តើសីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរយើងមានអ្វីខ្លះ? ចូរពន្យល់។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
សីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរយើងមាន៖
មុននឹងឈានដល់ការបកស្រាយគុណធម៌( Virtue ) និងសីលធម៌ ( Morality )ប្រាំប្រការយើងគូរគប្បីយល់ពាក្យគន្លឹះជាមុនសិន៖
-គុណធម៌ គឺជាតម្លៃល្អ ដែលស្តែងចេញតាមរយៈកាយ វាចា ចិត្ត និងសកម្មភាពរបស់មនុស្ស។
-សីលធម៌ គឺជាធម៌ដែលនាំមនុស្សទៅរកអំពើល្អដែលជាកុសល ឬជាគន្លងនៃចរិយារបស់មនុស្ស ដែលរស់នៅប្រកបដោយគុណធម៌ ដើម្បីរស់នៅក្នុងសង្គម។ ឬជាទ្រឹស្តី ជាពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្ស ទៅរកផ្លូវល្អ ផ្លូវសុចរិត។
សីលធម៌ប្រាំប្រការរបស់មនុស្ស៖
ក. សីលធម៌ផ្ទាល់ខ្លួន
- ចេះដឹងខុស ដឹងត្រូវ
- ចេះស្គាល់ចាស់ព្រឹទ្ធាចារ្យ
- ស្គាល់អ្វីល្អ ស្គាល់អ្វីអាក្រក់
- តាំងខ្លួនជាម្ចាស់ចិត្តរបស់ខ្លួន
- មានភាពក្លាហានក្នុងផ្លូវត្រូវ។
ខ. សីលធម៌ក្នុងគ្រួសារ
- ឪពុកមា្តយចិញ្ចឹមកូន ដោយពុំនឹកគិតដល់ការសងគុណតបមកវិញ ព្រោះជាមុខងាររបស់គាត់
- ធ្វើឲ្យមានភាពសុខដុមរមនា
- ត្រូវស្រឡាញ់កូនឲ្យស្មើៗគ្នា
- រៀបចំកូនឲ្យបានក្លាយទៅជាពលរដ្ឋពេញលេញ
គ. សីលធម៌ក្នុងវិជ្ជាជីវៈ
- មានមនសិកាការងារខ្ពស់
- ត្រូវរកស៊ីតាមសមត្ថភាពរបស់ខ្លួន
- រកស៊ីតាមសម្មាអាជីវោ
- មិនរំលោភបំពានលើអ្នកតូចជាងខ្លួន
- មិនធ្វើការហួសកម្លាំងខ្លួន ដែលនាំឲ្យមានជំងឺឥតប្រយោជន៍ខាតបង់។
ឃ. សីលធម៌ក្នុងសង្គម
- មិនត្រូវបែកបាក់គ្នា (ទ្រុស្តគ្នា)
- មិនត្រូវមើលងាយមនុស្សផងគ្នា
- ត្រូវស្រឡាញ់ ស្នេហាយុត្តិធម៌
- ចេះរាប់អានមនុស្សទូទៅ
- ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
- មិនឈ្លានពានអ្នកដទៃ។
ង. សីលធម៌ក្នុងពិភពលោក
ការរួមរស់ដោយសន្តិភាព ជាមួយប្រទេសដទៃ ដែលអង្គការសហប្រជាជាតិបានប្រជុំនៅទីក្រុង បាឌុង នាប្រទេសឥណ្ឌូនេស៊ី។
សីលធម៌យល់តាមទស្សនៈអ្នកប្រាជ្ញ
សីលធម៌របស់ទស្សនវិទូ សូក្រាត
- ត្រូវយល់ដំណើរប្រព្រឹត្តទៅនៃធម្មជាតិ
- ត្រូវយល់អ្វីដែលនៅជិតយើង
- ត្រូវស្គាល់ខ្លួនឯងសិន
- ត្រូវដុសខាត់ព្រលឹងឲ្យបានប្រសើរជាងដុសខាត់សរីរៈ
- ត្រូវនិយមប្រើពាក្យថា ខ្ញុំឥតចេះអ្វីសោះ ហើយមិនត្រូវជឿថាគេចេះដែរ
