Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ពន្យល់ពាក្យសុភាសិត «​ឮ​ផ្គរ​ កុំ​អាល​ចាក់​ទឹក​ចោល​» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ពន្យល់ពាក្យសុភាសិត «​ឮ​ផ្គរ​ កុំ​អាល​ចាក់​ទឹក​ចោល​» ។

សេចក្ដីអធិប្បាយ

ពាក្យ​ចាស់​លោក​តែង​ពោល​ថា សមុទ្រ​ជ្រៅ​ គេ​អាច​វាស់​បាន ប៉ុន្តែ​ចិត្ត​មនុស្ស​មិន​ងាយ​វាស់​ជម្រៅ​បាន​ឡើយ​​ គេ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ចិត្ត​មនុស្ស​ប្រែប្រួល​មិន​ទៀង​ ដូច​ភ្លៀង​តែង​រាំង​តែង​អត់​ មាន​អ្នក​ខ្លះ​នៅ​តែ​រក្សា​ឧត្ដម​គតិ​របស់​ខ្លួន​ រី​ឯ​បុគ្គល​ជាច្រើន​ទៀត​តែ​ង​​តែ​​មើ​ល​​ប្រយោ​ជ​ន៍​​ជា​ធំ​​ ហេ​តុ​ដូ​ច្នេះ​ហើ​យ​​ទើ​ប​​គេ​​​អាច​​ទិញ​ទឹក​ចិ​ត្ត​មនុស្ស​តាម​រយៈ​ផល​ប្រយោជន៍​នេះ​ឯង​។ ជា​ការពិត​ណាស់​ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ គួរ​គប្បី​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​សិន​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ ឬ​ខាត​បង់​នូវ​ពេលវេលា ទ្រព្យ​សម្បត្តិ​ ឬ​ក៏​កិត្តិយស​ជាដើម​។ សម​ដូច​សុភាសិត​មួយ​បាន​លើក​ឡើង​ថា «​ឮ​ផ្គរ​ កុំ​អាល​ចាក់​ទឹក​ចោល​»​។​

តើ​សុភាសិត​នេះ​មាន​ន័យ​ដូចម្ដេច​?​

ដើម្បី​ឲ្យ​ការ​បកស្រាយ​បាន​ល្អ​ក្បោះក្បាយ​ ជា​បឋម​គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះ​សំខាន់​ៗ​ជាមុន​សិន​ដូចជា​ «​ផ្គរ​»​ និង​ «ចាក់​ទឹក​»​ ជាដើម​។ «​ផ្គរ​»​ ជា​បាតុភូត​ធម្មជាតិ​ដែល​កើត​ឡើង​នៅ​លើ​លំហ​ ជា​ការ​ប៉ះទង្គិច​រវាង​ប៉ូល​និង​ប៉ូល​បូក​នៃ​ចរន្ត​ ហើយ​បង្កើត​បាន​ជា​ពន្លឺ​ព្រាក​ៗ​និង​សំឡេង​គ្រាំង​ៗ​ ចំណែក​ឯ​ពាក្យ​ «​ចាក់​ទឹក​»​ គឺ​ជា​សកម្មភាព​ដែល​យក​ទឹក​ចេញ​ពី​ពាង​ឬ​ពី​វត្ថុ​ផ្ទុក​ណា​មួយ​។​ តាម​រយៈ​សុភាសិត​ខាងលើ​ គេ​មើល​ឃើញ​ន័យ​ត្រង់​របស់​វា​ គឺ​ចង់​សំដៅ​ថា​ មិន​មែន​រាល់​ពេល​ដែល​ឮ​សូរ​ផ្គរ​ គឺ​មាន​ភ្លៀង​នោះ​ទេ​ តែ​ជួនកាល​ ក៏​អត់​មាន​ភ្លៀង​ដែរ​ ហេតុ​នេះ​កុំ​អាល​ស្ដារ​ទឹក​ពាង​ឬ​ចាក់​ទឹក​ក្នុង​ពាង​ចោល​ គួរ​ចាំ​មើល​ស្ថានការណ៍​ចុង​ក្រោយ​សិន​ សឹម​សម្រេច​ចិត្ត​ ក៏​មិន​ទាន់​ហួស​ពេល​ដែរ រី​ឯ​ធៀប​គឺ​ចង់​សំដៅ​ថា រាល់​ពាក្យ​សម្ដី​នានា ឬ​ការ​ជន្ល​ដោយ​ផល​ប្រយោជន៍​ក្ដី​ មិន​គួរ​ណា​ឆាប់​ជឿ​ឬ​​​ឈ្លក់​វង្វេង​ពេក​ទេ ត្រូវ​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​និង​គោល​បំណង​របស់​បុគ្គល​នោះ​ឲ្យ​បាន​ច្បាស់​សិន​។​

