Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ពន្យល់សុភាសិត «ឈើពុក កុំ​ដាក់​គូថ​អង្គុយ​» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ពន្យល់សុភាសិត «ឈើពុក កុំ​ដាក់​គូថ​អង្គុយ​» ។

សេចក្ដីអធិប្បាយ

ជា​ការ​ពិត​ណាស់​ ឈើ​ពុក​ប្រាកដ​ជា​គ្មាន​ខ្លឹម​ ហើយ​ងាយ​ស្រួលក្នុងការ​បំបាក់​ឫ​កាច់ និង​មាន​សភាព​ផុយ​ស្រួយ​​ បើ​មាន​បុគ្គលណា​ម្នាក់​ទៅ​ឈរ​ឬ​អង្គុយ​ពី​លើ​នោះ វា​នឹង​បង្ក​បញ្ហា​ដល់​ជន​នោះ​ អាច​ថ្លោះ​គ្រេច​ ឬ​ដាច់​រលាត់​ផ្សេង​ៗ​។ ដោយ​មើល​ឃើញ​ធម្មជាតិ​បែប​នេះ​ ទើប​​បុ​ព្វបុ​រ​ស​ខ្មែរ​​ច្នៃ​ចេ​ញ​សុ​ភា​សិ​ត​​មួយ​​ដោយ​បង្កប់​នូវ​ន័យ​ធៀប​និង​គំនិត​អប់​រំ​ នោះ​គឺ​ «​ឈើ​ពុក កុំ​ដាក់​គូថ​អង្គុយ​»​។

តើ​សុភាសិត​នេះ​មាន​ខ្លឹម​សារ​អប់រំ​ដូចម្ដេច​ខ្លះ​?​

ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បក​ស្រាយ​សុភាសិត​នេះ​ ជា​បឋម​គួរ​គប្បី​យល់​នូវ​ឃ្លា​​មួយ​ចំនួន​សិន​ ដូច​ជា​ «​ឈើពុក»​ និង​ «ដាក់​គូថ​អង្គុយ​»​។ «ឈើពុក​»​ សំដៅ​ទៅ​លើ​ឈើ​ដែល​ពុំ​មាន​ជាតិ​ខ្លឹម​ ហើយ​ផុយ​ស្រួយ​បំផុត​ រី​ឯ​ឃ្លា​ «​ដាក់​គូថ​អង្គុយ​» គឺ​មាន​ន័យ​ថា​ ការ​ដាក់​អវយវៈ​​ដោយ​មិន​ឈរ​ គឺ​អង្គុយ​ពី​លើ​អ្វី​មួយ​។​ តាម​អត្ថានុរូប​ មាន​ន័យថា​​ គេ​ហាម​មិន​ឲ្យ​អង្គុយ​លើ​ឈើ​ពុក​ ព្រោះ​វា​គញមាន​ភាព​រឹង​មាំ​នឹង​ទ្រង់ទ្រង់​កម្លាំ​ង​មនុស្ស​បាន​ ហើយ​​អាច​​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ រី​តាម​ន័យ​អត្ថបដិរូប​វិញ​ គឺ​ដូន​តា​ខ្មែរ​ ហាម​មិន​ឲ្យ​សេព​គប់​បុគ្គល​ដែល​មិន​ល្អ​ ឬ​ទុច្ចរិត​ ដែល​អាច​នាំ​មក​នូវ​សេចក្ដី​វិនាស​ដល់​មនុស្ស​និង​សង្គម​ទាំង​មូល​។​