- ត្រូវជជែកគ្នាដើម្បីរកការពិតជាដើម។
សីលធម៌របស់ទស្សនវិទូ ប្លាតុង
លោកជាកូនសិស្សរបស់សូក្រាត ស.វទី៥មុនគ.ស គឺជាសីលធម៌មួយបែបប្លែកពីសូក្រាតត្រង់ប្លាតុង បញ្ជាក់ថា ដើម្បីឲ្យមនុស្សមានសីលធម៌ គេត្រូវដកហូតទ្រព្យសម្បត្តិឯកជនឲ្យអស់ពីបុគ្គល គឺនៅសល់តែមនោ ពេលនោះទើបមនុស្សអាចយល់ពីតម្លៃសីលធម៌ ហើយបើមនុស្សនៅតែមានទ្រព្យ ទ្រព្យនោះនឹងក្លាយទៅជាមាយាបិទបាំងមនុស្សមិនឲ្យមើលឃើញសីលធម៌៕
សីលធម៌របស់ទស្សនវិទូ អារីស្តូត
លោកជាទស្សនវិទូក្រិចស.វទី៤មុនគ.ស ឋិតនៅត្រង់ការស្វែងរកសុភមង្គល និងការចេះសប្បាយ ព្រោះបើមនុស្សមិនចេះសប្បាយ មនុស្សនឹងត្រូវបាត់បង់តម្លៃរបស់ខ្លួនជាមនុស្ស ប៉ុន្តែសុភមង្គល និងការសប្បាយត្រូវឋិតនៅក្នុងផ្លូវត្រូវហើយមិនត្រូវសប្បាយដូចសត្វទេ។ សីលធម៌មួយបែបទៀតរបស់អារីស្តូត គឺការអប់រំឲ្យដើរផ្លូវកណ្តាលដូចជា៖
- កុំក្លាហានពេក តែកុំកំសាកពេក
- កុំចង់បានពេក តែមិនត្រូវមិនរវីរវល់សោះទេ
- កុំគិតប្រយោជន៍ផ្ទាល់ខ្លួន តែក៏មិនត្រូវភ្លេចខ្លួនឯងដែរ៕
សីលធម៌របស់ពួកខន្តីនិយម
ឋិតនៅត្រង់ការរស់នៅតាមធម្មជាតិ និងតាំងចិត្តអត់ធន់ ហើយដើម្បីអត់ធន់បានត្រូវបំបាត់តណ្ហា រៀនផ្តាច់ចិត្ត និងកុំរវើរវាយទៅលើអ្វីដែលមិនពិត ហើយដើម្បីសម្រេចបំណងទាំងអស់នេះបាន មនុស្សត្រូវមានពុទ្ធិជាគោល ព្រោះអវិជ្ជាពុំអាចឲ្យមនុស្សយល់ពីអ្វីៗបានឡើយ៕
សីលធម៌របស់ អេពីគារ
ទស្សនវិទូក្រិចស.វទី៤មុនគ.ស ឋិតនៅត្រង់ការអប់រំមនុស្សឲ្យស្វែងរកការសប្បាយតាម ធម្មជាតិ ប៉ុន្តែត្រូវចេះជ្រើសរើសយកការសប្បាយ សកម្មភាពផ្ទុយនឹងការសប្បាយស្ងប់ស្ងាត់។
សីលធម៌របស់លោក ម៉ុងតែង
- តាំងចិត្តជាម្ចាស់របស់ខ្លួន
- កុំធ្វើអ្វីដែលឥតប្រយោជន៍
- កុំឋិតនៅក្រោមអំណាចនៃតណ្ហា
- ត្រូវប្រឆាំងនឹងអ្វីដែលមនុស្សភាគច្រើនពុំចូលចិត្ត៕
សីលធម៌របស់លោក អូគ្លុសកុង
ឋិតនៅត្រង់ការពន្យល់តម្លៃ នៃសាសនាមនុស្សជាតិ បានន័យថាសាសនាជាការប្រៀនប្រដៅសម្រាប់ អនុវត្តឲ្យបានប្រសើរក្នុងការរស់នៅ សាសនាពុំមែនជាការប្រៀនប្រដៅឲ្យគោរពបុគ្គលណាមួយទេ ទោះបីជាអាទិទេពក្តី ឬបុគ្គលណាមួយក្តី ទើបអូគ្លុសកុងបង្កើតសាសនាមួយមានឈ្មោះថា មនុស្សជាតិ៕
សីលធម៌របស់ពុទ្ធសាសនាហីនយាន
- ការសាងកុសល
- ភាពពុំតបនឹងបាតុភូតទាំងឡាយ
- ពលីកម្មដើម្បីអ្នកដទៃ
- ការដោះស្រាយបញ្ហាផ្សេងៗ៕
សីលធម៌របស់ពុទ្ធសាសនាមហាយាន
- ការងារនិយម