នៅ​ក្នុង​សង្គម​មនុស្ស​សព្វ​នេះ​ ពោរពេញ​ទៅ​ដោយ​ភាព​ច្របូកច្របល់​ ការ​​ច្រណែន​ឈ្នានីស​ ការ​ស្អប់​ខ្ពើម​ ការ​​កេងប្រវ័ញ្ច​ និង​ការ​បោកប្រាស់​ជាដើម​ ប៉ុន្តែ​​ក៏​មាន​អំពើ​ផង​ដែរ​ មិន​មែន​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អាក្រក់​ឡើយ​។​ ជា​ការ​ពិត​ណាស់​ បើ​បុគ្គល​ណា​មាន​ប្រាជ្ញា​ខ្សោយ​ជាង​គេ​ ប្រាកដ​ជា​ដើរ​នៅ​ក្រោម​​អ្នក​មាន​ប្រាជ្ញា​ជា​មិន​ខាន ដូច​គេ​ថា​អ្នក​ខ្លាំង​ស៊ី​អ្នក​ខ្សោយ​ អ្នក​ខ្សោយ​ក្រោម​អ្នក​ខ្លាំង​ ហើយ​ពួកគេ​នឹង​​កេង​យក​ផល​ប្រយោជន៍​តាម​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ចំ​ណែក​​ឯ​អ្នក​បាត់បង់​​ទ្រព្យ​សម្បត្តិ​នោះ​គឺ​អ្នក​ខ្សោយ​នោះ​ឯង​ តែ​បើ​កាលណា​យើង​ប្រើ​ការ​វិភាគ​ការ​ពិចារណា​ នោះ​មិន​ងាយ​មាន​អ្នក​ជន​ណា​អាច​បោក​បញ្ឆោត​យើង​បាន​ឡើយ​។ ជាក់​ស្ដែង​សម្បូរ​ណាស់​នៅ​ស្រុក​ខ្មែរ​យើង។​ ឧទាហរណ៍ៈ​ ​មាន​លោក​យាយ​ម្នាក់​ដើរ​ទៅ​ផ្សារ​ ពេល​នោះ​គាត់​ក៏​ប្រទះ​ឃើញ​ខ្សែ​ក​មាស​ចំនួន​មួយ​តម្លឹង​ជ្រុះ​នៅ​លើ​ដី​ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង​​ រួច​ក៏​ស្ទុះ​ទៅ​រើស​ ចៃដន្យ​គ្រា​នោះ​ក៏​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ទៀត​​បង្ហាញ​ខ្លួន​ដោយ​អះ​អាង​ថា ខ្លួន​ក៏​បាន​ឃើញ​មាស​នោះ​ដែរ​ ហើយ​ខំ​ជជែក​តវ៉ា​ជាមួយ​លោក​យាយ​ រហូត​ទាល់​តែ​តឹង​សរសៃ​ក​រៀង​ៗ​ខ្លួន​ ទី​បំផុត​ជន​មិន​ស្គាល់​មុខ​នោះ​ក៏​បាន​បញ្ចេញ​វោហារ របស់​ខ្លួន​ថា បើ​លោក​យាយ​ចង់​បាន​​ខ្សែ​ក​មាស​នោះ លោក​យាយ​​គួរ​តែ​ដោះ​ខ្សែ​ក​ផ្លាកទីន​៥​ជី​ឲ្យ​ខ្ញុំ​មក​ ខ្ញុំ​នឹង​មិន​ដណ្ដើម​ខ្សែ​ក​មាស​ពី​លោក​យាយ​ទេ​ មិន​យូរ​ប៉ុន្មាន​ដោយ​មើល​ឃើញ​ផល​ប្រយោជន៍​ហួសហេតុ​ពេក​ លោក​ក៏​សម្រេច​ចិត្ត​ភ្លាម​ៗ​តែ​ម្ដង​ គឺ​សុខ​ចិត្ត​ដោះ​ខ្សែ​ក​ផ្លាកទីន​របស់​ខ្លួន​ឲ្យ​ទៅ​ជន​នោះ​ ហើយ​លោក​យាយ​នឹង​បាន​សោយសុខ​ជាមួយ​ខ្សែ​ក​មាស​​នោះ​វិញ​។ ក្រោយ​មក​ នៅ​ពេល​យក​ទៅ​ឲ្យ​ជាង​មាស​ពិនិត្យ​មើល ទើប​ដឹង​ថា​នោះ​គឺ​ជា​របស់​ក្លែង​ក្លាយ​។ ទីបំផុត​លោក​យាយ​បាន​ត្រឹម​តែ​សោក​ស្ដាយ​ បន្សល់​នូវ​វិប្បដិសារី​ និង​ការ​ឈឺ​ចាប់​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គឺ​ត្រូវ​ខាត​បង់​ទ្រព្យសម្បត្តិ​ផ្ទាល់​ និង​ពេល​វេលា​ដែល​ខ្លួន​ខំ​ប្រឹង​រក​ស៊ី​។ លទ្ធ​ផល​បែប​នេះ​ ដោយ​សារ​តែ​មនុស្ស​សម្លឹង​មើល​ត្រឹម​តែ​សម្បក​ក្រៅ​ មិន​ខុស​អី​ផ្គរ​គ្រឹម​ៗ​ ហើយ​សុខ​ចិត្ត​ចាក់​ទឹក​ក្នុង​ពាង​ចោល​អស់​ ចុង​ក្រោយ​ទឹក​ក៏​អស់​ ភ្លៀង​ក៏​អត់​ ធ្វើ​មាត់​ស្ញេញ​។​

