Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រៀបធៀបអក្សរសិល្ប៍បែបពុទ្ធនិយម និងអក្សរសិល្ប៍បែបខេមរនិយម ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ ប្រៀបធៀបអក្សរសិល្ប៍បែបពុទ្ធនិយម និងអក្សរសិល្ប៍បែបខេមរនិយម ។

សេចក្តីអធិប្បាយ

បើតាមការសិក្សាពីទ្រឹស្តី អក្សរសិល្ប៍ខ្មែរបានបង្ហាញឲ្យអ្នកសិក្សាដឹងនិងស្គាល់ពីប្រទេសនៃអក្សរសិល្ប៍ដូចជា អក្សរសិល្ប៍ព្រាហ្មណ៍និយម អក្សរសិល្ប៍ពុទ្ធនិយម អក្សរសិល្ប៍ខេមរនិយម និងអក្សរសិល្ប៍បរទេសនិយម ។ ក្នុងចំណោមអក្សរសិល្ប៍ទាំងនេះ សុទ្ធតែបានបង្ហាញពីតម្លៃដូចគ្នា និងខុសគ្នាជាពិសេសគឺតម្លៃអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម ។ អាស្រ័យហេតុនេះហើយទើបប្រធានឲ្យ « ប្រៀបធៀបតម្លៃអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម » ។

តើអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម មានតម្លៃដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ ?

ដើម្បីជាជំនួយដល់ការប្រៀបធៀបតម្លៃអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម ឲ្យបានត្រឹមត្រូវក្បោះក្បាយនិងស៊ីជម្រៅជាបឋមយើងគួរតែយល់ន័យនៃពាក្យ « តម្លៃ » « អក្សរសិល្ប៍ពុទ្ធនិយម » និង « អក្សរសិល្ប៍ខេមរនិយម » ជាមុនសិន ។ តម្លៃគឺជាអ្វីៗដែលថ្លៃសំខាន់ចាំបាច់មិនអាចខ្វះបាន ។ អក្សរសិល្ប៍ពុទ្ធនិយម សម្តៅដល់អក្សរសិល្ប៍ទាំងឡាយណាដែលមានទំនាក់ទំនងទៅនឹងលទ្ធិនៃព្រះពុទ្ធសាសនា ។ ចំណែកឯអក្សរសិល្ប៍ខេមរនិយមសំដៅដល់ អក្សរសិល្ប៍ទាំងឡាយណាដែលបង្ហាញពីផ្នត់គំនិត ជំនឿទំនៀមទម្លាប់ នយោបាយបញ្ហាសង្គម និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលនីមួយៗ ។ ស្របតាមន័យនេះប្រធានបទ ចង់ឲ្យប្រៀបធៀបពីតម្លៃដូចគ្នានិងខុសគ្នារវាងអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម ថាតើមានតម្លៃដូចគ្នាខុសគ្នា ដូចម្តេចខ្លះ ។ ពិតណាស់គ្រប់ចលនានៃអក្សរសិល្ប៍ពិតជាបង្ហាញពីតម្លៃដូចគ្នានិងខុសគ្នាមែន ពិសេសគឺតម្លៃនៃអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម ។

ចំពោះតម្លៃដូចគ្នានៃអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម គឹអក្សរសិល្ប៍ទាំងពីរសុទ្ធតែបានផ្តល់នូវពុទ្ធិគឺចំណេះដឹងដើម្បីកសាងនូវធនធានមនុស្សឲ្យយល់ដឹងពីរនយោបាយប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ ជំនឿ សាសនាជាដើម ។ តួយ៉ាងរឿងព្រះវេស្សន្តរជាតក តាមរយៈតួអង្គព្រះវេស្សន្តរ ដើម្បីនគរមានស្ថេរភាពសុខសប្បាយ ព្រះវេស្សន្តរសុខចិត្តចាកចេញ ពីនគរតាមការស្នើសុំរបស់ប្រជារាស្រ្ត នេះក៏ព្រោះតែព្រះអង្គបានជាក់ទានដំរី ដល់នគរផ្សេង ធ្វើឲ្យប្រទេសជាតិខ្លួនជួបអន្តរាយ ។ ឯអក្សរសិល្ប៍ខេមរនិយមវិញ រឿងព្រះអាទិត្យ​ថ្មីរះលើដែនដីចាស់សមនិងកម្មករឯទៀតបានចូលរួមបោះឆ្នោតជ្រើសរើសអ្នកដឹកនាំគឹតំណាងរាស្រ្តយ៉េង ដើម្បីជួយគិតគូរប្រទេសជាតិនិងប្រជាជន ។ ទោះជាសមជ្រើសមិនបានល្អក៏ដោយ តែសមបានចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ។

