ចូរពន្យល់សុភាសិត «ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ» ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ចូរពន្យល់សុភាសិត «ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ» ។
សេចក្ដីអធិប្បាយ
នៅក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សភាគច្រើនតែងតែស្វែងរកជំនាញនិងចំណេះដឹងដើម្បីស្វែងរកនូវប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯង សង្គមគ្រួសារ និងបំពេញតម្រូវការនានា ប៉ុន្តែការប្រើជំនាញរបស់ខ្លួន ក៏ត្រូវមានបញ្ញាគួបផ្សំ ក្នុងបំណងទម្លុះរាល់ឧបសគ្គនានា និងអាចស្វែងយល់លិ្បកកិច្ចកលផ្សេងៗផងដែរ។ ដោយមើលឃើញចំពោះបញ្ហាទាំងនេះហើយ ទើបមានសុភាសិតមួយទូន្មានទុកថា «ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ»។
តើសុភាសិតនេះបង្កប់នូវខ្លឹមសារអប់រំយ់ាងដូចម្ដេចខ្លះ?
មុននឹងចូលដល់ការពន្យល់បកស្រាយ ជាបឋមគួរគប្បីយល់នូវពាក្យគន្លឹះមួយចំនួយសិន ដូចជា «ចំណេះ» និង «ប្រាជ្ញា»។ ពាក្យថា «ចំណេះដឹង» សំដៅទៅលើការចេះដឹង មានចំណេះជំនាញ រីឯ «ប្រាជ្ញា» មានន័យថា ជាញាណប្រកបដោយការត្រិះរិះពិចារណា ចេះថ្លឹងថ្លែង និងយល់កាលៈទេសៈ ហើយអាចគេចផុតពីលិ្បចរបស់សត្រូវបាន។ នៅទៅ សុភាសិតទាំងមូលចង់មានន័យថា ការចេះដឹង និងឯកទេស អាចយកទៅប្រកបរបរចិញ្ចឹមជីវិតបាន ដោយទទួលបាននូវថវិកាទៅតាមអ្វីដែលខ្លួនចេះ ហើយបញ្ញាប្រៀបបាននៅនឹងអាវុធដែលអាចទម្លុះឬវាយប្រហារទៅលើសត្រូវបាន។
មនុស្សខ្លាំងឬខ្សោយមិនមែនស្ថិតនៅលើមាសប្រាក់ទេ ប៉ន្តែដោយសារពួកគេមានការគិតបានស៊ីជម្រៅ និងមានចំណេះវិជ្ជាក្នុងសង្គម។ ដូចជាពាក្យដែលគេធ្លាប់និយាយថា ការងារបង្រៀនមនុស្ស ពំនោលនេះពិតជាត្រឹមត្រូវខ្លាំងណាស់ មិនយូរទេ គេអាចនឹងទទួលបានបទពិសោធន៍ពីការងារយ៉ាងច្រើន។ យ៉ាងណាមិញ មុននឹងមានការចេះដឹងគឺត្រូវរៀនសូត្រជាមុនសិន មិនថារៀនពីនរណាឡើយ មានន័យថាអ្វីៗដែលនៅជុំវិញខ្លួនយើងសុទ្ធតែជាគ្រូរបស់យើង។ គួបផ្សំនឹងជំនាញរបស់ខ្លួន ក៏ទាមទារនុវបញ្ញាផងដែរ។ បញ្ញាសំដៅលើភាពឈ្លាសវៃនៃគំនិត ដែលអាចត្រួសត្រាយផ្លូវដើម្បីសម្រេចនូវគោលបំណងស្របទៅតាមជំនាញរបស់ខ្លួន។ ដោយឡែក គេអាចសង្កេតឃើញនូវសកម្មភាពរបស់មនុស្សចំនួនដែលខ្សោយទាំងចំណេះដឹងក្នុងសង្គមហើយក៏មិនសូវមានបញ្ញាទៀត ចំណុចទាំងនេះហើយដែលធ្វើឲ្យបុគ្គលនោះជួបតែរឿងបរាជ័យ និងត្រូវក្លាយជាជនក្រោមអំណាចគេ និងចាញ់ក្រោមកលល្បិចរបស់អ្នកដទៃ ជាក់ស្ដែង សព្វថ្ងៃសម្បូរទៅដោយជនបោកប្រាស ឧទាហរណ៍ មានស្ដ្រីចំណាស់ម្នាក់កំពុងតែដើរតាមដងផ្លូវ ស្រាប់តែប្រទះឃើញខ្សែកមាសមួយខ្សែទម្ងន់ប្រហែលពីរតម្លឹឹង ក៏កើតចិត្តត្រេកអរមួយរំពេច ប៉ុន្តែចៃដន្យអី ក៏មានបុរសម្នាក់ទៀតឃើញដែរ ទើបខំមកប្រជែងយកមាសនោះដែរ ក្នុងបំណងចែកគ្នាស្មើ តែស្ដ្រីចំណាស់មិនព្រមឲ្យ ដោយសារគាត់បានឃើញមុន ចំណែកឯបុរសនោះក៏មិនសុខចិត្តដែរ ហើយក៏សម្លឹងឃើញខ្សែកមាសរបស់ស្ដ្រីចំណាស់ដែលពាក់លើកទម្ងន់ពីរជី ទើបស្នើសុំខ្សែកនោះ ហើយសុខចិត្តឲ្យស្ដ្រីចំណាស់យកខ្សែកដែលខ្លួនរើសបាននោះទាំងអស់ ដោយភាពលោភលន់ និងខ្ចះនូចការពិចារណាផងនោះ ទើបធ្វើតាមបុរសនោះ។ មិនយូរប៉ុន្មាន ទើបដឹងថា ខ្សែកមាសដែលរើសបាននោះ គឺជារបស់កាឡៃ ទីបំផុត ស្ដ្រីចំណាស់បានត្រឹមតែសោកស្ដាយនិងខាតបង់តែប៉ុណ្ណោះ មិនគួរណាចាញ់បោកគេយ៉ាងដូច្នេះសោះ។ ទឡ្ហីករណ៍នេះ ពិតជាមានមែនក្នុងសង្គមខ្មែរយើង ហេតុនេះហើយទើបមនុស្សគ្រប់រូបត្រូវតែចេះស្វែងរកពត៌មានឲ្យបានច្រើន កុំឲ្យគេថាដូចជាកង្កែបក្នុងអណ្ដូង។
ដើម្បីផ្ដល់នូវទិន្នន័យឲ្យកាន់តែច្បាស់ជាងនេះទៀត សូមក្រឡេកមកមើលស្នាដៃអក្សរសិល្ប៍មួយចំនួនសិន ជាក់ស្ដែងនៅក្នុងរឿងកុលាប៉ៃលិន ចៅចិត្តជាតួអង្គដែលតំណាងឲ្យមនុស្សមានការចេះដឹង ចេះពិចារណា ស្គាល់ហេតុផល និងមានប្រាជ្ញាឈ្លាសវៃ អាចដោះស្រាយបញ្ហាបន្ទាន់នានាបាន។ បន្ថែមពីនេះ នៅពេលឡានខូចកណ្ដាលព្រៃភ្នំចំពេលបាក់រសៀលទៅហើយ មិនអាចធ្វើដំណើរទៅមុខទៀតបានឡើយ បើនិយាយពីលោកហ្លួងរតនសម្ប្តត្តិ នាងឃុននារី និងលោកបាឡាត់ស្រុកវិញ មិនដឹងធ្វើយ៉ាងណាដើម្បីរកទឹក រកឆ្នាំង រកអុស ដើម្បីដាំបាយឡើយ ផ្ទុយទៅវិញ ចៅចិត្របានគិតឃើញភ្លាមថា ទឹកអាចយកពីក្នុងធុងទឹកក្នុងឡាន រីឯកំប៉ុងអាចយកជំនួសឆ្នាំង រីឯអុសមិនបាច់ខ្វល់ អាចកាច់មែកឈើងាប់ៗក៏ស្រេចហើយ។ នេះជាដំណោះស្រាយមួយដ៏ល្អបំផុតក្នុងកាលៈទេសៈបែបនេះ។ ក្រៅពីនេះ បើមិនមានចំណេះវិជ្ជានិងប្រាជ្ញាស្មារតីទេ ជីវិតពិតជាជួបតែរឿងអកុសល្យជាមិនខាន ជាក់ស្ដែងនៅក្នុងថៅកែចិត្តចោរ ពូហំ ហេតុតែចង់បានប្រាក់ពេក លែងគិតពីមនសិការការងារ និងពុំបានពិចារណាវែងឆ្ងាយឡើយ ក៏បណ្ដោយខ្លួនទៅតាមសន្យាផ្ដល់ប្រាក់មួយម៉ឺនរៀល ដោយត្រូវបើកឡានបំបុកឡានថៅកែហុងលី។ ទីបំផុត ថៅកែក្រឡាស់សម្ដីខ្លួនវីញ គឺមិនបានផ្ដល់ប្រាក់សន្យាឡើយ ហើយធ្វើឲ្យពូហំត្រូវជួបបញ្ហានិងប៉ះពាល់ដល់អនាគតគ្រួសារប្រពន្ធកូនថែមទៀតផង។
សរុបមក ឃើញថាការចេះស្វែងរកចំណេះដាក់ខ្លួនប្រាកដជាអាចបណ្ដុះនូវបញ្ញា នឹងចៀសផុតរាល់បញ្ហាទាំងឡាយដែលបានកើតឡើងចំពោះខ្លួន តួយ៉ាងដូចករណី ចៅចិត្រ ជាដើម ប៉ុន្តែបើខ្វះខាតនូវការចេះដឹងនិងការគិតពិចារណាវិញ គឺអាចធ្វើឲ្យខ្លួនតែការខាតបង់ ដូចករណីស្ដ្រីចំណាស់ និង ពូហំ យ៉ាងដូច្នោះឯង។
យោងតាមការបកស្រាយយ៉ាងក្បោះក្បាយខាងលើ គេអាចវាយតម្លៃបានថា សុភាសិតនេះពិតជាមានតម្លៃយ៉ាងខ្ពស់ខ្ពស់ណាស់។ ក្នុងនាមជាអ្នកសិក្សានិងជាកូនខ្មែរ គួរគប្បីប្រឹងប្រែងរៀនសូត្រ ស្វែងរកចំណេះ បណ្ដុះបញ្ញាស្វារតី ដើម្បីឈានក្លាយជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