Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ងើយស្កក ឱនដាក់គ្រាប់

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ ងើយស្កក ឱនដាក់គ្រាប់

សេចក្តីអធិប្បាយ

មនុស្សដែលកើតនៅក្នុងពិភពលោកនេះចម្រុះទៅដោយពណ៌សម្បុរអាក្រក់ ល្អ ខ្មៅ ស ទាប ខ្ពស់ និងមានអត្ថចរិតផ្សេងពីគ្នា ខ្លះល្អ​ខ្លះអាក្រក់រីឯខ្លះទៀតព្រហើន​កោងកាចក្អេងក្អាង លើកតម្កើងខ្លួនឯងហួសហេតុថែមទាំងធ្វើឲ្យគេស្អប់ ព្រមទាំងបាត់បង់តម្លៃទៀតផង ។ រីឯបុគ្គលខ្លះទៀតចេះសម្របខ្លួនដាក់ខ្លួនស្គាល់កាលៈទេសៈហើយថែមទាំងចេះគោរពចាស់ទុំ គ្រូបាអាចារ្យឬក៏រៀមច្បងផងដែរទីបំផុតក៏មានអ្នកស្រឡាញ់រាប់អានគោរពចូលចិត្តច្រើនយ៉ាងណាមិញគេសង្កេតឃើញថា មនុស្សទាំងអស់ទោះបីជាអាក្រក់យ៉ាងណាក៏អាចអប់រំបានដែរ ។ ដោយហេតុផលដូច្នេះហើយណ ទើបដូនតាខ្មែរបង្កើតជាសុភាសិតមួយឡើងយ៉ាងដូច្នេះថា « ងើយស្កក ឱនដាក់គ្រាប់ » ។

តើសុភាសិតនេះមានន័យអប់រំយ៉ាងដូចម្តេច ?

ដើម្បីជាស្ពានចម្លងទៅដល់ការបកស្រាយសុភាសិតនេះខ្ញុំបាទសូមពន្យល់នូវពាក្យគន្លឹះមួយចំនួនសិនដូចជា « ងើយ » និង « ស្កក » ។ ពាក្យ ងើយ​មានន័យថាសម្លឹងមើលទៅលើ ដោយមិនុមើលអ្នកនៅក្រោមៗឡើយ ។ រីឯពាក្យ « ស្កក » ជា គុដែលមិនដាក់គ្រាប់ ដែលឥតគ្រាប់ព្រោះស្ងួតដី គឺខកខាន អត់ប្រយោជន៍ឧទាហរណ៍ ស្រូវខ្ញុំរដូវនវស្កកខ្លះ ធ្ងន់ផ្លែខ្លះស្អីខ្លះ ។

សុភាសិតទាំងមូលនេះ បើតាមន័យត្រង់ សំដៅទៅលើដើមស្រូវ កាលណាវាយងើយឡើងទៅលើគឺគ្មានគ្រាប់ស្រូវទេ ប៉ុន្តែបើវាឱន ប្រាកដជាមានគ្រាប់ស្រូវមិនខាន នេះបើតាមន័យធៀបចង់សំដៅថា បុគ្គលដែលចេះដាក់ខ្លួន រមែងមានគេចូលចិត្ត គោរពស្រឡាញ់ និងឲ្យតម្លៃចំណែកបុគ្គលដែលមានអំនួតក្អេងក្អាង មិនចេះឱនលំទោន ច្រើនតែទទួលនូវការស្អប់ខ្ពើមពីអ្នកផងទាំងឡាយ ។​

