Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរពន្យល់សុភាសិត "សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់" ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ចូរពន្យល់សុភាសិត “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ។

សេចក្ដីអធិប្បាយ

ជា​ការពិត​ណាស់​មិន​ថា​នៅ​ក្នុង​សង្គម​មនុស្ស​ក៏​ដូច​ជា​សង្គម​នៃ​​សត្វដែរ​ការ​​ចេះសហការ​គ្នា​គឺ​ជា​ការ​​ត្រឹមត្រូវ​បំផុត​​ដើម្បី​សម្រេច​កិច្ច​ការងារ​អ្វី​មួយ​អោយ​បាន​សំរេច​ និង​​ប្រកប​ទៅ​ដោយ​​ភាព​រលូន​និង​ល្អ​ឥតខ្ជោះ​។ ដោយ​សារ​ហេតុនេះ​ហើយ​ទើប​មាន​ពំនោល​ពី​បុរាណ​មួយ​លើក​ឡើង​ថា​”​សាមគ្គី​រស់​ បែក​បាក់​សាមគ្គីស្លាប់​”​។​ដូចច្នេះ​ថា​តើ​សុភា​សិត​នេះ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ទៅ?​

មុន​នឹង​ឈាន​ទៅ​ដល់​ការបកស្រាយនូវសុភាសិតដែលពោរពេញទៅដោយអត្ថន័យមួយនេះយើងគួរណាស់ត្រូវសិក្សាពីពាក្យគន្លឹះរបស់ប្រធានជាមុនសិន គឺពាក្យថាសាមគ្គី សាមគ្គីមានន័យថាការរួបរួមគ្នា ការពួតដៃគ្នាជាថ្លុងមួយដើម្បីសំរេចអ្វីមួយរឺធ្វើអ្វីមួយ ។ មួយវិញទៀតគឺពាក្យថាបែកបាក់សាមគ្គី មានន័យថាការបែកបាក់ភាពសហការគ្នារឺមានជម្លោះគ្នាឈប់ពួតដៃគ្នានឹងគ្នា។

ដូ​ចនេះប្រធានបទខាងលើបានប្រកាន់ជំហរគាំទ្រទៅដល់រាល់សង្គមនៃមនុស្សណាដែលមាននូវទឹកចិត្តស្រលាញ់ការសាមគ្គីគ្នា ចេះរួបរួមគ្នា សហការគ្នាជាធ្លុងមួយពិសេសគឺគាំទ្រអោយមានការយោគយល់គ្នាចេះអធ្យាស្រ័យគ្នាទៅវិញទៅមក និងប្រឆាំងដាច់ខាតទៅដល់គ្រប់មនុស្សណាដែលមិនចេះសហការគ្នានិងសាមគ្គីគ្នាដោយលើកជាឃ្លោងឃ្លាថាបែកបាក់សាមគ្គីស្លាប់។ ជាឧទាហរណ៍ជាក់ស្ដែង នៅក្នុងសង្គមយើងនេះ ការសាមគ្គីគឺពិតជាមាសារៈសំខាន់ខ្លាំងណាស់ដើម្បីអោយប្រទេសជាតិមានការអភិវឌ្ឍន៍ផ្ទុយទៅវិញបើយើងបែកបាក់សាមគ្គីភាពប្រទេសទាំងមូលនឹងពោរពេញទៅដោយសង្គ្រៀមឥតឈប់ឈរហើយប្រទេសជាតិមុខជាគ្មានការអភិវឌ្ឍន៍នោះទេ។ដូចកាលពីសម័យមុនដោយការរំលោភនឹងអំណាចធ្វើអោយបែកបាក់សាមគ្គីនិងជម្លោះផ្ទៃក្នុងរហូតដល់បាត់បង់ទឹកដីជាច្រើន។ បើនិយាយពីអក្សរសិល្ប៍វិញគឺនៅក្នុងរឿងដៃជើងមាត់ច្រណែននិងក្រពះ។ដោយសារតែការច្រណែននាំអោយមានការបែកបាក់សាមគ្គីរវាងគ្នានិងគ្នាគឺដៃជើងនិងមាត់ច្រណែននិងក្រពះថាជាអ្នកដៃលចាំតែទទួលប្រយោជន៍។បន្ទាប់មកដៃឈប់ធ្វើសកម្មភាពជើងឈប់ធ្វើចលនា មាត់បញ្ឈប់ការទំពារអាហារនិងទទួលអាហារក្រោយមកក្រពះក៏មិនមានអាហារដើម្បីយកទៅចិញ្ចឹមសារពាង្គកាយដទៃក្រោយមករាងកាយក៏បានកើតភាពស្វិតស្រពន់រួចមកសុខភាពក៏ចាប់ផ្ដើមខ្សោយទៅៗរហូតដល់ស្គមរីងរៃនឹងស្លាប់តែម្ដង។

សរុបជារួមមកការសហការគ្នា ការរួបរួមគ្នា ការសាមគ្គីគ្នាមុខជាអាចជួយនូវយើងទាំងអស់គ្នាអាចសម្រេចកិច្ចការអ្វីមួយបានដោយជោគជ័យនិងល្អជាទីបំផុតព្រមទាំងទទួលបាននូវលទ្ធផលវិជ្ជមានជានិច្ច។ប៉ុន្តែបើយើងគ្មានការសាមគ្គីគ្នាទេនោះយើងនិងគ្មានសន្តិភាពការចែករំលែកនិងការសហការគ្នានោះឡើយពោលគឺយើង នឹងបាត់បង់ភាពល្អប្រសើរហើយជាងេនេះទៅទៀតអាចបង្ករជាគ្រោះថ្នាក់ដល់អាយុជីវិតយើងទៀតផង។ម្ល៉ោះហើយសុភាសិតខាងលើពិតជាពោរពេញទៅដោយគំនិតអប់រំដោយអោយមនុស្សយកការសាមគ្គីជាគោលជាវាងការបែកបាក់សាមគ្គីដែលនាំអោយកើតក្ដីវិនាសទាំងឡាយ ។ដូចនេះយើងទាំងគ្នាដែលជាកុលបុត្រនិងកុលធីតាខ្មែរដែរបានកើតនៅលើទឹកដីដ៏ល្អប្រសើរនេះ។ចូរយើងខិតខំរៀនសូត្រពិសេសការមានសមគ្គីភាពរវាងគ្នានិងគ្នា ចៀសវាងការបែកបាក់សាមគ្គីដែលធ្វើអោយបាត់បង់វប្បធម៍និងប្រពៃណីដោយត្រូវចូលរួមគ្នាដើម្បីដឹកដៃនាវាកម្ពុជាឈ្ពោះទៅរកភាពថ្លៃថ្លានិងពោរពេញទៅដោយវឌ្ឍនៈភាព ៕

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1