Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ទស្សនៈមួយលើកឡើងថា «របបមាតាធិបតេយ្យ បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតខ្មែរ» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ទស្សនៈមួយលើកឡើងថា «របបមាតា ធិបតេយ្យ បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតខ្មែរ» ។ ចូរបញ្ជាក់ ។

សេចក្តីអធិប្បាយ

នៅក្នុងសង្គមខ្មែរជាសង្គមមួយដែលត្រូវបានការប្រកាន់យកនូវរបបមាតាធិបតេយ្យជាធំនៅក្នុងប្រទេស ។ របបមួយនេះត្រូវបានគេឲ្យតម្លៃជាធំទៅលើស្រ្តី ទោះបីជាស្រ្តីមានកម្លាំងទន់ខ្សោយជាងបុរសយ៉ាងណាក្តីក៏ស្រ្តីនៅតែមានសិទ្ធិស្មើបុរសផងដែរ ។ ពាក់ព័ន្ធនឹងចំណុចនេះទើបមានទស្សនៈមួយលើកឡើងថា «របបមាតាធិបតេយ្យ បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតខ្មែរ» ។

តើរបបមាតាធិបតេយ្យត្រូវបានជះនូវឥទ្ធិពលអ្វីខ្លះមកលើផ្នត់គំនិតខ្មែរ ?

ដើម្បីជាគន្លឹះនៅក្នុងការស្រាយរាល់ចម្ងល់ដែលមាននៅក្នុងទស្សនៈរបស់ប្រធានខាងលើឲ្យកាន់តែមានអត្ថន័យក្បោះក្បាយនិងស៊ីជម្រៅថែមទៀតនោះយើងគួរយល់នូវពាក្យ « របបមាតាធិបយតេយ្យ » មានន័យថាជារបបមួយដែលបានឲ្យតម្លៃស្រ្តីជាធំក្នុងភាពជាអ្នកដឹកនាំ ។ ឯពាក្យ « ចាក់ឬស » បានសេចក្តីថាការនិយមទទួលយកចូលចិត្តធ្វើតាម ។ រីឯពាក្យ « ផ្នត់គំនិតខ្មែរ » សំដៅលើជំនឿជឿជាក់យ៉ាងមុតមាំរបស់ប្រជាជនខ្មែរដែលប្រកាន់យកមកអនុវត្តក្នុងវប្បធម៌និងអរិយធម៌ ។ តាមន័យនេះប្រធានខាងលើចង់បង្ហាញពីរបបមួយត្រូវបានលើកកម្ពស់ដល់ស្រ្តីនិងមានភាពជឿជាក់ទៅលើស្រ្តីឥតប្រកាន់វណ្ណៈ ។

តាមការសង្កេតពិនិត្យមើលទៅលើទស្សនៈរបស់ប្រធានដែលលើកឡើងខាងលើចង់បង្ហាញឲ្យឃើញថា « របបមាតាធិបតេយ្យ បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតខ្មែរ » ព្រោះថាការឲ្យតម្លៃទៅលើស្រ្តីគឺមានការនិយមជាច្រើនទោះបីជាស្រ្តីមិនកម្លាំងខ្លាំងក្លាដូចជាបុរសយ៉ាងណាក្តីប៉ុន្តែស្រ្តីក៏ជាកម្លាំងមួយ ជាស្ពានមួយនៅក្នុងចូលរួមអភិវឌ្ឍគ្រប់វិស័យផងដែរ ។វិស័យមួយនេះមិនត្រឹមតែមាននៅក្នុងពេលបច្ចុប្បន្នតែប៉ុណ្ណោះទេគឺមានតាំងតែពីបុរាណកាល មកម្ល៉េះ ។ ការប្រកាន់យ៉ាងជាប់លាប់បែបនេះក៏ព្រោះតែនៅសម័យកាលរបស់វីរក្សត្រខ្មែរដែលជាក្សត្រីមួយអង្គយ៉ាងឆ្នើមដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រើនមុនគេហើយក៏ជាមេទ័ពស្រ្តីមួយរូបដែលបានធ្វើសឹកសង្គ្រាមឈ្នះលើក្រុមបុរសក្នុងការពង្វាតទឹកដីផងដែរ ។ ដោយសារតែព្រះនាង លីវយីជាក្សត្រដំបូងគេនៅក្នុងប្រវត្តិសាស្រ្តខ្មែរទើបរបបមាតាធិបតេយ្យមានតាំងពីពេលនោះមក ។ ចំពោះរបបមាតាធិបតេយ្យមួយនេះគេ ច្រើនតែប្រើភាសាពាក្យថា « មេ » ជាដរាបទោះបីជាអ្នកដឹកនាំនោះភេទជាបុរសក៏ដោយហើយពាក្យទាំងងនោះមានដូចជា មេទ័ព មេកន្ទ្រាញមេធ្មប់ជាដើម ។ តែបើតាមការសិក្សាកន្លងមកយើងឃើញថារបបមាតាធិបតេយ្យនេះមានឥទ្ធិពលទៅលើផ្នែកដូចជា ផ្នែកមួយនៃវិស័យ អប់រំ វិស័យសិល្បៈ វិស័យកសាង វិស័យគ្រួសារ វិស័យសង្គម វិស័យរដ្ឋបាលជាដើម ។ បើយើងក្រលេកមើលទៅលើជ្រុងមួយនៃវិស័យគ្រួសារ គឺបុរសត្រូវបានផ្តល់តម្លៃឲ្យស្រ្តីជាធំគឺបុរសទាំងឡាយត្រូវតែទៅចូលស្តីដណ្តឹងស្រ្តីយកមកធ្វើជាភរិយាស្របតាមទំនៀមទម្លាប់ប្រពៃណីដែលបុរាណលោកតែងតែធ្វើកន្លងមក ។ ក្រោយពេលដែលស្តីដណ្តឹងរួចហើយគេមិនដែលឃើញមានកូនស្រីណាទៅនៅបម្រើនៅផ្ទះខាងប្រុសឡើយប៉ុន្តែគេឃើញបុរសត្រូវតែនៅផ្ទះឪពុកម្តាយខាងស្រីដើម្បីបម្រើឪពុកក្មេកម្តាយក្មេក ព្រមរាំងបានឲ្យឪពុកម្តាយខាងស្រីលោកបានដឹងនិងវាស់ស្ទង់ពីទឹកចិត្តកូនប្រសារប្រុសរបស់ខ្លួនបានកាន់តែច្បាស់មួយកម្រិតទៀត ។ មិនតែប៉ុណ្ណោះស្រ្តីក៏ជាអ្នកដឹកនាំមើលការខុសត្រូវនៅក្នុងក្រុមគ្រួសាររៀបចំសណ្តាប់ធ្នាប់គ្រួសារ ជាអ្នកចូលរួមចំណែកនៅក្នុងការពិភាក្សាស្វែងរកខុសត្រូវ និងរៀបចំផែនការគ្រួសារផងដែរ ។ ពេលខ្លះនៅក្នុងការប្រើប្រាស់ពាក្យពេជន៍ ការសរសេរគេច្រើនប្រើដូចជាម្តាយឪពុក ជីដូនជីតាឬលោកយាយលោកតាយាយជីតាជីជាដើម ។ ការឲ្យតម្លៃលើស្រ្តីឬការប្រើប្រាស់ពាក្យមេ នេះចំពោះវិស័យរដ្ឋបាលវិញយើងឃើញមានពាក្យដូចជា មេបញ្ជាការមេឃុំ មេទ័ពមេចោរ មេស្រុក មេភូមិ មេក្រុមជាដើម