Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

គេថា "រឿងរាមកេរ្តិ៍បានដើរតួនាទីសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែ" ។

គ្រូបង្រៀន
Khmer
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

គេថា “រឿងរាមកេរ្តិ៍បានដើរតួនាទីសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែ” ។ តើការបង្ហាញនោះមានបែបណាខ្លះចូរពន្យល់អោយបានច្បាស់លាស់ ។

សេចក្តីអធិប្បាយ

រឿងរាមកេរ្តិ៍​គឺជាស្នាដៃអក្សរសិល្ប៍ខ្មែរ​ ដែលមានទំនោរទៅរកសាសនាព្រាហ្មណ៍​។រឿងនេះបានលាតត្រដាងពី​ទិដ្ឋភាពជាច្រើនដែលជាផ្នែកនៃផ្នត់គំនិតខ្មែរ ​ហើយរហូតមកដល់សព្វថ្ងៃក៏នៅតែមានអត្ថិភាពក្នុងសង្គមខ្មែរដដែល។​ដោយសារតែការលើកយកមកបង្ហាញពីទិដ្ឋភាពទាំងនោះហើយ ​ទើបបានជាគេថា “រឿងរាមកេរ្តិ៍បានដើរតួ យ៉ាងសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែរ”​។

តើការបង្ហាញនោះ មានលក្ខណៈបែបណាខ្លះ?

