Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិរូប លោកបណ្ឌិត កែម ឡី

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ប្រវត្តិរូបលោកបណ្ឌិត កែម ឡី

លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) នៅចំណុចស្តុបបូកគោ វេលាម៉ោងប្រហែលជា ៩ព្រឹក ។ លោកបណ្ឌិតគឺត្រូវបានសាធារជនស្គាល់យ៉ាងច្រើនតាមរយៈការវិភាគរបស់លោកលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេសទៅលើកប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និងអន្តរជាតិ ហើយលោកក៏ត្រូវបានប្រជាពលរដ្ឋខ្មែរដែលគាំទ្រការវិភាគរបស់លោក ហៅលោកថា ជាអ្នកវិភាគឯករាជ្យ ដែលហ៊ាននិយាយចំៗទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀតទោះបីជាលោកបានដឹងមុនថាលោកប្រឈមមុខនិងការបាញ់សម្លាប់ដោយប្រការណាមួយក្តី ។

លោកបណ្ឌិត កែម ឡី កើតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៧០, (គិតត្រឹមថ្ងៃគេបាញ់សម្លាប់ លោកមានអាយុ ៤៦ឆ្នាំ) លោកមានបងប្អូន ៣នាក់ ហើយលោកជាកូនទី ២ ។ លោកកើតនៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយនៅ ភូមិ​អង្គ​តាកុក, ឃុំ​លាយបូ, ស្រុក​ត្រាំកក់, ខេត្ត​តាកែវ, ព្រះរាជាណាចក្រកម្ពុជា ។ ឪពុក​របស់​លោក​ជា​សាស្ត្រាចារ្យបាន​ស្លាប់​នៅ​ជំនាន់ ប៉ុល ពត ធ្វើ​ឲ្យ​លោកនិង​បង​ប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ក្លាយ​ជា​កូន​កំព្រា រស់​នៅ​ជាមួយ​ម្តាយ​មេម៉ាយ ចាប់​តាំង​ពី ឆ្នាំ​១៩៧៩ មក ។

លោក អ៊ុង ចន ស្ថានភាព​គ្រួសារ​លោក និង​យុវជន កែម ឡី កាល​ពី​ជាង ២០​ឆ្នាំ​មុន​នោះ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យុវជន កែម ឡី មាន​ការ​ប្រែប្រួល​ដូច​សព្វថ្ងៃ គឺ​ការ​ព្យាយាម​របស់​គាត់​តែម្ដង៖ « រៀន​ជំនាន់​ហ្នឹង​ដើរ ហើយ​និង​ជិះកង់​ អ្នក​ខ្លះ​មិន​ទាន់​ទាំង​មាន​កង់​ជិះ​ផង ច្រើន​តែ​ដើរ​ភាគ​ច្រើន ។ គិត​ទៅ​ដើរ​ពីនេះ​ដល់​សាលា ជា ស៊ីម មិន​ធម្មតា​ណាប្រមាណ ៣ ទៅ ៤​គីឡូម៉ែត្រ ប៉ុន្តែ​ដើរ​លឿន » ។