រឿង​មួយ​ទៀត​ គឺ​ទាក់ទង​នឹង​ការ​បោកប្រាស់​តាម​ទូរស័ព្ទ ហើយ​ក៏​មាន​អ្នក​ចាញ់​បោក​គេ​​ច្រើន​គួរ​សម​ណាស់​ដែរ​​ ថ្ងៃ​មួយ​លោក​អ៊ំ​ម្នាក់​គាត់​រស់​នៅ​ស្រុក​ស្រែ​ ស្រាប់​តែ​មាន​ជន​ម្នាក់​ទូរស័ព្ទ​ចូល​លេខ​របស់​គាត់​ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​​ថា គាត់​ត្រូវ​​វង្វាន់​ចំនួន​ប្រាំ​ម៉ឺន​ដុល្លារ​ដោយ​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​លេខ​ទូរស័ព្ទ​ពី​ក្រុម​ហ៊ុន​ណាមួយ ហើយ​​ប្រាប់​ឲ្យ​គាត់​ទៅ​បើក​លុយ​ ប៉ុន្តែ​ត្រូវ​វេរ​លុយ​តាម​វីង​ចំនួន​បី​រយ​ដុល្លារ​ជាមុន​សិន​សម្រាប់​រត់ការ​ ដើម្បី​ទទួល​បាន​ប្រាក់​សរុប​មក​វិញ​ ដោយ​មើល​ឃើញ​ទឹក​លុយ​ច្រើន​បែប​នេះ​ ផ្សំ​នឹង​ការ​និយាយ​ក៏​ពូកែ​ផង​នោះ​ លោកអ៊ំ​ក៏​សម្រេច​ចិត្ត​ខ្ចី​លុយ​អ្នក​ជិត​ខាង​​តាម​ចំនួន​ខាង​លើ​ផ្ញើ​ទៅ​ឲ្យ​ជន​នោះ​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ព័ត៌មាន​ក៏​ស្ងាត់​សូន្យ​ឈឹង​ ​ទី​បំផុត​ទើប​ដឹង​​ថា​ចាញ់​បោក​គេ​។ សរុប​មក​បញ្ហា​នេះ​ក៏​មិន​ខុស​អី​រឿង​រ៉ាវ​ខាង​លើ​ប៉ុន្មាន​ដែរ​ គឺ​គេ​បាន​យក​ទឹកជា​ធ្លាក់​ទាក់​ទឹក​ចិត្ត​ឲ្យ​ដើរ​ទៅ​ក្នុង​ឧបាយ​របស់​គេ​ ហើយ​យើង​ជា​ជន​រង​គ្រោះ​ដែល​មាន​តែ​ការ​ខាត​បង់ លទ្ធផល​ទាំង​នេះ​គឺ​កើត​មក​ព​ភាព​អវិជ្ជា​របស់​ខ្លួន​នេះ​ឯង​។​