មុននឹងធ្វើការបកស្រាយពន្យល់មតិប្រធានខាងលើ​ អោយកាន់តែច្បាស់យើងគួរស្គាល់ន័យ នៃពាក្យក្ដោបន័យ​សេចក្តីរបស់កន្សោមប្រធានមុនសិន​។​កន្សោមពាក្យ “ទិដ្ឋភាពអរិយធម៌ខ្មែរ” ​សំដៅទៅដល់លក្ខណៈទូទៅដែលនាំ​ទៅដល់ការរីកលូតលាស់នៃសង្គមខ្មែរ គ្រឿងទ្រទ្រង់លក្ខណៈ​សំគាល់របស់ខ្មែរដូចនេះន័យសំខាន់របស់ប្រធានទាក់ទងទៅនឹងការបង្ហាញទិដ្ឋភាពអរិយធម៌ខ្មែរតាមរយៈរឿងរាមកេរ្តិ៍។​រឿងរាមកេរ្តិ៍ ឆ្លុះបញ្ចាំងពីទិដ្ឋភាពអរិយធម៌ខ្មែរយ៉ាង​ច្រើន​ដែលបានផ្សារភ្ជាប់យ៉ាងជ្រៅនៅក្នុងស្រទាប់មនុស្ស នៃទិដ្ឋភាពអរិយធម៌ខ្មែរដែលស្តែងចេញរួមមាន​ ព្រះរាជពិធីច្រត់ព្រះនង្គល័ គឺជាទំនៀមទំលាប់ដែលមានអត្ថិភាពរហូតដល់សព្វថ្ងៃ។ ​ព្រះមហាក្សត្រខ្មែរ តែងប្រារព្ធព្រះរាជពិធីនេះជាទំនៀមទំលាប់ដើម្បីជាការបួងសួងបន់ស្រន់ ​អង្វករដល់បារមីវត្ថុសក្តិសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី សូមអោយបង្ហូរទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ដំណាំកសិកម្មឬក៏អាចបញ្ជាក់ពីការ បើករដូវកាលថ្មីក្នុងការធ្វើកសិកម្ម(វស្សារដូវ)ដ៏ដូចជាបញ្ជាក់ពីការអភិវឌ្ឍន៍វិស័យកសិកម្មក​ពីការបុកដីដាំស្រូវនៅតាមចន្លោះគល់ឈើ ទៅជាការភ្ជួររាស់ដកស្ទូងទទួលបានទិន្នផលខ្ពស់ជាងមុន​។​ ព្រះបាទជនក​ ដែលជាក្សត្រនៅនគរមិថិលា ​លុះដល់ពេលល្ងាច ក៏បានរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ទៅតាមទំនៀមពីបុរាណនៅឯឆ្នេរទន្លេ​យមុនា​។​ទិដ្ឋភាពអរិយធម៌ម្យ៉ាងទៀត​ គឺការនិយម​ជ្រើស​រើសគូស្រករ អោយកូនស្រីដោយមើលពីសមត្ថភាពកូនប្រុស ។ ​ត្រង់ចំនុចនេះឪពុកម្តាយខ្មែរ ​មុននឹងទុកដាក់កូនចៅអោយមានគូស្រករ តែងសម្លឹងមើលទៅលើសមត្ថភាពរបស់កូនប្រុស ​ប្រសិនបើកូនប្រុសនោះមានសមត្ថភាពគេលើកកូនអោយ​ តែបើគ្មានសមត្ថភាពទេ ​គេអាចរកលេសគ្រប់បែបយោងទុកជាការប្រកែក។ ព្រះបាទជនក​ ខណៈពេលនាងសីតា ដែលជាបុត្រចិញ្ចឹមពេញរូបរាង ក៏បានរៀបពិធីលើកធ្នូ ដើម្បីរើសគូស្រករអោយនាងសីតា ហើយមានបេក្ខជនមកពីគ្រប់ទិសទាំង។​ ចំនុចមួយទៀតគឺខ្មែរនិយមគោរពពាក្យសច្ចៈ ។​ ជាធម្មតាខ្មែរតែងយក ​សម្តីជាឯក បើ​សម្តីនិយាយចេញទៅហើយចាត់ទុកជាបានការ សមដូចពាក្យចាស់បុរាណថា “មនុស្សគេយកសម្តី ដីរី គេយកភ្លុក” ឬ គេថា “រនាបបាក់គេយករនាបជួស តែបើសម្តីហួស គ្មានអ្វីជួសបានឡើយ” ។ ព្រះបាទទសរថ សុខចិត្តឈឺចាប់រហូត បាត់បង់ព្រះជន្នតែព្រះអង្គមិនបង់ពាក្យសត្យ ដែលព្រះអង្គបានប្រទានពរដល់នាងកៃកេសីឡើយ ​គឺលើកបុត្ររបស់នាងអោយគ្រងរាជដោយសារតែពាក្យសត្យនេះហើយទើបនាងសីតាមិនព្រមត្រឡប់ចូលនគរវិញ ព្រោះពេលនាងខឹងខ្លាំង