ក្រៅពីផ្តល់ពុទ្ធិតម្លៃរក្សាអក្សរសិល្ប៍ទាំងពីរ បានអប់រំដល់អ្នកសិក្សាឲ្យដឹងខុសត្រូវ ល្អ អាក្រក់ គុណទោស ស្រឡាញ់ជាតិស្អប់អំពើអយុត្តិធម៌ផងដែរ ។ ជាក់ស្តែងអក្សរសិល្ប៍ពុទ្ធនិយមរឿងសុវណ្ណសាមជាតក ទោះបីជាឪពុកម្តាយពីការភ្នែកទាំងពីរនាក់ ក៏សុវណ្ណសាមនៅតែចិញ្ចឹមបីបាច់ថែរក្សា ដឹងគុណមិនបោះបង់លោតចោលឡើយ ។ ចំណែកឯរឿងផ្កាស្រពោនរបស់លោកនូហាច វិធាវី សុខចិត្ត ព្រមតាមយាយ នួនជាម្តាយរៀបការជាមួយណៃស៊ ចោលប៊ុន ធឿន ។ ចៅចិត្ររឿង កុលាបប៉ៃលិនតែងតែស្តាប់ពាក្យទូន្មាន លោកឪពុកជានិច្ច រហូតធ្វើឲ្យជីវីតខ្លូនទទួលជោគជ័យ ។ ជាងនេះទៅទៀត អក្សរសិល្ប៍ទាំងពីរបានផ្តល់តម្លៃ ខាងសិល្ប៍វិជ្ជា ឬសិល្ប៍សោភ័ណ គឺបានបណ្តុះស្មារតីអ្នកសិក្សា ឲ្យចេះរែកញែកពីសោភ័ណនៃអក្សរសិល្ប៍ល្អ ឬមិនល្អ មានតម្លៃឬគ្មានតម្លៃ ​។ ជាសក្ខីភាព អក្សរសិល្ប៍ពុទ្ធនិយម រឿងព្រះវេស្សន្តរ រឿងសុវណ្ណសាមជាតក ឬអក្សរសិល្ប៍ខេមរនិយមរឿងភូមិតិរច្ឆាន ថៅកែចិត្តចោរ គ្រូបង្រៀនសុ្រកស្រែ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ស៊ឹមអ្នកបើកឡាន ទុំទាវ កុលាបប៉ៃលិនគឹសុទ្ធតែបានផ្តល់ តម្លៃនឹងអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅចំពោះអ្នកសិក្សា ។

ក្រៅពីតម្លៃដូចគ្នា អក្សរសិល្ប៍ទាំងពីរក៏បានបង្ហាញពីតម្លៃខុសគ្នាឬដោយឡែកផងដែរ ។ ចំពោះតម្លៃខុសគ្នាគឺអក្សរសិល្ប៍ពុទ្ធនិយមផ្តោតលើកម្មផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ធ្វើកម្មបែបណា ផលនឹងហុចឲ្យបែបនោះ ។ ជាក់ស្តែងតាជូជក់ក្នុងរឿងព្រះវេស្សន្តរបែបពុទ្ធនិយម គាត់សុំជាលីក្រស្នាពីព្រះវេស្សន្តរមិនអស់ចិត្តលោភលន់សុំនាងមេទ្រីទៀត ហើយចុងក្រោយល្មោភស៊ី រហូតដល់បែកពោះស្លាប់ ។ លើសពីនេះ តម្លៃមួយទៀតគឺផ្តោតលើការធ្វើទាន ។ ជាសក្ខីភាព ព្រះវេស្សន្តរបានដាក់ទានគ្រប់យ៉ាងដើម្បីក្លាយជាព្រះពុទ្ធ ។ ក្នុងនោះមានទាំងទានក្នុងខ្លួននិងទានក្រៅខ្លួន ។ ទានក្រៅខ្លួនព្រះអង្គបានដាក់ទានទ្រព្យសម្បត្តិជាច្រើន ដល់ជនក្រខ្សត់ ។ ព្រះអង្គបានដាក់ទានដំរីមង្គលដល់អ្នកស្រុកកលិង្គរាស្រ្ត ដើម្បីសុខពលរដ្ឋនៅទីនោះ ។ ក្រៅពីនេះព្រះអង្គដាក់ទានបុត្រទាំងពីរ និងមហេសីដល់ជូជក់ព្រាហ្មណ៍ ។ ចំពោះទានក្នុងខ្លួន ព្រះអង្គហ៊ានលះបង់ ថ្លើមសួត ប្រម៉ាត់ បើអ្នកណាចង់បាន ដោយឥតសោកស្តាយសោះឡើយ ។ លើសពីនេះទៅទៀត តម្លៃនៃអក្សរសិល្ប៍ពុទ្ធនិយម គឹតួអង្គបានសម្រេច បំណង ។ ជាតឹងតាង ព្រះវេស្សន្តរ បានត្រាស់ជាព្រះពុទ្ធជួបជុំ កូនប្រពន្ធ ។ តួអង្គសុវណ្ណសាម រឿងសុវណ្ណសាម ជាតកក៏បានសម្រេចបំណងដូចគ្នា ។

