Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរអ្នកធ្វើការប្រៀបធៀបពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ដែលខ្មែរធ្លាប់បានទទួលយកមកគោរពបូជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ចូរអ្នកធ្វើការប្រៀបធៀបពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ដែលខ្មែរធ្លាប់បានទទួលយកមកគោរពបូជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន ។

សេចតក្តីអធិប្បាយ

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនវប្បធម៌ល្បីល្បាញរុងរឿងព្រមទាំងមានទំនៀមទំលាប់ជំនឿសាសនា ប្រពៃណីដ៏សំបូរបែប។ វប្បធម៌អរិយធម៌ទាំងនេះកើតមានដំណាលនឹងវត្តមានជនជាតិខ្មែរដែរ ប៉ុន្តែក្រោយមកខ្មែរបានទទួលយកវប្បធម៌អរិយធម៌ ភាសា អក្សរ សាសនា របស់ឥណ្ឌាមកច្នៃប្រឌិតបន្ថែមទៀត។ ចំពោះបញ្ហាសាសនាវិញ យើងលើកយកព្រះពុទ្ធសាសនា និង ព្រហ្មញ្ញសាសនាមកធ្វើការប្រៀបធៀបដើម្បីរកឲ្យឃើញនូវលក្ខណៈដូចគ្នា និង ខុសគ្នារវាងសាសនាទាំងពីរនេះ។

តើសាសនាទាំងពីរនេះមានលក្ខណៈដូចគ្នា និង ខុសគ្នាយ៉ាងណាខ្លះ?

មែនហើយជាការពិតណាស់ សាសានាទាំងពីរនេះមានវត្តមាននៅលើទឹកដីខ្មែរតាំងពីយូរយារណាស់មកហើយ ហើយត្រូវបានប្រជាជនខ្មែរនិយមរាប់អានទទួលយកមកគោរពបូជាតាំងពីដើមសតវត្សទី១នៃគ្រឹស្គសករាជសម័យ​នគរ​ភ្នំមកម៉្លេះ។ ចំពោះលក្ខណៈដូចគ្នានៃសាសនាទាំងពីរនេះគេសង្កេតឃើញថា សាសនាទាំងពីរនេះមានប្រភពមកពីប្រទេសឥណ្ឌាដូចគ្នា ហើយវាបានហូរចូលមកប្រទេសកម្ពុជាបន្តបន្ទាប់គ្នាគ្រាន់តែមុន និង ក្រោយគ្នាបន្តិចបន្តួតែប៉ុណ្ណោះ។ ចំពោះវត្តមានព្រហ្មញ្ញសាសនាគេសង្កេតឃើញវត្តមានមុនពុទ្ធសាសនាគឺនៅពេលដែលព្រះបាទ​កៅណ្ឌិន្យ បានរៀបអភិសេកជាមួយព្រះនាងសោមាហើយបានគ្រប់គ្រងប្រទេសកម្ពុជា។ ពេលនោះហើយដែលអង្គក្សត្រនេះបានផ្សាយវប្បធម៌ព្រហ្មញ្ញសាសនាដល់ប្រជារាស្រ្តព្រះអង្គ។ យ៉ាងណាមិញចំពោះពុទ្ធសាសនាប្រហែលជាហូរចូលក្រោយព្រហ្មញ្ញសាសនា១សតវត្ស គឺប្រហែលសតវត្សទី២នៃគ្រឹស្តសករាជតាមរយៈសមណៈទូតពីរអង្គដែល​ព្រះបាទធម្មាសោកក្សត្រប្រទេសឥណ្ឌាបញ្ជូនមកផ្សព្វផ្សាយនៅដែនដីសុវណ្ណភូមិ គឺព្រះសោណត្ថេ និង ព្រះឧត្តរត្ថេរ។ ចំពោះលក្ខណៈដូចគ្នាមួួយទៀតនៃសាសនាទាំងពីរនេះគឺអប់រំមនុស្សឲ្យធ្វើអំពើល្អ ជឿលើបុណ្យបាបដូចគ្នា។ ថ្វីត្បិតតែសាសនាទាំងពីរនេះមានមាគ៌ាសម្រាប់គោរពប្រតិបត្តិខុសគ្នា ប៉ុន្តែគោលបំណងគឺដូចគ្នានៅត្រង់អប់រំកាយ ចិត្តរបស់មនុស្ស ឲ្យធ្វើអំពើល្អវៀចាកអំពើអាក្រក់ ឲ្យចេះខ្លាចបាប ពោលគឺឲ្យមនុស្សហាត់ពុតលត់ដំចិត្តឲ្យប្រកាន់យកតែសេចក្តីល្អប្រកបដោយមេត្តាករុណាមុទិតា ដែលក្នុងព្រហ្មញ្ញសាសនាមានព្រះព្រហ្មជាតំណាង ( ព្រះ​ភក្រ័្ត​​ទាំងបួន)។ ការអប់រំបែបនេះគឺបានជ្រាបដល់សន្តានចិត្តខ្មែរគ្រប់រូបរហូតដល់ការគ្រប់គ្រងប្រទេស ក៏ព្រះរាជាខ្មែរយកទ្រឹស្តីនេះមកអនុវត្តផងដែរ។