លោក ភោគ សម្បូរ ហៅ ចយ ដែល​ត្រូវ​ជា​បង​ជីដូន​មួយ​រំលឹក​ប្រវត្តិ​កាល​ពី​នៅ​កុមារ​ភាព​ថា លោក​បណ្ឌិត កែម ឡី ជា​មនុស្ស​ស្លូត​បូត ប៉ុន្តែ​ម៉ឺងម៉ាត់​ក្នុង​ការ​សិក្សា ពេល​រៀន​គឺ​លោក កែម ឡី ជា​សិស្ស​ដែល​ពូកែ ហើយ​របៀប​នៃ​ការ​សិក្សា​របស់​លោក កែម ឡី មិន​ចាំបាច់​ទន្ទេញ​ដូច​អ្នក​ដទៃ​នោះ​ដែរ ។ លើស​ពី​នេះ​ទៀត មុខ​វិជ្ជា​ដែល​លោក កែម ឡី រៀន​ពូកែ​ជាង​គេ គឺ​គណិតវិទ្យា​តែម្ដង ។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី រឹត​តែ​មាន​សមត្ថភាព​ខ្ពស់​ជាង​នេះ​ទៀត​នោះគឺ​ថា បើ​លោក​រៀន​ត្រឹម​ថ្នាក់​ទី​៥ លោក​អាច​បង្រៀន​សិស្ស​ថ្នាក់​ទី​៦ ឬ​ទី​៧ បាន​ថែម​ទៀត​ផង៖ «នៅ​ពេល​គាត់​ត្រឡប់​មក​វិញ គាត់​ពន្យល់​សិស្ស​ថ្នាក់​ទី​៦-​៧ អ៊ីចឹង​បាន សូម្បី​ថ្នាក់​ទី​៥ ហ្នឹង​មក​វិញ​ល្ងាច​ឡើង បង្រៀន​សិស្ស​នៅ​ផ្ទះ​បាន »។

លោក កែម រិទ្ធិសិទ្ធិ ថ្ងៃ​មួយ​នៅ​ក្នុង​ផ្ទះ​បាយ ដោយគ្រឿង​ម្ហូប​ខ្វះខាត​ និងទាល់​តម្រិះ​ក៏​ឆ្នៃ​ម្ហូប​ដែល​រក​បាន រហូត​អាច​ទទួល​ទាន​បាន ។ ទាំង​នេះ គឺ​ជា​អនុស្សាវរីយ៍​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​បំភ្លេច​បាន។ ម្យ៉ាង​អនុស្សាវរីយ៍​នេះ គឺ​ហាក់​នៅ​ថ្មីៗ​នៅ​ឡើយ ។

មិត្ត​រួម​ថ្នាក់​មួយ​ចំនួន រួម​ទាំង​បងប្អូន​ជីដូន​មួយ​ផង និយាយ​ថា មាន​មិត្ត​រួម​ជំនាន់​ជា​មួយ​គ្នា​និង​លោក កែម ឡី អ្នក​ខ្លះ​បាន​បោះបង់​ការ​សិក្សា​ស្ទើរ​គ្រប់​គ្នា ដោយ​ឡែក​មាន​តែ​លោក កែម ឡី និង​អ្នក​មួយ​ចំនួន​ទៀត ក្នុង​ចំណោម​សិស្ស​រួម​ថ្នាក់​ប៉ុណ្ណោះ ដែល​បន្ត​ការ​សិក្សា​រហូត​បញ្ចប់​ថ្នាក់​ឧត្ដម​សិក្សា។ ក្រោយ​បញ្ចប់​កម្រិត​ថ្នាក់​ឧត្ដម​សិក្សា​ទុតិយភូមិ លោក កែម ឡី បាន​តស៊ូ​រៀន​សូត្រ​ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​ស្នាក់​នៅ​ក្នុង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា។ បន្ទាប់​មក​លោក​ទទួល​បាន​អាហារូបករណ៍​ផ្នែក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ និង​នៅ​ម៉ាឡេស៊ី ។

លោក​បណ្ឌិត កែម ឡី ក៏​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ រយៈពេល ២​ឆ្នាំ​ដែរ មុន​នឹង​លោក​ក្លាយ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​វិភាគ​នយោបាយ ។

