Khmerrean.com

តំនាលមួយពោលថា “ការបៀតបៀនប្រពន្ធកូនរបស់គេរមែងតែងនាំមកនូវសេចក្តីវិនាស” ។

តំនាលមួយពោលថា “ការបៀតបៀនប្រពន្ធកូនរបស់គេរមែងតែងនាំមកនូវសេចក្តីវិនាស” ។ តើមតិខាង លើ​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ខ្លះ ? ចូរពន្យល់​បក​ស្រាយ​ដោយ​លើក​ឧទាហរណ៍​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និងក្នុងអក្សរសិល្ប៍មកបញ្ជាក់ឲ្យបានក្បោះក្បាយ ។

សេចក្ដីអធិប្បាយ

នៅក្នុងជីវភាពរស់នៅប្រ​ចាំថ្ងៃ មនុស្សម្នាក់ៗតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយទំនាក់ទំនងនេះ ទៀតសោតសម្តែងចេញជាមិត្តភាព បងប្អូន សាច់ ញាតិ និងសេចក្តីស្នេហាជាដើម។ ហើយបើទំនាក់ទំនងនោះឯងជាទំនាក់ទងក្នុងផ្លូវមិនល្អ ដែលមានការបៀតបៀនលើអ្នកដទៃតែងតែផ្តល់នូវទុក្ខទោសដល់ខ្លួន។ ហេតុនេះហើយទើបមានពំនោលមួយលើកឡើងថា “ការបៀត
បៀនដល់ប្រពន្ធ កូន របស់គេរមែងតែងនាំមកនូវសេចក្តី វិនាស់”។

តើពំនោលខាងលើមានខ្លឹមសារយ៉ាងដូចម្តេចខ្លះ?

មុននឹងឈានដល់ការបកស្រាយប្រធានខាលើយើងគប្បីយល់ន័យពាក្យ “បៀនបៀត” “សេចក្តីវិនាស”ជាមុនសិនទើបល្អ។ ពាក្យ “បៀតបៀន” នៅទីនេះមានន័យថា យាយីធ្វើទុក្ខ ធ្វើឲ្យអ្នកដទៃក្តៅក្រហាយ។ រីឯពាក្យ “សេចក្តីវិនាស” គឺមានន័យថា សេចក្តីអន្តរាយការខាតបង់ ឬការបាត់បង់ជីវិតជាដើម។ ដូចនេះ កូន​របស់​គេ​រមែង​តែ​នាំ​មក​នូវ​សេច​ក្តី​វិ​នាស”​ មានន័យថាការដែលស្រឡាញ់ប្រពន្ធកូនរបស់គេខុសទំនង ឬខុសគ​ន្លងប្រ​ពៃណី​ ​និងច្បាប់ទំលាប់ជាតិ ឬធ្វើទុក្ខលើកូនប្រពន្ធអ្នកដទៃ នាំឲ្យគេកើតមានសេចក្តីក្តៅក្រហាយ នឹងធ្វើឲ្យមានសេចក្តីអន្តរាយ ទុក្ខទោសផ្សេងៗដល់ខ្លួន ឬអាចឈានដល់ការបាត់បង់ជីវិត ថែមទៀត។

