​ខុស​ឆ្គង ព្រោះ​ខ្លួន​ជា​សង្ឃ ហ៊ាន​មាន​ចិត្ត​ស្នេហា​ងុប​ងុល​ទៅ​លើ​នាង​ទាវ និង​លួច​សឹក​តែ​ម្នាក់​ឯងនៅ​ក្បែរ​ដំ​បូក​ ដើម្បី​មក​ជួប​ទាវ។ ឯនាង​ទាវ​ខ្លួន​ជា​ស្រ្តី​ក្រ​មុំ បែរ​ជា​ហ៊ាន​បំពារ​ទៅ​​លើ​ប្រ​ពៃណី​មក​ធ្វើ​នូវ​សេចក្តី​ស្នេហា​ជា​មួយ​ទុំ ទោះ​ជា​អ្នក​ទាំង​ពីរ​ស្រ​លាញ់​គ្នា​ប៉ុណ្ណា​ក៏ដោយ សេចក្តី​ស្នេហា​នេះ​ត្រូវ​បាន​រំ​ខាន​ដោយ​យាយ​ផាន់ ព្រោះ​ជា​រឿង​ខុស​និង​ច្បាប់​ស្រី និង​ជា​ការ​មិន​ពេញ​ចិត្ត​របស់​យាយ​ផាន់​ផង។ ទោះ​បី​ជា​ព្រះ​រាជា​ប្រទាន​មង្គល់​ការ​ អោយ​ហើយ​ក្តី​ក៏​យាយ​ផាន់ នៅ​តែ​បំ​បែក​បំ​បាក់​ស្នេហា​នេះ​ទាល់​តែ​ខាង​បាន។ ចុង​ក្រោយ​ស្នេហា​ទុំ​មុន​ស្រគាល មួយ​គូនេះ​ត្រូវ​ទទួល​រង​​សេចក្តី​វិនាស អន្តរាយ​ទាំង​ស្រុង។ ឯរឿង​ភូមិ​តិរច្ឆាន​វិញ បាន​បង្ហាញ​អោយ​ឃើញ​ពី​ទឹក​ចិត្តរបស់ ​សុវណ្ណ មក​លើ​ នាង​តន់ ដែល​មិន​បាន​ប្រព្រឹត្តិ​អ្វី​អោយ​ខុស​ពី​ប្រ​ពៃណី​ខ្មែរ​ឡើយ។ ពេល​ដែល​តន់​ត្រូវ​គេ​បណ្តេញ​ចុះ​ពី​ផ្ទះ នាង​អស់​ជំរក​ក៏​ត្រ​ឡប់​មក​ផ្ទះ​សុវណ្ណ​វិញ។​ ឯសុវណ្ណ​បាន​ទទួល​នាង​ជា​ប្រ​ពន្ធ ដោយ​រៀប​ចំ​សែន​ព្រេន បន្តិច​បន្តូច​តាម​ប្រ​ពៃ​ណី​ខ្មែរ​ជា​មុន។ ដោយ​មាន​បំ​រាម​ទុំ​មុន​ស្រគាល​នេះ​ហើយ ទើប​សុវណ្ណ​មិន​ធ្វើ​អ្វី​អោយ​ខុស​ឆ្គង។

សរុប​សេចក្តី​មក​ការ​ ទុំ​មុន​ស្រ​គាល និង​ការ​ធ្វើ​ខុស​ឆ្គង​ប្រ​ពៃ​ណី​របស់​កូន​ប្រុស​ស្រី មាន​លក្ខណៈ​មិន​ល្អ​ មិន​សម​រម្យ​ដូច​គ្នា ទើប​ចាស់​ៗ​ហាម​ប្រាម​កូន​ចៅ​មិន​អោយ ប្រ​ព្រឹត្តិ​ខុស។

តាម​ការ​បក​ស្រាយ​បញ្ជាក់​ខាង​លើ​បង្ហាញ​ថា ពាក្យ​ចាស់​បុរាណ​មួយ​ឃ្លានេះ ពិត​ជា​មាន​អត្ថ​ន័យ​ខ្លឹម​សារ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​អប់​រំ​ទូន្មាន​កូន​ប្រុស​ស្រី​ខ្មែរ កុំ​អោយ​ធ្វើ​អ្វី​ឆ្គាំ​ឆ្គង ប្រាស​ចាក​ពី​ច្បាប់​ទំ​លាប់​ប្រ​ពៃ​ណី។ ដូច​នេះ​ខេមរបុត្រ ខេមរធីតាទាំង​ឡាយ គប្បី​ខិត​ខំ​សិក្សា​រៀន​សូត្រ ជៀស​វាង​ការ​មាន​ស្នេហា​ក្នុ​ង​វ័យ​សិក្សា និង​ការ​បណ្តោយ​ខ្លួន​អោយ​ជ្រុល​ជ្រួស ហួស​ខុស​ពី​ប្រ​ពៃ​ណី ដែលអំ​ពើ​ទាំង​​នេះជា​ហេតុ​មិន​ល្អទាល់​តែ​សោះ៕

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1