ដែលពាក្យទាំងនោះបង្ហាញពីការគោរពនូវស្រ្តីនូវមាតាត្រូវតែប្រកាន់ភ្ជាប់ជានិច្ចទោះបីជាការធ្វើការនៅក្នុងផ្នែករដ្ឋបាលនោះពុំមានស្រីធ្វើការច្រើនដូចជាជាបុរសក៏ដោយក៏គេនៅតែប្រើពាក្យថា « មេ » នាំមុខជានិច្ច ។ នៅក្នុងវិស័យរដ្ឋបាលនេះស្រ្តីក៏មានសិទ្ធិនៅក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតបានផងដែរ ព្រោះគេលែងមានការប្រកាន់រើសអើងវណ្ណៈដូចមុនទៀតឡើយពោលគឺបុរសអាចធ្វើជាអ្នកដឹកនាំបានស្រ្តីក៏អាចធ្វើជាអ្នកដឹកនាំបានដូចគ្នា ។ លើសពីនេះទៅទៀតស្រ្តីក៏កាន់តែមានសិទ្ធិនៅក្នុងការចូលរួមលើឆាកនយោបាយ រួមទាំងការបញ្ចេញមតិផ្សេងៗនៅពលមានកម្មវិធីសន្និបាទ ឬកិច្ចការប្រជុំផ្សេងជាច្រើនក្នុងការស្វែងរកចំណុចរួមល្អមួយនៅការរួមចំណែកអភិវឌ្ឍ ។ បើនិយាយពីការគ្រប់គ្រងមនៅតាមស្ថាប័ន ឬការធ្វើការតាមក្រុមហ៊ុនគណនេយ្យផ្សេងៗគឹថាស្រ្តីមានភាពស្វាហាប់ជាងបុរសចំពោះការរួសរាយរាក់ទាក់វិញស្រ្តី​មានលក្ខណៈទន់ភ្លន់ជាងបុរសដែលទាំងនេះហើយទើបធ្វើឲ្យគេមានការឲ្យតម្លៃលើស្រ្តីកាន់តែខ្លាំងៗឡើង ។ មួយវិញទៀតយើងក៏បានដឹងបានឃើញពីពាក្យ « មេ » នៅក្នុងទម្រង់សិល្បៈរបស់ខ្មែរផងដែរនោះគឺបញ្ជាក់ពីប្រាសាទរបស់ខ្មែរដូចជាប្រាសាទនាងខ្មៅនៅខេត្តតាកែវ និងព្រះវិហារ​ប្រាសាទមេបុណ្យខាងកើតប្រាសាទមេបុណ្យខាងលិចនៅខេត្តសៀមរាបប្រាសាទយាយព័ន្ធនៅខេត្តកំពង់ធំប្រាសាទយាយពៅនៅខេត្តតាកែវជាដើម ទោះបីជាមិនបានបង្ហាញពីពាក្យ « មេ » នៅខាងដើមតែក៏បានបង្ហាញពីពាក្យផ្សេងទៀតបញ្ជាក់ពីការលើកកម្ពស់ឲ្យស្រ្តីផងដែរ ៕ ជាតឹកតាងបន្ថែមនៅក្នុងវិស័យស្ថាបត្យកម្មក៏គេប្រើពាក្យមេក្នុងការលើកទឹកចិត្តដល់ស្រ្តីភេទផងដែរនោះគឺពាក្យថាមេជាង មេដំបូល មេបង្អួច មេទ្វារ មេដែកជាដើមដែលពាក្យទាំងនេះត្រូវបានក្រុមវិស្វករប្រើប៉ុណ្ណោះទេតែក៏នៅមានបងប្អូនប្រជាពលរដ្ឋប្រើផងដែរ ។ ចំពោះវិស័យអប់រំវិញស្រ្តីក៏ទទួលបាននូវការអប់រំខ្ពស់លើកទឹកចិត្តដល់គាត់មិនរើសអើងហើយបើមើលទៅលើការផ្សព្វផ្សាយវិញស្រ្តីគាត់មានភាពប៉ិនប្រសព្វជាងបុរសនៅក្នុងការទាក់ទងទៅកាន់ដៃគូសហការហើយស្រ្តីគាត់ជាអ្នកផ្សព្វផ្សាយនូវវប្បធម៌អរិយធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ តាមរយៈចំណេះដឹងចំណេះធ្វើលក្ខណៈសុភាពរម្យទុំរបស់ស្រ្តីខ្មែរ ការស្លៀកពាក់ការនិយាយស្តីជាដើម ។ ​បន្ថែមពីនេះទៅទៀតស្រ្តីត្រូវបានបុរសភេទធ្វើការលើកទឹកចិត្តនៅក្នុងការឲ្យចូលបម្រើលើការងារផ្សេងៗជួយណែនាំជួយពន្យល់រាល់ចំពោះជំនាញដែលត្រូវធ្វើទៅដល់ស្រ្តីហើយក៏ជាកម្លាំងចលករមួយសំខាន់បំផុតផងដេរ នៅក្នុងការជួយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខផងដែរ ។ ក្រៅពីការងារទាំងនោះស្រ្តីក៏ជាមនុស្សសំខាន់បំផុត នៅក្នុងការបង្កើតនូវធនធានមនុស្សឲ្យមានកាន់តែច្រើននិងជួយបណ្តុះបណ្តាលលើគ្រប់មធ្យោបាយនៅក្នុងការសាបព្រោះនូវចំណេះដឹងស្របតាមលទ្ធភាពសមត្ថភាពរបស់ខ្លួន ។ ក្រោយពេលដែលប្រជាជនខ្មែរជាពិសេសបុរសភេទមានការយល់ដឹងពីសារៈសំខាន់នៃរបបមាតាធិបតេយ្យកាន់តែច្បាប់គាត់ក៏បានចូលរួមផ្សព្វផ្សាយពីតម្លៃរបស់ស្រ្តីឲ្យអ្នកដទៃបានដឹងជាពិសេសការប្រើអំពើហិង្សាលើស្រ្តី ការជួញដូរស្រ្តីការចាប់បង្ខំស្រ្តីឲ្យធ្វើកិច្ចការងារផ្សេងៗត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ផងដែរ ។ ប្រើតាមការសិក្សាស្រាវជ្រាវឲ្យបានដឹងថាក្នុងផ្នែកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីក៏មានការជួយលើកតម្កើងលើស្រ្តីភេទផងដែរ ។ នៅក្នុងផ្នែកទំនៀមទម្លាប់ប្រពៃណីមួយនេះគេមានការលើកកម្ពស់ស្រ្តីតាមរយៈដូចជា ការរៀបអាពាហ៍ពិពាហ៍គេឲ្យតម្លៃស្រ្តីលើចំនុចការមករៀបចំពិធីមង្គលនៅឯផ្ទះគេហដ្ឋានខាងស្រី រៀបអាពាហ៍ពិពាហ៍រួចហើយនៅក្នុងគេហដ្ឋានខាងស្រីជាពិសេសនៅក្នុងពិធីមង្គលនេះទៀតសោត គេបានឲឲ្យកូនកំលោះតោងស្បៃកូនក្រមុំចូលទៅក្នុងបន្ទុប ដែលជាទំនៀមទម្លាប់មួយយកគំរូតាមរឿងកព្រេងខ្មែរគឺរឿងព្រះថោងនាងនាគព្រោះព្រះថោងបានតោងស្បៃរបស់នាងនាគចុះទៅកាន់ឋានភុជង្គនាគ ។ ចំណែកឯនៅក្នុងពិធីបញ្ចូលម្លប់កូនស្រីវិញបានសរឲ្យឃើញថាកាលពីសម័យមុនកូនស្រ្តីមិនសូវបានរៀនខ្ពង់ខ្ពស់ដូចកូនប្រុសនោះទេម្លោះហើយទើបគេឲ្យកូនស្រីចូលម្លប់វិញនៅពេលពេញវ័យគ្រប់ការ ។ តាមរយៈពិធីនេះគេឲ្យតម្លៃស្រ្តីថាជាស្រីល្អគ្រប់លក្ខណ៍ព្រោះកាលបើបានចូលម្លប់ហើយគឺទទួលបាននូវការអប់រំខ្ពស់ទាំងផ្នែកស្មារតីនិងបញ្ញាកាយាជាដើម ។ កូនស្រីដែលបានចូលម្លប់គឹទទួលបានការអប់រំនូវផ្នែកវិជ្ជាជីវៈការកាត់ដេរការដាំស្ល ធ្វើម្ហូបជាពិសេសគឺការត្រូវត្រង់ត្រាប់ស្តាប់នូវច្បាប់ស្រីនឹងត្រូវព្យាយាមអនុវត្ត ។ បើយើងក្រលេកមើលទៅក្នុងប្រវត្តិសាស្រ្តវិញយើងឃើញថានៅក្នុងសម័យនគរភ្នំគឺជាសម័យកាលមួយដែលខ្មែរធ្លាប់មានព្រះរាជាជាស្រីនៅក្នុងការគ្រប់គ្រងដឹកនាំប្រទេស ព្រមទាំងជាក្សត្រីដែលមានភាពអង់អាចក្លាហានថែមទៀតផង ។ លុះរហូតមកដល់សម័យអង្ករយើងឃើញថាព្រះបាទជ័យវរ្ម័នទី៧ជាក្សត្រខ្លាំងពូកែមួយអង្គក៏ប៉ុន្តែអគ្គមហេសីទីពីរ របស់ព្រះអង្គក៏ជាវិរៈក្សត្រដ៏ឆ្នើមមិនចាញ់ព្រះអង្គប៉ុន្មានឡើយនោះគឹព្រះនាងឥន្រ្ទទេវី ។ ព្រះនាងឥន្រ្ទទេវីជាក្សត្រដែលមានទឹកព្រះទ័យស្រឡាញ់គោរពរាស្រ្តចេះមើលការខុសត្រូវទៅលើរាស្រ្តដែលមានជីវភាពក្រីក្រឲ្យមករស់នៅជាមួយ ។ ជាងនេះទៅទៀតទ្រង់ជាស្រ្តីដែលមានចំណេះដឹងទូលំទូលាយព្រមទាំងបានបង្កើតសាលាបាលីសម្រាប់បង្រៀនដល់ប្រជារាស្រ្តទាំងផ្នែកអក្សរសាស្រ្ត អក្សរសិល្ប៍ នាសម័យនោះ ។ ក្រៅតែពីប្រវត្តិសាស្រ្តគេក៏ឃើញមាននូវសុភាសិត ពាក្យស្លោកដែលមានការពាក់ព័ន្ធជាមួយស្រ្តីនៅក្នុងការឲ្យតម្លៃស្រ្តីព្រោះស្រ្តីក៏មានសិទ្ធិស្មើជាមួយនឹងបុរសផងដែរ ។ ចំពោះពាក្យស្លោកឬសុភាសិតដែលពាក់ពាក់ព័ន្ធនិងស្រ្តីគឺល្បារខ្លះគេពុំសូវលើកមកនិយាយប៉ុន្មានទេឯល្បារខ្លះទៀតគេឧស្សាហ៍លើកមកនិយាយជាហូរហែរហើយល្បារទាំងនោះមានដូចជា ត្រូវធ្វើចិត្តដាច់ឲ្យដូចនិងស្រ្តី យោងបុរសតសម្លឆ្ងាញ់ ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារស្រ្តីមានស្រ្តីដូចមានអ្វីៗទាំងអស់ ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ស្រ្តីជាពន្លឺនៃគ្រួសារជាដើម ។ ជាភស្តុតាងស្រាប់ជារៀងរាល់ឆ្នាំនៅលើសកលលោកគេតែងតែប្រារព្ធនូវពិធីមួយដើម្បីលើកតម្កើងចំពោះស្រ្តី និងការលើកទឹកចិត្តដល់ស្រ្តីគឹពិធី « ៨ មីនា សិទ្ធិនារីអន្តរជាតិ » ។ ជាសក្ខីភាពនៅក្នុងចលនាអក្សរសិល្ប៍មួយចំនួនអ្នកនិពន្ធលោកក៏បានដាក់បញ្ចូល នូវភាពឆ្នើមអស្ចារ្យរបស់ស្រ្តីតាមរយៈសាច់រឿងរបស់ខ្លួន ។ តួយ៉ាងនៅក្នុងរឿងមាយើង