Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ប្រៀបធៀបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ ប្រៀបធៀបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។

សេចក្តីអធិប្បាយ

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនវប្បធម៌ល្បីល្បាញរុងរឿងព្រមទាំងមានទំនៀមទម្លាប់ជំនឿ សាសនា ប្រពៃណី ដ៏សម្បូរបែប ។ ​វប្បធម៌អរិយធម៌ទាំងនេះកើតមានដំណាលនិងវត្តមានជនជាតិខ្មែរដែរប៉ុន្តែក្រោយមកខ្មែរបានទទួលយកវប្បធម៌ អរិយធម៌ ភាសា​អក្សរ សាសនា របស់ឥណ្ឌាមកច្នៃប្រឌិតបន្ថែមទៀត ។ ចំពោះបញ្ហាសាសនាវិញយើងយកព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាមកធ្វើការប្រៀបធៀបដើម្បីរកឲ្យឃើញនូវលក្ខណៈដូចគ្នានិងខុសគ្នារវាងសាសនាទាំងពីរនេះ ។

តើសាសនាទាំងពីរនេះមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ ?

ជាការពិតណាស់ សាសនាទាំងពីរនេះមានវត្តមានទៅលើទឹកដីខ្មែរតាំងពីយូរយារនាស់មកហើយត្រូវបានប្រជាជនខ្មែរនិយមរាប់ងានទទួលយកមកគោរពបូជាតាំងពីដើមសតវត្សទីមួយនៃគ្រិស្តសករាជសម័យនគភ្នំមកម្ល៉េះ ។ ចំពោះលក្ខណៈដូចគ្នានៃសាសនាទាំងពិរនេះគេសង្កេតឃើញថា សាសនាទាំងពីរនេះមានប្រភពមកពីប្រទេសឥណ្ឌាដូចគ្នាហើយបានហូរចូលមកប្រទេសកម្ពុជាបន្តបន្ទាប់គ្នាគ្រាន់តែមុន ហើយនិងក្រោយគ្នាបន្ថិតបន្តួចតែប៉ុណ្ណោះ​ ។ ចំពោះវត្តមានព្រហ្មញ្ញសាសនសាគេសង្កេតឃើញមានវត្តមានមុនព្រះពុទ្ធសាសនាគឺនៅពេលដែលព្រះបាទកៅណ្ឌិន្យបានរៀបអាពិសេក​ជាមួយព្រះនាងសោថា ហើយបានគ្រប់គ្រងប្រទេសកម្ពុជា ។ ​ពេលនោះហើយដែលអង្គក្សត្រនេះបានផ្សព្វផ្សាយវប្បធម៌​ព្រហ្មញ្ញសាសនាដល់ប្រជារាស្រ្តព្រះអង្គ ។ យ៉ាងណាមិញ ចំពោះព្រះពុទ្ធសាសនាប្រហែលជាហូរចូលមកក្រោយកព្រហ្មញ្ញសាសនាមួយសតវត្សរ៍គឺប្រហែលជានៅសតវត្សរ៍ទី២នៃគ្រឹស្តសករាជនតាមរយៈសមនោះទូតពីរអង្គដែលព្រះបាទធម្មាសោកក្សត្រប្រទេសឥណ្ឌាបញ្ចូលមកផ្សព្វផ្សាយនៅដែនដីសុវណ្ណភូមិគឺព្រះសោណត្ថេរ និងព្រះឧត្តរត្ថេរ ។ ចំពោះលក្ខណៈដូចគ្នាមួយទៀត នៃសាសនាទាំងពីរគឹអប់រំមនុស្សឲ្យធ្វើអំពើល្អ ជឿលើបុណ្យបាបដូចគ្នា ។ ថ្វីត្បិតតែសាសនាទាំងពីរនេះ មានមាគ៌ាសម្រាប់គោរពប្រតិបត្តិខុសគ្នា ប៉ុន្តែគោលបំណងដូចគ្នានៅត្រង់អប់រំកាយ ចិត្តរបស់មនុស្សឲ្យធ្វើអំពើល្អវៀរចាកមកអំពើអាក្រក់ឲ្យខ្លាចបាប ពោលគឺឲ្យមនុស្សហាយ់ពត់លត់ដំចិត្តឲ្យប្រកាន់យកតែសេចក្តីល្អប្រកបដោយមេត្តា​ ករុណា មុទិតា ឧបេក្ខា ដែលនៅក្នុងព្រហ្មញ្ញសាសនាមានព្រះព្រហ្មជាតំណាង ព្រះភក្រិទាំងបួន ។ ការអប់រំបែបនេះគឺបានជ្រាបដល់សន្តានចិត្តខ្មែរគ្រប់រុប រហូតដល់ការគ្រប់គ្រងប្រទេសក៏ព្រះរាជាខ្មែរបានយកទ្រឹស្តីនេះមកអនុវត្តផងដែរ ។​រីឯទ្រឹស្តីនៃសាសនាទាំងពីនេះវិញថ្វីត្បិតតែមានលក្ខណៈខុសគ្នាក៏ពិតមែន គេក៏ឃើញមានលក្ខណៈដូចគ្នាខ្លះដែរគឺនៅត្រង់សាសនាទាំងពីរមាននិយាយពីភពទាំងបីដូចជា ឋានមនុស្ស ឋានសួគ៌ ឋាននរក ។ នៅត្រង់ចំណេះដឹងកន្លែងនេះគឺសំដៅទីកន្លែងដែលមនុស្សទេវតានិងសត្វនរករស់នៅ ។ ភពទាំងបីនេះ តឺងតែវិលវល់កើតទីណាមួយមិនអាចជៀសផុត ដោយវាអាស្រ័យលើសកម្មភាពល្អ អាក្រក់តែប៉ុណ្ណោះ ។ ស្ថានទាំងបីនេះ គឹមនុស្សយើងអាចមើលឃើញតែស្ថានមនុស្សលោកយើងតែមួយប៉ុណ្ណោះ​ ។​ប៉ុន្តែស្ថានសួគ៌ស្ថាននរកវិញមនុស្សមិនអាចមើលឃើញបានទេ ។ ម្យ៉ាងវិញទៀត សាសនាទាំងពីរនេះខ្មែរទទួលយកគោរពបូជាដូចគ្នាតាំងពីសម័យបុរាណមកម្ល៉េះ ។ ដោយសារជំនឿលើសាសនាទាំងពីរនេះហើយទើបបានជាខ្មែរបានកសាងប្រាសាទជាច្រើនដើម្បីឧទ្ទិសចមពោះអាទិទេពនៃសាសនាទាំងពីរក្នុងន័យលើកសតម្កើងអាទិទេពសុំសេចក្តីសុខផ្សេងៗ ។​មិនតែប៉ុណ្ណោះខ្មែរបានធ្វើសមាហរណកម្មសាសនាទាំងពីរឲ្យចូលមកគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ​ ។​