​នៅ​ក្នុង​រឿង​ព្រេង​និទាន​របស់​ខ្មែរ​ ក៏​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ពី​បញ្ហា​បែប​នេះ​ដែរ តួ​យ៉ាង​ដូចជា​រឿង​ទន្សាយ​ចង់​ស៊ី​ចេក​ ជាដើម​ មាន​ថ្ងៃ​មួយ​ដូន​ចាស់​ម្នាក់​កំពុង​ទូល​កញ្ជើ​នៅ​លើ​ក្បាល​ដែល​ពេញ​ទៅ​ដោយ​ចេក​ ចំណែក​ឯ​ដោយ​មើល​ឃើញ​បែប​នោះ​ ក៏​ធ្វើ​ពុត​ជា​ស្លាប់​នៅ​តាម​ផ្លូវ​ ដូន​ចាស់​ប្រទះ​ទន្សាយ​ដេក​ស្លាប់​បែប​នោះ​សប្បាយ​ចិត្ត​ណាស់​ គិត​ថា​នឹង​បាន​សាច់​វា​យក​មក​ស្ល​ម្ជូរ​ស្លឹក​ថ្នឹង​ជា​មិន​ខាន​ បន្ទាប់​មក​ដូន​ចាស់​ក៏​ចាប់ខ្លួន​ដ៏​​ល្វត់​ល្វន់​របស់​វា​យក​មក​ដាក់​លើ​កញ្ជើ​។ បាន​ឱកាស​ ទន្សាយ​កំហិល​ក៏​ស៊ី​ផ្លែ​ចេក​រហូតដល់​អស់​រលីង​ ហើយ​ក៏​លោត​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ​។ នៅ​ពេល​ទៅ​ដល់​ផ្ទះ​ ដូន​ចាស់​ក៏​មិន​ឃើញ​ទន្សាយ​ ហើយ​ចេក​របស់​ខ្លួន​ក៏​នៅ​សល់​តែ​សម្បក​។ អ្វី​ដែល​គាត់​បាត់​បង់​គឺ​ ទាំង​ទន្សាយ​និង​ចេក​ ហេតុ​នេះ​អ្វី​ដែល​គាត់​គិត​គឺ​ខុស​ទាំង​អស់​ នេះ​ក៏​ដោយ​សារ​តែ​គាត់​មិន​យល់​ពី​បញ្ហា​មិន​ដឹង​ល្បិច​នៅ​ខាង​ក្នុង​ យល់​តែ​សម្បក​ក្រៅ​ក៏​សម្រេចចិត្ត​ភ្លាម​ៗ​​ដោយ​ខ្វះ​វិចារណញ្ញាណ​។​