តាមសាច់ញ្ញាតិរបស់លោកបណ្ឌិត កែម ឡី ពុំបានបន្សល់ទុកអ្វីឡើយក្រៅពីដីមួយប្លង់ជា​កេរ្តិ៍​របស់​ម្ដាយ​ចែក​ឲ្យ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ មាន​ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម ប៉ុន្តែ​ផ្ទះ​នោះ​ត្រូវ​គេ​ចាក់​សោ​ទុក​ចោល ។ លោក កែម រិទ្ធិសិទ្ធិ និយាយ​ថា ផ្ទះ​មួយ​ខ្នង​នេះ គឺ​លោក កែម ឡី និង​គ្រួសារ​សន្សំ​លុយ​សាងសង់​ដោយ​ប្រើ​ពេល​ប្រមាណ ៧​ឆ្នាំ​ទើប​រួចរាល់។ ផ្ទះ​នេះ​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ គិត​ពី​រង្វល់​មូល​ព្រះ​នារាយណ៍ ដែល​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​តាកែវ ក្បែរ​ផ្លូវ​រថភ្លើង ។ អ្នក​វិភាគ​នយោបាយ​ដោយ​មិន​សំចៃ​មាត់​រូប​នេះ គឺ​មាន​ចរិត​និស្ស័យ​ស្លូតបូត និង​មិន​សូវ​និយាយ​ស្ដី​អត់​ប្រយោជន៍​ឡើយ តាំង​ពី​នៅ​វ័យ​កុមារ​មក​ម្ល៉េះ ។ លោក​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា ដែល​មិន​យល់​មេរៀន ហើយ​ចំណាយ​ពេល​បង្រៀន​ដោយ​មិន​គិត​កម្រៃ​ថែម​ទៀត​ផង ។ កាល​លោក​នៅ​មាន​ជីវិត លោក​ក៏​ធ្លាប់​បាន​ដាក់​ផែនការ​សម្រាប់​ការ​វិភាគ​របស់​លោក គឺ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​មួយ មាន​ទិដ្ឋាការ ឬ​វីសា (Visa) ៣ ៖

១. វីសា​ទី​១ បើ​សិន​ជា​គេ​មិន​សប្បាយ​ចិត្ត គេ​ឲ្យ​ទៅ​មន្ទីរពេទ្យ

២. ទី​២ អាច​ឲ្យ​ទៅ​ព្រៃសទៅៗ

៣. ​វីសា​ទៅ​៣ ទៅ​វត្ត​ព្រះពុទ្ធយើងទៅៗ លោក​ថា បើ​សិន​ខ្លាច​វីសា​ទាំង​បី​នេះប្រហែល​ពិបាក​ នឹង​វិភាគ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​សង្គម។

លោកបណ្ឌិត កែម ឡី មានភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ូ រចនា អាយុ ៣៤​ឆ្នាំ មាន​កូន​ប្រុស ៥​នាក់និយាយ​អំពី​ជីវិត​ការងារ​វិញ ។ លោក​ធ្លាប់​បម្រើ​ការ​នៅ​ក្រសួង​សុខាភិបាល កាកបាទ​ក្រហម ក្រុមហ៊ុន​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ធំៗ ដូចជា កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ (UNDP) វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ យូ.អេស.អេ.អាយ.ឌី (USAID) ជាដើម ។

លោក​ធ្លាប់​ជា​ស្ថាបនិក​បង្កើត​អង្គការ​សមធម៌ផ្ដល់​ប័ណ្ណ​ជួយ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ការ​ផ្ដល់​សេវា​សុខភាព​សម្រាប់​ជន​ក្រីក្រ ។

លោក​ធ្លាប់​ធ្វើ​ការ​ក្នុង​តួនាទី​ជា​អគ្គនាយក​របស់​គណៈកម្មាធិការ​សម្របសម្រួល​ផ្នែក​ជំងឺ​អេដស៍ អេច្ឆ.អេ.ស៊ី.ស៊ី (HACC) ។

ក្រៅ​ពី​នេះលោក​ក៏​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជនលើ​ផ្នែក​សិទ្ធិ​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ផ្នែក​យុវជន និង​ការងារ ។

លោក​ក៏​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រុមហ៊ុន​ល្បី​ឈ្មោះ អេច្ឆ.អេន.អិម (H&M) និង​ក្រុមហ៊ុន ហ្គេប (GAP) ទាក់ទង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​សិទ្ធិ​ការងារ​កម្ពុជា ។

ក្រៅ​ពី​នេះ​ទៀត លោក​ក៏​ធ្លាប់​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង​ការងារ ផងដែរ ។

