ចូរនិយាយពីបញ្ហាសុខ នៅក្នុងព្រហ្មញ្ញសាសនា ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បញ្ហាសុខនៅក្នុងព្រហ្មញ្ញសាសនាគេបែកចែកជា៣សម័យកាលគឺ៖
១.សម័យវេទនិយម
ក.សុខ៖ សម័យវេទនិយមសុខមាន២គឺ៖
- សាមញ្ញសុខឬសុខធម្មតាគឺជាសុខក្នុងលោកកិយដែលជាសុខគ្រោតគ្រាត។
- បរមសុខឬសុខពេញលេញគឺក្នុងបរមលោកដែលគេឲ្យតម្លៃថាខ្ពង់ខ្ពស់បរិសុទ្ទឋិតឋេរ។
ដើម្បីបានសេចក្តីសុខត្រូវបំបាត់ទុក្ខហើយត្រូវបង្កើនសុខ។
ខ. បុព្វហេតុនៃទុក្ខ
ទុក្ខ កើតឡើងដោយសារ កម៌ន។ ពេលណាដែលអាត្ម័នដាច់ចាញពីព្រហ្ម័ន ហើយចូលទៅនៅជាមួយធាតុលោកិយពុំបរិសុទ្ធ ពេលនោះមានកម៌ន ដែលនាំឲ្យកើតទុក្ខ។
ទុក្ខ កើតឡើងដោយសារ សំសារ។ បើអាត្ម័នពុំបានវិលជួបនឹងព្រហ្ម័នវិញភ្លាមទេ អាត្ម័នត្រូវវិលវល់ ដូចនេះអាត្ម័នហៅថាសំសារដែលជាប្រភពនៃទុក្ខ។
ទុក្ខ កើតឡើងដោយសារ អវិជ្ជា។ អវិជ្ជាគឺការល្ងង់ខ្លៅមិនយល់ថាអាត្ម័ន និងព្រហ្ម័នជាសភាវៈតែមួយ ហើយមិនដឹងថាត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអាត្ម័នអាចជួបជាមួយនឹងព្រហ្ម័នវិញ បាន។ ដូចនេះអវិជ្ជាគឺជាប្រភពនៃសេចក្ដីពិត។
គ. វិធីបង្កើតសុខ
សុខធម្មតាគេជឿថា សុខកើតឡើងដោយសារអាទិទេព។ ដូចនេះត្រូវ៖
- ប្រកាន់វណ្ណៈ ត្រូវគោរពកិច្ចនៃវណ្ណៈនីមួយៗ។
- ធ្វើពិធីបូជាយញ្ញ ត្រូវកាប់សម្លាប់ បូជាដល់អាទិទេព។
- រៀនវេទ និងសូត្រមន្តអាគមដើម្បីឲ្យអទិទេពពេញចិត្តនិងប្រទានពរតាមបំណង។
វិធីបង្កើតបរមសុខ
ត្រូវអនុវត្តន៍វិធីវេទឲ្យបានហ្មត់ចត់ដើម្បីសម្រេចមោក្សៈ គឺការរួចផុតពីទុក្ខសោកពីការវិលកើតស្លាប់ក្នុងសំសារ។វិធីដែលព្រាហ្មណ៍ទូន្មានឲ្យអនុវត្តន៍ឆ្ពោះទៅរកបរមសុខគឺ៖
- វិធីទី១៖ វិធីបង្កើតសុខធម្មតានៅតែត្រូវអនុវតជាបន្ទាប់បន្សំ។
- វិធីទី២៖ ត្រូវបួសជាតាបសឬសីហើយអនុវត្តឬសីវិធី២គឺ តបៈ និង យោគៈ។
- វិធីទី៣៖ ការបង្កើតវិជ្ជា។វិជ្ជាបរិសុទ្ធឬពុទ្ធិខ្ពង់ខ្ពស់ គេជឿថាមានអទិទេពជាអ្នកខ្លាំងពូកែសព្វគ្រប់យ៉ាងជាអ្នកបង្កើតលោកនិងជឿថា អាត្ម័ន និងព្រហ្ម័នជាសភាវៈតែ មួយ។
២. សម័យព្រាហ្មណ៍និយម
ក.បុព្វហេតុនៃទុក្ខ
ទុក្ខ កើតឡើងដោយសារបុព្វហេតុ៤យ៉ាងគឺ សំសារៈ កម៌ន អវិជ្ជា តណ្ហា។ បើយោងតាម ទស្សនៈមិសំសា និងវេទន្តៈគឺ៖
- សំសារៈ ៖ អាត្ម័នជាធាតុបរិសុទ្ធ ត្រូវលាយឡំជាមួយលោកធាតុគ្រោតគ្រាត។ ការវិលកើតស្លាប់ ដែលជាហេតុនាំឲ្យមានទុក្ខ មានប្រភពមកពីកម៌ន។
- កម៌ន ៖ គ្រាន់តែជាបែកចេញពីអាត្ម័ន បែកចេញពីព្រហ្ម័នភ្លាម មានកម៌នកើតឡើងភ្លាម ដែរ។
- អវិជ្ជា ៖ ជាបុព្វហេតុដែលនាំឲ្យកើតមានទុក្ខដែរ។
- តណ្ហា ៖ មានអវិជ្ជា ត្រូវតែមានតណ្ហាដែលជាប់ជំពាក់នឹងលោក ចង់បានសេចក្តីសុខនៅក្នុងលោកិយ ដែលជាលោកក្លែងក្លាយ។ ហេតុនេះតណ្ហានាំឲ្យកើតទុក្ខ។
ខ. វិធីបង្កើតសុខ
ដើម្បីសម្រេចមោក្សៈ ឬបរមសុខ ត្រូវតែអនុវត្តវិធីសំខាន់ៗដូចជា៖
- បំបាត់កម៌ន ដែលជាប្រភពនៃសំសារៈ
- ប្រព្រឹត្តតាមវិធី ឬករណីកិច្ចរបស់ព្រាហ្មណ៍
- បួសជាតាបស ធ្វើសមាធិឈាន
- បង្កើតវិជ្ជាបរិសុទ្ធ
- បំបាត់តណ្ហា។
៣.សម័យហិណ្ឌូនិយម
ហិណ្ឌូនិយម ជាលទ្ធិទទួលឥទ្ធិពលពីលទ្ធិវេទនិយម និងព្រាហ្មណ៍និយម។ គេសង្កេតឃើញថាលទ្ធិនេះមានលក្ខណៈរបស់ខ្លួន ត្រង់ការសង្កត់ខ្លាំងលើតម្លៃនៃភក្ដីភាព ដើម្បីសម្រេច សុខ។ គ្រាន់តែមានជំនឿមោះមុត ស្រឡាញ់អាទិទេព ផ្តេកផ្ដួលចិត្តនឹកដល់អាទិទេពគ្រប់នាទី អាចសម្រេចបានមោក្សៈបាន។