រីឯទ្រឹស្តីនៃសាសនាទាំងពីរនេះវិញ ថ្វីត្បិតតែមានលក្ខណៈក៏ពិតមែនក៏គេឃើញមានលក្ខណៈដូចគ្នាខ្លះដែរ គឺនៅត្រង់​​សាសនាទាំងពីរនេះមាននិយាយពីភពទាំងបីដូចជា ឋានមនុស្ស ឋាន សួគ៌ ឋាននរក។ នៅត្រង់ចំនុចនេះគឺសំដៅទីកន្លែងដែលមនុស្ស ទេវតា និង សត្វនរករស់នៅ។ ភពទាំងបីនេះមនុស្សតែងតែវិលវល់កើតទីណាមួួយមិនអាចជៀសផុត ដោយវាអាស្រ័យលើសកម្មភាពល្អ អាក្រក់តែប៉ុណ្ណោះ។ ស្ថានទាំងបីនេះ គឺមនុស្សយើងអាចមើលឃើញតែស្ថានមនុស្សលោកយើងតែមួួយប៉ុណ្ណោះ។ ប៉ុន្តែស្ថានសួគ៌នរកវិញមនុស្សមិនអាចមើលឃើញបានទេ។
ម៉្យាងវិញទៀតសាសនាទាំងពីរនេះខែ្មរបានទទួលយកមកគោរពបូជាដូចគ្នាតាំងពីសម័យបុរាណមកម៉្លេះ។ ដោយសារជំនឿទៅលើសាសនាទាំងពីរនេះហើយ ទើបបានជាខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើនដើម្បីឧទ្ទិសចំពោះអាទិទេពនៃសាសនាទាំងពីរក្នុងន័យលើកតម្កើងអាទិទេពសុំសេចក្តីសុខផ្សេងៗ។ មិនតែប៉ុណ្ណោះខ្មែរបានធ្វើ​សមាហរណកម្មសាសនាទំាងពីរឲ្យចូលគ្នាមកគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ។

បើគេពិនិត្យលក្ខណៈខុសគ្នាវិញគេឃើញថា ព្រះពុទ្ធសាសនាគឺមិននិយាយពីអាទិទេពទេព្រោះព្រះពុទ្ធជាមនុស្សហើយក៏ជាម្ខាស់សាសនានិងជាអ្នកសិក្សាស្រាវជ្រាវរកឃើញទ្រឹស្តីនេះដែរ។ ព្រះនាមសទត្ថ មានមាតាបិតា និង នគរនៅលើផែនដីនេះ ហើយការដែលព្រះអង្គអាចត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ក៏ព្រោះតែការខិតខំព្យាយាមបំពេញបារមីទាំងដប់នេះដែរ។ ផ្ទុយពីព្រះពុទ្ធសាសនានេះវិញ ព្រហ្មញ្ញសាសនាគឺមានអាទិទេពបីអង្គជាអ្នកបង្កើតទ្រឹស្តី គឺព្រះព្រហ្ម ព្រះសិវៈ និង ព្រះវិស្ណុ។ អាទិទេពទាំងបីអង្គនេះមាននាទីផ្សេងៗពីគ្នាគឺ ព្រះព្រហ្មជាអ្នកបង្កើតលោក ព្រះសិវៈ​ជាអ្នកបំផ្លាញលោក និង ព្រះវិស្ណុជាអ្នកថែរក្សាលោក។ ព្រះពុទ្ធសាសនាក្រៅពីព្រះពុទ្ធ មានតែអង្គព្រះអរហន្តជាសាវគ្គដែលមាននាទីជួយផ្សព្វផ្សាយគៅរពប្រតិបត្តិទៅតាមទ្រឹស្តីរបស់ព្រះពុទ្ធ។ ផ្ទុយពីនេះព្រហ្មញ្ញសាសនាព្រះវិស្ណុមានអវតាររហូតដល់ទៅដប់ដែលអវតារនិមួួយៗមាននាទីជួយមនុស្សនៅពេលណាដែលពិភពលោកគ្រាអាសន្នដោយពួកអសុរៈអុកឡុកធ្វើបាបម្តងៗ។