បើគេពិនិត្យលក្ខណៈខុសគ្នាវិញគេឃើញថា ព្រះពុទ្ធសាសនាគឹមិននិយាយពីអាទិទេពទេព្រោះព្រះពុទ្ធជាមនុស្សហើយក៏ជាម្ចាស់សាសនា និងជាងអ្នកសិក្សាស្រាវជ្រាវរកឃើញទ្រឹស្តីនេះដែរ ។ ព្រះនាមសិទ្ធត្ថ មានមាតាបិតាមានថាននគរនីលើផែនដីនេះ ។ ហើយការដែលព្រះអង្គអាចត្រាស់ដឹងនូវសកម្មាសម្ពុទ្ធក៏ព្រោះតែការខិតខំព្យាយាមបំពេញបារមីទាំងដប់នេះដែរ ។ ផ្ទុយពីព្រះពុទ្ធសាសនានេះ វិញព្រហ្មញ្ញសាសនាគឹមានអាទិទេពបីអង្គជាអ្នកបង្កើតទ្រឹស្តីអ្នកបង្កើតលោកអ្នកបំផ្លាញលោក និងជាអ្នកថែរក្សាលោក ។ អាទិទេពនៅក្នុងព្រហ្មញ្ញសាសនាទាំងបីអង្គនោះគឺព្រះព្រហ្ម ព្រះសិវៈ ព្រះវិស្ពុ ហើយមានតួនាទីជួយផ្សព្វផ្សាយគោរពប្រតិបត្តិទៅតាមទ្រឹស្តីរបស់ព្រះពុទ្ធ ។ ផ្ទុយពីនេះព្រហ្មញ្ញសាសនាព្រះវិស្ណុ មានអវតាររហូតទៅដល់ដប់ ដែលអវតានីមួយៗមាននាទីកជួយមនុស្សនៅពេលណា ដែលពិភពលោកគ្រាអាសន្នដោយពួកអសុរៈអុកឡុក ។

