ជីវប្រវត្តិសង្ខេបរបស់ព្រះបាទអង្គឌួង (១៧៩៦-១៨៦០)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រវត្តិរូបសង្ខេប ព្រះបាទអង្គឌួង (១៧៩៦-១៨៦០)
ព្រះបាទអង្គឌួង ប្រសូត្រនៅឆ្នាំ១៧៩៦ ។ ព្រះអង្គជាបុត្រពៅរបស់ស្ដេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះអង្គទៅគង់នៅប្រទេសថៃជាង១ទសវត្ស ។ ព្រះអង្គឌួង ត្រលប់មកស្រុកខ្មែរវិញនៅឆ្នាំ១៨៤១ ដែលយើងអាចទុកថាព្រះអង្គសោយរាជ្យសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែ ម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ ។ ដោយសទ្ធិសញ្ញារវាង សៀម និង យួន នៅខែធ្នូ ១៨៤៥ បានស្រុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមក ព្រះអង្គឌួងវិញ ។
ព្រះអង្គឌួង បានទទួលពិធីរាជាភិសេក នៅឧត្តុង នាថ្ងៃ៧ ខែមិនា ១៨៤៨ ក្នុងជន្មាយុ៥២ព្រះវស្សា ហើយទ្រង់ព្រះនាមភិធេយ្យ “ព្រះបាទ សម្ដេចព្រះ ហរិរក្ស រាមាឥស្សរាធិបតី ព្រះស្រីសុរិយោពណ៍ បរមសុរេន្ទ្រា មហាចក្រពត្រាធិរាជ បរមរាជ” ។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្ដើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំងបង្កើតស្ថាប័នផ្នែកសង្គមកិច្ច ពោលគឺប្រជារាស្ត្រក្រីក្រនិង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និង ឆាន់ប្រចាំថ្ងៃ ។ ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្ថិភាពក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានសម្រាប់បង្ក្រាបចោរកម្ម និង បទឧក្រិដ្ឋផ្សេងៗ ។ នៅឆ្នាំ១៨៤៨ ព្រះអង្គឌួង បានបង្កើតតុលាការ សាលាឧទ្ទរណ៍ ហើយព្រះអង្គផ្ទាល់ជាអធិបតីលើតុលាការទី២នេះ ។ ចាប់ពីឆ្នាំ១៨៥២ បានចាប់ផ្ដើមសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាយ៉ាងសកម្ម ។
ព្រះអង្គបានអោយបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ ហើយនិងបានកែប្រែរាជកិច្ចជាទូទៅ ។ ព្រះអង្គចាប់ផ្ដើមអោយសង់កំពែង និង ផ្លូវគមនាគមណ៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាអោយមន្ត្រីធ្វើកេណ្ឌប្រជាជន អោយធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិការពីឃ្លាំងរាជវាំងអោយកសាងផ្លូវថ្នល់ ដើម្បីអោយរាស្ត្រធ្វើស្រែ ចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ ។
ព្រះអង្គបានកែទម្រង់ពុទ្ធសាសនាដោយបញ្ជូនគណប្រតិភូ មានមន្ត្រីសេនាបតីខ្មែរ២រូប ទៅគាលើស្ដេចសៀមនៅថ្ងៃអង្គារ ១២ មេសា ១៨៥៣ ដើម្បីសូមអោយស្ដេចសៀមបញ្ជូនមកកម្ពុជាវិញនូវព្រះសង្គមួយអង្គដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនា ព្រនាម ព្រះមហាប៉ាន ព្រមទាំសូមអោយយកទាំងគម្ពីព្រះត្រៃបីដកមកផង។ បានសេចក្ដីថាពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ ចូលមកម្ពុជាចាប់ពីពេលនោះមក ។
ជនជាតិបានរាំងម្នាក់ឈ្មោះ ហង់រី មូហូត (Henria Mouhot) បានជួបស្ដេចអង្គឌួងរវាងឆ្នាំ ១៨៥៨ ហើយបានសេរសេរពីរូបសម្បត្តព្រះអង្គថា ៖ ព្រះអង្គប្រមាណ៦០ព្រះវស្សា មានព្រះកាយ ទាប ធាត់ក្រអាញ ព្រះកេសារខ្លី។ ទឹកព្រះភ័ក្របង្ហាញប្រាជ្ញាវៀងវៃ និង មានសមានចិត្តល្អ ។
ព្រះអង្គឌួង បានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច ។ ព្រះអង្គបានរើបម្រាស់ចេញពីការត្រួតពិនិត្យ សៀម និង យួន ហើយងាកមករកបញ្ចឹមប្រទេសវិញ ។ ព្រះអង្គបានចូលទីវង្គត់នៅឆ្នាំ១៨៦០ ។ ព្រះអង្គមានបុត្រពីរអង្គបានឡើងគ្រង់រាជ្យបន្តបន្ទាប់ស្នងព្រះអង្គ ។
ព្រះបាទអង្គឌួង ជារាជឳរសសិលធម៌ និង ជាពុទ្ធសាសនិកជនយ៉ាងខ្លាំងខ្លា ។ តាមការស្រាវជ្រាវដែលមានមកហើយ ស្នាព្រះហស្ដព្រះអង្គមាន រឿង កាកីនិពន្ធនៅឆ្នាំ១៨១៥ ច្បាប់ស្រី នៅឆ្នាម១៨៣៧ ។