- សង្គមនិយមដោយយកសង្គមមនុស្សជាគោលដៅ
- មេត្តា ករុណា មុទិតា ឧបេក្ខា៕
សីលធម៌របស់ព្រាហ្មណ៍សាសនា
- ការគោរពព្រះអាទិទេព
- ការគោរពពាក្យសច្ចៈ៕
សីលធម៌របស់គ្រិស្តសាសនា
- ព្រះអាទិទេពជួយមនុស្សទាំងអស់ ឲ្យតែមនុស្សប្រាប់ការពិតដល់វ្រះគ្រិស្ត៕
សីលធម៌របស់សាសនាឥស្លាម
- មានចែងក្នុងព្រះគម្ពីរកូរ៉ាន់
- ផ្លូវគំនិតប្រសើរជាងផ្លូវកាយ
- ឲ្យបរិភោគចំពោះអ្នកដែលស្រេកឃ្លាន
- ហាមនិនឲ្យសម្លាប់មនុស្សម្នាក់ជាដាច់ខាត ព្រោះការសម្លាប់មនុស្សម្នាក់ក៏ដូចជាសម្លាប់មនុស្សទាំងអស់គ្នាដែរ
- ស្រឡាញ់សន្តិភាព យកអំពើល្អឆ្លើយតបនឹងអំពើអាក្រក់៕
គុណធម៌៥ប្រការរបស់មនុស្ស៖
ក. គោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ
- ស្គាល់នូវអំពើល្អ និងអំពើអាក្រក់
- សុចរិត ស្មោះត្រង់ យុត្តិធម៌
ខ. គោរពសិទ្ធិមនុស្ស
- ការមិនរើសអើង ( ភេទ ពូជសាសន៍ វណ្ណៈ )
- ការអត់ឱន សណ្តោសប្រោសប្រណី
- ការយោគយល់ ផ្តល់ការអធ្យាស្រ័យ
គ. ព្រហ្មវិហារធម៌ទាំង៤
- មេត្តាៈ ផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វ។
- ករុណាៈ ផ្សាយសេចក្តីអាណិតអាសូរទៅរកសព្វសត្វ។
- មុទិតាៈ ផ្សាយអំណរទៅរកសព្វសត្វ ដែលបានសេចក្តីសុខចម្រើន ពោលគឺមានអំណរនឹងគេបានសុខ ចម្រើន។
- ឧបេក្ខាៈ ផ្សាយសេចក្តីស្មោះស្មើទៅរកសព្វសត្វ។
ឃ. សីលប្រាំ
- បាណាតិបាតា វេរមណីៈ ការមិនសម្លាប់ជីវិតមនុស្ស សត្វ។
- អទិន្នាទានា វេរមណីៈ ការមិនលួច ទ្រព្យសម្បត្តិរបស់អ្នកដទៃ។
- កាមេសុ មិច្ឆាចារា វេរមណីៈ ការមិនលួចប្រពន្ធ ប្តី កូនអ្នកដទៃ។
- មុសាវាទា វេរមណីៈ ការមិនពោលពាក្យភូតភរ កុហកអ្នកដទៃ។
- សុរា វេរមណីៈ ការមិនសេពគ្រឿងស្រវឹង ទឹកត្នោតជូរ។
ង. ទសពិធរាជធម៌ទាំង១០ប្រការ
- ទានៈ ការធ្វើអំណោយ។
- សីលៈ ការរក្សាសីល៥ជានិច្ច ឬរក្សាសីល១០មួយដងមួយកាល។
- បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យ ទំនុកបម្រុងប្រទេសជាតិ។
- អាជ្ជវៈ មានសេចក្តីត្រង់។
- មទ្ទវៈ មានសេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា។
- តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្តងៗ (ម.ព. តបៈ ឬតបះផង)។
- អក្កោធនៈ មិនកម្តៅក្រហាយអ្នកដទៃ។
- អវិហឹសាៈ មិនបៀតបៀនអ្នកដទៃ។
- ខន្តិ (ខន្តី) មានសេចក្តីអត់ធន់។
- អវិរោធនៈ មិនបំពានលើធម៌ លើច្បាប់៕