តាំង​ពី​ឆ្នាំ​២០០៨ មកលោក​បាន​ប្រកប​របរ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​យ៉ាង​ជាប់លាប់ ឲ្យ​ស្ថាប័ន​ផ្សេងៗ​ទៀត​រហូត​មក​ទល់​និងពេលគេបាញ់សម្លាប់ ។

មរណភាព​របស់​លោក

នៅ​ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ ដែល​លោក​កំពុង​ធ្វើ​បាន ១៥​រាត្រី​ហើយ ។ យុទ្ធនាការ​នេះ លោក​បាន​ចុះ​ស្នាក់នៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែ​ចម្ការ​ដោយ​ផ្ទាល់ ទោះ​ពេល​ខ្លះ​លោក​បាន​ស្នាក់នៅ​ផ្ទះ​ប្រជាពលរដ្ឋ​ដាច់​ស្រយាល​ភូមិ​ជនជាតិ​ដើម​ភាគ​តិច ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន លោក​ក៏​កំពុង​រៀបចំ​កម្មវិធី​អាហារ​សប្បុរសធម៌​រៃអង្គាស​ប្រាក់​ជួយ​មន្ត្រី​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ ក្រោយ​ពី​លោក​បាន​រៀបចំ​កម្មវិធី​នេះ​បាន​ជោគជ័យ​ម្ដង​រួច​មក​កាល​ពី​ខែ​មិថុនា ។ ការ​ស្លាប់​លោក កែម ឡី ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តែង​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​លោក បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​សំខាន់ និង​ជា​វីរជន​ក្លាហាន​និយាយ​រិះគន់​ត្រង់ៗ ដើម្បី​ការ​រីក​ចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នេះ គឺ​រយៈពេល ២​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ស្ដីពី «តើ​សែស្រឡាយ​មេ​ដឹក​នាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ ?» ដែល​បកស្រាយ​ប្រធានបទ​នេះ​បន្ទាប់​ពី​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) កាល​ពី​ពេល​ថ្មីៗ​នេះ លាត​ត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​នាយក​រដ្ឋមន្ត្រី ដើម្បី​ក្តោប​ក្តាប់​ជំនួញ សេដ្ឋកិច្ច​កម្ពុជា តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ។ ហើយ​កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ច្រាន​ចោល​របាយការណ៍​នេះ ហើយ​ថា គ្លបល វីនេស ព្យាយាម​បង្ខូច​កិត្តិយស​លោក​នាយក​រដ្ឋមន្ត្រី ។

ប៉ុន្តែ​លោក កែម ឡី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ កក្កដា ថា របាយការណ៍​នេះ​វា​ជួយ​រដ្ឋាភិបាល​ទៅ​វិញ​ទេ បើ​សិន​ជា​រដ្ឋាភិបាល​ហ៊ាន​ចេញ​មុខ​បកស្រាយ៖ «របាយការណ៍​នេះ គឺ​គោល​បំណង​ជួយ​រដ្ឋាភិបាល​សម្បើម​ណាស់ នៅ​ពេល​ដែល​រដ្ឋាភិបាល​សិក្សា​ហើយ​យក​ទៅ​ឆ្លើយ​តប តាំង​ពី​របាយការណ៍​លើក​ទី​មួយ​ឯណោះ ឆ្នាំ​២០០៧។ ខ្ញុំ​ឧទាហរណ៍​ម្ដង​ទៀត​ថា អាវ​យើង​រហែក ហើយ​គេ​ប្រាប់​ថា អាវ​រហែក​ហើយ យើង​មិន​ព្រម​ដេរ ចេះ​តែ​ពាក់​ទៅ មនុស្ស​នៅ​ក្នុង​ផ្សារ​ហ្នឹង​ឃើញ​រហូត​ទៅ។ ប៉ុន្តែ​បើ​យើង​ដេរ​ឲ្យ​ជិត ដើរ​ទៅ​គេ​លែង​ឃើញ​ហើយ។ អ៊ីចឹង​ចំណេញ ឬ​ខាត ដោយសារ​តែ​យើង​មិន​ចង់​កែប្រែ​ប៉ុណ្ណឹង​ទេ»។