ដែលជាចលនាអក្សរសិល្ប៍ប្រជាប្រិយដែលអ្នកនិពន្ធបានឲ្យតម្លៃទៅស្រីគ្រប់លក្ខណ៍ដែលជាប្រពន្ធនាយសំពៅនិងចៅមាណព ព្រោះថាកាលគ្រាហ៍ដែលស្រីគ្រប់លក្ខណ៍នៅជាប្រពន្ធនាយភេត្រា នាងជាមេគ្រួសារមួយរូបដែលចេះរៀបចំទុកដាក់លុយកាក់នាយភេត្រារកមកបានយ៉ាងល្អ រហូតបានកា្លយជាអ្នកមានខាងការជួញដូរ ។ លុះក្រោយមកនាយភេត្រានិងចៅមាណពមានការ ដូរប្រពន្ធគ្នាហើយស្រីគ្រប់លក្ខណ៍បានជាប្រពន្ធទីពីរ របស់មាណពមានកម្លាំងនៅក្នុងការធ្វើកិច្ចការផ្សេងៗណែនាំពន្យល់ដល់ចៅមាណពនាងបានជួយក្នុងគ្រួសារពីភាពក្រលំបាកតោកយ៉ាងឲ្យក្លាយជាអ្នកមា​នស្តុកស្តមនៅក្នុងសង្គមមានអ្នករាប់អានច្រើន ។ ចំណែកនៅក្នុងរឿងភូមិតិរច្ឆាន ដែលជាស្នាដៃនិពន្ធរបស់លោក ឌឹម គាម និងឌឿក អុំបានបង្ហាញពីភាពក្លាហាន របស់នាងនី នាងប៊ី និងនាងតន់ ព្រោះបានជួយដល់ក្រុមបាតករនៅក្នុងសម្លាប់រេស៊ីដង់បាដេស ដើម្បីគំរាមដល់ជនជាតិបារាំងកុំឲ្យមានការរឹតបន្តឹងលើផ្នែកពន្ធដារជាបន្តទៀត ។ នារីទាំងបីនាក់ជានារីដែលមានការស្រឡាញ់ស្វាមីរបស់ខ្លួនជាស្រ្តីមានប្រាជ្ញាខ្ពសើនៅក្នុងការមធ្យោបាយជួយស្វាមីខ្លួន ។ នៅក្នុងរឿងមាយាស្រ្តីវិញយើងឃើញថាទោះបីជានាងមានមាយាទមិនល្អយ៉ាងណាក្តីនាងនៅតែជាស្រ្តីដែលមានប្រាជ្ញាឈ្លាសវៃនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតបានយ៉ាងល្អឥតខ្ចោះ ។

សរុបសេចក្តីមកយើងឃើញថារបបមាតាធិបតេយ្យបានស្ថិតស្ថេរដកជាប់នៅក្នុងទឹកចិត្តកូនខ្មែរដែលគោរព និងលើកតម្កើងស្រ្តីជាដរាប និងមិនរើសអើងប្រកាន់វណ្ណៈ ។

ឆ្លងតាមការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើរួចមកយើងអាចវាយនៅក្នុងប្រធានខាងលើរួចមកយើងអាចវាយតម្លៃប្រធានបានថា ពិតជាមានខ្លឹមសារបង្គាប់ យ៉ាងជ្រាលជ្រៅព្រមទាំងជួយបង្ហាញពីរបបមាតាធិបតេយ្យដែលឲ្យតម្លៃ​លើស្រ្តីជាធំមានសារសំខាន់យ៉ាងណាសម្រាប់ការចួលរួមអភិវឌ្ឍន៍ ដូចនេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ពីតម្លៃរបស់ស្រ្តីមិនត្រូវរើសអើងប្រកាន់វណ្ណៈត្រួវរួមកម្លាំងសាមគ្គីគ្នាទាំងប្រុសទាំងស្រីដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1