Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តាមទស្សនៈទុកដាក់កូនចៅនៅសម័យលង្វែកបានចែងថា «នំមិនធំជាងនាឡិ» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

តាមទស្សនៈទុកដាក់កូនចៅនៅសម័យលង្វែកបានចែងថា «នំមិនធំជាងនាឡិ» ។ ចូរធ្វើការបកស្រាយទស្សនៈនេះដោយរកឧទាហរណ៍ក្នុងរឿងទុំទាវ និងរឿងផ្កាស្រពោនមកបញ្ជាក់ ។

សេចក្តីអធិប្បាយ

ក្នុងទិដ្ឋភាពសង្គមខ្មែរតាំងពីបុរាណរៀងមករហូតមកដល់បច្ចុប្បន្នខ្មែរយើងតែងមានទស្សនៈទុកដាក់កូនចៅឲ្យមាន គូស្រករដោយមានឪពុកម្តាយជាអ្នករៀបចំនិងសម្រេចក្នុងការជ្រើសរើសគូអនាគតសម្រាប់កូនៗគ្រប់រូប ។​ដោយសារតែមានផ្នត់គំនិតដូចខាងលើនេះហើយទើបតាមទស្សនៈទុកដាក់កូនចៅនៅសម័យលង្វែកបានចែងថា « នំមិនធំជាងនាឡិ» ។

តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះ ?

ដើម្បីជាជំនួយដល់ការបកស្រាយគំនិតប្រធានខាងលើនេះយើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។ ពាក្យ នំ នៅពេលនេះគឺសំដៅទៅលើចំណីដែលគេធ្វើពីអង្ករ ឬម្ស៉ៅម្យ៉ាងដោយការចំម្អិន ។ រីឯ នាឡិ គឹជារង្វាស់់បុរាណដែលមានទូទៅធ្វើត្រឡោកដូង ។ ដូចនេះគំនិតប្រធានខាងលើចង់បញ្ជាក់់ថា នំដែលគេធ្វើអំពីអង្ករ ឬអំពីម្សៅមិនអាចធំជាងនាឡិដែលជារង្វាស់រង្វាល់នោះបានឡើយ ។

