គេថា "សម្បត្តិវប្បធម៌ខ្មែរទាំងអស់ ពុំមែនគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេ តែវាក៏ជា បេតិកភណ្ឌរបស់ពិភពលោកទាំងដែរ" ។ ហេតុអ្វីក៏យ៉ាងដូច្នេះ ? ចូរពន្យល់ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រធាន៖ គេថា “សម្បត្តិវប្បធម៌ខ្មែរទាំងអស់ ពុំមែនគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេ តែវាក៏ជាបេតិកភណ្ឌរបស់ពិភពលោកទាំងផងដែរ” ។ ហេតុអ្វីក៏យ៉ាងដូច្នេះ ? ចូរពន្យល់ ។
សេចក្តីអធិប្បាយ
ខ្មែរជាជាតិសាសន៍មួយដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺសុសសាយនៅលើសកលលោក ព្រោះខ្មែរ មានសម្បត្តិច្រើនអនេក ហើយសំបូរបែបរាយពាសពេញផ្ទៃប្រទេស ។ សម្បត្តិ វប្បធម៌ទាំងអស់នេះជាមរកតដ៏មានតំលៃពុំអាចកាត់ថ្លៃបានរបស់ខ្មែរ ព្រមទាំងរបស់មនុស្សជាតិទូទៅផងដែរ ។ ហេតុ នេះហើយទើបគេថា “សម្បត្តិវប្បធម៌ខ្មែរទាំងអស់ ពុំមែនគ្រាន់តែជាបេតិកភណ្ឌរបស់ពិភពលោកផងដែរ” ។ តើហេតុអ្វីក៏យ៉ាងដូច្នេះ ?
ដើម្បីជាគំនិតក្នុងការបកស្រាយប្រធានខាងលើនេះ យើងត្រូវយល់ពាក្យសម្បត្តិវប្បធម៌បេតិកភណ្ឌ ។ សម្បត្តិវប្បធម៌ គឺសម្បត្តិសំរាប់ការផ្សំបណ្ដុះចំនេះវិជ្ជា និងប្រាជ្ញាស្មារតីឱ្យបាន លូតលាស់ចំរើនដោយវិទ្យាសាស្ត្រ រឺដោយសិល្បៈផ្សេងៗ ។ បេតិកភណ្ឌ គឺទ្រព្យសម្បត្តិ រឺ កេរ្តិ៍មរកតដែលមានជាប់តមកពីខាងឪពុក ។ ប្រធានមានន័យថា សម្បត្តិដែលទាក់ទងទៅនឹងការបង្កើតចំនេះដឹង ពុំមែនគ្រាន់តែជាសម្បត្តិមានតំលៃខ្ពស់សំរាប់ខ្មែរប៉ុណ្ណោះទេ តែវាជាសម្បត្តិបណ្ដុះនូវចំណេះនិងប្រាជ្ញា ស្មារតីមនុស្សជាតិទាំងអស់លើសាកលលោកផងដែរ ។
ជាការពិតណាស់សម្បត្តិវប្បធម៌ខ្មែរទាំងអស់ពុំមែនគ្រាន់តែជាបេតិកភណ្ណរបស់ខ្មែរ ប៉ុណ្ណោះទេ តែវាក៏ជាបេតិកភណ្ណពិភពលោកផងដែរ ទៅលើទឹកដីខ្មែរ មានសម្បត្តិវប្បធម៌ ដេរដាសពាសពេញ លើផ្ទៃដីរបស់ខ្មែរដែលជាស្នាដៃរបស់បុព្វបុរសបន្សល់ទុកមកសំរាប់កូនចៅជំនាន់ក្រោយ ដូចជា ប្រាង្គប្រាសាទដ៏ល្អវិចិត្រសិល្បៈ តូន្ត្រីច្រើនប្រភេទ មានភ្លេងពិណពាទ្យ ភ្លេងខ្លងខែក នៃយ៉ាំ ភ្លេងប្រពៃណី ភ្លេងមហោរីជាដើម ។ លើសពីនេះទៅ ទៀតខ្មែរមានបូជនីយដ្ឋានត្រប់កន្លែងនៅតាម ប្រពៃណី ទំនៀមទំលាប់ការរស់នៅរបស់ខ្លួន ។ សម្បត្តិដូចបានរៀបរាប់ខាងលើនេះ ជាបេតិកភណ្ឌរបស់ខ្មែរ ព្រោះវាស្ថិតនៅលើទឹកដីខ្មែរពេញច្បាប់ ។ ខ្មែរជាអ្នកថែរក្សាគ្រប់គ្រងកាន់កាប់ ការពារជាប្រចាំ ។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹង ស្គាល់សម្បត្តិទាំងអស់នោះ ។ ស្គាល់ពីរចនាបថ ប្រវតិ្តសាវតារ ខ្លឹមសារនៃការស្ថាបនា ការបង្កើតឡើងនៅរបស់ទាំងអស់នោះទៀតផង ។ សម្បត្តិវប្បធម៌ ទាំងអស់នេះកំពុងតែបំរើផលប្រយោជន៍ខ្មែរ ធ្វើអោយខ្មែរចំរុងចំរើន ។ លើសពីនេះសម្បត្តិ វប្បធម៌ខ្មែរនេះកើតឡើងពីការកសាងជាច្រើនជំនាន់របស់ដូនតាខ្មែរ ។ បុព្វបុរសខ្មែរបាន ខិតច្នៃប្រឌិត ប្រឹងប្រែងព្យាយាមយ៉ាងមុះមុតក្នុងការស្រាវជ្រាវចំណាយធនធានរស់យ៉ាងច្រើន ការសន្ធឹកសន្ធាប់ក្នុងការរចនាឱ្យមានសោភ័ណភាពយ៉ាងរស់រវើកសមស្របទៅតាមជំនឿនិងចំណង់ចំណូលចិត្តរបស់ខ្លួន ។ការបរិយាយខាងលើនេះបញ្ជាក់ថាសម្បត្តិវប្បធម៌ខ្មែរ ជាបេតិកភណ្ឌខ្មែរ ពិតប្រាកដ ។ ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែរជាកោសិកាមួយផ្នែកនៃពលរដ្ឋ សាកលលោកអ្វីដែលខ្មែរ ទទួលបាននៅមនុស្សជាំតិនៅលើពិភពលោកក៏ទទួលបានផលរួមដូចគ្នាផងដែរ ។ ការដែលនិយាយដូច្នេះ មកពីមូលហេតុថា ជនបរទេស គ្រប់មកទទួលអារម្មណ៍រីករាយ តាមរយៈការស្ដាប់ ការទស្សនៈសម្បត្តិវប្បធម៌ខ្មែរដោយសេរី ទៅកាន់កន្លែងនានា ដែលខ្លួនគេចង់ទៅគ្មានការរារាំងអ្វីទាំងអស់ ព្រោះថាជាសមិទ្ធិផលរបស់ មនុស្សទាំងអស់គ្នា គ្រាន់តែពួកគេគ្មានសិទ្ធិយកវាទៅកាន់ប្រទេសពួកគេតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត មនុស្សទាំងអស់នៅលើសាកលលោកមានលទ្ធភាពអាចចុះមកសិក្សាស្រាវជ្រាវពីស្នាដៃរបស់ បុព្វបុរសខ្មែរតាម ចិត្តប្រាថ្នា ដើម្បីបង្កើតការយល់ដឹងពីសាវតាខ្មែរ ពីប្រវត្តិដ៏អស្ចារ្យរបស់ខ្មែរ ដែលបាន បង្កើតស្នាដៃអច្ឆរិយសំរាប់ជាកេរ្តិ៍ដំណែលរបស់ មនុស្សលោកយកទៅផ្សព្វផ្សាយគ្រប់ជាតិ សាសន៍ទាំងអស់ដែលមានពូជពង្សជាមនុស្ស ។ លើសពីនេះទៅទៀត មូលហេតុដែលហ៊ានថា សម្បត្តិវប្បធម៌ខ្មែរ ជាបេតិកភណ្ឌពិភពលោកនោះ ដោយវាជារបស់លើកតំកើនតំលៃមនុស្សជាតិ ទូទៅ ។ ត្រង់ភាពជាមនុស្សមានប្រាជ្ញា មានទេពកោសល្យ សមត្ថភាព អាចធ្វើអ្វី១ទាំងអស់ ប្រកបដោយប្រណីតភាព សំរាប់ទុកជាតំណែលប្រវត្តិសាស្រ្តមនុស្សជាតិទាំងឡាយ ។ ដូមនេះ មនុស្សនៅលើពិភពលោកបានទទួលកិត្តិយសពីខ្មែរ ក្នុងនាមខ្មែរជាមនុស្សដូចរូបគេដែរ ។ ម្យ៉ាងវិញទៀត សម្បត្តិវប្បធម៌ខ្មែរជាកម្មវត្ថុដ៏សំខាន់មួយសំរាប់ពិភពលោក អាចកំនត់ច្បាប់ពីអត្តសញ្ញាណ ជាតិខ្មែរថាជាជាតិមួយដែលមានពូជអំបូរ មានទឹកដី មានភាសាមានអរិយធម៌ច្បាស់លាស់ ។ ដោយយល់ច្បាស់ ពីតួនាទី សម្បត្តិវប្បធម៌ខ្មែរ ជាផ្នែកមួយនៃបេតិកភណ្ឌពិភពលោក បានជាតាំងពីដើម រៀងមកដល់បច្ចុប្បន្ន អង្គការយូនេស្កូ បានចាត់វិធានការអំពាវនាវ ដល់ប្រទេសជាច្រើនលើលោក ជួយសង្គ្រោះ ប្រាង្គប្រាសាខ្មែរនៅតំបន់អង្គរទាំងអស់ ។ ប្រាសាទខ្មែរបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោក ដែលពិភពលោកចាំបាច់ត្រូវមានភារកិច្ច ថែរក្សាសម្បត្តិមនុស្សជាតិឱ្យបានល្អ ដើម្បីផ្តល់កិត្តិយសដល់មនុស្សទូទៅ ។ ប៉ុន្តែទោះអន្តរជាតិមានសិទ្ធិចូលមកជួយគ្នា ក្នុងនាមជាបេសកជនការពារសម្បត្តិមនុស្សជាតិ តែពួកគេពុំមានសិទិ្ធមួយយកសម្បត្តិទាំងនោះជាកម្មសិទ្ធិ របស់ខ្លួនទេ ក៏ប្រកាសខ្លួនជាអ្នករួមចំនែក ស្ថាបនាបេតិកភណ្ឌជាតិខ្មែរនោះឡើយ ។ ពោលគឺពុំអាច អាមឋភ្លេចចោលនូវស្នាដៃរបស់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងនោះឡើយ ។
សរុបសេចក្តីមកសម្បត្តិវប្បធម៌ខ្មែរទាំងអស់ ជាបេតិកភណ្ឌរបស់ខ្មែរផង និងជាបេតិកភណ្ឌរបស់ពិភពលោកផង ដោយហេតុថាខ្មែរជាអ្នកកសាងនៅលើទឹកដីខ្មែរពិតតែខ្មែរជាផ្នែកមួយនៃ សមាគមន៍អន្តរជាតិជាមនុស្សដូចខ្មែរដែរ គេមានភារកិច្ចចូលរួមការពារឱ្យបាន ល្អឋិតថេរតែប៉ុណ្ណោះ ។
នៅទីបញ្ចប់មតិប្រធានខាងលើនេះ មានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការបង្ហាញពីតំលៃ នៃសម្បត្តិ វប្បធម៌ដែលបានលើកស្ទួយខ្មែរឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមនុស្សជាតិនៅលើលោកឲ្យមាន កិត្តិយសក្នុងនាមជាមនុស្សដូចគ្នា ។ ដូច្នេះក្នុងនាមជាមនុស្សត្រូវចងសម្ពន័្ធភាព និងគ្នាឱ្យបានរីងមាំក្នុងការការពារបេតិកភណ្ឌឱ្យបានគង់វង្ស ដើម្បីការពារ នូវគោលគំនិត សមត្ថភាពដ៏អស្ចារ្យដែលបុព្វបុរសយើងបន្សល់ទុកជាគំរូល្អសំរាប់ជនជំនាន់ក្រោយយកទៅអនុវត្តក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យបានរុងរឿង ។