ជា​ការ​ពិតណាស់​ ​មិត្ត​ល្អ​នាំ​មក​នូវ​សំណាង រី​ឯ​មិត្ត​អាក្រក់​នឹង​​នាំ​ទៅ​រក​ជ្រោះ​មរណ​ ឬ​ផ្លូវ​អបាយ​មុខ​។ នៅ​ក្នុង​សង្គម​​ជាក់​ស្ដែង​ ក៏​គេ​សង្កេត​ឃើញ​នូវ​ហេតុ​ការណ៍​បែប​នេះ​ជា​រឿយ​ៗ​ផង​ដែរ​ ឧទាហរណ៍​ សិស្ស​ម្នាក់​ដែល​​តែង​តែ​គោរព​ ពេល​វេលា និង​ខិតខំ​រៀន​សូត្រ​ ប៉ុន្តែ​នៅ​ពេល​រាប់​អាន​មិត្ត​ដែល​ចូល​ចិត្ត​ដើរ​លេង​ ចង់​មិន​ចង់​ក៏​អាច​ទៅ​តាម​គេ​ ម្ដង​ជា​ពីរ​ដង​ យូរ​ៗ​ទៅ​ចេះ​តែ​បណ្ដោត​បណ្ដោយ​ ទី​បំផុត​ក៏​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ខ្លួន​ធ្លាក់​ចុះ ខាតបង់​ពេលវេលា ហើយ​អាច​លែង​ស្ដាប់​សម្ដី​លោកគ្រូ-អ្នកគ្រូ​ ឬ​អាណាព្យាបាល​ទៀត​ផង​ ជួនកាល​ទៀត​ អាច​នឹង​ប្រឡូក​នៅ​ក្នុង​​ការ​ប្រើ​ប្រាស់​និង​ជួញដូរ​គ្រឿង​ញៀន​ក៏​ថា​បាន​។ អ្វី​ៗ​ទាំង​អស់​ដោយ​សារ​តែ​ខ្លួន​មិន​ចេះ​មើល​មនុស្ស​ឲ្យ​បាន​ជាក់​ច្បាស់​ ឃើញ​តែ​ពី​ខាង​ក្រៅ​ស្អាត ហ៊ឺហា​ ក៏​ចេះ​តែ​តាម​គេ​ទៅ។ រឿង​មួយ​ទៀត​ គឺ​មិត្ត​ភក្តិ​បោក​ប្រាស​មិត្ត​ភក្តិ​ បញ្ហា​នេះ​​មាន​ច្រើន​គ្នា​ណាស់​រហូត​ដល់​មាន​ការ​ចុះ​ផ្សាយ​តាម​ការសែតស្ទើរ​រាល់​ថ្ងៃ​ ដូចជា​ ប្លន់​មិត្ត​ខ្លួន​ឯង​ ​ដល់​ធ្វើ​ឃាត​ទៀត​ផង​។

បើ​ក្រឡេក​នៅ​ក្នុង​អក្សរ​សិល្ប៍​វិញ​ ក៏​គេ​តែង​តែ​សង្កេត​ឃើញ​យ៉ាង​ច្បាស់​ថា​ ​បញ្ហា​ទាំង​នេះ​អ្នក​និពន្ធ​តែង​តែ​លើក​ឡើង​មិន​លែង​ឡើយ​ ជាក់​ស្ដែង​ដូច​នៅ​ក្នុង​រឿង កុលាបប៉ៃលិន​ របស់​លោក ញ៉ុក ថែម​ ​បាន​លាត​ត្រដាង​នូវ​ទង្វើ​របស់លោក​បាឡាត់ស្រុក​សង្កែ​ ដែល​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់ ប្រៀប​ដូច​ជា​ឈើ​ពុក​។ លោក​ហ្លួង​រតនសម្បត្តិ​បាន​គោរព​ស្រឡាញ់​រាប់​អាន​លោក​ជា​ខ្លាំង​ ប៉ុន្តែ​ដោយ​សារ​ជា​សន្ដាន​មនុស្ស​មាន​ចរិត​មិន​ល្អ​ ចេះ​តែ​មាន​ចិត្ត​ព្យាបាទ​ចៅចិត្រ​ និយាយ​មើល​ងាយ​នាង​ឃុន​ នារី​ ហើយ​ថែម​ទាំង​ឃុបឃិត​ជាមួយ​ចោរ​ចូល​មក​ប្លន់​ទ្រព្យ​សម្ប្តត្តិ​របស់​លោក ហ្លួង​រតន​សម្បត្តិ​ទៀត​ផង​។ ក្រៅ​ពី​នេះ​ នៅ​ក្នុង​រឿង​ ថៅកែ​ចិត្ត​ចោរ​ ក៏​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពូហំ​ បាន​ទៅ​ធ្វើ​ការ​ឲ្យ​ថៅ​កែ​មួយ​រូប​ ដែល​មាន​ចរិត​ចោរ​ព្រៃ​ បោក​កម្មករ​ប្រើប្រាស់​ ដល់​ពេល​មាន​បញ្ហា​ឆ្លើយ​យក​រក​ខ្លួន​ ហើយ​ទម្លាក់​ទោស​កំហុស​ទាំង​អស់​ទៅ​ឲ្យ​ពូ​ហំ​។ លើស​ពី​នេះ​ទៅ​ទៀត​ គេ​អាច​សង្កេត​មើល​នៅ​ក្នុង​ រឿង​ ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​ លោក​ សួន​ សុរិន្ទ​ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ជាក់​ច្បាស់​ថា សម​ បាន​ទៅ​សេព​គប់​និង​លោក យ៉េង ដែល​ជា​អ្នក​នយោបាយ​បោក​ប្រាស​ ​ធ្វើ​សម​ ភ្ញាក់​ខ្លួន​តែ​ម្ដង​ថា​ខ្លួន​ពិត​ចាញ់​បញ្ញា​អ្នក​នយោបាយ​រូប​នេះ​ ហើយ​ត្រូវគេ​ដៀលត្មេះ​ ព្រម​ទាំង​មើល​ងាយ​មើល​ថោក​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត​ បើ​​អាច​ចៀស​ឲ្យ​ផុត​ពី​មនុស្ស​ខិលខូច​គឺ​រឹត​តែ​ល្អ​ នៅ​ក្នុង​វគ្គ​មួយ​ទៀត​ ក្នុង​រឿង​ដដែល​នេះ​ គេ​ឃើញ​​ថា សៅ​​ដែល​ជា​តួអង្គ​ចោ​រ​ បាន​ណែនាំ​ឲ្យ​ សម​ ធ្វើ​តាម​ខ្លួន​ និង​ខំ​លើក​ហេតុ​ផល​ពី​នេះ​ពី​នោះ​ ដើម្បី​ឲ្យ សម​ ទទួល​យក​គំនិត​របស់​ខ្លួន​ ទី​បំផុត​ ក៏​មិន​អាច​បញ្ចុះ​បញ្ចូល​ សម​ បាន​ ព្រោះ​សម មាន​ឧត្ដម​គតិ​ និង​ស្រឡាញ់​នូវ​អំពើ​សុចរិត និង​យុត្តិ​ធម៌​។ បើ​ក្រឡេក​ទៅ​មើល នាយ សយ ដែល​ជា​ប្រពន្ធ​សម វិញ​ ពេល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះរបស់​ថៅកែ​ហុក ក៏​ត្រូវ​ថៅ​កែរូប​នេះ​រំលោភ​យ៉ាង​ព្រៃ​ផ្សៃ​ ហើយ​អ្វី​ដែល​នាង​ទទួល​បាន​គឺ​ការ​មើលងាយ​មើល​ថោក​ និង​អំពើ​អសីលធម៌​​របស់​ពួក​អ្នក​មាន​។

