តើពិធីកម្មបុណ្យសង្ឃទានប្រព្រឹត្តទៅយ៉ាងដូចម្តេច ? ចូរបញ្ចាក់ឲ្យបានច្បាស់លាស់ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

មនុស្សការព្រះរតនត្រ័យ សមាទានសីលចប់ រាប់បាត្ររួចវេសង្ឃទាន ដោយអ្នកដើមបុណ្យនាំគ្នាទ្របាត្រ ទ្រចង្ហាន់ កាន់គ្រឿងបរិក្ខារទេយ្យវត្ថុ ឬអ្នកផ្សេងទៀតជួយកាន់ក៏បានលើកឡើងសូត្រវរេតាមលោកអាចារ្យដូចតទៅ៖
- នមោ ៣បទ ( សូត្រទាំងអស់គ្នា )
- បន្ទាប់មកអាចារ្យជាមួយសង្កាត់ម្តងៗច្បាស់ៗ( អាចារ្យខ្លះអាងខ្លួនចេះចាំស្ទាត់ ថារួចអ្នកថាតាមមិនទាន់ចប់ផងខ្លួនថាម្តងទៀត ធ្វើឲ្យអ្នកខ្លះមិនច្បាស់ ស្តាប់មិនទាន់ក៏មាន ) ។
« មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេមសាធុ ភន្តេ សង្ឃោ ឥមានិ ខាទនីយភោជនីយាទីនិ បដិគ្គណ្ហតុ មាតាបិតាទីនំ គុណវន្តានញ្ជ អម្ហកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ » ។
ទិតិយម្បិ មយំ ភន្តេ … ។ល។
តតិយម្បិ មយំ ភន្តេ…. ។ល។
បពិត្រព្រះសង្ឃដ៏ចម្រើន យើងខ្ញុំទាំងឡាយបានចាត់ចែងហើយនូវវត្ថុទាំងឡាយ មានខាទនីយៈ និងភោជនីហារជាដើមនេះ ( មកតម្កល់ទុកក្នុងទីនេះ ) សូមវេរប្រគេនដល់ព្រះសង្ឃ ។
បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយក នូវវត្ថុទាំងឡាយមានខាទនីយៈ និងភោជនីហារជាដើមនេះដោយប្រពៃ ដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ របស់លោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់យើងខ្ញុំទាំងឡាយផង អស់កាលជាអង្វែងទៅហោង អស់វារៈ២ដងផង អស់វារៈ៣ដងផង ។
សេចក្តីបញ្ចាក់
ការប្រគេនចង្ហាន់ដោយវាចារគឺជាការវេរចង្ហាន់ប្រគេន ព្រះសង្ឃពុំមានជាកត្តាសំខាន់ទេ ចង្ហាន់ដដែលភិក្ខុសង្ឃអាចឆាន់បានលុះត្រាណាប្រគេនដោយកាយ ។
- បើគ្រាន់តែវេរ(វាចីភេទ ) តែមិនប្រគេន ក៏ឆាន់មិនបានគឺឆាន់មានទោស ( វិន័យបញ្ញត្តិ ) ។
- បើមិនបាច់វេរ ប្រគេនតែម្តងលោកអាចឆាន់បាន ។ បើវេផងប្រគេនផង ក៏ល្អដែរលោកក៏ឆាន់បាន ហើយសសម្តីវេអាចជំនួយពាក្យឧទ្ទិសអធិស្ធានកុសលដល់អ្នកស្លាប់ ។ ដូចនេះការវេត្រូវវេតាមចំនួនបដិគ្គាហកៈ នៅចំពោះមុខគឺ បើនិមន្តភិក្ខុមក៤អង្គឡើងទៅ យើងវេរថាសង្ឃោ ។ បើនិមន្តភិក្ខុសាមណេរមកតែពីរ ឬបីអង្គយើងវេថា សីលវន្តា ។ បើតែមួយអង្គ យើងវេរថាសីលវា ។ ព្រោះថាការវេត្រូវអនុវត្តតាមក្រឹត្យក្រមវិន័យប្បញ្ញតិផងដែរ ដូចពាក្យថាសង្ឃសំដៅតែភិក្ខុ៤អង្គ ឡើងទៅប៉ុណ្ណោះ ។ បើសាមណេរវិញ ទោះបីច្រើនប៉ុណ្ណា ក៏មិនរាប់ជាសង្ឃដែរ ព្រោះផ្លូវវិនិ័យហៅថាសង្ឃ សម្រាប់ធ្វើសង្ឃកម្ម គឺភិក្ខុបកតត្ត ( ភិក្ខុធម្មតា ភិក្ខុប្រក្រតីភិក្ខុមិនមានទោសប៉ុណ្ណោះ ) ចំពោះបុណ្យទាន ដែលទាក់ទងដល់ផ្លូវវិន័យក៏ពាក្យថាសង្ឃត្រូវគិតតាមវិន័យប្បញ្ញត្តិដែរ ។
ចំណែកឯបិណ្យ ដែលយើងធ្វើហើយ ក្លាយជាបាដិបុគ្គលិកទានឬបានជាសង្ឃទាននោះមិនពាក់ព័ន្ធដល់ការវេរនោះទេសំខាន់លើទឹកចិត្តសំលឹងលើបដិគ្គាហកៈបានត្រឹមត្រូវឬមិនត្រឹមត្រូវប៉ុណ្ណោះ ។
ពិនិត្យសង្ឃទាន និងបាដិគ្គលិកទាន បើប្តីប្រពន្ធនៃគ្រូសារមួយធ្វើបុណ្យសង្ឃទានតំណាងសង្ឃចាត់សាមណេរមួយអង្គមកទទួលម្ចាស់ទានជាប្តីអន់ចិត្តថា នេះលោកនេនកូនអ្នកនេះ កូនអ្នកនោះ មិនសូវគោរពសង្ឃទានខ្លួន ឯប្រពន្ធសប្បាយចិត្តថានេះជាទង់ជ័យព្រអរហន្ត គោរពសង្ឃទានខ្លួន ។ ដូច្នេះនិមន្តបដិគ្គហកៈមួយអង្គក្តី រាប់សិនអង្គក្តី បើម្ចាស់ទានអន់ចិត្តឬត្រេអរថានេះនេនឬនេះគ្រូធំពូកែរ ការសំលឹងយ់ាងដូច្នេះទោះរាប់សិនអង្គកិ្ត ក៏មិនក្លាយជាសង្ឃទានដែរ ។ ផ្ទុយទៅវិញបើនិមន្តមួយអង្គទោះជាសាមណេរតូចក្តី ឲ្យតែសំលឹងថា តំណាងសង្ឃចាត់មកគិតថាលោកនៅក្មេង តែជាអ្នកបួសប្រព្រឹត្តព្រហ្មចរិយធម៌ជាដើម នោះជាសង្ឃគតាទានពិតៗ ។
ដូច្នោះហើយបានជាបុណ្យដែលធ្វើឲ្យបានជា សង្ឃគតាទានត្រូវសម្បយុត្តដោយបញ្ញា ពិចារណាដោយសម្មាទិដ្ឋិ ។