ជាការពិតណាស់ជាតិសាសន៍ក្នុងលោកតែងតែមានប្រពៃណីទុកដាក់កូនចៅតាមរបៀប ឬផ្នត់គំនិតផ្សេងៗគ្នា ។​រីឯជនជាតិខ្មែរយើងវិញ ក៏មានផ្នត់គំនិតទុកដាក់កូនចៅទៅតាមលក្ខណៈជាតិខ្លួនដែរ ដោយតម្រូឲ្យមាតាបិតាជាអ្នកធ្វើការសម្រេចចំណែកកូនៗគ្រាន់តែជាអ្នករងចាំទទូលការយល់ព្រមពីអ្នកមានគុណតែប៉ុណ្ណោះ ៕​យ៉ាងនេះហើយ ទើបក្នុងសម័យលង្វែកចាស់ទុំបុរាណបានកំណត់ និងរំលឹកដល់កូនចៅក្នុងការជ្រើសរើសគូស្រករនេះថា « នំមិនធំជាងនាឡី » ។ មានន័យថានំជាចំណីសម្រាប់បរិភោគ ទោះជានំប្រភេទអ្វីក៏ដោយ ទោះបីជាមានរស់ជាតិយ៉ាងណាក៏ដោយ ក៏មិនអាចមានទំហំធំជាងនាឡិដែលជារង្វាស់រង្វាល់សម្រាប់វាលនំឲ្យមានទំហំប៉ុនៗគ្នានោះបានដែរ ។ ដូច្នេះនំប្រភេទណាក៏ដោយត្រូវតែតូចជាងនាឡិហើយអាចដាក់ទៅក្នុងនាឡិបានជានិច្ច ។ បើពុំដូច្នោះទេវានិងកំពប់ហៀរចេញក្រៅចោលឥតប្រយោជន៍ជាមិនខាន ។ យ៉ាងណាមិញក្នុងផ្នត់គំនិតខ្មែរបានប្រៀបធៀបថានំគឺសំដៅទៅលើកូនឬអ្នកក្រោមបង្គាប់ ហើយនាឡីគឺជាម្តាយឪពុកឬអ្នកមានគុណឬជាប្រពៃណី ។ ជាជាតិខ្មែរបាននិយមប្រើពាក្យទំនៀមខាងលើនេះក្នុងគ្រួសារតាំងពីដើមរៀងមក ដែលតម្រូវឲ្យកូនចៅស្តាប់តាមនិងគោរពរតាមឱវាទម្តាយឪពុកឬស្របទៅតាមប្រពៃណីជាតិ ។ បានសេចក្តីថាកូនត្រូវចេះស្តាប់បង្គាប់ម្តាយឪពុកព្រោះគាត់ជាអ្នកចិញ្ចឹមបីបាច់ថែលរក្សា ជាអ្នកមានបទពិសោធន៍ក្នុងជីវីត ជាពិសេសក្នុងការផ្តល់សុភមង្គលឲ្យកូន ។ លោកចង់ឲ្យកូនមានអនាគតល្អជ្រើសរើសគូស្រកររស់នៅបានយូរអង្វែងចាស់ព្រឹទ្ធចាស់ព្រេង អស់មួយជីវីត ។ ប៉ុន្តែបើសិនជាគេមិនគោរពតាមប្រពៃណីខាងលើនោះទេកូននោះគ្មានតម្លៃគឺធ្វើឲ្យសង្គមបាត់បង់ប្រពៃណីដែលធ្លាប់បានប្រកាន់យកជាយូរមកហើយ ។ កូនេពុំស្តាប់តាមដំបូន្មានឪពុកម្តាយ តែងតែជួបប្រទះទៅនឹងទុក្ខសោកឬពុំអាចមានសុភមង្គលឡើយ ។ ទន្ទឹមនិងនេះបើសិនជាគេឆ្លុះបញ្ចាំងតាមរយៈរឿងទុំទាវ ប្រាកដជាបានឃើញនូវពាក្យទំនៀមដូចខាងលើនេះដែរគឺតម្រូវឲ្យកូនគោរពតាមបំណង ឬទឹកចិត្តម្តាយរបស់ខ្លួនក្នុងការទុកដាក់កូនចៅឲ្យមានគូស្រករនេះ ។ យ៉ាងនេះហើយទើបម្តាយទាវបានរំលឹកនិងនិយាយបញ្ចុះបញ្ចូលទាវឲ្យមើលឃើញពីគុណសម្បត្តិរបស់ ម៉ឺន ងួន ដែលជាកូនរបស់ចៅហ្វាយស្រុកត្បូងឃ្មុំ ។ ការនិយាយអូសទាញនេះមកពីគាត់ចង់ឲ្យកូនរស់នៅក្នុងសុភមង្គលមួយដែលមានអ្វីៗគ្រប់យ៉ាងដោយមិនចង់ឲ្យកូនរស់នៅក្នុងជីវភាពមួយដ៏យ៉ាប់ យ៉ឺន ខ្វះមុខខ្វះក្រោយនោះទេពោលគឺអាស្រ័យនៅលើអំណាចបុណ្យស័ក្តិនិងទ្រព្យសម្បត្តិ ដែលជាតម្រូវការរបស់មនុស្សពុំអាចខ្វះបាន ។ ប៉ុន្តែនាងទាវ មិនយល់អំពីទឹកចិត្តម្តាយ បែរជាលើកពោលចំអកឲ្យម្តាយទៅវិញថា «​ ថាបើម៉ែល្មមព្រមនិងគេ កូនម៉ែទំនេរមានប្រុសស្រី លើកឲ្យគេទៅទោះពីរបីតាមម៉ែមេ​ត្រីឲ្យថ្វីខ្ញុំ » ។ ដោយសារតែនាងមានចិត្តមានៈស្លាប់រស់តែជាមួយទុំបែបនេះហើយទើបធ្វើឲ្យដំណើរជីវីតរបស់នាងត្រូវជួបប្រទះឧបសគ្គជាច្រើនរហូតដល់ស្លាប់បាត់បង់ជីវីត ។ ចំណែកនាងវិធាវីនៅក្នុងរឿងផ្កាស្រពោនវិញ កឺពុំបានធ្វើតាមគំនិតម្តាយក្នុងជ្រើសរើសគូស្រករផងដែរ ។ ទោះបីប៊ុនធឿនបានភ្ជាប់ពាក្យជាមួយនាងក៏ពិតមែនតែសម្រាប់អនាគតរបស់នាងពិតជាមានការលំបាកព្រោះឪពុកប៊ុនធឿនត្រូវបាត់បង់មុខរបរហើយប៊ុនធឿន និងក្លាយជាមន្រ្តីរាជការមមានប្រាក់ខែតិចតូច មិនអាចលើកស្ទួយជីវភាពនាងបានល្អប្រសើរនោះឡើយសម្រាប់អនាគត ។ ដូចនេះមតាមគោលគំនិតរបស់ម្តាយនាងមានបំណងលើកនាងឲ្យទៅណៃស៊ត ដែលជាឈ្មួញព្រោះកាត់គិតថា ណៃស៊ត និងមាន​ឱកាសច្រើនក្នុងការផ្តល់សុភមង្គលដល់នាងប៉ុន្តែវិធាវីបែរជាមិនយល់ពីបំណងខាងលើនេះរហូតធ្លាប់ខ្លួនឈឺនិងបាត់បង់ជីវីតនៅទីបញ្ចប់ ។