ចំពោះឯលក្ខណៈនៃតម្លៃខុសគ្នានៅក្នុងអក្សរសិល្ប៍ខេមរនិយម គឺលើកយក បញ្ហា សង្គមមកបង្ហាញនិងដោះស្រាយ តួយ៉ាងរឿង ស៊ឹម អ្នកបើកឡាន នៅពេលដែល ស៊ឹម បើកឡានមកផ្ទះចោលចៅហ្វាយនាយ ពេលចៅហ្វាយប្រុស ផឹកលើសម៉ោងកំណត់ តែត្រូវគេបណ្តាញចេញពីការងារ ។ ឯរឿង ទុំទាវ និងរឿង ផ្កាស្រពោនបានបង្ហាញពីការប្រកាន់វណ្ណៈ ក្នុងសង្គមតាមរយៈយាយផាន់និងយាយនួន ។ ក្រៅពីនេះតម្លៃមួយទៀតគឺ លើកយកការតស៊ូក្នុងជីវីតមកបង្ហាញ ។ សមរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បានបង្ហាញពីជីវីត តស៊ូពុះពារ ជម្នះគ្រប់ឧបសគ្គមិនប្រព្រឹត្តធ្វើអំពើខុសឡើយ ។ ចំពោះចៅចិត្រ រឿងកុលាបប៉ៃលិនវិញ ក៏បានត្រដាងពីជីវីតតស៊ូរហូតបានជោគជ័យផងដែរ ។ ជាពិសេសជាងនេះទៅទៀត តម្លៃអក្សរសិល្ប៍ខេមរនិយមបង្ហាញពីការទាក់ទង និងសេដ្ឋកិច្ច នយោបាយច្បាប់ឬការតស៊ូប្រឆាំងនិងការជិះជាន់ ។ ពិតណាស់រឿងភូមិតិរច្ឆាន បានបង្ហាញពីការជិះជាន់របស់បាដេស លើប្រជាជនភូមិក្រាំងលាវ ជូននៅអ្នកក្លាហានម្ភៃនាក់ នាង នី នាង ប៊ី នាង តន់វិញផងដែរ ។ ម្យ៉ាងវិញទៀត តម្លៃនៃអក្សរសិល្ប៍ខេមនិយម អាស្រ័យលើអ្នកនិពន្ធ និងសង្គមបរិយាកាស ។ ត្រង់ថារឿងខ្លះ អ្នកនិពន្ធបញ្ចប់ដោយឲ្យតួអង្គបរាជ័យ ដូចរឿងទុំទាវ ផ្កាស្រពោន ភូមិតិរច្ឆាន ថៅកែចិត្តចោរ ។

សរុបសេចក្តីមក តាមការបកស្រាយទាំងតម្លៃដូចគ្នានិងតម្លៃខុសគ្នា ហើយមានឧទាហរណ៍ជាអំណះអំណាងយើងឃើញថា តម្លៃដូចគ្នានៃអក្សរសិល្ប៍ទាំងពីរគឺបានផ្តល់ពុទ្ធិ ការអបរំនិងឲ្យអ្នកសិក្សាចេះផ្តល់តម្លៃ លើតម្លៃនៃអក្សរសិល្ប៍ ។ ឯលក្ខណៈខុសគ្នា អក្សរសិល្ប៍ពុទ្ធនិយមលើកយកមកបង្ហាញ ទាក់ទងទស្សនកម្មផល ការធ្វើទានរក្សាសីលឬភាពជោគជ័យនៃតួអង្គ ។ ឯអក្សរសិល្ប៍ខេមរនិយម គឺបង្ហាញពីបញ្ហាសង្គម សេដ្ឋកិច្ចនយោបាយ ជីវភាពរស់នៅនិងសង្គមបរិកាស ។

ឆ្លងតាមការបកស្រាយខាងលើ យើងអាចវាយតម្លៃបានថាប្រធានបទ របស់ប្រធានពិតជាត្រឹមត្រូវនិងល្អប្រសើរដូចគ្នាគឺទាំងតម្លៃដូចគ្នានិងតម្លៃខុសគ្នា ។ ព្រោះបានបណ្តុះស្មារតីអ្នកសិក្សាឲ្យចេះស្រឡាញ់អក្សរសាស្រ្តខ្មែរ ថែរក្សាឲ្យបានគង់វង្សពិសេស ស្នាដៃ អក្សរសិល្ប៍ទាំងពីរ បានរួមចំណែកក្នុងការកសាងសង្គមជាតិឲ្យមានសុខសន្តិភាព ។ ក្នុងនាមយើងជាកូនខ្មែរត្រូវតែចេះថែរក្សា អក្សរសាស្រ្ត អក្សរសិល្ប៍ និងវប្បធម៌ជាតិ និងផ្សព្វផ្សាយបន្តឲ្យកូនខ្មែរ ជំនាន់ក្រោយបានសិក្សានិងពិភពលោកបានស្គាល់ផង ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1