លោក កែម ឡី បាន​បន្ថែម​ទៀត​ថា៖ «នៅ​ពេល​នេះ​យើង​មិន​អាច​លាក់​បាំង​បាន​ទេ ដូច​ខ្ញុំ​និយាយ​ថា ទឹក​ថ្លា ពលរដ្ឋ​មើល​ឃើញ​ច្បាស់។ បើ​សិន ២០​ឆ្នាំ​មុន យើង​អាច​ឆ្លើយ​បដិសេធ យើង​អាច​ថា​មិន​ខ្វល់ ព្រោះ​ពួក​ហ្នឹង​សុទ្ធតែ​ពួក​ផ្ដល់​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​ពេល​នេះ ក្រុមហ៊ុន​ទាំងអស់​នេះ បើ​ក្រុមហ៊ុន​ទូរទស្សន៍​វិញ ផ្សាយ​ទូរទស្សន៍​ហើយ​ហ្នឹង ក្រុមហ៊ុន​ទឹក​សុទ្ធ ផ្សាយ​លក់​ទឹក​សុទ្ធ។ ឧទាហរណ៍​ថា យើង​ធ្វើ​ក្រុមហ៊ុន​ទឹក​សុទ្ធ នៅ​ពេល​ដែល​យើង​ឲ្យ​គេ​ប្រកួតប្រជែង​ដើម្បី​ផ្គត់ផ្គង់​ស្ថាប័ន​រដ្ឋ ហើយ​កូន​យើង​ទៅ​ប្រកួតប្រជែង​ដែរ នរណា​ដែល​បាន? ក្រុមហ៊ុន​ស្រាបៀ ឧទាហរណ៍​មាន​ក្រុមហ៊ុន​ស្រាបៀ​ឯកជន​ផ្សេង​មក​ប្រកួត​ប្រជែង ហើយ​យើង​មក​ចែក​ផ្សាយ យើង​ទៅ​កុម្ម៉ង់​ឲ្យ​ទិញ​អី​អ៊ីចឹង អា​ហ្នឹង​វា​ជា​ប្រព័ន្ធ​ទំនាស់​ផល​ប្រយោជន៍​ជា​ស្វ័យ​ប្រវត្តិ​តែ​ម្ដង ហើយ​ខ្ញុំ​សរសើរ​ណាស់​ដែល​កាត់​មាន​កូន ហើយ​គាត់​ពូកែៗ​រក​ស៊ី ព្រោះ​មាន​កូន​អ្នក​ធំ​ខ្លះ គ្រឿង​ញៀន​គ្រឿង​អី​អ៊ីចឹង គាត់​អត់​ចូល​ចិត្ត​រក​ស៊ី​ទេ។ ប៉ុន្តែ​បើ​ខ្ញុំ​វិញ បើ​សិន​ជា​មាន​កូន​មាន​ក្រុមហ៊ុន​ច្រើន​រក​ស៊ី​អ៊ីចឹង ត្រូវ​ឲ្យ​កូន​លាលែង​ពី​អំណាច​រដ្ឋ ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍»។

ការ​ស្រាវជ្រាវ និង​វិភាគ​នយោបាយ៖ ដំបូង​ឡើយ លោក កែម ឡី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ភាគ​ច្រើន​ខាង​ផ្នែក​សង្គមកិច្ច បន្ទាប់​មក​ខាង​ផ្នែក​ដីធ្លី សិទ្ធិ​លំនៅឋាន សិទ្ធិ​មនុស្ស ធនធាន​រ៉ែ ហើយ​នៅ​ពេល​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ភាគ​ច្រើន​ទៅ​លើ​រឿង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។ល។ –ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​របស់​លោក កំពុង​តែ​ល្បី​សុស​សាយ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មួយ​ចំនួន លោក កែម ឡី ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ហៅ​លោក​ថា «ជា​អ្នក​វិភាគ​ឯករាជ្យ» ដោយ​សារ​តែ​លោក មាន​សេចក្តី​ក្លាហាន លាត​ត្រដាង​ពី​បញ្ហា​ដែល​កំពុង​តែ​ញាំ​ញី​សង្គម​ខ្មែរ និង​បាន​ផ្តល់​នូវ​ដំណោះស្រាយ​សម​ហេតុ​ផល ដែល​ជា​ផ្លូវ​អាច​ជួយ​រុញ​ច្រាន​ឲ្យ​សង្គម​ខ្មែរ មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ឆាប់​រហ័ស​គេច​ផុត​ពី​ហានិភ័យ​ ។ សំរង់សំដីរបស់លោក៖​