ជាការពិតណាស់មនុស្សនៅក្នុងសង្គមសម័យថ្មីនេះមានការរីកចម្រើនខ្លាំងណាស់ ខ្លះស្ទើរតែភ្លើតភ្លើនទៅតាមសម្ផារនិយម រីឯខ្លះមាន​ចិត្តនិងស្រឡាញ់ការសិក្សារៀនសូត្រ និងចេះគោរពចាស់ទុំផងដែរ ៕ ជាទឡ្ហីករណ៍មនុសដែលអួតថាចេះគ្រប់យ៉ាង រមែងបាញ់អាត្មា ទីបំផុតក៏ត្រូវគេជាន់កែងខ្លួនឯងហើយទទួលរងនូវក្តីអាម៉ាស តូយ៉ាង បើយើងធ្វើដំនើរទៅណាមកណនាហើយត្រូវ វង្វេងផ្លូវត្រូវចេះជម្រាបសួរគេ ចេះសំពះទៅតាមបែបបទនៃសីលធម៌ខ្មែរហើយសឆមសួរគេនូវតំបន់ណាដែលយើងចង់ទៅតែបើមកដល់យើងប្រើពាក្យអសុរោះមិនគោរពគេគេប្រាកវាយតម្លៃយើងភ្លាមថាជាបុគ្គលអសីលធម៌ហើយជួនកាលគេមិនឆ្លើយតបវិញផងក៏ថាបានផងដែរ ។ រឿងមួយទៀតទោះបីខ្លួនចំណេះដឹងជ្រៅជ្រះយ៉ាងណាក៏ដោយ ក៏ត្រូវចេះចូលរូមក្នុងសង្គមដែរ ដោយសារតែក្នុងលោកនេះមិនមែនមានតែយើងម្នាក់នោះទេ អ្វីដែលយើងមិនដឹងអ្នកផ្សេងអាចដឹង ទោះបីអ្នកនោះជាអ្នកសុំទានក្តីឬកសិករក្រីក្រ ឬជាក្មេងក្តីគឺសុទ្ធតែត្រូវយើងទាំងអស់ដូចពាក្យចាស់តែងពោលថា « ចេះឯង ឲ្យក្រែងចេះគេ » ឬមួយទៀត « ភ្នំខ្ពស់គង់ទាបជាងស្មៅ » ។ ការរស់នៅក្នុងសង្គមត្រុវចេះមើលគេមើលឯងគេរស់បែបណាយើងក៏រស់បែបនោះបានដែរ ឲ្យតែវិធីនោះប្រកបសុចរិតធម៌និងត្រឹមត្រូវ ។ ម្យ៉ាងវិញទៀត ការចេះដាក់ខ្លួនរមែងទទួលបាននូវតម្លៃ និងការកោតសរសើរពីគ្រប់បុគ្គលនានាគ្រប់មជ្ឈដ្ឋាននិងអាចរៀនសូត្ររាល់ចំណេះថ្មីៗទៀតផង ។