រីព្រះពុទ្ធសាសានាាគោរពប្រតិបត្តិតាមពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់បានស្រាវជ្រាវរកឃើញដោយព្រះអង្គផ្ទាល់ក្នុងរយៈពេល៤៥ព្រះវស្សាក្រោយពេលត្រាស់ដឹងដោយគេបានប្រមូលចងក្រងជាគម្ពីរព្រះត្រៃបិដកដែលមាន៨៤០០០ធម្មក្ខន្ធចែកចេញជាបីគម្ពីរគឺ វិន័យបិដក សុត្តន្តបិដក និង អភិធម្មបិដក ដើម្បីទុកឲ្យពុទ្ធបរស័ទគោរពប្រតិបត្តិតាម។ ឯព្រហ្មញ្ញសាសនាវិញមានគម្ពីរវេទជាគោលដែលជាទ្រឹស្តីអាទិទេពទាំងបីអង្គនេះហើយគម្ពីរនេះចែកចេញជាបួនគឺសម្រាប់បរិស័ទគោរពប្រតិបត្តិតាម។ ទ្រឹស្តីនៃសាសនាទាំងពីរនេះមានលក្ខណៈផ្ទុយគ្នាយ៉ាងខ្លាំង នៅត្រង់ព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យជឿនិងផ្អែកលើសមត្ថភាពខ្លួនឯង រីឯព្រហ្មញ្ញសាសនាអប់រំមនុស្សឲ្យជឿលើអាទិទេពព្រេងសំណាងទៅវិញ។
ម៉្យាងទៀតចំពោះសេចក្តីសុខ និង ទុក្ខវិញក៏មានលក្ខណៈខុសគ្នាច្រើនដែរ ព្រោះតាមពុទ្ធសាសនា សេចក្តីសុខ និង ទុក្ខរបស់មនុស្សគឺស្ថិតនៅលើអំពើរបស់មនុស្សជាអ្នកប្រព្រឹត្ត។ បើកាលណាគេធ្វើអំពើល្អ នឹងបានល្អ គេធ្វើអំពើអាក្រក់ នឹងបានអាក្រក់ ពោលគឺសុខ និង ទុក្ខ តាមរយៈកម្ម និង​ផលនេះឯង។ ចំណែកតាមរយៈព្រហ្មញ្ញសាសនាវិញសេចក្តីសុខ និង ទុក្ខគឺស្ថិតនៅលើកណ្តាប់ដៃអាទិទេព ព្រោះបើកាលណាអាទិទេពឲ្យសុខគឺមនុស្ស នឹងបានសុខ បើកាលណា​អាទិទេពឲ្យទុក្ខមនុស្សនឹងបានទុក្ខដោយមិនអាចចៀសផុតឡើយ។ ពោលគឺអាទិទេពជាកំណត់ជោគ​វាសនា​ សុខ ទុក្ខ ល្អអាក្រក់របស់មនុស្ស។ បើកាលណាគេចង់សុខគឺគេត្រូវខិតខំព្យាយាមធ្វើការអង្វរកអាទិទេព សុំសេចក្តីសុខតាមរយៈវិធីប្រតិបត្តិទាំងបួនគឺ តបៈ យោគៈ បូជាយញ្ញ និង ពិធីលាងបាប ឬ សិវៈរាត្រី។ ឯព្រះពុទ្ធសាសនាវិញ កាលណាមនុស្សចង់បានសុខ គេត្រូវលះបង់អំពើអាក្រក់ចោល ហើយប្រកាន់យកអំពើល្អទាំងកាយ វាចា និង ចិត្តនោះ គេនឹងបានសុខ។