រីព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាមពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់បានស្រាវជ្រាវរកឃើញដោយព្រះអង្គផ្ទាល់ក្នុងរយៈពេល៤៥ព្រះវស្សាក្រោយពេលត្រាស់ដឹង ដោយគេបានប្រមូលចង់ក្រងជាគម្ពីរព្រះត្រៃបិដកដែលមាន៨៤០០០ធម្មក្ខន្ធចែកចេញជា៣គម្ពីគឺ វិន័យបិដក សុត្តន្តបិដក និងអភិធម្មបិដក ដលម្បីទុកឲ្យបរិស័ទគោរពប្រតិបត្តិតាម ។ រីឯព្រហ្មញ្ញសាសនាវិញមានគម្ពីវេទជាគោលដែលទ្រឹស្តីអាទិទេពទាំងបីអង្គនេះហើយគម្ពីរនេះចែកចេញជាបួនសម្រាប់បរិស័ទគោរពប្រតិបត្តិតាម ។ ទ្រឹស្តីនៃសាសនាទាំងពីរនេះមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងនៅត្រ់ព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យជឿលើសមត្ថភាពខ្លួនឯង ។ រីឯព្រហ្មញ្ញសាសនាអប់រំឲ្យមនុស្សជឿលើអាទិទេពព្រេងសំណាងទៅវិញ ។ ម្យ៉ាងទៀតចំពោះសេចក្តីសុខនិងទុក្ខវិញក៏មានលក្ខណៈខុសគ្នាច្រើនដែរ​។ ពីព្រោះតាមព្រះពុទ្ធសាសនាសេចក្តីសុខនិងទុក្ខរបស់មនុស្សស្ថិតនៅលើអំពើរបស់មនុស្សជាអ្នកប្រព្រឹត្ត ។ បើកាលណាគេធ្វើអំពើល្អនិងបានផលល្អ គេធ្វើអំពើអាក្រក់ និងបានអាក្រក់ពោលគឺសុខ ទុក្ខ តាមរយៈកម្មនិងផលនេះឯង ។ ចំណែកតាមរយៈព្រហ្មញ្ញសាសនាវិញ សេចក្តីសុខនិងទុក្ខតាមរយៈកម្មនិងផលលនេះឯង ។ ចំណែកតាមរយៈព្រហ្មញ្ញសាសនាវិញ សេចក្តីសុខ និងទុក្ខគឺស្ដិតនៅកណ្តាប់ដៃអាទិទេព ព្រោះបើកាលណាអាទិទេពឲឲ្យសុខគឺមនុស្សនិងបានសុខ បើកាលណាអាទិទេពឲ្យទុក្ខមនុស្សនិងបានទុក្ខដោយមិនអាចចៀសផុតបានឡើយ ។ ពោលគឺអាទិទេពជាអ្នកកំណត់ជោគវាសនា សុខ ទុក្ខ ​ល្អ អាក្រក់ របស់មនុស្ស ។ បើកាលណាគេចង់បានសុខគឹគេត្រូវខិតខំព្យាយាមធ្វើការអង្វរកអាទិទេព សុំសេចក្តីសុខតាមរយៈវិធីប្រតិបត្តិទាំងបួនគឺតបៈយោគៈបូជាយញ្ញ និងពិធីលាងបាបឬសិវៈរាត្រី ។ ឯព្រះពុទ្ធសាសនាវិញកាលណាមនុស្សចង់បានសុខគេត្រូវលះបង់អុំពើអាក្រក់ចោលហើយ​ប្រកាម់យកនូវអំពើល្អទាំងកាយ វិចារ ចិត្តម នោះគេនឹងបានសុខ ។