ដើម្បីឲ្យកាន់តែច្បាស់នេះ សូមអញ្ជើញបងប្អូនក្រឡេកទៅមើលអក្សរសិល្ប៍ខ្មែរយើងសង្កេតឃើញថា តួអង្គចៅចិត្រ នៅក្នុងរឿងកុលាបប៉ៃលិន ចេះដាក់ខ្លួនធ្វើការជាកម្មករជីកត្បូងដោយមិនរើសអើងឡើយ គេបានលះបង់កម្លាំងយុវវ័យរបស់ខ្លួនដើម្បីការពារ ហើយចេះរាប់អានមិត្តៗកម្មករដូចគ្នាយ៉ាងស្អិតល្មួតទៀតផង ។​ជាងនេះទៅទៀត ចៅចិត្រមានសីលធម៌ខ្លួស់ចេះគោរពចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ និងចៅហ្វាយនាយរបស់ខ្លួន ដោយប្រើពាក្យសម្តីពិរោះពិសាទន់ភ្លន់ប៉ុន្តែពុំមានពុតត្បុតឡើយ ។ ដែលខុសពីលោកបាឡាត់ស្រុកសង្កែ ដែលតែងតែនិយាយក្អេងក្អាងអាងអំណាចមើលងាយអ្នកក្រ មិនចេះឲ្យម្លៃអ្នកតូចទាបជាងខ្លួន ចំណុចទាំងនេះបានធ្វើឡើងឲ្យនាងឃុន នារីមិនពេញចិត្តរូបលោកឡើយ ។ បន្ថែមពីនេះលោកហ្លួងរតនសម្បត្តិ គឺជាមហាសេដ្ឋីដែលចេះរាប់អានកូនចៅមិនប្រកាន់ឋានៈបុណ្យសក្កិឬបុណ្យសក្តី លោកបានរៀនសូត្រច្រើនពីអ្នកក្រថែលធ្វើឲ្យលោកយល់ដឹងច្រើនពីបញ្ហារបស់អ្នកក្រ ហេតុដូច្នេះហើយគេសង្កេតឃើញថា កម្មករដែលនៅក្រោមបង្គាប់របស់លោកនិងអ្នកនៅជុំវិញខ្លួនលោកសុទ្ធតែគោរពនិងពេញចិត្តលោកគ្រប់គ្នា ។ ក្រៅពីនេះនៅក្នុងរឿងផ្កាស្រពោនដែលជាវណ្ណកម្មរបស់លោក នូ ហាច ក៏សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ប៊ុនធឿន ដែលខុសពីណៃនៃស៊ត គឹមានចរិតព្រហើនអាងជាកូនអ្នកមាន​មិនគោរពចាស់ទុំធ្វើឲ្យអ្នកភូមិស្អប់ខ្ពើមសូម្បីតែនាងវិធាវី ក៏មិនពេញចិត្តដែរ ហើយនាងសុខចិត្តក៏មិនប្រាថ្នាបុគ្គលដែល «​ងើយស្កក » ដែរគឹប្រាថ្នាតែ ប៊ុនធឿន មួយគត់ដែលអាចហៅបានថាបុរស « ឱនដាក់គ្រាប់ » ។ តាមរយៈរឿងទុំទាវដែលជាស្នាដៃរបស់ភិក្ខុសោម បានលាតត្រដាងឲ្យឃើញនូវការប្រើអំណាចរបស់បក្សពួកអរ ជួន ដែលមានសភាពព្រៃផ្រៃនៅខេត្តត្បួងឃុំ ហ៊ានពង្រាត់ប្តីប្រពន្ធស្របច្បាប់របស់គេគឺទាវនិងទុំ ដែលព្រះរាជាជាអ្នកផ្សំផ្គុំឲ្យជាប្តីប្រពន្ធរហូតឈានដល់សម្លាប់ទុំនៅក្រោមដើមពោធិ៍ជើងខាល រីឯនាងទាវក៏ធ្វើអត្តឃាតទៅតាមទុំដែរ ។ សោកនាដកម្មនេះក៏បានលេចឮទៅដល់ព្រះកាន៌របស់ព្រះបាទរាមាជើងព្រៃហើយព្រះអង្គខ្ញាល់ជាខ្លាំង ក៏លើករេហ៍ពលសកលយោធាយាងមដោយអង្គឯងហើយកាត់ទោសបក្សពួកអរជួនឲ្យក្ស័យមរណា ។ ទាំងនេះគឹសុទ្ធតែជាទង្វើព្រហើនរបស់បក្សពួកអរជួននេះទើបទទួលលទ្ធផលបែបនេះ ។ យ៉ាងណាមិញរឿងព្រះអាទិត្យថ្មីរះលើផែនដី លោក សួន សុរិន្ទ បានបង្ហាញឲ្យឃើញរាល់សកម្មភាពទាំងអស់របស់តួអង្គ សម ដែលចេះស្រឡាញ់មនុស្សនៅជុំវិញខ្លួន ហើយគោរពមនុស្សទាំងអស់នោះចាស់ក្មេងមានក្រក្តី សមមិនដែលប្រើពាក្យឬបញ្ចេញអាកប្បកិរិយាមើលងាយមើលថោកនរណាម្នាក់ឡើយ ។ សកម្មភាពនេះធ្វើឲ្យសម ទទួលបានមកវិញនូវការកោតសរសើរមិនដាច់ពីមាត់ពឹសម្នាក់តួអង្គក្នុងរឿងក្តីនិងអ្នកអានអ្នកសិក្សាក្តី ។

សរុបមកឃើញថា ការដែលមនុស្សចេះដាក់ខ្លួនឱនលំទោនដោយភាពទន់ភ្លន់នោះមិនខ្លះទេអ្នកជួយជ្រោមជ្រែង កុំឲ្យតែមានអំនួតអួតអាងទោះបីជាអ្នកឯងមានដល់ណាក្តីក៏គ្មានតម្លៃដែរ ហើយរឹតតែទទួលបានននូវការស្អប់ខ្ពើមបំផុតថាមិនត្រូវអាចនឹងបាត់បង់តំណែងឬជីវីតទៀតផង ។

យោងតាមការបកស្រាយដោយសង្ខេបខាងលើ បានឆ្លុះបញ្ចាំងឲ្យឃើញថាសុភាសិតនេះពិតជាមានតម្លៃអប់រំយ៉ាងខ្ពកស់ក្នុងការបណ្តុះគតិបណ្ធិតមនុស្សជាតិ ជាពិសេសកុសលបុត្រខ្មែរគ្រប់រូបឲ្យចេះរស់នៅក្នុងសង្គមដោយគ្មានការរើងអើងនិងបណ្តុះឲ្យមានក្រមសីលធម៌ក្នុងខ្លួន​។ ដូច្នេះក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវគ្រប់ជាន់ថ្នាក់ គួរគប្បីស្វែងយល់ឲ្យបានច្រើន រៀនបើកបេះដូងឲ្យទូលាយហើយមិនត្រូវប្រកាន់ខ្លួនឬរើសអើងនរណាម្នាក់ឡើយចូរចងចាំថាអ្វីៗដែលនៅជុំវិញខ្លួនយើងគឺសុទ្ធតែជាគ្រូរបស់យើងទាំងអស់ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1