បានស្បថនៅចំពោះមុខទេវតាថានាងនឹងត្រលប់ចូលនគរវិញដរាណាដែលព្រះរាម មិនទាន់ចូលទីវង្គត​ប៉ុណ្ណោះ។ ព្រះបាទជនក​ យល់ព្រមលើកនាងសីតា ​អោយព្រះរាម ​គោរពតាមពាក្យសច្ចៈរបស់ព្រះអង្គ ។ ខ្មែរនិយម​រៀបមង្គលការកូន នៅផ្ទះខាងស្រី តែក្នុងករណីកូនស្រីគ្មានផ្ទះសម្បែងទេ គេអាចរៀបការ នៅផ្ទះខាងប្រុសបានតែត្រូវរៀបចំសែនព្រេនអោយដូនតាខាងស្រីដឹងលឺផង ។ ខណៈពេលព្រះរាមលើករួចព្រះបាទជនកបានចាត់អោយសេនាអាមាត្យ ធ្វើដំនើរ ទៅនគរព្ធយុធ្យាដើម្បីយាងព្រះមាតា ព្រះបិតា របស់ព្រះរាមមកចូលរួមមង្គលការ បុត្រនៅ នគរមិថិលា ។ ចំនុចម្យ៉ាងទៀតគឺខ្មែរនិយមជឿលើមហិទ្ធិឬទ្ធិអាទិទេព ដោយគិតថាមានតែអាទិទេពដែលខ្លាំងក្លាអាចសំរេចកិច្ចការអ្វីៗសព្វបែបយ៉ាងបានព្រះរាមជាអវតាព្រះនារាយណ៍មានសមត្ថភាពខ្លាំងពូកែ សូម្បីតែដែលមាន​ទម្ងន់ធ្ងន់រហូតកម្លាំងមនុស្សរាប់ពាន់នាក់ទើបអាចលើករួច តែព្រះរាមលើករួចតែមួយអង្គឯង ។ ខ្មែរនិយមជឿថាទំនាស់នាំនូវនូវក្តីអន្តរាយ ដូច្នេះហើយទើបបានជាគេបង្កើតបដិមា​ហរិហរៈឡើងដើម្បីតំណាងអោយការរួបរួមគ្នាឡើងវិញរវាងអ្នកកាន់សាសនាព្រាហ្មណ៍និកាយពីរ ផ្សេងគ្នាគឺ វិស្ណុ​និង សិវៈ ។ ខ្មែរនិយមជឿថាកុកជាសត្វចង្រៃ ។ ដូច្នេះ​សម្តីរបស់កុកជា សម្ដីអពមង្គល ។ ក្រៅពីសត្វកុក ក៏នៅមានសត្វដទៃទៀតដែលចាត់ទុក ថាជាសត្វចង្រៃដែលនោះមាន មៀម ទីទុយ ខ្លែងស្រាក ក្អែក លលកខ្មោច ជាដើម។​នៅពេលដែលសត្វកុកនាំដំណឹងពីនាងសីតាទៅប្រាប់ព្រះរាម ព្រះលក្សណ៍ពួកគេមិនបានអរគុណកុកទេ តែព្រះលក្សណ៍បែរជាជេរប្រមាថកុកវិញដោយគិតថាសម្តីរបស់​កុកនាំមកនូវភាពឧបទ្រព ។ ខ្មែរនិយមទុកសព ឬ អដ្ឋិធាតុនៅក្នុងកោដ្ឋ ឬ ក្នុងចេតិយ។ កោដ្ឋមាន ២​ ខ្នាត គឺ ខ្នាត​ធំសម្រាប់​​​ដាក់សពព្រះរាជា ក្សត្រីយានី ឬ អ្នកដែលមានឋានៈស្មើ ស្តេច និងកោដ្ឋខ្នាតតូចសម្រាប់ដាក់​អដ្ឋធាតុសាមញ្ញ​ជន ចំនែកចេតិយជាទីមង្គលរបស់បុគ្គលដែលបានលាចាកទៅទៅហើយ ។ ខណៈពេលដែលព្រះរាមចង់អោយនាងសីតាវិលត្រលប់ចូលនគរវិញ ព្រះរាមបានប្រើល្បិចចូលកោដ្ឋបញ្ឆោតនាងសីតា ។

សរុបសេចក្តីមកយើងឃើញថា រឿងរាមកេរ្តិ៍បានលើកយកមកបង្ហាញផ្អែកតាមការបកស្រាយមតិប្រធានខាងលើ។

រួមមកអាចសន្និដ្ឋានបានថាការលើកឡើងនេះបានផ្តល់នូវសារះសំខាន់ ព្រោះបានបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែរ ដែលស្តែងចេញតាមរយៈរឿងរាមកេរ្តិ៍ ។​ ដូច្នេះគប្បីនាំគ្នាអភិរក្សទម្រង់នៃអរិយធម៌ខ្មែរ ដែលបានបន្សល់ទុកធ្វើយ៉ាងណាអោយអ្វីទាំងនោះនៅមាននិរន្តរភាព ព្រោះទាក់ទងទៅនឹងទិដ្ឋភាពអរិយធម៌ជាច្រើនដែលបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1