បើ​តាម​ដាន​មើល​អក្សរសិល្ប៍​សំណេរ​វិញ គេ​សង្កេត​ឃើញ​ថា​ យាយ​ម្ដាយ​ទាវ​ នៅ​ក្នុង​រឿង​ទុំ​ទាវ​របស់​ព្រះ​ភិក្ខុ​សោម ​គ្រាន់​តែ​មើល​ឃើញ​ទ្រព្យ​សម្បត្តិ​បុណ្យស័ក្ដិ​របស់​អរជូន​ភ្លាម ក៏​សម្រេច​ចិត្ត​​បង្ខំ​នាង​ទាវ​ឲ្យ​រៀបការ​ជាមួយ​​ម៉ឺន​ងួន​តែ​ម្ដង​ ដោយ​មិន​បាន​សួរ​យោបល់​នាង​ម្ដង​ណា​ឡើយ​ ក្នុង​ខណៈ​ដែល​នាង​ជ្រុល​ស្រឡាញ់​ទុំ​រួច​ទៅ​ហើយ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ទោះ​បី​ជា​ព្រះ​រាជា​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​ពួកគេ​ក្ដី​ ក៏​យាយ​ម្ដាយ​ទាវ​នៅ​តែ​បំបែក​ពួកគេ​ដដែល​ ហើយ​​​យក​នាង​​ទៅ​ផ្សំ​ផ្គុំ​នឹង​ម៉ឺន​ងួន​វិញ​។ ទី​បំផុត​ អំណាច​មាស​ប្រាក់​បុណ្យស័ក្ដិ​មិន​អាច​ជួយ​អ្វី​ដល់​គាត់​ឡើយ​ ហើយ​ថែម​ទាំង​ត្រូវ​បាត់​កូន​ស្រី​ជា​ទី​ស្រឡាញ់​ និង​ទុំ​ ព្រម​ទាំង​កិត្តិយស​និង​ជីវិត​ខ្លួន​ទៀត​ផង​។​ បន្ថែម​ពី​នេះ​ នៅ​ក្នុង​រឿង​ផ្កា​ស្រពោន ​​យាយ​នួន គ្រាន់​តែ​ឮ​ពាក្យ​ញុះញង់​របស់​យាយ​ចាន់​ គាត់​ក៏​សម្រេចចិត្ត​ផ្ដាច់​ពាក្យ​នាង​វិធាវី​និង​ប៊ុន ធឿន​ ហើយ​​សម្រេច​ចិត្ត​លើក​នាង​ទៅ​ឲ្យ​ណៃស៊ត​ ដែល​ជា​កូន​ថៅកែ​កាណូត​ឈ្មោះ​ណៃ ស៊ាន​ទៅ​វិញ​ ដោយ​យល់​ឃើញ​ថា ប៊ុន ធឿន​ ធ្លាក់​ខ្លួន​ក្រហើយ មិន​អាច​ផ្ដល់​សុភមង្គល​ដល់​នាង​បាន​ឡើយ​ ទី​បំផុត​អ្វី​ដែល​យាយ​នួន​ទទួល​បាន​គឺ​ការ​បាត់បង់​ដ៏​ធំធេង​ ដោយ​នាង​វិធាវី​ឈឺ​គ្រាំ​​ចិត្ត​រហូត​ដល់​ស្លាប់​​ នេះ​ក៏​ដោយ​សារ​គាត់​មើល​ឃើញ​ត្រឹម​តែ​លាភ​សក្ការ​និង​មាស​ប្រាក់​ ដោយ​បោះបង់​នូវ​សច្ចធម៌​ និង​មេត្តា​ធម៌​ក្នុង​នាម​ខ្លួន​ជា​អ្នក​កាន់​សីល​មួយ​រូប​។​ ​

សរុប​មក​ឃើញ​ថា ទង្វើ​ខ្វះ​ការ​គិត​ និង​​ធ្វើ​តាម​សភាវគតិ​ មិន​ដែល​ផ្ដល់​ផល​ល្អ​ដល់​បុគ្គល​នោះ​ឡើយ​ រមែង​តែង​តែ​ទទួល​នូវ​សេចក្ដី​វិនាស​នៅ​ទី​បញ្ចប់​​ ជាក់​ស្ដែង​​ដូចជា​ការ​ចាញ់​បោក​ជន​ខិលខូច​ពង្វក់​ដោយ​ប្រើ​លាភ​សក្ការ​ជាដើម​ ក្រៅ​នេះ​​គេ​អាច​មើល​ឃើញ​ថា ​អ្វី​ដែល​បន្សល់​ពី​ទង្វើ​អវិជ្ជា​នោះ​គឺ​ការ​សោកស្ដាយ​និង​ការ​បាត់​បង់​ដ៏​ធំធេង​បំផុត​ក្នុង​ឆាក​ជីវិត​របស់​ជន​នោះ​។​

យោង​តាម​ការ​បកស្រាយ​ខាង​លើ​ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​សុភាសិត​នេះ​ ពិត​ជា​បង្កប់​នូវ​គំនិត​អប់​រំ​យ៉ាង​ជ្រាល​ជ្រៅ​ ទោះ​បី​យក​ធម្មជាតិ​​ជា​រូបារម្មណ៍​ក្ដី​ តែ​ធាតុ​ពិត​គឺ​បង្ហាញ​ពី​សង្គម​ជាក់​ស្ដែង​តែ​ម្ដង​។​ ដូច្នេះ​ ក្នុង​នាម​ជា​សិក្សា​ គួរ​គប្បី​ស្វែង​រក​ចំណេះដឹង​គ្រប់​មជ្ឈដ្ឋាន​ និង​ព័ត៌មាន​សង្គម​នានា​ ដើម្បី​ចៀស​ឲ្យ​ផុត​ពី​អំពើ​បោកប្រាស់​ទាំង​ឡាយ​ ហើយ​ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អំពើ​អបាយ​មុខ​នានា និង​ប្រកាន់​តែ​ផ្លូវ​សុចរិត​ និង​ខិតខំ​រៀន​សូត្រ​ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ​ជា​ពេល​អនាគត​។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1