ទន្ទឹមនឹងនេះដែរ ចំពោះវាសនារបស់មនុស្សដែលល្អ អាក្រក់ មាន ក្រ លំបាកវេទនា ស្រួល ស្រណុក ​មានឋានៈតូចធំយ៉ាងណាតាមទ្រឹស្តូរបស់ព្រហ្មញ្ញសាសនាគឹស្ថិតនៅលើកណ្តាប់ដៃអាទិទេពព្រោះអាទិទេពបានចារវាសនារបស់មនុស្សរួចជាស្រេចនៅពេលមនុស្សកើតមកដោយមិនអាចប្រកែកបានឡើយ ដូចជាការបែងចែកឋានៈទាំងបួននៅក្នុងសាសនាអីចឹងគឹវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវៃស្សៈ និងវណ្ណៈសូទ្រៈ ដែលវណ្ណៈទាំងបួននេះមិនអាចផ្លាស់ប្តូរបានឡើយ ។ រីឯព្រះពុទ្ថសសនាវិញ ចំពោះបញ្ហាខាងលើនេះមិនអាចផ្លាស់ប្តូរបានឡើយ ។ រីឯព្រះពុទ្ធសាសនាវិញចំពោះបញ្ហាខាងលើនេះក៏ស្ថិតនៅលើមនុស្សជាអ្នកកំណត់ខ្លួនឯងដែរព្រោះបើកាលណាមនុស្សប្រកាន់យកសេចក្តីព្យាយាមត្រូវគិតត្រូវធ្វើអំពើជាកុសលទាំងកាយវាចារ និងចិត្តទៅលើសកម្មភាពការងាររបស់គេដោយផ្ចិតផ្ចង់និងយកចិត្តទុកដាក់គេនិងទទួលបានសម្រេចវាសនារបសើញេមិនខានដូចជាចំណេះដឹងជាដើម ។ បើកាលណាយើងខិតខំរៀនយើងនឹងទទួលបានចំណេះដឹងផ្ទុយពីព្រហ្មញ្ញសាសនាដែលថាពុទ្ធិគឹអាទិទេពជាអ្នកផ្តល់ឲ្យទៅវិញ ។

សរុបមកតាមរយៈការបកស្រាយប្រៀបធៀបនូវលក្ខណៈដូចនិងលក្ខណៈខុសគ្នានៃសាសនាទាំងពីររួចមកយើងអាចវាយតម្លៃនិងសន្និដ្ឋានបានថាថ្វីត្បិតតែសាសនាទាំងពីរនេះមានលក្ខណៈដូចគ្នាខ្លះក៏ដោយខុសគ្នាខ្លះក៏ដោយក៏ខ្មែរយើងទទួលយកមកគោរពបូជាដោយធ្វើការកែច្នៃទ្រឹស្តីខ្លះមកជាការកសាងដើម្បីសាសនាទៅវិញដូចជាការកសាងប្រាសាទភ្នំដើម្បីឧទ្ទិសដល់អាទិទេពដែលមានច្រើនពាសពេញផ្ទៃប្រទេស​។ មិនតែប៉ុណ្ណោះទស្សនៈសាសនាទាំងពីរខ្មែរយកមកបញ្ចូលលាយឡំគ្នាដើម្បីគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ ។ ម្យ៉ាងវិញដោយយល់ថាទ្រឹស្តីរបស់ព្រះពុទ្ធសាសនាមានលក្ខណៈវិជ្ជមានជាងទើបខ្មែរលះបង់ព្រហ្មញ្ញសាសនាបែរមកគោរពពុទ្ធសាសនារហូតមកដល់សព្វថ្ងៃ ។ ប៉ុន្តែខ្មែរបានយកទ្រឹស្តីនៃព្រហ្មញ្ញសាសនាខ្លះមកបញ្ចូលក្នុងព្រះពុទ្ធសាសនាដើម្បីគោរពប្រតិបត្តិផងដែរ ។ ដូច្នេះ​ទ្រឹស្តីនៃសាសនាទាំងពីរមានវត្តមាននៅលើទឹកដីខ្មែរ និងសន្តានចិត្តខ្មែរមិនសាបសូន្យឡើយ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1