ទន្ទឹមនឹងនេះដែរ ចំពោះវាសនារបស់មនុស្សដែលល្អ អាក្រក់ មាន ក្រ លំបាកវេទនា ស្រួលស្រណុក មានឋានៈធំតូចយ៉ាងណា តាមទ្រឹស្តីព្រហ្មញ្ញសាសនាគឺស្ថិតនៅលើកណ្តាប់ដៃរបស់អាទិទេពផងដែរ ព្រោះអាទិទេពបានចារវាសនារបស់មនុស្សរួចជាស្រេចនៅពេលមនុស្សកើតមកដោយមិនអាចកែប្រែបានឡើយ ដូចជាការបែងចែកឋានៈទាំងបួននៅក្នុងសាសនានេះអញ្ចឹង គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវៃស្សៈ និង វណ្ណៈសូទ្រៈ ដែលវណ្ណៈទាំងបួននេះមិនអាចផ្លាស់ប្តូរបានឡើយ។ រីឯព្រះពុទ្ធសាសនាវិញ ចំពោះបញ្ហាខាងលើក៏ស្ថិតនៅលើមនុស្សជាអ្នកកំណត់ខ្លួនឯងដែរ ព្រោះបើកាលណាមនុស្សប្រកាន់យកសេចក្តីព្យាយមត្រូវ គិតត្រូវ​ ធ្វើអំពើជាកុសល ទាំងកាយ​ វាយចា និង ចិត្តទៅលើសកម្មភាពការងាររបស់គេដោយផ្ចិតផ្ចង់ និង យកចិត្តទុកដាក់គេនឹងទទួលបានសម្រេចជោគវាសនារបស់គេមិនខានដូចជាចំណេះដឹងជាដើម។ បើកាលណាយើងខិតខំរៀនយើងនឹងទទួលបានចំណេះដឹង ផ្ទុយពី​ព្រហ្មញ្ញសាសនាដែលថា ពុទ្ធិគឺអាទិទេពជាអ្នកផ្តល់ឲ្យទៅវិញ។

សរុបមកតាមរយៈការបកស្រាយប្រៀបធៀបនូវលក្ខណៈដូច និង លក្ខណៈខុសគ្នានៃសាសនាទាំងពីររួចមកយើងអាចវាយតម្លៃ និង សន្និដ្ឋានបានថា ថ្វីត្បិតតែសាសនាទាំងពីរនេះមានលក្ខណ​​ដូចគ្នាខ្លះក៏ដោយ ខុសគ្នាខ្លះក៏ដោយក៏ខ្មែយើងទទួលយកមកគោរពបូជា ដោយធ្វើការកែច្នៃទ្រឹស្តីខ្លះមកជាការកសាងដើម្បីសាសានាទៅវិញដូចជាការកសាងប្រាសាទភ្នំដើម្បីឧទ្ទិសដល់អាទិទេពដែលមានច្រើនពាសពេញផ្ទៃប្រទេស។ មិនតែប៉ុណ្ណោះទស្សនៈសាសនាទាំងពីរ ខ្មែរបានយកមកបញ្ចាូលលាយឡំគ្នាដើម្បីគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ ។ ម៉្យាងទៀតដោយយល់ថា ទ្រឹស្តីព្រះពុទ្ធសាសនាមានលក្ខណៈវិជ្ចមានជាងទើបខ្មែរលះបង់ព្រហ្មញ្ញសាសនា បែរមកគោរពពុទ្ធសាសនា​រហូតមកដល់សព្វថ្ងៃ ប៉ុន្តែខ្មរបានយកទ្រឹស្តីនៃព្រហ្មញ្ញសាសនាខ្លះមកបញ្ចូលក្នងព្រះពុទ្ធសាសនាដើម្បីគោរពប្រតិបត្តិផងដែរ។ ដូច្នេះទ្រឹស្ថី នៃសាសនាទំាងពីរនេះមានវត្តមាននៅលើទឹកដីខ្មរ និង សណ្តានចិត្តខ្មែរមិនសាបសូន្យឡើយ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1