ដូចម្តេចដែលហៅថា សីលធម៌ ? មនុស្សត្រូវមានសីលធម៌អ្វីខ្លះ ? ចូរពន្យល់ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមតម្រូវឲ្យមនុស្សស្វែងរកគោលការណ៍អ្វីមួយសម្រាប់ការអនុវត្ត ឲ្យបានប្រសើរជាមួយមនុស្សផងគ្នាក្នុងសង្គម ។ ខ្លះបង្កើតទំនៀមទម្លាប់ ខ្លះបង្កើតជំនឿ ខ្លះស្វែងរកសាសនាជាបង្អែក ក្នុងគោលបំណងដើម្បីរៀបចំការរស់នៅឲ្យបានប្រសើរ មានន័យថាការស្វែងរកសីលធម៌នេះឯង ។ តើសីលធម៌មានន៏យដូចម្តេច ? ហើយមនុស្សត្រូវមានសីលធម៌អ្វីខ្លះ ?
សីលធម៌ គឺជាក្បួនច្បាប់ជាគន្លងដ៏ល្អសម្រាប់អប់រំទូន្មានមនុស្សឲ្យដើរទៅរកផ្លូវល្អ និងចៀសវាងនូវផ្លូវអាក្រក់សម្រាប់ការរស់នៅ ។ ឬសីលធម៌គឺជាអ្វីៗ ដែលល្អអប់រំតាមផ្លូវចិត្តឲ្យបានប្រសើរ ។
ក្នុងការរស់នៅសីលធម៌មានច្រើនយ៉ាងគឺ សីលធម៌ផ្ទាល់ខ្លួន សីលធម៌ក្នុងគ្រួសារ សីលធម៌ក្នុងវិជ្ជាជីវៈ សីលធម៌ក្នុងសង្គម និងសីលធម៌ក្នុងពិភពលោក ។
ក. សីលធម៌ផ្ទាល់ខ្លួន
- ដឹងខុសដឹងត្រូវ
- ស្គាល់ល្អស្គាល់អាក្រក់
- ទទួលខុសចំពោះទង្វើរបស់ខ្លួន
- មិនលើកតម្កើងខ្លួន ក្លាហានក្នុងផ្លូវត្រូវ
- ការតាំងខ្លួនជាម្ចាស់ចិត្តលើខ្លួន
- ការនិយាយត្រឹមត្រូវដោយមិនកុហក ញុះញុងទ្រគោះបោះបោកតិះដៀលអ្នកដទៃ
- វៀចាកអំពើអបាយមុខ
ខ. សីលធម៌ក្នុងគ្រួសារ
- ឪពុកម្តាយចិញ្ចឹមកូនដោយពុំនឹកគិតពីការតបស្នងគុណមកវិញទេ
- ឪពុកម្តាយស្រឡាញ់កូនស្មើៗគ្នា
- ឪពុកម្តាយអប់រំកូនឲ្យក្លាយជាពលរដ្ឋល្អ
- ឪពុកម្តាយធ្វើឲ្យកូនមានភាពសុខដុមក្នុងគ្រួសារ
- កូនស្រឡាញ់ស្តាប់ដំបូន្មានឪពុកម្តាយ
- រៀបចំគ្រឿងឧបភោគ បរិភោគដល់លោកទាំងពីរ និងថែរក្សាសុខភាពលោកទាំងពីរ
គ. សីលធម៌ក្នុងវិជ្ជាជិវៈ
- មានមនសិការការងារ មានសមត្ថភាព បទពិសោធន៍ ឧបនិស្ស័យ ស្រឡាញ់ការងារ ការភ្ញាក់រលឹក ការជម្រុញទឹកចិត្ត នឹកមមៃទៅរកការងារដែលខ្លូនបានធ្វើនិងត្រូវធ្វើ
- ការប្រកបការងារតាមសមត្ថភាព
- ការប្រកបរបរសុចរិត មិនលួចប្លន់ ភូតភរបោកប្រាស់ កេងចំណេញគេ
- អ្នកមានអំណាចមិនរំលោភអ្នកគ្មានអំណាច
- ការធ្វើការឲ្យស្របនឹងកម្លាំង សមត្ថភាព និងស្របច្បាប់សង្គម
ឃ. សីលធម៌ក្នុងសង្គម
- ការរួបរួមសាមគ្គីគ្នា
- មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន
- ត្រូវចេះគោរព និងឲ្យតម្លៃអ្នកដទៃ
- ស្រឡាញ់យុត្តិធម៌
- រាប់អានមនុស្សទូទៅ
- ស្គាល់ទុកវេទនារបស់អ្នកដទៃ
- មិនឈ្លានពានអ្នកដទៃ
- គ្មានការរើសអើងវណ្ណៈ និងមិនប្រកាន់ពូជសាសន៍ ។ល។
ង. សីលធម៌ក្នុងពិភពលោក
- ការរួមរស់ដោយសន្តិភាពជាមួយប្រទេសដទៃ
- មានទំនាក់ទំនងល្អក្នុងបណ្តាប្រទេសនានាលើសកលលោក
ឆ្លងតាមការបកសស្រាយខាងលើ យើងសង្កេតឃើញថាសីលធម៌នីមួយៗសុទ្ធតែមានតម្លៃ ល្អបម្រើដល់ការអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
សីលធម៌កតែងតែផ្តល់នូវការអប់រំល្អៗ មិនថាសីលធម៌ផ្ទាល់ខ្លួនក្តីសីលធម៌ក្នុងគ្រួសារក្តី សីលធម៌ក្នុងវិជ្ជាជីវៈក្តី សីលធម៌ក្នុងសេចក្តីនិងសីលធម៌ក្នុងពិភពលោកក្តី ។ ប្រទេសណាសម្បូរដោយសីលធម៌ គឺជាប្រទេសដែលមានការអប់រំប្រជាពលរដ្ឋក៏ប្រពៃព្រោះការចេះដឹងឯកឯងពុំគ្រប់គ្រាន់ទេ គឹត្រូវកាអប់រំផងទៀតទើបគេចាត់ទុកថាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់ ។