១. ខ្ញុំ​មិន​មែន​ជា​អ្នក​វិភាគ​ទេ ខ្ញុំ​ជា​អ្នក​រូត​វាំង​នន ។

២. ពូមិនដែលគិតថា ពូអាចនឹងរស់នៅ បានយូរនោះទេ ថ្ងៃណាមួយ ពូអាចស្លាប់ រឺត្រូវគេបាញ់សម្លាប់ តែដរាបណាពូ មានជីវិត ពូនឹងនិយាយអ្វី ដែលអ្នកដ៏ទៃ មិនហ៊ាននិយាយ គ្មាននរណាម្នាក់ទិញពូ មិនឲ្យនិយាយបានទេ ។

៣. ធ្វើអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត ។

៤. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត ។

៥. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ  ។

៦. ខ្ញុំនឹងនិយាយអ្វី ដែលអ្នកដទៃមិនហ៊ាននិយាយ ។

៧. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តគឺ បេះដូងពលរដ្ឋ ។

៨. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណៈភាពទឹកដី មិនមែនជាជម្រើសល្អទេ ។

៩. អ្នកមានអំណាច មានលុយច្រើនពីការគេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ ។

១០. បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត ។

១១. មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំនុច៣គឺ ត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត។

១២. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ ។

រាល់​ការ​វិភាគ​របស់​លោក កែម ឡី នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​រឿយៗ​លោក​តែង​តែ​ទទួល​បាន​នូវ​ការ​ច្រាន​ចោល ឬ​ចំអក​ឡកឡឺយ​ពី​មន្ត្រី​រដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី ថា​ជា​អ្នក​វិភាគ​ដូរ​បាយ វិភាគ​ឯករាជ្យ​មួយ​ចំហៀង ទោះ​បី​ជា​មិន​សំដៅ​ចំ​ឈ្មោះ​លោក​ក៏ដោយ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក​មិន​ខ្លាច​ញញើត​នោះ​ទេ លោក​តែង​ផ្ដែផ្ដាំ​ប្រពន្ធ​កូន និង​យុវជន​ដែល​ធ្វើ​ការ​ជាមួយ​លោក ឲ្យ​រឹងមាំ​កុំ​ឲ្យ​ភ័យ និង​កុំ​យំ ប្រសិន​បើ​លោក​លាចាក​លោក​ដោយ​ការ​បាញ់​សម្លាប់ ឬ​ដោយ​ប្រការ​ណា​មួយ​នោះ ។