សរុបសេចក្តីមកទស្សនៈទុកដាក់កូនចៅនៅសម័យលង្វែក ពិតជាបានឆ្លុះឲ្យឃើញអំពីទឹកចិត្តមាតាបិតានិងការទទូលខុសត្រូវសព្វបែបយ៉ាងរបស់លោកដែលតែងតែមានក្តីព្រួយបារម្ភចំពោះអនាគតកូនគ្រប់ពេលវេលា ហើយការសម្របសម្រួលតាមម៉ែឪ ជាទូទៅច្រើនបានលទ្ធផលល្អទៅថ្ងៃអនាគតតែហាក់ដូចជាហួសសម័យបន្តិច ព្រោះម៉ែឪអាងអំណាចបង្ខំកូននោះលទ្ធផលពុំបានល្អឡើយ ដូចករណីទាវនិងវិធាវីជាភ័ស្តតាងស្រាប់ ។ វិធីដោះស្រាយល្អគឹឯកភាពទាំងម៉ែឪទាំងកូនទើបជាការប្រសើរ ។​

ឆ្លងតាមការបកស្រាយខាងលើនេះបានបង្ហាញឲ្យឃើញថាទស្សនៈរបស់ប្រធានមានអត្ថន័យជ្រាលជ្រៅក្នុងការអប់រំយុវជនខ្មែរគ្រប់រូបឲ្យចេះគោរព និងស្លាប់តាមការទូន្មានរបស់ឪពុកម្តាយឬអាណាព្យាបាលខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសគូស្រករណាមួយ ដើម្បីទទួលបាននូវសុភមង្គលពិតប្រាកដ ។​ជាមួយគ្នានេះដែរ ទោះបីជាផ្នត់គំនិតខាងលើនេះជាប្រពៃណីល្អតាំងពីបុរាណក៏ពីតមែនតែគេគួររផ្តល់សិទ្ធិសេរីភាពដល់កូនចៅជំនាន់ក្រោយក្នុងការសម្រេចចិត្ត ជ្រើសរើសគូស្រករបន្ថែមទៀតនោះទើបពួកគេកាន់តែទទួលបានសុភមង្គលពិតប្រាកដនិងយូរអង្វែង ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1