មនុស្សម្នាក់ៗតែងតែស្រឡាញ់ គ្រួសាររបស់ខ្លួនដូចៗគ្នា មិនថាគ្រួសារនោះមានភាពលំបាកតោកយ៉ាកយ៉ាងណាក៏ដោយ។ ហេតុនេះហើយមនុស្សទាំងអស់តែងថែរក្សាការពារប្រពន្ធ កូនរបស់គេមិនឲ្យមាននរណាមកបៀតបៀនរំលោភបំពានបានឡើយ។ មនុស្សគ្រប់រូបពុំមានឧត្តមគតិ ដូចគ្នាទាំងអស់នោះទេអ្នកខ្លះតែងតែដើរបៀតបៀនគេជានិច្ច។ បើនិយាយតាមផ្លូវពុទ្ធចក្រ ការបៀតបៀនប្រពន្ធកូនរបស់គេ នឹងនាំមកនូវសេចក្ដីអន្តរាយដល់ខ្លួនដូចជា ត្រូវស្លាប់ ធ្លាក់នរក ឡើងរកាដែក និងទទួលបាបកម្មទៅអនាគតជាតិ ពោលគឺ ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់។ បើតាមផ្លូវអាណាចក្រវិញ ការបៀតបៀនប្រពន្ធកូនគេនេះផងដែរគឺត្រូវផ្តន្ទាទោសទៅតាមច្បាប់ ទៅតាមទម្ងន់នៃទោស​​ធ្ងន់ ឬស្រាល ដោយមានការបង់ជាសាច់ប្រាក់ ដាក់គុក ច្រវាក់ បាត់បង់កិត្តិយស ត្រូវបានអ្នកផងទាំងពួងមើល​ងាយ មិនរាប់រក មើលស្រាលដល់សង្គម គ្រួសារនោះ សង្គមមិនឲ្យតម្លៃ ត្រូវបានគេជេរត្មះតិះដៀលនិង ទទួល​រងនូវទារុណកម្មផ្សេងៗយ៉ាងអានោចអាធ៌មរហូតដល់បាត់បង់ជីវិតក៏មាន។ ជាក់ស្តែង នៅក្នុងបញ្ចសីលធម៌ ឬសីលប្រាំរបស់ព្រះពុទ្ធបានបង្ហាញថា “កាមេសុមិច្ឆាចារា វេរៈមណី” វៀរចាកការប្រព្រឹត្តកាមក្នុងផ្លូវខុស មានកូនប្រពន្ធអ្នកដទៃ។

ដើម្បីឲ្យយល់កាន់តែច្បាស់ថែមទៀតក្រឡេកមើលក្នុងប្រវត្តិសាស្ត្រកម្ពុជា នៅពេលដែលព្រះ
សម្គារបានទៅទាក់ទងជាមួយព្រះនាងបុប្ផាវត្តី ខុសប្រពៃណី ដោយនាងជាមហេសីរបស់ព្រះឧទ័យនោះ ។ ព្រះអង្គត្រូវពួកព័រទុយកាល់តាមបាញ់សម្លាប់នៅពេលព្រះអង្គគង់នៅលើចុងត្នោត ហើយក៏បានបាត់បង់ជីវិតនៅពេលនោះទៅ។ ជាសក្ខីភាពនៅក្នុងរឿងនាងបដាច្ចា គឺប្ដីនាងបដាច្ចាបានលួចពង្រត់នាងបដាច្ចាពីឪពុកម្តាយនាង។ បំផុតត្រូវទទួលវិនាសអន្តរាយ ដោយត្រូវពស់ចឹកស្លាប់។ ចំណែកនៅក្នុងអក្សរសិល្ប៍ រឿងទុំទាវវិញ យើងឃើញថាទុំបានទាក់ទងជាមួយទាវដែលទាវមានម្តាយជាអ្នកមើលឃុំគ្រងពួកគេបែរជាប្រព្រឹត្តខុសប្រពៃណីជាតិទីបញ្ចប់ទុំក៏ត្រូវស្លាប់។ នេះជាលទ្ធផលនៃការបៀតបៀនកូនក្រមុំអ្នកដទៃ។ រីឯម៉ឺនងួន និងឪពុករបស់ខ្លួនបានចូលដៃជាមួយនឹងម្តាយ​ទាវបានបញ្ឆោតទាវឲ្យទៅរៀបការជាមួយខ្លួន ទោះបីដឹងថាទាវ និងទុំជាគូរស្វាមីភរិយាដែលព្រះបាទរាមាជើងព្រៃផ្សំផ្គុំឲ្យក៏នៅតែហ៊ានបំពានទៀត។ បំផុតពួកគេត្រូវព្រះបាទរាមាជើងព្រៃកាត់ទោសប្រហារជីវិតទាំងអស់។ ចំណែក​នៅក្នុងស្នាដៃរឿងរាមកេរ្តិ៍វិញ រាពណ៍ដែលជាស្តេចនៃក្រងលង្កា បានឆក់យកនាងសីតាដែលជាមហេសីរបស់ព្រះរាម ទៅទុកក្នុងក្រុងលង្កាដើម្បីសុំសេចក្តីស្នេហាពីនាងនោះ ប៉ុន្តែមិនបានសម្រេច បែរជាត្រូវព្រះរាមក៏ចាត់ទាំងទឹកដីក្រុងលង្កា និងក្រុងរាពណ៍ផ្ទាល់ទាំងលាយអស់សាច់ញាតិសន្តាន បង្កើតជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរជាទី បំផុត​។ លើសពីនេះទៅទៀត ក្នុងវណ្ណកម្មអក្សរសិល្ប៍ រឿងកុលាបប៉ៃលិនវិញ យើងឃើញថា លោកបាឡាត់ត្រូវស្លាប់បាត់បង់ជីវិតដោយសារតែខ្លួនទៅបៀតបៀននាងឃុននារី ដែលជាកូនលោកហ្លួងរតនសម្បត្តិ។ ចំណែកក្នុងរឿងអក្សរសិល្ប៍ប្រជាប្រិយខ្មែរយើង គឺ រឿងពស់កេងកង ដែលបង្ហាញពីស្នេហារវាងពស់កេងកង ជាមួយនាងនីដែលមានស្វាមីទៅរកស៊ីជួញអង្កានៅទីឆ្ងាយពីរបីឆ្នាំទើបមកម្ដងនោះវិញ បានបង្ហាញឲ្យឃើញថាការផិតក្បត់និង ការបៀត​បៀន​ប្រពន្ធគេគឺត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដែលពស់កេងកងត្រូវបានប្តីនាងនីសម្លាប់យ៉ាងវេទនា។