កញ្ញា លុយ ដានី ជា​ជំនួយការ​របស់​លោក កែម ឡី ដែល​តែង​តែ​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​លោក​ជាច្រើន​ឆ្នាំ​មក​នោះ បាន​ថ្លែង​ទាំង​ខ្សឹកខ្សួល​ថា លោក កែម ឡី បាន​រង​ការ​គំរាម​កំហែង​ជាច្រើន និង​ប្រហែល​ជា​លោក​មិន​រួច​ខ្លួន​នោះ​ទេ ៖ «គាត់​តែង​តែ​ប្រាប់​រឿយៗ​ថា គេ​ចេះ​តែ​ប្រាប់​គាត់​ថា គេ​កំពុង​រក​កន្លែង​កាច់​គាត់ ធ្វើ​ម៉េច​បំបាក់​កុំ​ឲ្យ​ខ្មែរ​ទាំងអស់​ងើប​ឡើង បំបាក់​ឲ្យ​ចប់​ត្រឹម​គាត់​តែ​ម្ដង កុំ​ឲ្យ​មាន​នរណា​លើក​ឡើង​ទៀត ។ និយាយ​ទៅ ខ្ញុំ​ធ្វើ​ការ​ជាមួយ​គាត់ គាត់​តែង​តែ​ធ្វើ​ការ​ជាមួយ​ខ្ញុំ​រហូត ថា​ឧកញ៉ា​នេះ​ឧកញ៉ា​នោះ​ប្រាប់​គាត់​អ៊ីចឹង​ណា ! ថា​គេ​កំពុង​រក​វិធី​ដើម្បី​បំបាក់​ពូ។ រាល់​ថ្ងៃ​គេ​ឃើញ​តែ​គាត់​មួយ​ទៀត​ទេ បើ​សិន​ជា​គេ​បំបាក់​គាត់​បាន ដូច​បំបាក់​ខ្មែរ​ទាំងអស់​បាន​លែង​ខ្មែរ​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ហ៊ាន​ងើប ប៉ុន្តែ​គាត់​អត់​អ៊ីចឹង​ទេ គាត់​អត់​ខ្លាច​ទេ គាត់​ត្រូវ​ការ​បន្ត​ឆន្ទៈ​របស់​គាត់​រហូត​ទាល់​តែ​ស្រុក​ទេស​គាត់​បាន​សុខ» ។

លោក​បណ្ឌិត កែម ឡី ធ្លាប់​បាន​ផ្ដែផ្ដាំ​ដោយ​អំពាវនាវ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ឲ្យ​មាន​សេចក្ដី​ក្លាហាន​ដោយ​ផ្ដល់​យោបល់ និង​ផ្ដល់​ព័ត៌មាន​ដែល​មាន​ភស្តុតាង​ត្រឹមត្រូវ មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ច្រើន និង​មាន​ឧទាហរណ៍​ឲ្យ​បាន​ច្រើន​ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់ បើ​សិន​ជា​អ្នក​អត្ថាធិប្បាយ អ្នក​ផ្ដល់​យោបល់​ដោយ​មាន​គោលដៅ​ជួយ​សង្គម​ពិត​ប្រាកដ ។ នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន មាន​ពស់វែក​ច្រើន និង​មាន​ឆ្លាម​ច្រើន ។ នេះ​គឺ​ជា​សម្ដី​របស់​លោក​បណ្ឌិត កែម ឡី កាល​ពី​លោក​នៅ​មាន​ជីវិត ដែល​លោក​បាន​ដឹង​ខ្លួន​មុន​រួច​ជា​ស្រេច​ថា រាល់​ការ​វិភាគ​ស្ថានការណ៍​នយោបាយ និង​ការ​ផ្ដល់​ព័ត៌មាន​ពិត​របស់​លោក​ដល់​សាធារណជន​ដោយ​ឥត​សំចៃ​មាត់​នោះ លោក​នឹង​មិន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ឡើយ ។ ក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជុន ច័ន្ទបុត្រ លោក​បណ្ឌិត កែម ឡី បាន​បញ្ជាក់​ថា លោក​មិន​រារែក​ឡើយ​ចំពោះ​ការ​វិភាគ​រិះគន់​ដើម្បី​ស្ថាបនា​របស់​លោក ទោះ​បី​លោក​ដឹង​ថា​ការ​វិភាគ​របស់​លោក​ប្រថុយប្រថាន​ដល់​អាយុ​ជីវិត​ក្ដី ៖ «នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន ដែល​មាន​ពស់វែក​ច្រើន ដែល​មាន​ឆ្លាម​ច្រើន នៅ​ពេល​ដែល​យើង​វិភាគ​ម្ដងៗ យើង​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​នាំ​គ្នា​ខ្លាច​ទាំងអស់​គ្នា យើង​អត់​អាច​មាន​លទ្ធភាព​ផ្ដល់​គំរូ​ដល់​យុវជន​ទេ ។ យើង​អត់​មាន​លទ្ធភាព​កែប្រែ​ប្រទេស​យើង​ទេ» ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1