សរុប​មក​ឃើញ​ថា រាល់​ការ​សេព​គប់​បុគ្គល​មិន​ល្អ​ តែង​តែ​ធ្វើ​ឲ្យ​​ខ្លួន​រង​នូវ​គ្រោះ​ថ្នាក់​ និង​បញ្ហា​នានា​ ជួន​កាល​អាច​ប៉ពាល់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង​ ជាក់​ស្ដែង​ដូច​ករណី​មិត្ត​ភក្តិ​សម្លាប់​ឬ​បោក​ប្រាស់​មិត្តភក្តិ​ សិស្ស​ដែល​រាប់​អាន​​អ្នក​ដើរ​លេង​ឬ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ជាដើម​។ ម្យ៉ាង​នៅ​ក្នុង​អក្សរសិល្ប៍​ ក៏​បាន​បញ្ជាក់​ជា​គំរូ​យ៉ាង​ប្រតក្ស​ត្រង់​ពូហំ​ក្ដី​ ហ្លួង​រតនសម្បត្តិ​ សម និង​នាង​សយ​ក្ដី​ សុទ្ធ​រាប់​មនុស្ស​ទុច្ចរិត​ ទី​បំផុត​​ក៏​មាន​អន្តរាយ​ដល់​ខ្លួន​។​

ក្រោយ​ពី​បាន​ធ្វើ​ការ​បក​ស្រាយ​យ៉ាង​ក្បោះ​ក្បាយ​ខាង​លើ​នេះ​ គេ​អាច​​វាយ​តម្លៃ​បាន​ថា សុភា​សិត​នេះ​ ​ពិត​ជា​បានបង្កប់​នូវ​តម្លៃ​អប់រំ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ដែល​ហាម​មិន​ឲ្យ​មនុស្ស​ទាំង​ឡាយ​សេព​គប់​មនុស្ស​ខុស​ឡើយ​ ជា​​ពិសេស​គឺ​ប្រភេទ​មនុស្ស​ឈើ​ពុក​នេះ​ឯង​។ ក្នុង​នាម​ជា​អ្នក​បន្ត​វេន​ជំនាន់ក្រោយ គួរ​គប្បី​មាន​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់​សិន​ មុន​នឹង​រាប់​មិត្ត​ជា​មួយ​នរណា​ម្នាក់​ ដើម្បី​ការពារ​ខ្លួន​ពី​បញ្ហា​នានា​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​ខ្លួន​ហើយ​គួរ​ខំ​សិក្សា​​ ​រៀន​សូត្រ​ដើម្បី​ស្នង​ជា​បន្ត​​វេន​ប្រកប​ដោយ​សមត្ថភាពសម្រាប់​សង្គមកម្ពុជា​ទាំង​មូល​។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1