សរុបសេចក្តីមក ការបៀតបៀនកូនប្រពន្ធអ្នកដទៃគឺជាមូលហេតុដែលនាំឲ្យកើតនូវសេចក្តីវិនាសនិងអន្តរាយពិតប្រាកដមែនដូចដែលភស្តុតាងនៃការបកស្រាយខាងលើបានបង្ហាញទាំងនៅក្នុងប្រវត្តិសាស្ត្រ ក៏ដូចជានៅក្នុងស្នាដៃអក្សរសិល្ប៍ជាសក្ខីភាពស្រាប់។

ឆ្លងតាមរយៈការបកស្រាយខាងលើមក យើងសង្កេតឃើញថា មតិប្រធាននេះពិតជាមានន័យយ៉ាងជ្រាលជ្រៅដែលបានជួយដាស់ស្មារតីឲ្យជនគ្រប់រូប វៀរចាកការបៀត​បៀនប្រពន្ធកូនអ្នកដទៃនោះ។ នាមយើងជាកុលបុត្រ កុលធីតាខ្មែរគប្បីធ្វើខ្លួនឲ្យក្លាយជាមនុស្សមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផង ចៀសវៀងការប្រព្រឹត្តអំពើពាលាអាវាសែគ្រប់បែបយ៉ាង​ ពិសេសជៀសវាងឲ្យផុតការបៀតបៀនកូនប្រពន្ធអ្នកដទៃ។ បើយើងជៀសផុតនោះយើងទាំងអស់គ្នាបានជួយលើកតម្លៃថ្លៃថ្នូរឲ្យខ្លួនឯង គ្រួសារ និងសង្គមផងដែរ​។

1
តំនាលមួយពោលថា “ការបៀតបៀនប្រពន្ធកូនរបស់គេរមែងតែងនាំមកនូវសេចក្តីវិនាស” ។ តើមតិខាង លើ​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ខ្លះ ? ចូរពន្យល់​បក​ស្រាយ​ដោយ​លើក​ឧទាហរណ៍​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និងក្នុងអក្សរសិល្ប៍មកបញ្ជាក់ឲ្យបានក្បោះក្បាយ ។

ជាអ្នកទីមួយដែលផ្តល់មតិយោបល់។

សូម ចូលគណនី ដើម្បីផ្តល់មតិយោបល់
បញ្ជីចូលចិត្ត
ចុះឈ្មោះ: 1 student
មេរៀន: 1